ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​សុខា​ភិ​បាល​ដែល​ទើប​ចូលកាន់​តំណែង​លោក​ ឈាង រ៉ា បាន​ប្តេជ្ញាចិត្ត​ថា នឹង​ខិតខំ​ពង្រឹង​សេវា​សុខភាព​សាធារណៈ​របស់​រដ្ឋ និង​ឯកជន​បន្ថែមទៀត​ដើម្បី​លើកកម្ពស់​សុខភាព​ប្រជាជន ពិសេស​អភិ​​វ​ឌ្ឍ​វិស័យ​សុខាភិបាល​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង ។


​ការលើកឡើង​ដូច្នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងឱកាស​ដែល​លោក​ដឹកនាំ​គណៈប្រតិភូ​សុខាភិបាល​ចុះ​ពិនិត្យ​ស្ថានភាព​មូលដ្ឋាន​សុខា​ភិ​បាល​នៅតាម​បណ្ដា​ខេត្ដ​ជុំវិញ​បឹង​ទន្លេសាប​ពីថ្ងៃ​ទី ​២៥​ ដល់​ថ្ងៃទី​ ២៨ ខែសីហា ឆ្នាំ​ ២០២៣​។​

​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នាឱកាស​នោះ លោក ឈាង រ៉ា បាន​លើកឡើងថា បើទោះជា​វិស័យ​សុខាភិបាល​កម្ពុ​ជានា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់ ប៉ុន្តែ​សម្រាប់​ជា​យុទ្ធសាស្ត្រ​ថ្មី លោក​នឹង​ខិត​ខំ​កែលម្អ ផ្តល់​សេវា​មូលដ្ឋាន​សាធារណៈ​ដល់​ពលរដ្ឋ​ឱ្យ​ស្របតាម​គោលនយោបាយ​រាជ​រដ្ឋា​ភិ​បាល​ដែល​ផ្តោតលើ​សុខុមាល​ភាព​ប្រជាជន ទាំង​ការផ្តល់សេវា និង​គាំពារ​សង្គម តាមរយៈ​ការ​ពង្រឹង​សេវា​សុខភាព​សាធារណៈ​របស់​រដ្ឋ និង​ឯកជន​ជាដើម​។​


​លោក​បាន​បន្តថា​៖ «​ដើម្បី​អភិវឌ្ឍ​វិស័យ​សុខាភិបាល​កម្ពុជា​ក្រសួង​នឹង​ខំ​កែលម្អ​បន្ថែម​លើ​សេវាសាធារណៈ​ឱ្យបាន​ប្រសើរ ទន្ទឹមគ្នា​នោះ​យើង​ក៏​ខិតខំ​កែលម្អ​ធ្វើ​និយតកម្ម​សេវា​ឯកជន ធ្វើ​ម៉េច​ឱ្យ​ក្លាយជា​ដៃគូ​សេវាសាធារណៈ​របស់​រដ្ឋ​ក្នុង​ដំណើរ​ការអភិវឌ្ឍន៍ ហើយ​វិស័យ​សុខា​ភិ​បាល​យើង​នេះ យើង​ក៏​នឹងធ្វើ​និយតកម្ម​សេវា​ទៅលើ​បងប្អូន​ដែល​បំពេញ​សេវាសាធារណៈ​ទាំង​រដ្ឋ និង​ឯកជន​ឱ្យបាន​ប្រសើរ​ក្នុង​ភាពត្រឹមត្រូវ​ផងដែរ​»​។​

​បន្ថែម​ពីនេះ លោក​រដ្ឋមន្ត្រីក៏បាន​អះអាងថា ក្រសួង​នឹង​ខិតខំ​លើកកម្ពស់​សេវា​សុខភាព​សា​ធា​រណៈ​របស់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ឱ្យ​កាន់តែ​ទូលាយ លើកកម្ពស់​សេវា​សុខភាព​ពលរដ្ឋ​ឱ្យ​កាន់តែ​កៀក ខណៈ​ក្រសួង​ក៏​ខំ​លើកកម្ពស់​ក្រមសីលធម៌​វិជ្ជាជីវៈ សម្ដីសំដៅ​របស់​គ្រូ​ពេទ្យ​កម្ពុជា​ឱ្យ​កាន់តែ​ល្អ​។​


​នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ លោក អំ សំអាត បាន​ថ្លែង​នៅ​ថ្ងៃទី​ ២៩ ខែសីហាថា ក្នុងនាម​ជា​អង្គ​ការដែល​ធ្វើការ​ផ្នែក​សិទ្ធិ​មនុស្ស លោក​គាំទ្រ​ចំពោះ​ការ​ជំ​រុញឱ្យ​គ្រូពេទ្យ​ទាំងអស់ ទាំង​នៅ​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​ជា​គ្រូពេទ្យ​ល្អ ពិសេស​កែលម្អ​បន្ថែម​លើ​សេវាសាធារណៈ​ទាំង​រដ្ឋ និង​ឯកជន​បន្ថែមទៀត​។​

​លោក​បាន​បញ្ជាក់ថា​៖ «​បើ​យើង​ពិនិត្យ​លើ​វិស័យ​សុខា​ភិ​បាល ឃើញថា ជំនាញ​សមត្ថភាព​របស់​គ្រូពេទ្យ​យើង​គឺ​មិន​អន់​ជាងគេ​ប៉ុន្មាន​ទេ តែបើ​យើង​ពិនិត្យមើល​ទៅលើ​ក្រម​សីល​ធម៌​វិជ្ជាជីវៈ តាមរយៈ​ពាក្យសម្តី​លើកទឹកចិត្ត​ដល់​អ្នកជំងឺ គឺ​នៅមានកម្រិត និង​នៅមាន​ចំណុច​ខ្វះខាត​ច្រើន​នៅឡើយ​»​។​

​លោក​បាន​បន្តថា​៖ «​អ៊ីចឹង​ខ្ញុំ​ក៏​សូមឱ្យ​ខំ​ពង្រឹង និង​ពង្រីក​គុណភាព​ព្យាបាល​ឱ្យ​កាន់តែ​ល្អ ពង្រឹង​ឧបករណ៍​ពិនិត្យ​ឱ្យមាន​ស្តង់ដា និង​ពង្រឹង​ក្រម​សីលធម៌​វិជ្ជាជីវៈ​ទាំង​ពាក្យសម្ដី ការថែទាំ និង​ការពិនិត្យ​ព្យាបាល​ឱ្យបាន​ល្អ​បន្ថែមទៀត​»​។

​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ស្ថាន​ភាព​មូលដ្ឋាន​សុខាភិបាល​នៅតាម​បណ្ដា​ខេត្ដ​នៅ​ជុំវិញ​បឹង​ទន្លេសាប​នោះ ក្រៅពី​ការប្តេជ្ញា​ចិ​ត្ដ​អភិវឌ្ឍ​វិស័យ​សុខាភិបាល​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង​ហើយ​នោះ លោក​ ឈាង រ៉ា ក៏បាន​ណែនាំ​ឱ្យ​មន្ត្រី និង​បុគ្គលិក​សុខាភិបាល​ទាំងអស់ ត្រូវ​ចេះ​ស្រឡាញ់គ្នា សាមគ្គី​គ្នា ធ្វើ​​ការ​ដោយ​យកចិត្តទុកដាក់​ខ្ពស់ គោរព​វិន័យ​ការងារ មាន​ក្រម​សីលធម៌​វិជ្ជាជីវៈ និង​ត្រូវ​គិតពី​ផលប្រយោជន៍​ជាតិ​ជាធំ ព្រម​ទាំង​ត្រូវគោរព​ឋានានុក្រម​ការងារ​ហើយ​ត្រូវ​ពួតដៃគ្នា​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​៕