ភ្នំពេញៈ ​ក្នុងពេល​ជួប​សំណេះ​​សំ​ណា​ល​ជាមួយ​កម្មករ​-​កម្មការិនី និយោជិត តាម​រោងចក្រ សហ​គ្រាស ជិត​ ២ ​ម៉ឺន​នាក់ ដែលមាន​មូលដ្ឋាន​នៅ​តំបន់​ព្រៃ​ស្ពឺ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​ ២៩ ​ខែសីហា​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ថ្លែងថា គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​ថ្មី នៅតែ​បន្ត​ថែរក្សា​ឱ្យបាន​នូវ​អ្វីដែល​រដ្ឋាភិបាល​មុន​សម្រេចបាន និង​ដាក់ចេញ​នូវ​គោលនយោបាយ​ពង្រីក​បន្ថែម ដើម្បី​ផ្តល់​ប្រយោជន៍​ជូន​ប្រជា​​ពលរដ្ឋ​ឱ្យបាន​កាន់តែ​ប្រសើរ​។


​លោកនាយក​រដ្ឋមន្ត្រី​បាន​លើកឡើងថា ការថែរក្សា​សមិទ្ធផល​ដែល​រដ្ឋាភិបាល​អាណត្តិ​មុនៗ​សម្រេចបាន កត្តា​សំខាន់បំផុត​នោះ​ គឺ​ថែ​​រក្សាសុខ​សន្តិភាព ស្ថិរភាព​ជំរុញ​ការអភិវឌ្ឍ​ជូន​ប្រជាពលរដ្ឋ និង​ការឯកភាព​ជាតិ ទឹកដី​។ លោក​បញ្ជាក់ថា ការលើកឡើង​ដដែលៗ​នេះ ដោយសារតែ​នេះ​ជា​រឿង​សំខាន់ មិន​ត្រឹមតែ​រយៈពេល​ជាង​ ៤០ ​ឆ្នាំកន្លងមក​នេះ​ទេ ថ្ងៃនេះ​សន្តិភាព​ក៏​នៅតែ​សំខាន់ ហើយ​រាប់រយ​ឆ្នាំទៅ​ថ្ងៃមុខ​ទៀត​ក៏​សន្តិភាព​នៅតែ​សំខាន់​ដែរ​។

​លោក​បញ្ជាក់ថា គោ​លន​យោ​បាយ​របស់​រាជរដ្ឋាភិបាល គឺមាន​ភាពច្បាស់លាស់​នឹង​នរ​មាន​ស្ថិរ​ភាព ប៉ុន្តែ​អ្វីដែល​ប្រែប្រួល​គឺ​ផ្តល់​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​កាន់តែ​កើន​ពី​ ១ ​អាណត្តិ​ទៅ​ ១ អាណត្តិ​។ គោលនយោបាយ​នេះ មិនមែន​ធ្វើឡើង​ដោយ​ឆក់កណ្ដៀត ដូច​គណបក្សនយោបាយ​មួយចំនួន​ដែលមាន​ភាពមិន​ច្បាស់​លាស់​ម្តង​យ៉ាងនេះ​ម្តង​យ៉ាងនោះ ធ្វើតាម​អារម្មណ៍​នោះទេ ប៉ុន្ដែ​ជា​គោលនយោបាយ​ច្បាស់លាស់ គ្រប់​ជ្រុងជ្រោយ មាន​និរន្តរភាព និង​មាន​រយៈពេល​យូរអង្វែង សម្រាប់​អភិវឌ្ឍ​ជាតិ មាតុភូមិ​។​


​លោក​ថ្លែងថា​៖ «​ដឹកនាំ​ប្រទេស​មិនអាច​ចេះតែ​ម្តង​ធ្វើ​អ៊ីចេះ ម្តង​ធ្វើ​អ៊ីចុះ​ទេ រលាយ ត្រូវការ​ពេល​វេលា​ដើម្បី​អនុវត្ត​ចេញ​ជា​ផល អ៊ីចឹង​វា​ត្រូវការ​ស្ថិរភាព និង​លំនឹង​នយោបាយ​។ គណបក្ស​ប្រជា​ជនកម្ពុជា​ដាក់ចេញ​នូវ​គោល​​នយោបាយ​គិត​គ្រប់​ជ្រុងជ្រោយ ច្បាស់លាស់​ហើយ​ចក្ខុវិស័យ​វែងឆ្ងាយ យើង​មាន​ផែនការ​សកម្ម​ភាព​វែងឆ្ងាយ ដើម្បី​ធានា​និរន្តរ​ភាព​បងប្អូន​»​។ មាន​អ្នកខ្លះ​ចាំតែ​វិភាគ​មើលងាយ​គេ ជាពិសេស​ពេលណា​រដ្ឋាភិបាល​ដាក់ចេញ​គោលនយោបាយ​ណាមួយ​ចាំតែ​ជេរ​និង​ប្រើ​ភាសា​វាយប្រហារ​ថា រាជរដ្ឋាភិបាល​មិនចេះ​ធ្វើការ​ប៉ុន្តែ​ខ្លួន​បែរជា​មិនបាន​យល់​អ្វី​ដែលជា​គោលនយោបាយ​ច្បាស់លាស់​របស់​រាជរដ្ឋាភិបាល​ក៏ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ​។

​លោក​ថ្លែង​ទៀតថា​៖ «​ខ្ញុំ​គិតថា បងប្អូន​មាន​សិទ្ធិ​ក្នុង​ការវិភាគ ប៉ុន្តែ​ពិបាក​ដែរ បើសិនជា​បងប្អូន​មិន​ធ្លាប់​ដឹកនាំ កសាង ផែនការ​គោលនយោបាយ និង​អនុវត្ត​គោលនយោបាយ បងប្អូន​ប្រហែល​គ្មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​វាយតម្លៃ​បន្តុះបង្អាប់​អ្នក​ដែល​ចេញ​គោលនយោបាយ អនុវត្ត​គោលនយោបាយ​រាប់សិប​ឆ្នាំ​ដោយ​ជោគជ័យ​នោះទេ​»​។​


​គោលនយោបាយ​ដែល​រាជរដ្ឋាភិបាល​ដាក់ចេញ មិនមែន​យក​គោលនយោបាយ​ដែលមាន​ពីមុន​ទាំងស្រុង​ទេ គឺ​ «​យក​គោល​​នយោបាយ​មុន​ជា​មូលដ្ឋាន ហើយ​កែសម្រួល​សម្រួច​មុំ​និង​ផ្តល់​អាទិ​ភាព​ទៅ​ចំណុច​ណាមួយ​»​ជាក់​ស្តែង​យុទ្ធសាស្ត្រ​ចតុកោណ មិនមាន​ដាក់បញ្ចូល​បច្ចេកវិទ្យា​ទេ ប៉ុន្តែ​ឥឡូវ​ចូលក្នុង​ដំណាក់កាល​បច្ចេក​វិទ្យា​ទំនើប រាជរដ្ឋាភិបាល​ត្រូវ​អភិវឌ្ឍ​បន្ថែម​នូវ​គោ​លន​យោ​បាយ​ទំនើប​គឺ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​។ លោក​ថ្លែងថា​៖ «​ពីមុន​យើង​មាន មនុស្ស ផ្លូវ ទឹក ភ្លើង ឥឡូវ​យើង​មាន​ ៤ ​ហ្នឹង​បូក​ជាមួយ​បច្ចេកវិទ្យា​ ១​ ទៀត​ ដើម្បីឱ្យ​ប្រជា​ពលរដ្ឋ​យើង​ទំនើបកម្ម​»​។

​គោលនយោបាយ​ដែល​កម្ពុជា​បាន​ដាក់ចេញ​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក​ជា​គោលនយោបាយ​ដើរ​ដែល​បាន​ផ្តល់ជូន​នូវ​កំណើន​សេដ្ឋកិច្ចជាតិ និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។ ជាក់​​ស្តែង​កំណើនសេដ្ឋកិច្ច​តាំងពី​ឆ្នាំ​ ១៩៩៨​ មកដល់​បច្ចុប្បន្ន គឺមាន​ការរីកលូតលាស់​លឿន​រហ័ស​។

ហាង Gogi ទទួល​បាន​ការ​ពេញនិយម​​ចំពោះសាច់អាំង​កូរ៉េ​ តម្រូវ​រសនិយម​ខ្មែរ។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

កម្ពុជា​បាន​កាត់បន្ថយ​អត្រា​នៃ​ភាពក្រីក្រ​របស់​ប្រជាជន​ពី​ឆ្នាំ ​២០០០ មកដល់​ឆ្នាំ​ ២០២០ ធ្លាក់ចុះ​ពី​៦០​ភាគរយ មកដល់ ​១៧,២០​ ភាគរយ​។ នៅ​ឆ្នាំ ១៩-៩៨ ពលរដ្ឋ​ធ្វើការ​បាន​ប្រាក់ខែ​តែ​ ៤០ ​ដុល្លារ តែ​ពេលនេះ ប្រាក់ខែ​ ២០០​ ដុល្លារ បូក​នឹង​អត្ថ​​ប្រយោជន៍​ផ្សេងទៀត​។ លោក​ថ្លែង​ទៀតថា​៖«​អ្វីដែល​សំខាន់​ខ្ញុំ​ថា បើ​គោលនយោបាយ​វា​ដើរ​ហើយ ធ្វើឱ្យ​សេដ្ឋកិច្ចជាតិ​រីកចម្រើន​ហើយ ធ្វើឱ្យ​ផល​លាភ​ចែក​ដល់ដៃ​ប្រជា​ពលរដ្ឋ​ហើយ យើង​មិនត្រូវ​ដូរ​វា​ទេ តែ​ត្រូវ​ពង្រឹងពង្រីក​សក្តានុពល ឱ្យ​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែច្រើន​»​។

​លោក​លើកឡើង​បន្ថែមថា ក្នុង​រយៈពេល ​២០​ ឆ្នាំ​ដែល​កម្ពុជា បានដាក់​ចេញ​គោលនយោបាយ​នេះ​ការពង្រីក​បន្ថែម​នូវ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​កាន់តែ​កើនឡើង​ដោយ​ក្នុង​ឆ្នាំ ​១៩៩៧ កម្ពុ​ជាមាន ៦៤​ រោងចក្រ សហគ្រាស ប៉ុន្តែ​នៅ​ឆ្នាំ​ ២០២៣ ​នេះ កម្ពុ​ជាមាន​ ១៧ ០០០ រោងចក្រ​សហគ្រាស​ទូទាំង​ប្រទេស ដែល​ក្នុង​វិស័យ​កាត់ដេរ​មាន ​១ ៣៣២​ រោងចក្រ​សហគ្រាស​។ នៅ​ឆ្នាំ ​១៩៩៧ កម្ពុជា​មានកម្ម​ករ​តែ ៨ ​ម៉ឺន​នាក់​ប៉ុណ្ណោះ​ដែលមាន​ការងារ​ធ្វើ​ប៉ុន្តែ​ឥឡូវ​មាន​រហូតដល់ ១ ​លាន ​៥​ សែន​នាក់ ដែល​នៅក្នុង​វិស័យ​កាត់ដេរ​មាន ៨៣ ​ម៉ឺន​នាក់​។

​ក្រៅពីនេះ លោក ​ហ៊ុន ម៉ា​ណែ​ត​ លើកឡើងថា មានមតិ​ខ្លះ​លើកឡើងថា​រដ្ឋាភិបាល​ថ្មី​ដែលមាន​រូបលោក​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី កើតឡើង​ដោយ​គ្មាន​ការគាំទ្រ​ពី​អន្តរជាតិ​ណាមួយ​គាំទ្រ​នោះទេ​មានតែ​ប្រទេសមួយ​ចំនួន​ដែល​ផ្តាច់​​ការ​ប៉ុណ្ណោះ​។ លោក​ថា ការមិនគាំទ្រ​លុះត្រាតែ​ប្រទេស​អន្តរជាតិ​គេ​ដក​ទូត​ចេញពី​ប្រទេស តែ​នេះ​មិនមែន​ទេ​។ មាន​ថ្នាក់ដឹកនាំ​អន្តរ​​ជាតិ​ជាច្រើន​បាន​ផ្ញើ​សារ​អបអរ​សាទរ ក្នុងនោះ​មាន​នាយករដ្ឋមន្ត្រី​ចិន ជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី ឥណ្ឌា អ៊ុយ​ក្រែ​ន កូរ៉េខាងជើង ឡាវ តួ​ក​គី សិង្ហ​បុរី ថៃ ជាដើម​។

​ឆ្លើយតប​បន្ថែម​ចំពោះ​មតិ​មួយ​​ចំនួន​ដែលថា រាជរដ្ឋាភិបាល​មិនមាន​ការគាំទ្រ​ពី​អន្តរជាតិ លោក ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា ប្រធាន​គណៈកម្មការ​អឺរ៉ុប លោកស្រី Ursula von der Leyen បាន​ផ្ញើ​សារ​អបអរសាទរ​ដល់​រូបលោក​ក្នុងឱកាស​ចូលកាន់​តំណែង​ជា នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា ក្រៅពីនេះ​ក៏មាន​ទាំង​ធនាគារអភិវឌ្ឍន៍អាស៊ី និង​អាមេរិក​ផង​​ដែរ​។

​លោក​បញ្ជាក់ថា យ៉ាងណា​ក៏​នៅមាន​អ្នក​កើត​ទុក​មិន​សុខ​ចិត្ត និង​នាំគ្នា​ធ្វើបាតុកម្ម​ប្រឆាំង​នៅក្រៅ​ប្រទេស កុំឱ្យ​អង្គការសហប្រជាជាតិ​ទទួលស្គាល់​រដ្ឋា​​ភិ​បាល​ថ្មី​។ លោកនាយក​រដ្ឋមន្ត្រី​ថា លោក​គ្មាន​ពេល​ឈ្លោះ​ជា​មួយ​អ្នក​ទាំង​នោះទេ ពេលវេលា​មានតែ​ ២៤ ​ម៉ោង លោក​ទុក​សម្រាប់​ប្រជុំ​ដឹកនាំ​រាជរដ្ឋាភិបាល និង​គិតគូរ​ដោះស្រាយ​បញ្ហា​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​។ លោក​ថា រាជរដ្ឋាភិបាល​ក្រោម​ការ​គ្រប់​គ្រង​របស់លោក បាន​បង្កើត​ក្រុម​អ្នកនាំពាក្យ​នាយករដ្ឋមន្ត្រី​គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការវាយប្រហារ​មកលើ​នាយករដ្ឋមន្ត្រី​។ ដូច្នេះ លោក​សូម​ផ្តាំ​ទៅ​ក្រុមប្រឆាំង​ ១​ ក្រុម​តូច ដែល​ចង់​ឈ្លោះ​ឬ​ចង់​វាយប្រហារ​មកលើ​នាយករដ្ឋមន្ត្រី សូម​ទាក់ទង​ទៅ​អ្នកនាំពាក្យ​។

​លោក ហ៊ុន ម៉ា​ណែ​ត ថ្លែងថា​៖«​ឥឡូវនេះ ខ្ញុំ​បង្កើត​អ្នកនាំពាក្យ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី អ្នក​​ណា​ចង់​ឈ្លោះ​ជាមួយ​ខ្ញុំ ចាំ​ឈ្លោះ​ជាមួយ​អ្នកនាំពាក្យ​ខ្ញុំ​ទៅ​»​។

​លោកនាយក​រដ្ឋមន្ត្រី ក៏បាន​ប្រ​កាស​ទទួលយក​រាល់​ម​តិ​រិះគន់​ដើម្បី​ស្ថាបនា​បម្រើ​ផលប្រយោជន៍​ជាតិ ប៉ុន្តែ​នឹងមិន​គាំទ្រ​ការ​វាយ​​ប្រហារ​ណាមួយ​ដើម្បី​ជាន់ពន្លិច​នោះទេ​។ «​ខ្ញុំ​ធ្វើ ខ្ញុំ​ទទួលខុសត្រូវ ការរិះគន់​ដើម្បី​ស្ថាបនា​គ្រប់​ទាំង​​អស់​ខ្ញុំ​ទទួល តែ​ការវាយប្រហារ​បង្កើត​រឿង ប្រឌិត​រឿង​អត់​ប្រ​យោ​​ជន៍ ខ្ញុំ​នឹងមិន​ឆ្លើយតប​នាំ​ខាត​ពេល​ខ្ញុំ​»​។

​លោក រ៉ុង ឈុន អនុប្រធាន​គណបក្ស​ភ្លើងទៀន បាន​ថ្លែង​នៅ​ថ្ងៃទី​ ២៩ ខែសីហា​ថា ជាធម្មតា ក្រុមប្រឆាំង មិនមាន​បំណង​ណា​​មួយ​ធ្វើឱ្យប៉ះពាល់​ទៅដល់​រាជ​​រដ្ឋាភិបាល​ឬក៏​នាយករដ្ឋមន្ត្រី​នោះទេ ប៉ុន្តែ​ត្រូវតែមាន​ការជជែក​គ្នា និង​បើកចំហ​ចំពោះ​សេរីភាព​ដល់​គណបក្ស​ក្រៅ​រដ្ឋាភិបាល ដូចជា​គណបក្ស​ភ្លើងទៀន​ជាដើម​។​

​លោក​ យង់ ពៅ អគ្គលេខា​ធិ​ការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា លោក​គាំទ្រ​ចំពោះ​ការ​លើកឡើង​របស់លោក​ ហ៊ុន ម៉ា​ណែ​ត ព្រោះ​លោកនាយក​រដ្ឋមន្ត្រី​នៅក្នុង​អាណត្តិ​ទី​ ៧ ត្រូវតែ​មានការ​ផ្លាស់ប្តូរ​និង​មិនគួរ​មាន​ពេលវេលា​ឆ្លើយតប​ទៅនឹង​ក្រុម​អ្នក​រិះគន់​ប្រឆាំង​ផ្កាប់មុខ​ច្រើន​នោះទេ​ដែល​បញ្ហា​នេះ​គួរតែ​ឱ្យ​អ្នកបច្ចេកទេស ឆ្លើយតប​ទៅតាម​ជំនាញ​នីមួយៗ​វិញ​។ លោក​ថ្លែងថា បើសិនជា​នាយករដ្ឋមន្ត្រី​ចេះតែ​ឆ្លើយ​គ្រប់​រឿង នោះ​ហាក់ដូចជា​មិនបាន​យក​ពេលវេលា​ទៅ​បំពេញការងារ​បាន​ច្រើន​នោះទេ​៕