កំពតៈ អង្គ​ការ​ Aide et Action បាន​អះ​អាងថា គម្រោ​ង CO-SAVED បាន​ដឹក​នាំ​ឱ្យ​សហគ​មន៍​នេសាទ​ជិត ​៤០​ ម៉ឺន​ នាក់​ នៅ​កម្ពុជា ចាប់​ផ្តើម​សម្រប​ខ្លួន​​នឹង​ការប្រែ​ប្រួល​អាកាសធា​តុ ​ដោយ​ផ្តោត​លើ​ការ​ធានា​និរន្តរ​ភាព​សេដ្ឋ​កិច្ច ​តាម​រយៈ​ការ​គ្រប់​គ្រង​មូល​និធិ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ និង​ការ​សម្រេច​ចិត្ត​ជា​ក្រុម​។​


​សម្ព័ន្ធភា​ព​ដើម្បី​ការ​អភិវឌ្ឍ​ន៍ប្រកប​ដោយ​ចីរភាពនិង​គាំទ្រ​សំឡេង​ដើម្បី​សម​ធម៌​សង្គម ​(CO-SAVED) គឺជា​គម្រោង​មួយ​ដឹក​នាំ​ដោយ Aide et Action ​ ​ក្នុង​បំណងផ្តល់​សិទ្ធិ​អំណាច​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​ជិត ​៤០ ម៉ឺន​ នាក់​នៅក្នុង​សហ​គមន៍​នេសាទ ​ដោយ​ទទួលបា​ន​មូលនិធិ​ចំនួន ​៤​ លាន​ អឺរ៉ូ​ ពី​សហ​ភាព​អឺរ៉ុប​។ គម្រោង​នេះ បាន​​ផ្តោត​ការ​អនុវត្ត​នៅ​ក្នុង​ខេត្ត​កែប ​កំពត​ កោះកុង ​និង​ខេត្ត​ព្រះ​សីហនុ ​ដោយ​បាន​គ្របដណ្តប់​ទៅ​លើ​ស្រុក​ចំនួន ១០​និង​ឃុំ​ចំនួន ​៤៧ ​ដែល​សុទ្ធ​សឹង​ជា​ប្រជា​នេសាទ​រស់នៅ​តាម​បណ្តា​យ​ឆ្នេរ​ក្នុង​ប្រទេស​កម្ពុជា​។​

​អង្គ​ការ ​Aide et Action បាន​អះ​អាង​ថា ពិភព​លោក​បាន​ជួប​ប្រទះ​ខែ​ក្តៅ​បំផុត​របស់​ខ្លួន ​ក្នុង​កំណត់​ត្រាកាល​ពី​ខែ​កក្កដា ​ឆ្នាំ​២០២៣ ​ក្នុង​នោះ​សហ​គមន៍​ក្រីក្រ​បំផុត​នៅ​ក្នុង​អឌ្ឍ​គោល​ខាង​ត្បូង​ គឺជា​ប្រទេស​ដំបូង​គេ​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​ការប្រែ​ប្រួល​អាកាស​ធាតុ​ ទោះ​បី​ជា​មាន​កត្តាជាក់​ស្តែង​ជាច្រើនបាន​បង្កើន​ការ​ជូន​ដំណឹង​អស់​រយៈ​ពេល​ជាច្រើ​ន​ទស​វត្សរ៍​មក​ហើយ​ក៏​ដោយ​។


​អង្គការ​នេះបាន​អះអា​ង​បន្តថា​ ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ដែលមាន​ផល​វិបាក​ខាង​សង្គម និង​សេដ្ឋ​កិច្ច ក៏​កំពុង​ជះ​ឥទ្ធិ​ពល​ដល់​ជីវភាព​រស់​នៅ​របស់​ស​ហគ​មន៍​តំបន់​ឆ្នេរ​សមុទ្រ​ជា​ច្រើន​នៅ​កម្ពុជា​ផង​ដែរ ​ព្រោះ​ពួកគេ​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេដោយ​សារ​ការ​ពឹង​ផ្អែក​លើ​ការ​នេសាទ ​និង​ផល​ជល​ផល ដោយ​រាប់​ចាប់​ពី​កម្មករ​ក្នុង​វិស័យ​ជល​ផល​រហូត​ដល់​អតិ​ថិ​ជន(​ទទួល​ផល​ពី​ត្រី​) ខណៈ​លទ្ធ​ភាព​ទទួលបា​ន​ស្បៀង​អា​ហារ គឺមាន​គ្រោះថ្នា​ក់​បំផុត​ ដោយសា​រតែ​ផល​នេសាទ​ធ្លាក់​ចុះ ​ហើយ​ស្ថានភា​ព​សេដ្ឋ​កិច្ច​លំបាក​នៅ​ក្នុង​តំបន់​នៃ​ខេត្ត​ជាប់​មាត់​សមុទ្រ​ទាំ​ងនេះ​។​

Aide et Action ក៏បានបន្តថា​៖«​ក្រៅ​ពី​ជា​ប្រទេស​១​ក្នុង​ចំណោម​ប្រទេស​ងាយ​រងគ្រោះ​បំផុត​ចំពោះ​ការប្រែ​ប្រួល​អាកា​ស​ធាតុ ក​ម្ពុជា​ក៏​ជា​ប្រទេស​១​ក្នុង​ចំណោ​ម​ប្រទេស​ដែល​ទទួលខុ​សត្រូវ​តិច​បំផុត​ផង​ដែរ​។ ដូច្នេះ​សព្វ​ថ្ងៃនេះ​ បណ្តា​ប្រទេស​នៅ​អឺរ៉ុប​មាន​ឱកាស​ដោះ​ស្រាយ​កាតព្វ​កិច្ច​ប្រវ​ត្តិសាស្ត្រ​របស់​ខ្លួន​ក្នុង​ភាព​ជា​ដៃគូ​ជា​មួយ​រាជ​រដ្ឋាភិ​បាល​កម្ពុជា ​លើ​បញ្ហា​នេះ​»​។​


​លោក​ កើត ម៉ាត់​ត្រ​ហេ​ត ប្រធាន​គ្រប់​គ្រង​តំបន់​ឆ្នេរ​នៃ​អង្គការ ​Aide et Action បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​២៩ ​សីហា​ថា ​ដើម្បី​សម្រេច​បាន​នូវ​ការកា​ត់ប​ន្ថយ​ភាពក្រី​ក្រ Aide et Action និង​ដៃគូ​អនុវត្ត​របស់​ខ្លួន ​រួមទាំ​ង​អង្គ​ការ Heiffer បាន​លើកទឹ​ក​ចិត្ត​ឱ្យ​មាន​ការចូ​លរួម​យ៉ាង​សកម្ម​តាម​រយៈ​ការដា​ក់​សហគ​មន៍​នេសាទ ​ឱ្យនៅ​ជួរ​មុខ​នៃ​ការ​ប្រយុ​ទ្ធ​ប្រឆាំង​នឹង​ការ​ឡើង​កម្ដៅ​ផែន​ដី​នេះ​។

​លោក អះអា​ង​ថា តាម​រយៈ​គម្រោង​នេះបាន​ចូលរួ​ម​ឱ្យ​ប្រជា​នេសាទ ​មាន​ការ​អភិវឌ្ឍ​ដែល​មាន​ភាព​ជា​ម្ចាស់​ក្នុង​មូលដ្ឋា​ន គឺ​ទទួល​បាន​ជោគ​ជ័យ​ជាង​គំនិត​ផ្តួច​ផ្តើម​ដែល​ត្រូវបាន​ជំរុញ​ពី​ខាង​ក្រៅ ព្រោះ​នេះ​ជា​យុទ្ធសា​ស្ត្រ​ដ៏​ល្អ​បំផុត ​ក្នុងកា​រ​គាំទ្រ​សហ​គមន៍​មូល​ដ្ឋាន​ផ្នែក​ហិរញ្ញ​វត្ថុ ដែល​នាំឱ្យ​ពួក​គាត់​អាច​ជ្រើស​រើស និ​ង​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​រក​ភាព​ជោគ​ជ័យ​ផ្នែក​សេដ្ឋ​កិច្ច​របស់​ពួក​គាត់​។​

​លោកបាន​បញ្ជាក់​ថា​៖«​គម្រោង​នេះ​បាន​ផ្តល់​សិទ្ធិ​អំណាច​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​ជិត​៤០០​ ០០០​នាក់​ ដើម្បី​ធ្វើយ៉ា​ងណា​ឱ្យ​ពួក​គាត់​អាច​សម្រប​ខ្លួន​ទៅ​នឹង​ការ​ប្រែប្រួ​ល​អាកាស​ធា​តុ​។ សមា​ជិក​សហគ​មន៍ បាន​​បង្កើត​គណៈ​កម្មាធិ​កា​រ​១ ដែល​ផ្តោត​លើ​ការ​ធានា​និរន្តរ​ភាព​សេ​ដ្ឋ​កិច្ច ​តាមរយៈ​ការគ្រ​ប់​គ្រង​មូល​និធិ​ប្រ​កបដោ​យ​ប្រសិទ្ធ​ភាព និង​ការ​សម្រេច​ចិត្ត​ជា​ក្រុម​។ ក្តី​សង្ឃឹម​របស់​ពួក​គាត់​ គឺ​ផលិត​ និង​លក់​ត្រី​ទៅឱ្យ​អ្នក​ចែក​ចាយ​ភោជនី​យដ្ឋា​ន​ក្បែរ​នោះ​ក្នុង​តំបន់​ទេស​ចរណ៍​​នៅពេល​ដែល​បែ​ចិញ្ចឹម​ត្រី​របស់​ពួកគា​ត់បាន​បង្កើត​ឡើង​និង​ចាប់ផ្តើ​ម​បង្កើត​ប្រាក់​ចំណូល​​»​។​

​ភូមិ​ត្រពាំង​​សង្កែ ​គឺជា​ភូមិ​១ ស្ថិត​នៅតាម​​ដងព្រែ​ក​ក្នុង​ខេត្តកំ​ព​ត ដែល​កំពុង​មាន​គ្រួសារ​ចំនួន​៧ បាន​បង្កើត ​និង​កំពុង​គ្រប់​គ្រង​បែ​ចិញ្ចឹម​ត្រី​ចំនួន​៧​កន្លែង​។ លោក​ ហ៊ឹម ​នី ដែ​លជា​អ្នកនេ​សាទ​ចូលនិ​វត្តន៍​ម្នាក់​ និង​កំពុង​គ្រប់​គ្រង​បែ​ចិញ្ចឹម​ត្រី​ផ្ទាល់​ខ្លួន​ បាន​ថ្លែង​ថា សុ​បិន​រប​ស់លោក គឺ​ចង់​បង្កើន​ចំនួន​ត្រី និង​បង្កើន​ផលិតភា​ព​សម្រាប់​គ្រួ​សារ​ និង​សហ​គមន៍​របស់​លោក​។

​ក្នុង​អាជីព​ជា​អ្នកនេ​សាទ​ដ៏​យូរ​ឆ្នាំ និង​ជា​ជីតា​របស់​ចៅ​ចំនួន​៥​នាក់ ​ខណៈ​មានកូន​ដល់​ទៅ​៦ នាក់ ​លោក ​ហ៊ឹម នី បានប​ង្ហាញ​ក្តីបារម្ភ​ពី​ការកើ​នឡើ​ង​នៃ​តម្រូវកា​រ​ត្រី ​ប៉ុន្តែ​ចំនួន​ត្រី​បែរជា​នៅ​ទ្រឹង​។ ដូច្នេះ ​លោក​យល់ថា​ ការចូល​រួម​ដោះស្រា​យ​បញ្ហា​ដែល​សហ​គមន៍​នេសាទ​រប​ស់លោក​កំពុង​ប្រឈមគឺជា​រឿង​មួយ​ដែល​ចាំ​បាច់​ ហើយ​តាម​រយៈ​ការ​ចិញ្ចឹម​​ត្រី គឺ​ផ្តល់​ជម្រើស​សុវត្ថិភា​ព​ជាង​សកម្ម​ភាព​នេសាទ​ដែល​ប្រើ​កម្លាំង​ពលកម្ម​របស់​ប្រជា​ពលរដ្ឋ ស្រប​ពេល​កំពុង​មាន​កា​រ​ឡើង​ខ្ពស់​នៃ​តម្លៃ​គ្រឿង​សមុទ្រ​។​

​ចំណែក​លោក នី ហ្វា​រី​ដាស់ ដែល​បាន​បោះ​បង់​ការ​នេសាទ ​ដើម្បី​ផ្តោតលើ​​ការ​ចិញ្ចឹម​ត្រី បាន​ថ្លែងដែរ​ថា ឥឡូវ​នេះ ក្រៅ​ពី​ការចិ​ញ្ចឹម​ត្រី លោក​ក៏បាន​នាំ​ភ្ញៀវ​ទេស​ចរក្នុង​ស្រុក​និង​បរ​ទេសទៅ​ទស្សនា​កម្សាន្ត​តាម​ទូក​វេទ​មន្ត​របស់​លោក​ជុំវិញ​ព្រៃកោ​ងកា​ង​ផងដែ​រ​។

​លោកបាន​បញ្ជាក់​​ថា​៖«​សមាជិក​សហគ​មន៍​អញ្ជើញ​ភ្ញៀវ​មក​ដាំ​ដើម​កោ​ង​កាង​នៅក្នុ​ង​តំបន់​ការពារ​រប​ស់ខ្លួ​ន ហើ​យ​រីករា​យ​ក្នុងការ​​ចែករំ​លែក​ចំណេះដឹ​ង​អំពី​រុក្ខជាតិ​ដ៏​អស្ចារ្យនិ​ង​សត្វ​ព្រៃ​ក្នុង​តំបន់​របស់​ពួក​យើង​។​

ទីតាំង​ដ៏​ស្រស់ស្អា​ត​បំផុត​១​នៅក្នុ​ង​ប្រទេស​កម្ពុជា គឺ​ព្រែក​កំពត ដែល​អ្នក​ទេសច​រធ​ម្មជាតិ​មកពី​គ្រប់ទិ​សទី​ទាំង​អស់ អា​ចរួ​មចំ​ណែក​ដល់​កំ​ណើ​ន​ប្រកប​ដោយ​និរន្តរភាព​ ភាព​ធន់​នឹង​អាកាស​ធាតុ​និង​ការរី​កចម្រើន​ប្រកប​ដោយ​បរិ​យាប័ន្ន​»៕