ភ្នំពេញៈ បេឡា​ជាតិ​របប​សន្តិ​សុខ​សង្គម ​(​ប​.​ស​.​ស​.) ត្រៀម​ដាក់ឱ្យអនុវត្ត​ផែនការ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ របប​សន្តិសុខ​សង្គម និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​រយៈពេល​ ៥ ​ឆ្នាំ ដែលជា​ផ្នែក​មួយ​សំខាន់​សម្រាប់​ពង្រីក​វិសាលភាព​បន្ថែម​ដល់​សមាជិកគ្រួសារ និង​អ្នក​នៅក្នុង​បន្ទុក​របស់​សមាជិក ប​.​ស​.​ស​.​ ឱ្យមាន​លទ្ធភាព​ទទួល​បាន​របប​សន្ដិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​។​


​យោងតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ ប​.​ស​.​ស​.​ បានឱ្យដឹង​ពីថ្ងៃ​ទី​ ២៨ ខែសីហា​ថា ប​.​ស​.​ស​. បាន​បើក​កិច្ចប្រជុំ​ស្តីពី​ការត្រៀមខ្លួន​អនុវត្ត​ផែនការ​យុទ្ធសាស្ដ្រ​របស់ខ្លួន​ដែល​ស្ថិតនៅ​ផែនការ​​យុទ្ធសាស្ដ្រ​ទី៥ នៃ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការ​ងារ​របប​សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រយៈពេល​ ៥​ ឆ្នាំ ​(២០២៣-២០២៨) ស្តីពី​ការពង្រឹង​របប​សន្ដិសុខ​​សង្គម​។​

​កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ​លោក ​ម៉េង ហុង អគ្គនាយក​ស្តីទី​នៃ​ ប​.​ស​.​ស​.​ និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពាក់ព័ន្ធ​ប្រមាណ​ ១០០ ​នាក់​ផងដែរ​។​ លោក​ ម៉េង ហុង បាន​ថ្លែងថា ការចូលរួម​អនុវត្តតាម​ផែន​ការ​យុទ្ធសាស្ត្រ​រយៈពេល ​៥​ ឆ្នាំនេះ​គឺជា​ផ្លូវ​ដើរ​មួយ​ដ៏​មាន​សារៈ​សំខាន់​សម្រាប់​ប្រតិបត្តិ​ការពង្រឹង និង​អភិវឌ្ឍន៍​របប​សន្ដិសុខ​សង្គម​ឆ្ពោះទៅរក​ការ​គ្រប​ដណ្ដប់​ជាស​កល​ពិសេស​ការ​​ពង្រីក​វិសាលភាព​បន្ថែម​ទៅដល់​សមាជិកគ្រួសារ និង​អ្នក​នៅក្នុង​បន្ទុក​មានលទ្ធភាព​ទទួលបាន​របប​សន្ដិ​សុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​។​


​លោក​បាន​បន្តថា ដើម្បី​សម្រេចបាន​ជោគជ័យ​ក្នុង​ផែនការ​យុទ្ធ​សាស្ដ្រ​នេះ អង្គភាព​ពាក់ព័ន្ធ​ក្នុង ​ប​.​ស​.​ស​.​ត្រូវខិតខំ​ប្រឹងប្រែង​អនុវត្ត​ការងារ និង​ពង្រីក​ការ​​គ្របដណ្ដប់​ឱ្យមាន​ប្រសិទ្ធភាព​ស្របតាម​សូចនាករ​ដែល​បានដាក់​ចេញ ។​

​លោក​ ម៉េង ហុង បាន​បញ្ជាក់ថា​៖ «​យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ប្រធាន​អង្គភាព​គ្រប់​សាខា ប​.​ស​.​ស​. ខេត្ត​ខណ្ឌ​ទាំងអស់​នឹង​បន្ដ​កិច្ចសហការ​សាមគ្គី​ផ្ទៃ​​ក្នុង​អង្គភាព​ឱ្យ​ល្អប្រសើរ​បន្ថែមទៀត ពិសេស​បំពេញការងារ​របស់ខ្លួន​ប្រកបដោយ​ការទទួល​ខុសត្រូវ ទន់ភ្លន់ និង​ម៉ឺងម៉ាត់​ក្នុង​ការផ្ដល់សេវា និង​អត្ថ​ប្រ​យោជន៍​ជូន​ដល់​សមាជិក​ខ្លួន​»​។​


​ដោយឡែក​លោក គង់ អាទិត្យ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ​(CCAWDU)​ បាន​ថ្លែងថា ប្រសិនបើ ប​.​ស​.​ស​. មាន​ផែនការ​ពង្រីក​វិសាលភាព​បន្ថែម​ដល់​សមាជិកគ្រួសារ និង​អ្នក​នៅក្នុង​បន្ទុក​របស់​សមាជិក ប​.​ស​.​ស​.​ឱ្យទទួល​បាន​របប​ថែទាំ​សុខភាព​គឺ​វា​ជា​រឿង​ល្អ និង​គួរតែ​ស្វាគមន៍​។​

​លោក​បាន​បន្តថា ប៉ុន្តែ​ស្របពេល​ដែល​ប​.​ស​.​ស​.​ត្រៀម​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​បែបនេះ លោក​ចង់ឱ្យ​ប​.​ស​.​ស​.​ក៏ត្រូវ​ពង្រឹង​សេវា​ថែទាំ​សុខភាព​របស់​សមា​ជិ​ក​ខ្លួន​ផងដែរ ពីព្រោះ​កន្លងមក​មាន​មន្ទីរពេទ្យ​ដៃគូ និង​មន្ទីរ​ពេទ្យ​របស់​រដ្ឋ​ខ្លះ​បាន​បម្រើសេវា​មាន​ភាពយឺតយ៉ាវ ពិសេស​មិនបាន​ឆ្លើយតប​ទាន់ពេលវេលា​ជូន​ដល់​សមាជិក​ដែល​កាន់​បណ្ណ ប​.​ស​.​ស​.​ដែរ​។​

​លោក​ គង់ អាទិត្យ បាន​បញ្ជាក់ថា​៖ «​ដូច្នេះ​ខ្ញុំ​គិតថា បើ​យើង​បង្កើន​បរិមាណ​យើង​ត្រូវ​បង្កើន​គុណ​​ភាព​ពីព្រោះ​បរិមាណ​ត្រូវ​ដើរ​ជាមួយ​គុណភាព​ដែល​មានន័យថា សេវា​ថែទាំ​សុខភាព​ដែល​ផ្ដល់ជូន​សមាជិក​ខ្លួន​ត្រូវ​ឆ្លើយតប​ទាន់​តម្រូវការ ពីព្រោះ​យើង​ដឹង​ហើយ​ថា ពេទ្យ​នៅតាម​ឃុំ តាម​ស្រុក តាម​ខេត្ត​អី គឺ​វា​នៅ​មិនទាន់​មានគុណ​ភាពល្អ​នោះទេ​»​។​

​លោក​បន្ថែមថា បើ​ប្រៀប​ធៀប​សេវា​ថែទាំ​សុខភាព​ជាមួយ​ប្រទេស​ថៃ គឺ​វិស័យ​សុខាភិបាល​របស់គេ​ដើរ​នៅក្នុង​កម្រិតស្ដង់ដា​មួយ​ល្អ​។​លោក ​គង់ អាទិត្យ បាន​បន្ថែមថា​៖ «​ដូច្នេះ​នៅ​កម្ពុជា ទាំង​ក្រ​សួង​សុខាភិបាល និង​ក្រសួង​ការ​​ងារ​គឺត្រូវធ្វើ​ការ​យ៉ាងសកម្ម និង​ត្រូវមាន​កញ្ចប់​ថវិកា​មួយ ដើម្បី​ពង្រឹង​វិស័យ​សុខាភិបាល ទោះបី​ជាមាន​ស្រុក ក្រុង ខេត្ត​ខ្លះ បាន​បម្រើសេវា​ល្អ​ហើយ ប៉ុន្តែ​នៅមាន​ស្រុក ក្រុង ខេត្ត​មួយចំនួនទៀត​ការបម្រើ​សេវា​ជូន​សមា​ជិ​ក ប​.​ស​.​ស​.​នៅ​មិនទាន់មាន​ភាពល្អប្រសើរ​នៅឡើយ​ទេ​»៕