ភ្នំពេញៈ លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជាបានអនុញ្ញាតឱ្យឯកអគ្គរាជទូតកម្ពុជាដែលទើបតែងតាំងថ្មីចំនួន ៧ រូប ចូលជួបសម្តែងការគួរសមនិងទទួលអនុសាសន៍មុនពេលចេញទៅបំពេញបេសកកម្មការទូតប្រចាំនៅប្រទេសជាមិត្តនានានារសៀលថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៣ នៅវិមានរដ្ឋសភា។
លោក លុយ ដាវីត ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពកម្ពុជាប្រចាំប្រទេសបារាំងបានឱ្យដឹង នៅក្រោយជំនួបនោះថា លោកស្រីប្រធានរដ្ឋសភាបាន ណែនាំដល់ឯកអគ្គរាជទូតថ្មីទាំងអស់ឱ្យបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ដើម្បីលើកកិត្យានុភាពប្រទេសជាតិ ដោយធ្វើយ៉ាងណាជំរុញសេដ្ឋកិច្ចការទូតដើម្បីទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរចូលមកកម្ពុជាឱ្យបានកាន់តែច្រើនសំដៅសម្រេចបានសេដ្ឋកិច្ចកម្ពុជាឈានទៅកាន់ប្រទេសមានចំណូលខ្ពស់។
លោកលើកឡើងថា សេដ្ឋកិច្ចការទូតគឺជាកូនសោអាទិភាពចម្បង ១ របស់រាជរដ្ឋាភិបាលថ្មីដើម្បីទាក់ទាញអ្នកវិនិយោគ ទេសចរមកកាន់ប្រទេសកម្ពុជា។យ៉ាងណាក៏ដោយ ការទូតសេដ្ឋកិច្ចនេះមិនមែនមានតែក្រសួងការបរទេសជាអ្នកធ្វើតែឯងនោះទេ សូម្បីរដ្ឋសភា និងរដ្ឋាភិបាលក៏សហការ ចូលរួមធ្វើផងដែរដើម្បីសម្រេចបានសេដ្ឋកិច្ចខ្ពស់របស់កម្ពុជាតាមផែនការដែលបានកំណត់។
លោក លុយ ដាវីត បានបន្តថា ការងារចម្បងពេលទៅដល់ប្រទេសបារាំងលោកនឹងធ្វើការងារជាមួយរដ្ឋមន្ត្រីតាមវិស័យនីមួយៗរបស់ប្រទសបារាំងក្នុងនោះក៏មានក្រសួងសុខាភិបាល ក្រសួងអប់រំ ក្រសួងមុខងារសាធារណៈ ក្រសួងទេសចរណ៍ និងធ្វើការជាមួយសហគមន៍ខ្មែរនៅបារាំងដើម្បីឱ្យពួកគាត់ទទួលបានព័ត៌មានពិតពីប្រទេសកម្ពុជា។
លោកថ្លែងថា៖ «យើងធ្វើម៉េចឱ្យប្រជាពលរដ្ឋយល់ដឹងគ្រប់ជ្រុងជ្រោយទាក់ទងការអភិវឌ្ឍប្រទេសជាតិយើងពាក់ព័ន្ធការរីកចម្រើន តើប្រទេសយើងដល់ណាហើយ។ មានខ្មែរយើងខ្លះមកដល់ស្រុក គាត់ឃើញជាក់ស្តែងនឹងភ្នែកហើយ ប៉ុន្តែមានប្រជាពលរដ្ឋមួយចំនួនគាត់អត់ដែលមកទេ គាត់ស្តាប់តែពីការញុះញង់របស់អ្នកនយោបាយមួយចំនួនដែលមាននិន្នាការប្រឆាំងអ៊ីចឹងគាត់យល់ច្រឡំ»។
លោកឯកអគ្គរាជទូត កម្ពុជាថ្មីប្រចាំប្រទេសបារាំង បញ្ជាក់ពីការប្តេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែងបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរបំពេញការងារការទូតដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី លើកកម្ពស់កិត្យានុភាពជាតិ ការពារបូរណភាពទឹកដី ការពារឯករាជភាព ការពារផលប្រយោជន៍នៃប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេសផងដែរ។
លោកថ្លែងថា៖ «យើងធ្វើម៉េចការពារអធិបតេយ្យភាពរបស់កម្ពុជាយើង ធ្វើម៉េចកុំឱ្យមានការជ្រៀតជ្រៀកចូលកិច្ចការផ្ទៃក្នុងរបស់យើងពីសំណាក់បរទេស អាហ្នឹងជាការងារចម្បងយើងហើយ។ក្រៅពីហ្នឹងគឺមានការទាក់ទងវិនិយោគដូចខ្ញុំបានលើកហ្នឹង ការពារប្រជាពលរដ្ឋយើង។ ជារួមការងារ ដែលបន្សល់ពីរដ្ឋាភិបាលចាស់យើងនឹងបន្តធ្វើ បូកនឹងកម្មវិធីនយោយបាយរបស់រាជរដ្ឋាភិបាលថ្មី»។
ឯកអគ្គរាជទូតទាំង ៧ រូប ដែលនឹងត្រូវចេញទៅបំពេញបេសកកម្មការទូតប្រចាំប្រទេសជាមិត្តនានា រួមមាន លោក លុយ ដាវីត ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាប្រចាំប្រទេសបារាំង, លោក ឡាយ សំកុល ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអង់គ្លេស, លោក សុក ជា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសតួកគី, លោក ទាន សំណាង ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌូនេស៊ី, លោក ហ៊ុលក្រង ផាណង ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឡាវ, លោក ឈាង ធីរ៉ា ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសអាល្លឺម៉ង់ និងលោក តាន់ ប៊ុនប៉ា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាប្រចាំប្រទេសស៊ែប៊ី៕