ភ្នំពេញៈ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសជាផ្លូវការនូវបញ្ជីឈ្មោះក្រុមធំជម្រើសជាតិ និងក្រុមជម្រើសជាតិអាយុក្រោម ២៣ ឆ្នាំ ក្នុងពេលដំណាលគ្នា ដើម្បីធ្វើការប្រមូលផ្តុំ ត្រៀមការប្រកួតមិត្តភាពអន្តរជាតិ និងការប្រកួតជើងឯកយុវជនអាស៊ីអាយុក្រោម២៣ឆ្នាំ AFC U23 Asian Cup 2024 ដែលនឹងចាប់ផ្តើម នៅដើមខែកញ្ញា ខាងមុខនេះ។
សម្រាប់បញ្ជីរាយនាមក្រុមធំជម្រើសជាតិកម្ពុជាទាំង ២៧ នាក់ដែល FFC ទើបតែបានប្រកាសនេះគឺបានសម្រេចកោះហៅកីឡាករចំណូលថ្មី និងកីឡាករចាស់វស្សាមួយចំនួនឱ្យមកប្រមូលផ្តុំជុំគ្នាដើម្បីត្រៀមការប្រកួតមិត្តភាពអន្តរជាតិចំនួន២ ដែលត្រូវធ្វើនៅពហុកីឡដ្ឋានជាតិអូឡាំពិកគឺការប្រកួតជាមួយក្រុមជម្រើសជាតិហុងកុង នៅថ្ងៃទី៧ និងការជួបក្រុមជម្រើសជាតិម៉ាកាវ នៅថ្ងៃទី១១ ខែកញ្ញា។
ក្រោមការដឹកនាំរបស់គ្រូបង្គោល លោក Felix Dalmas គឺការប្រមូលផ្តុំក្រុមធំជម្រើសជាតិកម្ពុជា លើកនេះ ក៏មានវត្តមានខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ផងដែរ ហើយខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា ដែលកំពុងប្រកបអាជីពនៅក្លិប Al Shahania Sport របស់ប្រទេសកាតា ក៏ត្រូវបានកោះហៅ រីឯកីឡាករវ័យក្មេង កំពុងបង្ហាញទម្រង់លេងយ៉ាងល្អ ចន្ថា ចន្ធាកា ក៏ត្រូវបានកោះហៅឱ្យចូលជម្រើសជាតិផងដែរ ហើយកាលពីឆ្នាំ២០១៨ រូបគេជាកីឡាករជម្រើសជាតិហ្វុតសាលកម្ពុជា។
ចំណែកកីឡាករចំនួន ២៤ នាក់ទៀត ដែលត្រូវបានប្រមូលផ្តុំលើកនេះ រួមមាន វ៉ាន់ តៃឡាម៉ី, ជា វេសលី, ឃាន់ សុប៉ិន, កាន់ ពិសាស, ឈង់ ប៊ុនណាត, គួច សុកុម្ភៈ, អ៊ន ចាន់ប៉ូលីន, លឹម ពិសុទ្ធ, យ៉ើ មូស្លីម, ផាច សុជាវីឡា, ជួន ចាន់ចាវ, គីម ចាន់វាសនា, គង់ លីហួរ, សឿយ វិសាល, ថេឡរ ឌឿង នីកូឡាស, គួច ដានី, ហ៊ុល គឹមហ៊ុយ, អ៊ិន សុដាវីដ, អ៊ុក សុវណ្ណ, ស៊ុន សុផាណាត់, កែវ សុខសិលា, រ៉ឹង ប៊ុនហៀង, ស៊ិន កក្កដា និង ឆេង ម៉េង។
ដោយឡែក ចំពោះបញ្ជីរាយនាមកីឡាករធ្វើការប្រមូលផ្ដុំហ្វឹកហាត់ ត្រៀមចូលរួមការប្រកួតវគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup Qatar 2024 វិញ គឺមានចំនួន ២៣ នាក់ ដូចជា ស៊ិន សុវណ្ណមករា, សារ ទី, ឡេង ណូរ៉ា, ស រតនា, ភឿក ថាតថៃ, តាំង ប៊ុនឆៃ, កយ សាលីម, កើត ពេជ្រ, ជា សុខម៉េង, ហួត វ៉ន់ណេត, ផាត សុខា, រ៉េត លីហេង, ជូ ស៊ីនទី, មិន រតនៈ, វីរៈ ដារ៉ា, អ៊ីម រ៉ាឃីម, សុផល ឌីម៉ង់, សុវណ្ណ ដូណា, អ៊ាន ពិសី, ចាន់ សារ៉ាពេជ្រ, រឿន វ៉ា, ហារ សុខនោត និង អ៊ីត សូនី។
តាមរយៈបញ្ជីរាយនាមនេះ បានបង្ហាញឱ្យឃើញថា ការប្រមូលផ្តុំក្រុមU23ជម្រើសជាតិកម្ពុជា លើកនេះមានការផ្លាស់ប្តូរសមាសភាពកីឡាករចំនួន១០នាក់ បើធៀបទៅនឹងការប្រកួតពានរង្វាន់ AFF U23 Championship 2023 នៅប្រទេសថៃ កាលពីពេលថ្មីៗនេះ ហើយគ្រូបង្គោល ដែលត្រូវដឹកនាំក្រុម U23 កម្ពុជា លើកនេះ ក៏ត្រូវបានផ្លាស់ប្តូរផងដែរ គឺគ្រូបង្គោលជនជាតិជប៉ុន លោក Koji Gyotoku ដោយសារគ្រូបង្វឹកជនជាតិអាហ្សង់ទីន លោក Felix ជាប់ភារកិច្ចដឹកនាំក្រុមធំជម្រើសជាតិកម្ពុជា។
យ៉ាងណាក៏ដោយ លោក Koji Gyotoku ក៏ជាគ្រូបង្វឹក ដែលមានគុណវុធខ្លាំងផងដែរ ដោយលោកធ្លាប់ដឹកនាំក្រុមយុវជនU18កម្ពុជា ឈ្នះក្រុមយុវជនU18វៀតណាម និងធ្លាប់នាំក្រុមយុវជនU19កម្ពុជា ឈ្នះក្រុមយុវជន U19 ថៃ កាលឆ្នាំ២០១៩ ហើយកីឡាករមួយចំនួន ដែលត្រូវប្រមូលផ្តុំលោកនេះ ក៏ធ្លាប់ហ្វឹកហាត់ជាមួយលោក នាពេលកន្លងមកផងដែរ។
គួរបញ្ជាក់ថា សម្រាប់ការប្រកួតវគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup Qatar 2024នេះ ក្រុម U23 កម្ពុជា នឹងចាប់ប្រកួតជម្រុះក្នុងពូល J ពីថ្ងៃទី៦ ខែកញ្ញា តទៅ ដោយត្រូវប្រកួតបើកឆាកជាមួយក្រុមU23លីបង់ មុនគេ រួចបន្តទៅប៉ះក្រុមម៉ុងហ្គោលី នៅថ្ងៃទី៩ កញ្ញា និងចុងក្រោយ ត្រូវប្រឈមជាមួយក្រុមម្ចាស់ផ្ទះអារ៉ាប៊ីសាអ៊ូឌីត នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣៕