ភ្នំពេញៈ ​ក្រសួង​សា​ធារណ​ការ និង​ដឹកជញ្ជូន និង​ស្ថានទូត​អូស្ត្រាលី​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បានរៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី «​បទដ្ឋាន​ឌី​ហ្សា​ញ​កម្រាល​ផ្លូវថ្នល់​» រួមគ្នា ដើម្បី​មើល​ឡើងវិញ​នូវ​ការងារ​ដែល​បាន​អនុវត្ត​កន្លងមក និង​ចែករំលែក​បទពិសោធន៍ ក្នុងការ​រចនា (​ឌី​ហ្សា​ញ​) និង​ការសាងសង់​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​។​


​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានធ្វើការ​ផ្សព្វផ្សាយ​ឱ្យដឹង​នៅ​ថ្ងៃទី​២៩ ខែសីហា ថា «​បទដ្ឋាន​ឌី​ហ្សា​ញ​កម្រាល​ផ្លូវ​» ត្រូវបាន​ប្រកាស​បើក​ជា​ផ្លូវការ​ក្រោម​សហ​អធិបតីភាព លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន រួមជាមួយ លោក Justin Whyatt ​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា កាល​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២៣ និង មន្ត្រី​បច្ចេកទេស​ពាក់ព័ន្ធ​កម្មវិធី P4I និង​សិក្ខាកាម​ជាច្រើនរូប ដែល​រំពឹងថា​នឹង​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា ជាមួយ​ការផ្តល់​ធាតុ​ចូល​ពី​ក្រុមការងារ P4I និង​AustRoads​។

​សម្រាប់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កម្មវិធី​នេះ​បានផ្តល់​នូវ​ការគាំទ្រ​ដល់​ការធ្វើ​បច្ចុប្បន្នភាព​ស្តង់ដា​ឌី​ហ្សា​ញ សម្រាប់​ការសាងសង់ ស្ពាន ផ្លូវថ្នល់ ប្រព័ន្ធ​លូ និង​បទដ្ឋាន​បច្ចេកទេស​សំណង់ ដែល​ត្រូវបាន​រៀបចំឡើង​តាំងពី​ដើមឆ្នាំ២០០០ ក្រោម​ជំនួយឥតសំណង​ពី​ប្រទេស​អូស្ត្រាលី​។


​យោងតាម​ក្រសួង​ដដែល​នេះ លោក Justin Whyatt បាន​លើកឡើងថា ជាមួយនឹង​ការរៀបចំ​រាជរដ្ឋាភិបាល​សម្រាប់​នីតិកាល​ថ្មី ភាគី​អូស្ត្រាលី​នៅតែមាន​គោលជំហរ​បន្ត​កិច្ច​សហ​ប្រ​តិប​ត្តិ​ការល្អៗ ក្នុង​វិស័យ​សាធារណការ និង​ដឹកជញ្ជូន​បន្ថែមទៀត ដោយ​ផ្តោត​សំខាន់​លើ ការបន្ត​អភិវឌ្ឍ​លើ​ការងារ​គ្រប់គ្រង​ទឹក​កខ្វក់ វិស័យ​ភ័ស្តុភា​រកម្ម និង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ត្រជាក់ (Cold Chain)​។​

​លោក​បាន​ថ្លែងថា​៖ «​ដោយ​មើលឃើញ​ពី​សក្តានុពល​នៃ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​ថ្មី ជាមួយនឹង​កម្មវិធី​នយោបាយ គោលនយោបាយ​ជា​អាទិភាព និង​យុទ្ធសាស្ត្រ​ច្បាស់លាស់ ក្នុងនាម​រដ្ឋាភិបាល​អូស្ត្រាលី បានបង្ហាញ​នូវ​ឆន្ទៈ​សុទិដ្ឋិនិយម ក្នុង​ការបន្ត​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត ជាពិសេស​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​»​។​


​ជុំវិញ​បញ្ហា​នេះ លោក ប៉េង ពោធិ៍​នា ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​រដ្ឋាភិបាល​អូស្ត្រាលី តាមរយៈ​លោក ឯកអគ្គរដ្ឋទូត សម្រាប់​ជំនួយ​គាំទ្រ​តាំងពីដើម​រៀងមក ជាពិសេស​ជំនួយ​បច្ចេកទេស​ដល់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន តាមរយៈ​កម្មវិធី ភាពជា​ដៃគូ​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ (P4I) និង AustRoads​។

​លោក​មានប្រសាសន៍ថា ៖ «​ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ​តាមរយៈ​ជំនួយ និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំង២ ជាពិសេស​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ នឹង​នាំមក​នូវ​ការអភិវឌ្ឍ​ក្នុង​វិស័យនេះ ស្របតាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ ដែល​បានកំណត់​យក​អាទិភាព​គន្លឹះ ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា​»​។​

​នាឱកាស​នោះដែរ លោក​ប៉េង ពោធិ៍​នា ​ក៏បាន​ស្នើឱ្យ​រដ្ឋាភិបាល​អូស្ត្រាលី បន្ត​ការគាំទ្រ និង​ពិនិត្យ​លទ្ធភាព​ក្នុងការ​វិនិយោគ​បន្ថែមទៀត ដើម្បី​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ អនាម័យ​ទីក្រុង និង​ឯកសារ​ស្ដង់ដា​បច្ចេកទេស​នានា ក៏ដូចជា​ការកសាង​សមត្ថភាព​ស្ថាប័ន ដើម្បី​ដោះស្រាយ​បញ្ហាសំខាន់ៗ ដែល​កំពុង​ប្រឈម​នាពេល​បច្ចុប្បន្ន និង​ដើម្បី​លើកកម្ពស់​ការរីកចម្រើន​ប្រកបដោយ​បរិ​យាប័​ន្ន​សម្រាប់​កម្ពុជា​ផងដែរ​៕