​កណ្តាលៈ ​លោក ថោ ជេដ្ឋា រដ្ឋ​មន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុ​​និយម បាន​ណែនាំ​ដល់​មន្ដ្រី​ជំនាញ​ពាក់ព័ន្ធ យក​ចិ​ត្ដ​ទុកដាក់​សិក្សា​បន្ថែម​ក្នុង​ការបើក​មុខទឹក​ដើម្បី​បញ្ចៀស​ជំនន់​ទឹកភ្លៀង និង​ទឹក​ហូរ​មកពី​ផ្នែក​ខាងលើ​ស្ទឹង​ព្រែក​ត្នោត ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ និង​ខូចខាត​ដល់​ទ្រព្យសម្បត្តិ​សាធារណជន​។​


​ការណែនាំ​នេះ​ធ្វើឡើង ខណៈ​លោក​រដ្ឋមន្ត្រី​បាន​បន្ត​ចុះទៅ​ពិនិត្យមើល​ប្រឡាយ​សំខាន់ៗ​មួយចំនួន សម្រាប់​ជួយ​បញ្ចៀស​ជំនន់​ទឹក​ភ្លៀង ដែល​ស្ថិតនៅ​ផ្នែក​ខាង​ក្រោម នៃ​ស្ទឹង​ព្រែក​ត្នោត កាល​ពីថ្ងៃ​ទី ​២៧ សីហា ឆ្នាំ​ ២០២៣​។ នេះ​បើតាម​លោក ចាន់ យុ​ត្ថា រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។

​លោក​បានឱ្យដឹង​នៅ​ថ្ងៃទី​ ២៨​ សីហា​ថា លោក​រដ្ឋមន្ត្រី​បាន​ពិនិត្យ​ស្ថានភាព​គ្រឿងចក្រ​ធុន​ធ្ងន់​សម្រាប់​ការ​ត្រៀម​អន្តរាគមន៍​ពេល​មានទឹក​ជំនន់​កើតឡើង​។ ជាមួយគ្នា​នោះ លោក​ក៏បាន​ពិនិត្យ ប្រឡាយ​លេខ​ ៩២ ប្រឡាយ​លេខ​ ៩៤ និង​ប្រឡាយ​លេខ​ ៩៦​។ ប្រឡាយ​ទាំងនោះ មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ជួយ​រំដោះ​ជំនន់​ទឹកភ្លៀង​កុំឱ្យ​លិចលង់​ក្នុង​ខណ្ឌ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ និង​មួយផ្នែក​នៃ​ស្រុក​កណ្ដាលស្ទឹង និង​ក្រុង​តា​ខ្មៅ ខេត្ដ​កណ្ដាល​។​


​លោក​បន្តថា ទោះបីជា​មកដល់ពេលនេះ​មិនទាន់​មានការ​គំរាម​កំហែង​អ្វី​ធ្ងន់ធ្ងរ ប៉ុន្តែ​នេះ​ជាការ​ត្រៀម​ទុកជាមុន ព្រោះ​គ្រោះ​ធម្ម​ជាតិ​គេ​មិនអាច​មើលឃើញ​បានទេ វា​នឹង​អាច​កើតឡើង​នៅពេលណា​ ១ ព្រោះ​ពេលនេះ កំពុងស្ថិត​ក្នុង​ពាក់កណ្តាល​រដូវវស្សា​នៅឡើយ​យ៉ាងហោចណាស់​រដូវវស្សា​នៅមាន​រយៈពេល ​២ ​ខែ​ទៀត​។

លោក​បញ្ជាក់ថា កន្លងមក​ក្រសួង​បានធ្វើ​ការកែលម្អ​ប្រព័ន្ធ​រំដោះ​ទឹកស្ទឹង​ព្រែក​ត្នោត​ចាប់តាំងពី​កំពង់ទួល ទៅ​ផ្នែក​ខាងក្រោម​ផ្លូវជាតិ​លេខ ​២​ បាន​ ១ ​ចំនួន​ធំ​ហើយ​ប៉ុន្តែ​នៅសល់​ការងារ​ខ្លះៗ​មួយចំនួនទៀត​នៅ​ផ្នែក​ខាងក្រោម​នោះ​ទើប​លោក​រដ្ឋមន្ត្រី​ទៅពិនិត្យ​មើល​។


​លោក​បាន​ថ្លែងថា​៖ «​ឯកឧត្តម​​រដ្ឋមន្ត្រី​លោក​ចុះទៅពិនិត្យ ហើយ​ដាក់ចេញ​វិធានការ​ទាក់ទង​ប្រព័ន្ធ​ដោះ​ទឹក​នេះ​ដើម្បីឱ្យ​ក្រុម​​ការងារ​ចាប់ផ្តើម​សិក្សា​ទីតាំង​ក្នុង​ការបើក​មុខទឹក​ហើយ​យើង​នឹង​រៀបចំ​ប្រព័ន្ធ​រំដោះ​យ៉ាងណា​បន្ថែមទៀត ដើម្បីឱ្យ​ការរំដោះ​ទឹកស្ទឹង​ព្រែក​ត្នោត ក្នុងករណី​ដែលមាន​ជំនន់​គឺអាច​ដោះ​បាន​កាន់​តែមាន​ប្រសិទ្ធភាព​»​។

​លោក ចាន់ យុ​ត្ថា បានឱ្យដឹង​ទៀតថា ការដោះស្រាយ​រំដោះ​ទឹក​​ស្ទឹង​ព្រែក​ត្នោត​ក្នុងករណី​មាន​ទឹកជំនន់​នេះ មិនមែន​ដោះ​តែត្រឹម​ផ្នែក​ខាងក្រោម​ហើយ​ជាការ​​ស្រេច​នោះទេ ត្រូវ​មានការ​ដោះ​ជា​ប្រព័ន្ធ​។ ករណី​ទឹកជំនន់​នេះ មិនមែន​ទើបតែ​កើតមាន​ក្នុង​សម័យនេះ​ទេ សម័យមុន​ក៏មាន​ទឹកជំនន់​ដែរ​តាំងពី​ទសវត្សរ៍​ ៥០ ​មក កម្ពុជា​ធ្លាប់មាន​ទឹកជំនន់​ញឹក​ញាប់ ហេតុនេះ​នៅ​ចុង​ទសវត្សរ៍ ​៥០ មានការ​សិក្សា​ ១​ ដើម្បី​រៀបចំ​អាងទឹក​នៅ​ផ្នែក​ខាងលើ ពោលគឺ​នៅក្នុង​ខេត្តកំពង់ស្ពឺ ដើម្បី​ប្រមូល​ទឹកស្ទឹង​ព្រែក​ត្នោត​។

​លោក​បន្តថា នៅក្នុង​រង្វង់​ចុង​ទសវត្សរ៍​ ៦០​ អាងទឹក​នោះ ចាប់​ផ្តើម​មានការ​សាងសង់​ជា​បណ្តើរៗ ប៉ុន្តែ​ជា​អកុសល​ស្រុកទេស​ចាប់​ផ្តើម​មាន​ចម្បាំងរាំងជល់ ទើប​បណ្តាលឱ្យ​អាងទឹក​ដែលជា​កន្លែង​ជួយ​កាត់បន្ថយ​ជំនន់​ស្ទឹង​ព្រែក​ត្នោត​នោះ​រង​ការប៉ះពាល់​ទៅវិញ​។

លោក​បញ្ជាក់ថា មកដល់​បច្ចុប្បន្ននេះ អាងទឹក​ចាស់​ដែល​បាន​សាងសង់​នៅក្នុង​ចុង​ទសវត្សរ៍ ​៦០​ នោះបាន​ក្លាយជា​ទីប្រជុំជន លំនៅឋាន​របស់​ប្រជាពលរដ្ឋ​អស់​ទៅហើយ រដ្ឋ​មិនអាច​ទៅធ្វើ​ការសាងសង់​កន្លែង​នោះបាន​ទៀត​ទេ ហេតុនេះ​កន្លងមក​ក្រសួង​បានធ្វើ​ការសិក្សា​ទីតាំង​ថ្មី​ចំនួន ​៣ ​សម្រាប់​សាងសង់​អាងទឹក​ដែល​ស្ថិតនៅ​ផ្នែក​ខាងលើ​នោះ​បន្ថែមទៀត​ជំនួស​ទីតាំង​ចាស់​គឺ​នៅ​តំបន់​ចង្កេះ​ជួរ​ភ្នំក្រវាញ​។

​បើតាម​លោក​ចាន់ យុ​ត្ថា ក្នុងចំណោម​អាងទឹក​ទាំង ​៣ ទើបតែ​មានការ​សាងសង់​រួច​ចំនួន​ ១ ​ប៉ុណ្ណោះ គឺ​អាងទឹក​តា​សាល​ដែល​ស្ថិតនៅក្នុង​ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។ ចំណែក​អាងទឹក​ ២ ​ទៀត ទី​១ គឺ​អាងទឹក​ខ្វៀ​ច ដែល​ស្ថិតនៅលើ​ទួល​ស្ទឹង​ខ្វៀ​ច​ស្ថិតនៅក្នុង​ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ និង​ទី២ គឺ​អាងទឹក​ស្វាហាប់​ដែល​នៅ ១​ ផ្នែក នៃ​ផ្ទៃ​រងទឹក​ភ្លៀង​ពី​ស្រុក​​ភ្នំស្រួច​របស់​ខេត្តកំពង់ស្ពឺ​។ អាង​ទឹក​ទាំង​ ៣​ នេះ​មាន​ទំហំ​ប្រហាក់​​ប្រហែល​គ្នា​ក្នុង​រង្វង់​ប្រមាណ​ជាង ១០០ ​លាន​ម៉ែត្រគុប ដែល​សរុប​ទាំង​ ៣​ អាងទឹក​នោះ​អាច​ស្តុក​ទឹកបាន ​៤០០ ទៅ ​៥០០ ​លាន​ម៉ែត្រគុប​។

​លោក​រដ្ឋលេខាធិកា​បញ្ជា​ក់ថា នៅពេល​អាងទឹក​ទាំង ​៣​ ធ្វើ​រួច​​រាល់​អស់ ព្រមទាំង​មានការ​ធ្វើ​ប្រព័ន្ធ​រំដោះ​ទឹក​នៅ​ផ្នែក​ខាង​​ក្រោម​គ្រប់គ្រាន់​នោះ ទឹកជំនន់​ដែល​ធ្លាប់​កើតមាន​កន្លងមក​នៅ​រាជធានី​ភ្នំពេញ ក៏ដូចជា​ផ្នែក​ខ្លះ​នៃ​ខេត្តកណ្តាល​នឹង​អាច​កាត់​បន្ថយ​បាន​សឹងតែ ​១០០ ​ភាគរយ​មិន​ខាន​។

លោក​ថ្លែងថា​៖ «​បើ​ដូច​ឆ្នាំ​កន្លងទៅ​ដែល​យើង​មិនទាន់បាន​ស្តារ​ស្ទឹង​ព្រែក​ត្នោត រាជធានី​ភ្នំពេញ ក៏ដូចជា​ផ្នែក​ខ្លះ​នៃ​ខេត្ត​កណ្តាល គឺ​ប្រឈម​ខ្លាំង​មែន​ទែន​។ ឆ្នាំនេះ​យើង​ក៏​ប្រឈម​ដែរ តែដោយសារ​យើង​បានរៀបចំ​ស្ទឹង​ហ្នឹង​ឡើងវិញ​ទៅ​លទ្ធភាព​នៃ​ការ​ដោះ​ទឹក​ហ្នឹង​គឺ​វា​កើន អ៊ីចឹង​យើង​ប្រឈម​ដែរ តែ​មិន​ប្រឈម​ខ្លាំង​ដូច​ឆ្នាំ​កន្លងទៅ​ទេ​»៕