ភ្នំពេញៈ នៅ​ថ្ងៃទី​ ២៨ ខែសីហា ឆ្នាំ ២០២៣ ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្តេចព្រះ​មហាក្សត្រី ព្រះ​​វររាជ​មាតា​ជាតិខ្មែរ បាន​យាង​ធ្វើ​​ដំណើរ​ទៅ​ទីក្រុង​ប៉េកាំង នៃ​សា​ធា​រណ​រដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ពិនិត្យ​ព្រះរាជសុខភាព​។​


​ថ្នាក់ដឹកនាំ​កំពូល​នៃ​ព្រឹទ្ធសភា រដ្ឋ​សភា ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ឯកអគ្គរដ្ឋទូត​ចិន រាជវង្សានុវង្ស បាន​មាន​វត្តមាន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​អម​ព្រះរាជ​ដំណើរ​ព្រះមហាក្សត្រ និង​សម្តេចព្រះ​មហាក្សត្រី​។​

​យោងតាម​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ ទ្រង់​ប្រគល់​ភារកិច្ច​ជូន​លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ទទួល​ជួយ​ព្រះអង្គ​បំពេញ​តួនាទី​ជា​ប្រមុខ​​រដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​


​យោងតាម​ព្រះរាជសារ​ព្រះ​​មហាក្សត្របានឱ្យដឹងថា​៖ «​ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ និង​សម្តេចព្រះ​មហាក្សត្រី នឹង​អវត្តមាន​ពី​មាតុប្រទេស​ចាប់ពី​ថ្ងៃទី​ ២៨ ខែសីហា ឆ្នាំ​ ២០២៣ ​តទៅ ធ្វើដំណើរ​ទៅ​ទីក្រុង​ប៉េកាំង នៃ​សាធារណរដ្ឋ​ប្រជា​មានិត​ចិន ដើម្បី​ពិនិត្យ​ព្រះរាជសុខភាព​»​។​

​លោក ហ៊ុន សែន ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ បានឱ្យដឹង​តាម​​រយៈ​តេ​ឡេ​ក្រាម​របស់លោក​នៅ​ថ្ងៃទី​ ២៨ ខែសីហា​ថា នេះ​ជា​លើក​ទី១ ​សម្រាប់​រដ្ឋាភិបាល​អាណ​ត្តិ​ថ្មី​ទី៧ ក្រោយពី​បានប្រកាស​សុពល​ភាពជា​ផ្លូវការ​កាលពី​ថ្ងៃទី ​២២ ខែសីហា ឆ្នាំ​ ២០២៣​ កន្លងទៅ ដែល​បាន​ចូលរួម​ក្នុង​ព្រះរាជ​ពិធី​ថ្វាយ​ព្រះរាជដំណើរ​ព្រះមហាក្សត្រ និង​សម្ដេចម៉ែ នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។


​លោក​បាន​បញ្ជាក់ថា​៖ «​ការ​ចូលរួម​ក្នុង​ព្រះរាជ​ពិធី​ថ្វាយ​ព្រះរាជដំណើរ​ព្រះមហាក្សត្រ និង​សម្ដេចម៉ែ នៅ​អាកាសយាន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​នា​ថ្ងៃនេះ មានការ​ចូលរួម​ទាំង​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា រាជ​រដ្ឋា​ភិ​បាល ព្រះរាជវង្សានុវង្ស ដែល​បង្ហាញ​ពី​ការរួបរួម​សាមគ្គី​ក្រោម​ម្លប់​ព្រះមហាក្សត្រ និង​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ថ្មី​»៕