ភ្នំពេញៈ អាស៊ាន​បញ្ជាក់​ជាថ្មី​នូវ​ការ​ប្តេជ្ញាចិត្ត និង​ការទទួលខុសត្រូវ​រួម​របស់ខ្លួន ក្នុង​ការធានា​សន្តិសុខ​ថាមពល​ឱ្យមាន​និរន្តរភាព​ក្នុង​តំបន់​តាមរយៈ​អន្តរត​ភ្ជាប់ ព្រមទាំង​ទទួលស្គាល់​បញ្ហា​ប្រឈម​សន្តិ​សុខ​ថាមពល​ និង​ភាព​ធន់​ថាមពល ដែល​តំបន់​ជួបប្រទះ​នៅ​ចំពេល​មាន​ឧបសគ្គ​ផ្គត់ផ្គង់​សកល ភាព​តានតឹង​ខាង​ភូមិសាស្ត្រ​នយោបាយ​សកល និង​ភាពចាំបាច់​ក្នុងការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​។​


​ការបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​ជាថ្មី​នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន​លើក​ទី​៤១​ ស្តីពី​សន្តិសុខ​ថាមពល ប្រកប​ដោយ​និរន្តរភាព តាមរយៈ​ការតភ្ជាប់​គ្នា​ទៅវិញទៅមក កាលពី​ថ្ងៃទី ​២៤ ខែសីហា នៅ​ប្រទេស​ឥណ្ឌូនេស៊ី​។ យោងតាម​សេចក្តីថ្លែងការណ៍​រួម​ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី ​២៦ ខែសីហា បានឱ្យដឹងថា កិច្ច​​ប្រជុំ​នេះ​បានលើកឡើង​ពី​មូលបទ​នៃ​ប្រធាន​អាស៊ាន​ឆ្នាំ ​២០២៣ ​គឺ​ឥណ្ឌូនេស៊ី «​បញ្ហា​អាស៊ាន​៖ ចំណុចកណ្តាល​នៃ​កំណើន​» ដែល​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​អាស៊ាន​ក្នុងការ​ធានាថា​អាស៊ាន​នៅតែ​ធន់ មាន​ប្រសិទ្ធភាព និង​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​ក្នុង​តំបន់ និង​ពិភពលោក​នាពេល​អនាគត ព្រមទាំង​ខិតខំ​ពង្រឹងសមត្ថភាព​របស់​អាស៊ាន​ដែលជា​មជ្ឈមណ្ឌល​នៃ​កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់ ដែល​សន្តិសុខ​ថាមពល គឺជា​កិច្ច​ការសំខាន់​បំផុត​។

​អង្គប្រជុំ​បានទទួល​ស្គាល់​សេចក្តីថ្លែងការណ៍​របស់​ថ្នាក់ដឹកនាំ​អាស៊ាន ស្តីពី​ការរៀបចំ​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ក្រោយ​ឆ្នាំ ​២០២៥ ​ដែល​បាន​លើកទឹកចិត្ត​ដល់​ការឈាន​ទៅមុខ​នៃ​ចក្ខុវិស័យ​ប្រកបដោយ​ទស្សនវិស័យ ការ​បំផុសគំនិត ភាពរឹងមាំ គ្រប់​ជ្រុងជ្រោយ មាន​បរិ​យា​ប័ន្ន និង​ការ​សម្លឹង​ឆ្ពោះទៅមុខ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម និង​និន្នាការ​បច្ចុប្បន្ន និង​អនាគត​ក្នុង និង​ក្រៅ​តំបន់​ក្នុង​រយៈពេល​ ២០ ​ឆ្នាំ​។​


​សេចក្តីថ្លែងការណ៍​រួម​បញ្ជាក់ថា​៖ «​កិច្ចប្រជុំ​បានទទួល​ស្គាល់​តួនាទី​ដ៏​សំខាន់ នៃ​អន្តរត​ភ្ជាប់​ថាមពល​របស់​អាស៊ាន ក្នុងការ​​បន្ត​របៀបវារៈ​របស់​អង្គការ​សហ​ប្រជាជាតិ (UN) ២០២៣ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ជាពិសេស​ដើម្បី​សម្រេចបាន​ទិសដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ស្ថិតក្នុង​ចំណុច​ទី​ ៧ ​របស់ UN រួមមាន ការពង្រឹង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ និង​លើ​កម្រិត​បច្ចេកវិទ្យា​សម្រាប់​ការផ្គត់ផ្គង់​សេវា​ថាមពល​ទំនើប និង​និរន្តរភាព​សម្រាប់​ទាំងអស់​​គ្នា​»​។

​អង្គប្រជុំ​យល់ឃើញថា អន្តរត​ភ្ជាប់​ថាមពល និង​សមា​​ហ​រណកម្ម​ទីផ្សារ​ក្នុង​អាស៊ាន គឺជា​កត្តា​ជំរុញ​ដ៏​សំខាន់​សម្រាប់​កិច្ចសហប្រតិបត្តិការ​ថា​ម​ពល​អាស៊ាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​សន្តិសុខ​ថាមពល និង​ព​ន្លឿ​ន​ការអភិវឌ្ឍ​ថាមពល​ប្រកបដោយ​យុត្តិធម៌ និង​បរិ​យា​​ប័ន្ន​ក្នុង​តំបន់ ជាពិសេស​ធានា​ភាព​ធន់ និង​ស្ថិរភាព​នៃ​ត​ភ្ជាប់​បណ្តាញ​ថាមពល និង​ខ្សែចង្វាក់​ផ្គត់ផ្គង់​ថាមពល​។


​អង្គប្រជុំ​បានកត់សម្គាល់​ពី​វឌ្ឍនភាព និង​ភាព​ជឿនលឿន​ក្នុង​ការតភ្ជាប់​បណ្តាញ​ថាមពល​អាស៊ាន ជាពិសេស​លើ «​គម្រោង​សមាហរណកម្ម​ថាមពល​ឡាវ​-​ថៃ​-​ម៉ាឡេស៊ី​-​សិង្ហ​បុរី​» ដែលជា​សមិទ្ធផល​ដ៏​ធំធេង​ក្នុង​ការជំរុញ​ការភ្ជាប់​បណ្តាញ​ថាមពល​អាស៊ាន ក៏ដូចជា​ការតភ្ជាប់​ទ្វេភាគី​ផ្សេងៗ ដែល​ធ្វើឱ្យ​ការផ្ទេរ​ការភ្ជាប់​បណ្តាញ​ថា​ម​​ពល​ឆ្លងដែន​មួយចំនួន​អាចធ្វើ​ទៅបាន​សម្រាប់​រដ្ឋ​សមាជិក​អាស៊ាន​ចំនួន ៥ ​ប្រទេស​។ ​កិច្ចប្រជុំ​ក៏បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការបន្ត​តួនាទី​ឧស្ម័ន​ធម្មជាតិ​ក្នុងការ​អភិវឌ្ឍ​ថាមពល​ប្រកបដោយ​តុល្យភាព និង​យុត្តិធម៌ រួមមាន​ភាពចាំបាច់​ក្នុងការ​លើកកម្ពស់​ការ​ត​ភ្ជាប់ លទ្ធភាព​ប្រើប្រាស់​ឧស្ម័ន និង​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​រាវ​សម្រាប់​តំបន់ ដើម្បី​ទាញយក​ធនធាន​ថាមពល​កកើត​ឡើងវិញ​របស់ខ្លួន និង​អនុវត្ត​វិធានការ​ដើម្បី​ធានា​ភាព​ធន់​នៃ​ការផ្គត់ផ្គង់​ឧស្ម័ន​។​

​កិច្ច​ប្រជុំបាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ​(MoU) សម្រាប់​ការភ្ជាប់​បណ្តាញ​ថា​ម​ពល​អាស៊ាន​ MoU ស្តីពី​បំពង់​បង្ហូរ​ឧស្ម័ន​អន្តរ​អាស៊ាន និង​កិច្ច​ព្រម​ព្រៀង​សន្តិសុខ​ប្រេងឥន្ធនៈ​អា​ស៊ាន និង​ការបន្ត​យន្តការ​ដែលមាន​ស្រាប់​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​ការតភ្ជាប់ និង​ការឆ្លើយ​តប​បន្ទាន់​ក្នុង​តំបន់​។

សេចក្តី​ថ្លែង​ការណ៍​រួម​បញ្ជាក់ថា​៖ «​កិច្ចប្រជុំ​បានទទួល​ស្គាល់​ថា ការធ្វើ​ជំនួញ​ថាមពល​ពហុភាគី និង​ខ្សែចង្វាក់​ផ្គត់ផ្គង់​ដែលមាន​ភាព​ធន់ និង​សមាហរណកម្ម​កាន់តែច្រើន​នៅក្នុង​តំបន់​នឹង​បង្កើន​ការប្រើ​​ប្រាស់​ប្រភព​ថាមពល​កកើត​ឡើងវិញ និង​បង្កើន​ប្រសិទ្ធភាព និង​ការអភិរក្ស​យ៉ាងសំខាន់​»​។

​កិច្ចប្រជុំ​នេះ​បានប្រកាស​ពី​ការ​​ព​ន្លឿ​ន​ការអភិវឌ្ឍ​ថាមពល​ស្របតាម​កាលៈទេសៈ និង​សមត្ថភាព​ថ្នាក់ជាតិ និង​ថ្នាក់​តំបន់​នីមួយៗ​ក្នុងការ​ឆ្ពោះទៅរក​ការអភិវឌ្ឍ​ថា​ម​ពល​ដោយ​យុត្តិធម៌ និង​មាន​បរិ​យា​ប័ន្ន​ព្រមទាំង​ធានា​សន្តិ​សុខ​ថាមពល ទំនុកចិត្ត​មានលទ្ធភាព​ប្រើប្រាស់ និរន្តរភាព ភាព​ធន់ និង​តម្លៃ​សមរម្យ​។​

​គោលនយោបាយ​ជាតិ​ស្តីពី​ប្រសិទ្ធភាព​ថាមពល​ឆ្នាំ ​២០២២-២០៣០ របស់​កម្ពុជា​បានកំណត់​ចក្ខុវិស័យ​ក្នុងការ​កែប្រែ​ការ​​ប្រើប្រាស់​ថាមពល​នៅ​កម្ពុជា​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ដើម្បី​ជួយ​លើកកម្ពស់​សេដ្ឋកិច្ចជាតិ​ឱ្យ​កាន់តែ​រឹងមាំ រស់​រវើក មានការ​​ប្រកួតប្រជែង និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​៕