ភ្នំពេញៈ ក្រសួងសុខាភិបាល និង​យូ​នី​សេ​ហ្វ​បានបង្ហាញ​របក​គំហើញ​ពី​ហានិភ័យ​សុខភាព​បរិ​ស្ថាន​ធំៗ​ដែល​កុមារ​ប្រឈម ដោយសារ​ការប្រែប្រួល​អាកាស​ធាតុ និង​ការរេចរឹល​បរិស្ថាន​។​ក្រសួងសុខាភិបាល ដោយមាន​ការគាំទ្រ​ពី​យូ​នី​សេ​ហ្វ (UNICEF) កាលពី​ថ្ងៃទី​ ២៥ ខែសីហា បាន​បើក​សិក្ខាសាលា​មួយ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​បង្ហាញ​ពី​របកគំហើញ និង​អនុសាសន៍​សំខាន់ៗ​ពី​ការវាយតម្លៃ​សុខភាព​កុមារ និង​បរិស្ថាន ដែលជា​ការវាយតម្លៃ​លើកដំបូង​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​។


​យូ​នី​សេ​ហ្វ​បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័​ត៌​មាន​នា​ថ្ងៃទី​ ២៦ ខែសីហាថា​៖ «​ការវាយតម្លៃ​នេះ​បង្ហាញ​ពី​ហា​និ​ភ័យ​សុខភាព​បរិស្ថាន​ធំៗ​ដែល​កុមារ​ប្រឈមមុខ​ដូចជា​ការ​ប្រ​ឈម​នឹង​ការបំពុល​ខ្យល់​ការបំពុល​ទឹក​ និង​ចំណីអាហារ​លោហធាតុ​ពុល ថ្នាំ​សម្លាប់​សត្វល្អិត និង​សំណល់​គ្រោះថ្នាក់​»​។

​ការវាយតម្លៃ​សុខភាព​កុមារ និង​បរិស្ថាន ដែល​បាន​ធ្វើឡើង​ដោយ​ក្រសួងសុខាភិបាល​ដោយ​សហការ​ជាមួយ​យូ​នី​សេ​ហ្វ​ ផ្តល់នូវ​ទិដ្ឋភាព​ទូទៅ​គ្រប់​ជ្រុងជ្រោយ​អំពី​ស្ថានភាព​សុខភាព​បរិស្ថាន​របស់​កុមារ​នាពេល​បច្ចុប្បន្ន​នៅក្នុង​ប្រទេស​កម្ពុជា។


​កិច្ចខិតខំ​ប្រឹងប្រែង​នេះ មានការ​ចូលរួម​ពី​ក្រសួង​-​ស្ថាប័ន​ចំនួន ២៩ ​នៅ​ថ្នាក់ជាតិ​ និង​ថ្នាក់ក្រោម​ជាតិ រួមមាន​ក្រសួងសុខាភិបាល ក្រសួងបរិស្ថាន ក្រសួង​រ៉ែ និង​ថាមពល ក្រសួងកសិកម្ម រុក្ខា​​ប្រមាញ់ និង​នេសាទ​និង​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​។​

​លោក វី​ល ផាក​ស៍ (Will Parks)​ តំណាង​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា​ថ្លែងថា វិបត្តិ​អាកាសធាតុ គឺជា​វិបត្តិ​សិទ្ធិ​កុមារ​។ បច្ចុប្បន្ននេះ កុមារ​ប្រឈមមុខ​នឹង​មុខសញ្ញា​គ្រោះថ្នាក់​បរិស្ថាន​ធ្ងន់ធ្ងរ និង​បង្ក​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួកគេ រួមទាំង​សិទ្ធិ​រស់រានមានជីវិត និង​លូត​លាស់​ផងដែរ​។


លោក​ថ្លែងថា​៖ «​បញ្ហា​ក្នុង​ជីវិត​ដំបូង​ទាំងនេះ ធ្វើឱ្យ​ថយចុះ​នូវ​សក្តានុពល​របស់​កុមារ​ក្នុងការ​ក្លាយជា​អ្នកដឹកនាំ​ជំនាន់​ក្រោយ ​និង​អ្នក​រួមចំណែក​ដល់​សេដ្ឋកិច្ច​និង​វិបុល​សុខ​របស់​ប្រទេស​។ កាលណា​យើង​យល់​ពី​ស្ថានការណ៍​នេះ​កាន់តែច្រើន យើង​កាន់តែ​អាច​ស្វែងរក​ការគាំទ្រ និង​ធ្វើ​សកម្មភាព​បន្ទាន់​ដើម្បី​គាំទ្រ​សហគមន៍​ដែល​ងាយ​រង​គ្រោះ​បំផុត​»​។​

​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា ការប្រែប្រួល​អាកាសធាតុ និង​ការរេចរឹល​បរិស្ថាន​កំពុង​គំរាម​កំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​ការ​រស់​រាន​មានជីវិត សុខភាព ការអប់រំ កិច្ចការពារ និង​សុខុមាលភាព​របស់​កុមារ​។ សេចក្តីប្រកាស​ព័​ត៌​មាន​បន្ថែមថា ការកើនឡើង​ទូទាំង​សកល​នៃ​ជំងឺមហារីក ជំងឺ​ទឹក​នោម​ផ្អែម វិបត្តិ​អភិវឌ្ឍន៍​ផ្នែក​ប្រព័ន្ធ​ប្រសាទ និង​ជំងឺហឺត​កើតឡើង​ព្រម​ពេល​ជាមួយនឹង​ការ​កើនឡើង​យ៉ាងគំហុក​នៃ​ការបំពុល​ខ្យល់ សំណល់​អេឡិចត្រូនិក និង​ការប្រើប្រាស់​សារធាតុ​គីមី​គ្រោះ​ថ្នាក់​នៅក្នុង​ផលិតផល​ប្រចាំថ្ងៃ​នានា ដូចជា ប្លា​ស្ទិ​ក ម្ហូបអាហារ គ្រឿង​អេឡិចត្រូនិក​ប្រដាប់​ក្មេង​លេង​និង​ក្រែ​ម​លាប​ស្បែក​ជាដើម​។​

​យូ​នី​សេ​ហ្វ​បាន​ប៉ាន់​ស្មានថា កុមារ​ចំនួន​ ៣០០ ​លាន​នាក់ នៅ​ទូទាំង​ពិភពលោក រស់នៅក្នុង​តំបន់​ដែលមាន​កម្រិតជាតិពុល​ក្នុង​ខ្យល់​ខ្ពស់ជាង​គោលការណ៍​ណែនាំ​អន្តរជាតិ​ដល់​ទៅ ៦ ដង​។ អង្គការ​សុខភាព​ពិភពលោក​ប៉ាន់​ស្មានថា ជាង ​១ ​ភាគ​ ៤ ​នៃ​ករណី​ស្លាប់​ក្នុងចំណោម​កុមារ​អាយុ​ក្រោម ៥​ ឆ្នាំ អាច​បង្ការ​បាន​តាម​រយៈ​ការដោះស្រាយ​ហានិភ័យ​បរិស្ថាន​។

បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ទិន្នន័យ​នៅក្នុង​ប្រទេស​បង្ហាញថា «​យើង​ត្រូវការ​សកម្មភាព​រួមគ្នា​របស់​ភាគី​ពាក់​ព័ន្ធ​ទាំងអស់​រួមទាំង​រាជរដ្ឋាភិបាល​កម្ពុជា ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន គ្រឹះស្ថានសិក្សា និង​សង្គម​ស៊ីវិល​ដើម្បី​កាត់បន្ថយ​ហានិភ័យ​សុខភាព​បរិស្ថាន ជាពិសេស​ចំពោះ​កុមារ​»​។

​លោក កុល ហេ​រ៉ូ ប្រធាន​នា​យក​ដ្ឋា​ន​ការពារ​សុខភាព នៃ​ក្រសួងសុខាភិបាល​ថ្លែងថា គេ​មិនអាច​ព្រងើយកន្តើយ​ចំពោះ​ផលប៉ះពាល់​ផ្នែក​សុខភាព​អ​វិ​ជ្ជ​មាន​មកលើ​កុមារ ដោយសារតែ​ការកើនឡើង​នៃ​ហានិភ័យ​បរិ​ស្ថាន និង​កត្តា​បម្រែបម្រួល​អា​កាស​ធាតុ​នោះឡើយ​។

លោក​ថ្លែងថា​៖ «​សកម្មភាព​រួមគ្នា​បន្ទា​ន់ និង​ការវិនិយោគ​បន្ថែមទៀត​គឺជា​ការ​ចាំបាច់​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ និង​ការពារ​កុមារ​របស់​យើង​។ ការវាយតម្លៃ​នេះ នឹង​ផ្តល់​ធនធាន​ដ៏​មានតម្លៃ​មួយ​សម្រាប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ធ្វើការ​ប្តេជ្ញាចិត្ត​ឆ្ពោះទៅរក​ការបង្កើត​បរិស្ថាន​មួយ​ដែល​កាន់​តែមាន​សុខភាព​ល្អប្រសើរ ស្អាត​ជាង​មុន និង​កាន់​តែមាន​និរន្តរភាព​ថែមទៀត​សម្រាប់​កុមារ និង​មនុស្ស​ជំនាន់​ក្រោយ​របស់​យើង​»៕