​បេឡា​ជាតិរបប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) បាន​សម្រេច​បន្ថែម​អត្ថប្រ​យោជន៍​ក្នុង​ផ្នែក​ថែទាំ​សុខ​ភាព​ គឺ​ការ​ផ្ដល់​វិភាជន៍​បូជា​សព​ចំនួន​ ២​លាន​រៀល ​និង​បាន​កែសម្រួល​វិភាជន៍​បូជា​សព​ក្នុង​ផ្នែក​ហានិភ័​យ​ការងារ​ពី ៤​លាន​រៀល ទៅ​១០​លាន​រៀល​ផង​ដែរ​។​នេះ​បើ​តាម​លោក​ ហេង សុផាន់​ណា​រិ​ទ្ធ អគ្គនាយករងនិង​ជា​អ្នកនាំពាក្យ​នៃ ប​.​ស​.​ស។


​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​ការអនុវត្ត​របប​សន្តិ​សុខ​សង្គមសម្រាប់​បុគ្គល​ទាំងឡាយ​ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារជូន​ដល់​និយោជក ម្ចាស់​សហគ្រាស គ្រឹះស្ថាន នៅ​ខេត្តកំពង់ស្ពឺកាល​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២៣​ ​លោក ហេង សុផាន់​ណា​រិ​ទ្ធ បាន​ថ្លែងថា គោលនយោបាយ​ជា​យុទ្ធសាស្ត្រ​ថ្មី​របស់​រាជរដ្ឋាភិបាលស្តីពី​ការបង្កើន​ប្រាក់ឧបត្ថម្ភ​រាជរដ្ឋាភិបាល​សម្រាប់​ស​មា​ជិ​ក ប​.​ស​.​ស ជា​ស្ត្រី​មាន​ផ្ទៃពោះ និង​កូន​អាយុ​ក្រោម​២​ឆ្នាំ ​គឺជា​ការយកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​លើកកម្ពស់​សុខុមាល​ភាព​មាតា និង​ទារក​។


​លោកបាន​បន្តថា នេះជាការ​រួមចំណែក​ដោះស្រាយ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ចាប់តាំងពី​កូន​ក្នុង​ផ្ទៃ​រហូតដល់​អាយុ​ក្រោម២​ឆ្នាំ ដែល​ជួយ​ជំរុញ​ដល់​ការលូតលាស់​ទាំង​កាយសម្បទានិង​បញ្ញា​ស្មារតីឱ្យ​ស្របតាម​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​របស់​រាជ​រដ្ឋាភិបាល ដែល​ក្នុងនោះ ប​.​ស​.​ស បើក​ផ្ដល់ជូន​ជា​៣ដំណាក់កាលស្មើនឹង​ចំនួន១៥​លើក​។​

​លោក​បាន​បញ្ជាក់ថា​៖«​ដើម្បី​ធានា​គោលការណ៍​ទូទៅ​នៃ​ប្រព័ន្ធ​សន្តិសុខ​សង្គមលើ​ទស្សនទាន​នៃ​ការចែករំលែក និង​គោលការណ៍​សាមគ្គីធម៌​ក្នុងសង្គម និង​ធានាបាន​នូវ​សន្តិសុខ​ប្រាក់ចំណូល ប​.​ស​.​ស បានសម្រេច​បន្ថែម​អត្ថប្រយោជន៍​ក្នុង​ផ្នែក​ថែទាំ​សុខភាព គឺ​ការផ្ដល់​វិភាជន៍​បូជាសព​ចំនួន ២​លាន​រៀល និង​បាន​កែសម្រួល​វិភាជន៍​បូជាសព​ក្នុង​ផ្នែក​ហានិភ័យ​ការងារ​ពី ៤​លាន​រៀល ទៅ​១០​លាន​រៀល​ផងដែរ​»​។​


​នាឱកាស​នោះដែរ លោក ស៊ីម រតនៈ អភិបាលរង​ខេត្តកំពង់ស្ពឺ ក៏បាន​អំពាវនាវ​ដល់​ម្ចាស់​ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថាន​ទាំងអស់​ក្នុង​ខេត្តនេះដែល​ទើប​បើក​ថ្មីៗ ឬ​បើក​យូរហើយ តែ​មិនទាន់បាន​ចុះបញ្ជី ត្រូវ​ប្រ​ញាប់​ទៅ​ចុះបញ្ជី​ជាមួយ ប​.​ស​.​ស ដើម្បីឱ្យ​កម្មករនិយោជិត​ក្លាយជា​សមាជិក ប​.​ស​.​ស ចៀសវាង​ការខាតបង់​អត្ថប្រយោជន៍រ​បប​សន្តិសុខ​សង្គម​។​

​លោក​បាន​បន្ថែមថា​៖«​ចំពោះ​សហគ្រាស​ដែល​បាន​ចុះបញ្ជី​រួច​ត្រូវ​ចូលរួម​អនុវត្ត​ច្បាប់​ឱ្យបាន​ខ្ជាប់ខ្ជួន នឹងត្រូវ​ចូលរួម​សហការ​រាល់​សកម្មភាព​ក្រុមការងារប​.​ស​.​សដែល​បាន​ចុះទៅ​ផ្សព្វផ្សាយ​បញ្ជ្រាប​ចំណេះដឹង​អំពី​អត្ថប្រយោជន៍​របប​សន្ដិ​សុខ​សង្គមនិង​ចំណេះដឹង​ផ្សេងៗ​ទៀត​»​។​

​បើតាម​ប​.​ស​.​ស សាច់ញាតិ​គ្រួសារ​នៃ​សព​ដែលមាន​ប្រាក់​សោធន​និវត្តន៍ នឹង​ទទួលបាន​ប្រាក់​យ៉ាងតិច​បំផុត២​លាន​រៀល ហើយ​អាច​ទទួលបាន​លើស​នេះ​ទៅតាម​ប្រាក់​អតីតភាព៥​ខែ​ចុងក្រោយ​របស់​សមាជិកគ្រួសា​រ​។​បន្ទាប់ពី​បុគ្គល​ដែលមាន​ប្រាក់​ចូលនិវត្តន៍​បាន​ស្លាប់ក្នុង​រយៈពេល៣​ខែ​នោះ សាច់ញាតិ​ត្រូវយក​លិខិត មរណភាព​ទៅ​បញ្ជាក់​នៅ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ហៅ​កាត់ ប​.​ស​.​ស រួមទាំង​ឯកសារ​ដែល​ពាក់ព័ន្ធ​មួយចំនួនទៀត ដែល​ទទួលស្គាល់​ដោយ ប​.​ស​.​ស​។

​ប្រភព​ដដែល​ថា នៅពេល​ជន​សោធនិក​ជរាភាព​ទទួល​មរណភាព​នោះ សិទ្ធិវន្ត​នៃ​វិភាជន៍​បូជាសព ឬ​អ្នកចាត់ចែង​បូជាសព ដែល​ត្រូវ​ទៅ​ទទួល​ប្រាក់​អប្បបរមា​២​លាន​រៀល​នេះ ត្រូវ​ជូនដំណឹង​ទៅ ប​.​ស​.​ស ក្នុង​រយៈពេល២​សប្ដាហ៍​។​

​យោងតាម​ច្បាប់​ស្តីពី​របប​សន្ដិសុខ​សង្គមតាវកាលិក​នៅក្នុង​ផ្នែក​ប្រាក់​សោធន ​តាម​របប​ភាគទាន​កាតព្វកិច្ច​រួមមាន​៖សោធន​ជរាភាព​,​សោធន​ទុព្វលភាព​,​សោធន​ឧ​ត្ត​រ​ជីវី និង​វិភាជន៍​បូជាសព ដោយ​សិទ្ធិវន្ត​នៃ​សោធន​ឧ​ត្ត​រ​ជីវី​ មាន​សិទ្ធិ​ទទួលបាន​វិភាជន៍​បូជាសព នៅពេលដែល​សោធនិក​ជរាភាព ​ឬ​ទុព្វលភាព​សាមី​ទទួលមរណភាព​។

​សិទ្ធិវន្ត​នៃ​វិភាជន៍​បូជាសព (​សមាជិកគ្រួសារឬ​អ្នកចាត់ចែង​បូជាសព​) ដែល​ចាត់ចែង​បូជាសព​របស់​សោធនិក​ជរាភាព ឬ​សោធនិក​ទុ​ព្វល​ភាព ត្រូវបំពេញ​ទម្រង់​ទាមទារ​វិភាជន៍​បូជាសព ក្នុងអំឡុងពេល​៣​ខែ បន្ទាប់ពី​កាលបរិច្ឆេទ​ទទួលមរណភាព​របស់​សោធនិក​»​។ នេះ​បើតាម​សេចក្តីសម្រេច​របស់​ក្រសួង​ការងារចុះ​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២២​​។ ប្រសិនបើ​ករណីយកិច្ច​នេះ​មិនបាន​បំពេញ​ដោយ​សិទ្ធិវន្ត​នៃ​សោធន​ឧ​ត្ត​រ​ជីវី វិភាជន៍​បូជាសព​អាច​ត្រូវបាន​ផ្តល់​ដល់​ជន​ណា​ដែលជា​អ្នកចាត់ចែង​បូជាសព​សាមីជន​ផ្ទាល់​៕