ភ្នំពេញៈថា្នក់ដឹកនាំគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) និងតំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) បានជួបពិភាក្សាគ្នា ដើម្បីត្រៀមរៀបចំអបអរសាទរទិវាសិទ្ធិមនុស្សខួបលើកទី៧៥ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ។
ការរៀបចំនេះមានកិច្ចសហការពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។
យោងតាមប្រកាសរបស់គណៈកម្មការធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា ជំនួបពិភាក្សានេះបានរៀបចំធ្វើនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ រវាងលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានិងលោកស្រី រួអេដា អិល ហាច តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ។
CHRC បានលើកឡើងដែរថា លោកស្រីតំណាង OHCHR បានសាទរប្រទេសកម្ពុជាដែលជាប្រទេសដំបូងដែលបានធ្វើសកម្មភាព បេ្តជ្ញាចិត្តក្នុងការអបអរសាទរខួបលើកទី៧៥ ដោយមានការតែងតាំងជនបង្គោលក្នុងការរៀបចំទិវានេះ ព្រមទាំងសកម្មភាពផ្សេងៗទៀតដែលនេះបង្ហាញពីការឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់និងគោរពសិទ្ធិមនុស្ស។
ទាក់ទងនឹងការត្រៀមរៀបចំអបអរសាទរទិវាសិទ្ធិមនុស្សខួបលើកទី៧៥នេះ លោក កែវ រ៉េមី បានថ្លែងអំណរគុណដល់តំណាង OHCHR ដែលតែងតែសហការលើវិស័យសិទ្ធិមនុស្ស កន្លងមក ដោយលោកបានបញ្ជាក់ថា ៖ «យើងនឹងបន្តសហការជាមួយគ្នាតទៅទៀត»។
ជាការអបអរសាទរខួបលើកទី៧៥ នេះ CHRC បានបញ្ជ្រាបសកម្មភាពចំនួន២ លើករួចមកហើយ តាមរយៈការរៀបចំសិក្ខាសាលា ដែលជាយុទ្ធនាការ ៣៦៥ ថ្ងៃ ស្តីពីសិទ្ធិពលរដ្ ឋនិងនយោបាយនៅខេត្តបាត់ដំបង និងផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍នៅខេត្តបន្ទាយមានជ័យ។
បន្ថែមទៅលើការពិភាក្សាសម្រាប់ការងាររៀបចំអបអរខួបលើកទី៧៥ នេះដែរ គណៈកម្មាធិការសិទ្ធិមនុស្សក៏បានប្រកាសបញ្ជាក់ដែរថា ភាគីទាំង២ក៏បានពិភាក្សាលើការងារជាអាទិភាពមួយចំនួន ដូចជា ការដាក់ប្រអប់បណ្តឹងរបស់គណៈកម្មាធិការសិទ្ធិមនុស្សនៅតាមពន្ធនាគារក្នុងរាជធានីភ្នំពេញ ដែលជាយន្តការមួយដ៏មានប្រសិទ្ធភាពសម្រាប់ឱ្យជនជាប់ឃុំអាចរាយការណ៍ពីករណីរំលោភសិទ្ធិមនុស្សនៅក្នុងពន្ធនាគារបាន។
ប្រភពដដែលបន្តថា ការដាក់ឱ្យប្រើប្រាស់ការទទួលពាក្យបណ្តឹងតាមប្រព័ន្ធទូរស័ព្ទដៃ (CHRC Apps) របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដើម្បីសម្រួលដល់ការដាក់ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋនៅតាមបណ្តា រាជធានី ខេត្ត។
នាឱកាសនោះ លោកស្រី រួអេដា អិល ហាច ក៏បានបង្ហាញក្តីសង្ឃឹមដែរថា ស្ថាប័នទាំង២នឹងសហការជាមួយគ្នាដើម្បីលើកកម្ពស់និងពង្រឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបន្ថែមទៀត។
សូមបញ្ជាក់ផងដែរថា CHRC និង OHCHR នឹងរៀបចំសិក្ខាសាលាដើម្បីផ្សព្វផ្សាយពីរបាយការណ៍សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំងកិច្ចពិគ្រោះយោបល់លើរបាយការណ៍ត្រួតពិនិត្យជាសកលតាមកាលកំណត់(UPR)នាពេលខាងមុខផងដែរ។
លោក អំ សំអាត នាយកទទួលបន្ទុកចាត់ការទូទៅនៃអង្គការលីកាដូ បានថ្លែងនៅថ្ងៃទី២៨ ខែសីហា ថា ការអបអរសាទរទិវាសិទ្ធិមនុស្សត្រូវបានរៀបចំធ្វើជារៀងរាល់ឆ្នាំ ប៉ុន្តែអ្វីដែលលោកសង្កេតឃើញ គឺបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាហាក់មិនទាន់មានអ្វីប្រែប្រួលនិងកែលម្អណាមួយឱ្យរួចពីការរិះគន់របស់សហគមន៍អន្តរជាតិជាពិសេសគឺក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅឡើយទេ ។
លោកបានបញ្ជាក់ថា៖ «បើពិនិត្យមើលលើសេចក្តីរាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សកម្ពុជានិងអ្នកឯកទេសលើបញ្ហាសិទ្ធិមនុស្ស ក៏ដូចជារបាយការណ៍អង្គការនៅក្នុងស្រុក ដែលមើលឃើញថា បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា មិនទាន់ល្អប្រសើរនៅឡើយទេ»។
លោក អំ សំអាត បានបន្ថែមថា នៅឆ្នាំនេះទិវាសិទ្ធិមនុស្សគឺចំពេលរាជរដ្ឋាភិបាលអាណត្តិទី៧មានការផ្លាស់ថ្នាក់ដឹកនាំតែលោកមិនទាន់ប្រាកដទេថា ចាប់ពីនេះទៅស្ថានភាពសិទ្ធិមនុស្សមានការប្រែប្រួលឬមួយយ៉ាងណា ដោយត្រូវរង់ចាំមើលទាំងអស់គ្នា៕