ភ្នំពេញៈ គណៈប្រតិភូតំណាងឱ្យរដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាទាំងអស់ចំនួន ១៦៤ ប្រទេស បានបង្ហាញការគាំទ្រចំពោះទស្សនវិស័យ និងការប្តេជ្ញាចិត្តខ្ពស់របស់នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជា និងបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការងារបោសសម្អាតមីនផងដែរ។
លោក Juan Carlos Ruan នាយកអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាស្តីពីការហាមប្រាម ការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីនចោល (អនុសញ្ញាអូតាវ៉ា-ISU-APMBC) និងជាតំណាងឱ្យរដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាទាំងអស់ចំនួន ១៦៤ ប្រទេស លើកឡើងដូចនេះ ក្នុងជំនួបជាមួយនឹងលោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា នាថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៣។
លោក លី ធុជ បានលើកឡើងថា បេសកកម្មរបស់គណៈប្រតិភូនៃអនុសញ្ញាអូតាវ៉ា-ISU-APMBC នាពេលនេះ គឺផ្តោតសំខាន់លើដំណើរការធ្វើជាម្ចាស់ផ្ទះរៀបចំ និងធ្វើជាប្រធានដឹកនាំរបស់កម្ពុជា សម្រាប់កិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ អនុសញ្ញាអូតាវ៉ា ក្នុងខែធ្នូ ឆ្នាំ ២០២៤ ដែលមានតំណាងមកពីប្រទេសជារដ្ឋភាគីចំនួន ១៦៤ និងស្ថាប័នអន្តរជាតិជាច្រើនទៀតចូលរួម។
លោកបានបញ្ជាក់ដែរថា ក្នុងនោះរូបលោកត្រូវបានសម្រេចជ្រើសតាំងជាប្រធានតែងតាំង (Designated President) ផងដែរ។ លោក លី ធុជ បានបញ្ជាក់ថា៖ «ក្នុងឱកាសនោះ លោក Juan Carlos Ruan បានសម្តែងនូវអំណរសាទរចំពោះឯកឧត្តម ហ៊ុន ម៉ាណែត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីហើយលោកបានគាំទ្រចំពោះទស្សនវិស័យ និងការប្តេជ្ញាចិត្តខ្ពស់របស់នាយករដ្ឋមន្ត្រីថ្មីក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជា ព្រមទាំងបានប្តេជ្ញាបន្តផ្តល់នូវកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការងារបោសសម្អាតមីន ផងដែរ»។
ក្នុងនាមលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណ ISU-APMBC ដែលតែងតែផ្តល់ការគាំទ្រដល់កម្ពុជាក្នុងការរៀបចំផែនការបោសសម្អាតមីន ឱ្យសម្រេចបាននូវកាតព្វកិច្ចនៃអនុសញ្ញាអូតាវ៉ា ក្នុងនាមកម្ពុជាជារដ្ឋភាគី។
លោកមានប្រសាសន៍ថា៖ «ដោយមានការគាំទ្រពី ISU-APMBC និងសហគមន៍អឺរ៉ុប កម្ពុជា បានត្រៀមខ្លួនរួចជាស្រេចស្វាគមន៍ និងទទួលបដិសណ្ឋារកិច្ចចំពោះគណៈប្រតិភូមកពី ៤០ ប្រទេស ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃសន្និសីទសកលស្តីពីជំនួយដល់ជនរងគ្រោះដោយសារមីនប្រឆាំងមនុស្ស និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងសិទ្ធិជនពិការនាខែតុលា ឆ្នាំ ២០២៣ ខាងមុខនេះ»។
ជាមួយគ្នានេះ ក្នុងនាមជាប្រធានតែងតាំងនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា លោក លី ធុជ ក៏បាននាំនូវសាររបស់លោកនាយករដ្ឋមន្ត្រី ដល់រដ្ឋភាគីទាំងអស់នៃអនុសញ្ញាអូតាវ៉ា និងបានអះអាងថាកម្ពុជាបានត្រៀមទទួលស្វាគមន៍យ៉ាងកក់ក្តៅសម្រាប់គណៈប្រតិភូមកពី ១៦៤ ប្រទេស និងស្ថាប័នអន្តរជាតិដទៃទៀត ក្នុងនាមជាប្រធានដឹកនាំ និងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី ៥ អនុសញ្ញាអូតាវ៉ា នៅខេត្តសៀមរាប នាឆ្នាំក្រោយនេះ។
សូមបញ្ជាក់ថា កម្ពុជាបានក្លាយជារដ្ឋភាគីមួយនៃអនុសញ្ញាអូតាវ៉ាចាប់ពីឆ្នាំ ២០០០។ ក្នុងនាមជារដ្ឋភាគី កម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យមីន ហើយក៏បាននិងកំពុងបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងសស្រោកសស្រាំ ព្រមទាំងទទួលបាននូវការវាយតម្លៃខ្ពស់ពីគ្រប់រដ្ឋភាគី៕