ភ្នំពេញ: លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសម្ដែងអំណរគុណចំពោះមាតាបិតាអ្នកគ្រប់គ្រងសាលាលោកគ្រូអ្នកគ្រូ និងអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (KAPE) ដែលបានជួយគាំទ្រសាលាជំនាន់ថ្មីនិង ចង់ឱ្យសាលាបែបនេះកើតមានកាន់តែច្រើនថែមទៀត។
ការលើកឡើងរបស់លោកដូចនេះធ្វើឡើងក្នុងពេលលោកធ្វើជាអធិបតីក្នុងពិធីពិព័រណ៍ស្នាដៃសិស្សនៅវិទ្យាល័យព្រះស៊ីសុវត្ថិពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៣។ អ្វីដែលលោក ណារ៉ុន សរសើរនោះ គឺការចូលរួមដ៏គួរឱ្យកត់សម្គាល់ពីឪពុកម្តាយ និងអាណាព្យាបាលដែលផ្តល់វិភាគទានពី ៣០ ទៅ ៥០ ដុល្លារក្នុង ១ ខែ ក៏ដូចជា ការបរិច្ចាគអភិវឌ្ឍន៍សាលាជំនាន់ថ្មីជាច្រើនទៀតដែរ។
លោកបានថ្លែងថា៖ «យើងចង់ឱ្យមានសាលាជំនាន់ថ្មីនេះកើតមានកាន់តែច្រើនទៀត។ ខ្ញុំសូមឱ្យអង្គការ (KAPE) និងមន្ទីរអប់រំ យុវជន និងកីឡា សិក្សាអំពីលទ្ធភាពបង្កើតនៅកន្លែងផ្សេងទៀត ដោយមិនចាំបាច់សុំថវិកាពីក្រសួងហិរញ្ញវត្ថុទេ តែឱ្យឪពុកម្ដាយចូលរួម»។
លោកបានថ្លែងចំពោះមុខមាតាបិតានិងអាណាព្យាបាលសិស្សដែលកូនៗកំពុងសិក្សានៅសាលាជំនាន់ថ្មីថា៖ «ឯកឧត្ដមបណ្ឌិតទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានដាក់ចេញជាគំនិតផ្ដួចផ្ដើមមួយ គឺភាពជាដៃគូរវាងសាលារដ្ឋ និងមាតាបិតានៅតាមសហគមន៍ដើម្បីលើកកម្ពស់គុណភាពអប់រំ»។
ស្ថិតក្នុងបរិវេណវិទ្យាល័យព្រះស៊ីសុវត្ថិ ទិដ្ឋភាពអ៊ូអរដ៏រស់រវើក ត្រូវបានរៀបចំឡើងជាវេទិកាបង្ហាញស្នាដៃសិស្សានុ-សិស្សសាលារៀនជំនាន់ថ្មីទាំង ២ ទីតាំងគឺវិទ្យាល័យព្រះស៊ីសុវត្ថិ និងវិទ្យាល័យព្រះយុគន្ធ។ ជាមួយកន្លែងរៀបចំពិព័រណ៍ស្នាដៃជាង ៤០០ ស្ដង់ សិស្សានុសិស្សមកពីក្លិបនានាបានបង្ហាញសមិទ្ធផលរបស់ពួកគេទៅតាមជំនាញរៀងៗខ្លួន។
លោក សម្យ កំសាន នាយករងវិទ្យាល័យព្រះស៊ីសុវត្ថិ និងជាប្រធានសាលាជំនាន់ថ្មី (NGS) បានឱ្យដឹងថា៖ «ពិព័រណ៍ស្នាដៃសិស្ស ត្រូវបានប្រារព្ធឡើងជាលើកទី៥ ដែលបានបង្ហាញពីស្នាដៃ និងលទ្ធផលការសិក្សាប្រចាំឆ្នាំរបស់សិស្សានុសិស្ស។ គុណតម្លៃនៃសាលាជំនាន់ថ្មីផ្ដោតលើចំណេះដឹង បំណិន និងឥរិយាបថ»។
ស្នាដៃរបស់យុវសិស្សសាលារៀនជំនាន់ថ្មីបានឆ្លុះបញ្ចាំងពីចំណេះដឹង ភាពច្នៃប្រឌិត និងសក្ដានុពលបញ្ញារបស់យុវជនកម្ពុជា។ទាំងនេះរួមបញ្ចូលផលិតផលអនាម័យដោយក្លិបគីមីមនុស្សយន្ត ស្ថាបត្យកម្មនិងបច្ចេកវិទ្យាគ្រប់គ្រងឆ្លាតវៃដោយផ្តោតលើអក្សរសិល្ប៍ខ្មែរ ការស្រាវជ្រាវអំពីក្បាច់គុនល្បុក្កតោខ្មែរ ការស្រាវជ្រាវអំពីសារធាតុគីមីនិងសូម្បីតែការធ្វើនំ ដែលសុទ្ធតែបង្ហាញពីទេពកោសល្យនិងជំនាញរបស់ពួកគេ។
ក្នុងចំណោមសិស្សានុសិស្សដែលមកបង្ហាញសមត្ថភាពក្នុងកម្មវិធីពិព័រណ៍នោះ មាន ចន ពៅស៊ីរ៉ាណូ ជាសិស្សថ្នាក់ទី ៩ នៃវិទ្យាល័យព្រះស៊ីសុវត្ថិ ជំនាន់ថ្មីសាខាវិទ្យាល័យព្រះយុគន្ធ។
ដោយប្រើកម្លាំងទឹកពីរហាត់ទឹកដែលរចនាជាកាំរង្វង់ភ្ជាប់គម្របដបសម្រាប់ទទួលទឹកដែលហូរស្រក់មក ដើម្បីឱ្យរង្វង់រហាត់វិលវាបង្កើតបានជាថាមពលបញ្ចូលទៅកាន់ម៉ូទ័រសម្រាប់ការចែកអគ្គិសនីប្រើប្រាស់។ ថ្វីដ្បិតតែវាមិនមែនជាគម្រោងថ្មីសម្រាប់សិស្សានុសិស្សទូទៅប៉ុន្ដែអ្វីដែលគួរឱ្យចាប់អារម្មណ៍គឺម្ចាស់គម្រោងនេះ ជាយុវសិស្ស ពៅស៊ីរ៉ាណូ ដែលមានដៃខ្លីនិងម្រាមដៃមិនប្រក្រតីទៀតផង។
យុវសិស្ស ពៅស៊ីរ៉ាណូ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីស្នាដៃរបស់ខ្លួនថា៖ «ខ្ញុំមិនជួបការលំបាកចំពោះការសិក្សា និងរៀបចំគម្រោងនេះទេ ដោយសារខ្ញុំមានដុងខាងនេះស្រាប់»។
រីឯយុវសិស្សក្លិបគីមិវិទ្យា កញ្ញា ថោង បញ្ញានារី,កញ្ញា គុណ កែវ,សុគន្ធ ពិដោរ ,លោកឡោ លីហួរ និងកញ្ញា ឃួន ម៉ាឌីណា រៀនថ្នាក់ទី ៩ នៃសាលាជំនាន់ថ្មីបានផលិតក្រេមលាបលើដៃ (hand cream)។ក្រេមរបស់យុវសិស្សទាំងនោះ មាន ៣ ក្លិន ដូចជា សាគូរ៉ា ម្លិះ និងអ័រគីដេ សម្រាប់ការពារស្បែក និងបំបាត់ស្លាកស្នាម។
យុវសិស្ស ថោង បញ្ញានារី បានរៀបរាប់ថា៖ «យើងលាយគ្រឿងផ្សំ និងបំបែករូបមន្ដខ្លួនឯង រួចបន្ថែមសារធាតុបង្កើតក្លិន ដូចជា ក្លិនម្លិះ ក្លិនអ័រគីដេ និងសាគូរ៉ា។ វាជួយឱ្យមានសំណើម ទន់រលោង និងបណ្ដុះសារធាតុចិញ្ចឹមលើស្បែក»។
ការតាំងពិព័រណ៍បញ្ចប់ឆ្នាំសិក្សា ២០២២-២៣ នេះ មាន ៨០៩ ក្លិប ដែលមានជាង ៤០០ ស្ដង់ រួមមាន ការពិសោធបង្ហាញសមិទ្ធផលអប់រំ ស្ទែម ផ្នែកវិទ្យាសាស្ដ្រ រ៉ូបូត ចំណតវៃឆ្លាត រូបវិទ្យា គីមីវិទ្យា ស្រាវជ្រាវបញ្ហាសង្គម សៀវភៅអស្ចារ្យ និងការសម្ដែងសិល្បៈ។
លោក កំសាន្ដ បានថ្លែងថា សាលារៀនជំនាន់ថ្មី គឺជាសាលារៀនមួយដែលកែទម្រង់ផ្ដោតលើគុណភាពសិក្សារបស់សិស្សជាការសិក្សាបែបសតវត្សរ៍ទី២១ ការសិក្សាបែបឌីជីថល និងបច្ចេកវិទ្យា។
លោកបានឱ្យដឹងថា៖ «ជាសរុបចំនួនលោកគ្រូ-អ្នកគ្រូនៅសាលាជំនាន់ថ្មីទាំងនៅវិទ្យាល័យព្រះស៊ីសុវត្ថិ និងវិទ្យាល័យព្រះយុគន្ធមាន ១២៩ នាក់ និងសិស្សនៅវិទ្យាល័យព្រះស៊ីសុវត្ថិចំនួន ១ ៧៥៤ នាក់ ជាមួយ ៣៥ ថ្នាក់រៀន នៅវិទ្យាល័យព្រះយុគន្ធ មានសិស្ស ៥៨៤ នាក់ ជាមួយ ១៧ ថ្នាក់រៀន»។
ចំពោះសមិទ្ធផល សិស្សានុ-សិស្សដែលមិនទាន់បញ្ចប់ការសិក្សាទុតិយភូមិទទួលបានអាហារូបករណ៍ចំនួន ២១ នាក់ ផ្នែក Software Engineering ផ្នែក Architecture ផ្នែក AI និង នៅប្រទេសចិន ទៅតាមមុខវិជ្ជាផ្សេងៗទៀត។
នាយកសាលាជំនាន់ថ្មី លោក កំសាន្ដ បានឱ្យដឹងដែរថា សិស្សា-នុសិស្ស ១៧៧ នាក់ ដែលមានស្រី ៨៨ នាក់ បានចូលរួមប្រកួតលក្ខណៈថ្នាក់ជាតិនិងអន្ដរជាតិ។
ជាលទ្ធផលពួកគេទទួលបានមេដាយមាស ២៣១ មេដាយប្រាក់ ២១៤ និងមេដាយសំរិទ្ធិ ១០២ រួមជាមួយពានកិត្ដិយស ១៩ ពាន ជយលាភី ២២ជាដើម។ ជាមួយគ្នានេះ លោក ហង់ជួន ណារ៉ុន បានស្នើឱ្យអនុវត្ដកម្មវិធីសិក្សាពីសាលាជំនាន់ថ្មីមួយចំនួននៅសាលាដទៃទៀត ដោយផ្ដើមពីសាលាក្នុងរាជធានីភ្នំពេញមួយចំនួនរយៈពេល ២-៣ ឆ្នាំខាងមុខ និងឈានទៅតាមបណ្ដាខេត្ដជាមួយស្ដង់ដាដែលអាចទទួលយកបាន។
លោកបានបញ្ជាក់ថា៖ «កម្មវិធីសិក្សាពី NGS គួរតែត្រូវបានអនុវត្ដនៅក្នុងសាលាមួយចំនួនផ្សេងទៀតដែលឪពុកម្តាយអាចបង់ថ្លៃសិក្សាបានប្រហែល ៣០០ ឬ ៤០០ ក្នុង ១ ឆ្នាំ ហើយពួកគេអាចទទួលបានស្តង់ដាដែលអាចទទួលយកបានស្រដៀងនឹងសាលា NGS នៅក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ»។
សម្រាប់សិស្សមានចំណាប់អារម្មណ៍លើជំនាញដុតនំអាចចុះឈ្មោះចូលរៀនក្នុងក្លិប Bakery ដែលក្នុង ១ សប្ដាហ៍ ពួកគេអាចរៀនធ្វើនំចំនួន ២ ម៉ោង។
យុវសិស្ស ទ្រី គឹមលៀប សិស្សថ្នាក់ទី ១១ បាននិយាយថា៖ «ខ្ញុំទើបរៀនបានរយៈពេលខ្លី ដោយសារក្លិបនេះទើបបើកថ្មី។ពួកខ្ញុំអាចធ្វើនំមួយចំនួន ដូចជា crab cake, hot dog នំប៉័ងសាប នំប៉័ងបាក់យ៉ុង និងឃុកគី»។
ការពង្រីកកម្មវិធីសិក្សាសាលារៀនជំនាន់ថ្មី និងភាពជោគជ័យរបស់សិស្សានុសិស្សទាំងនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការជំរុញវិធីសាស្ត្រអប់រំប្រកបដោយភាពច្នៃប្រឌិតដែលផ្តល់អំណាចដល់សិស្ស និងសហគមន៍៕