ភ្នំពេញៈការ​រៀបចំ​ឱ្យមាន​ការ​ប្រកួត​ដាក់​ខ្សែ​ក្រវាត់​គ្រុឌ​រវាង​ជើង​ខ្លាំង​ចាស់​វស្សា​ ឃីម បូរ៉ា និង​អ្នក​ប្រដាល់​កំពុង​ល្បី​ឈ្មោះ​ មាន​រហស្ស​នាម «​ក្របី​ព្រៃ​» ពេជ្រ ​សម្បត្តិ បាន​និង​កំពុង​ក្លាយ​ជា​ប្រធាន​បទ​ក្តៅ និង​ទាក់​ទាញ​ខ្លាំង​ចំពោះ​អ្នក​គាំទ្រ ​ព្រោះ​ម្នាក់ៗ​ពិតជា​ចង់​ដឹងនិង​ចង់​ឃើញ​ច្បាស់​ថាតើ​រវាង​កីឡាករ​វាយ​ប្រើ​ក្បាច់​ល្អ​ដូច ​ឃីម​ បូរ៉ា អាច​យក​ឈ្នះ​អ្នក​ប្រយុទ្ធ​មាន​កម្លាំង​ស៊ុហ្វ​ខ្លាំង​ដូច ពេជ្រ ​សម្បត្តិ បាន​ទេ​?​​

​សម្រាប់​ការ​ជួប​គ្នា​ជា​លើក​ដំបូង​រវាង​ម្ចាស់​មេដាយ​មាស​ស៊ី​ហ្គេម ឃីម បូរ៉ា និង​ជើង​ខ្លាំង​ជំនាន់​ក្រោយ​ ពេជ្រ សម្បត្តិ​នឹង​ត្រូវ​ធ្វើ​ឡើងនៅ​លើ​សង្វៀន​ប្រដាល់​ទ​ទក ​ក្នុង​កម្ម​វិធីគ្រុឌ​គុន​ខ្មែរ ​ស្ថិត​ក្នុង​ទីតាំង​ផ្សារ​រុង​រឿង​ 6A ខណ្ឌ​ជ្រោយ​ចង្វារ​នៅ​ថ្ងៃ​អាទិត្យទី​៣ ខែកញ្ញា​ខាង​មុខ​។​ ដោយ​សារ ​បូរ៉ា និងសម្បត្តិ​សុទ្ធ​តែមា​ន​ខ្សែក្រ​វាត់​គ្រុឌ​ដូច​គ្នា​នោះ ​អ៊ីចឹង​អ្នក​ឈ្នះ​ក្នុង​ការ​ប្រកួត​នេះ​នឹង​ទទួល​បាន​ខ្សែក្រ​វាត់​២​តែ​ម្នាក់​ឯង​អម​ដោយ​ប្រាក់​រង្វាន់​ជា​ច្រើន​ទៀត​។​

​​ចំពោះ​ការ​ប្រកួត​ដាក់​ខ្សែ​ក្រវាត់​របស់​អ្នក​ទាំង​២​នាក់​នេះធ្វើ​ឱ្យមាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មហា​ជន​និង​អ្នក​គាំទ្រ ហើយ​ពួក​គេ​បាន​ព្យា​ករ និង​វាយ​តម្លៃ​ខុសៗ​គ្នាទៅ​លើ​បច្ចេក​ទេស​ប្រកួត​របស់​ពេជ្រ សម្បត្តិ និងឃីម ​បូរ៉ា​។ អ្នក​គាំទ្រ​ភាគ​ច្រើនបាន​មើល​ឃើញ​ថា ​បូរ៉ា អាច​ឈ្នះ​ទៅលើ​បច្ចេក​ទេស​វាយ​ក្បាច់​ជាមួយ​ការ​វាយ​ចេញ​ចូល​បាន​លឿន​សម្រាប់​ការ​ប្រកួត​៣​ទឹក​ដំបូង ​ប៉ុន្តែ​ប្រសិន​បើ បូរ៉ា ធ្លាក់​កម្លាំង គឺ​ឱកាស​ឈ្នះ ត្រូវ​ធ្លាក់​ទៅ​លើ ​សម្បត្តិ វិញ ​ដោយ​សារ​គេ​មាន​កម្លាំង​ស៊ុហ្វ​ធន់​ល្អ​ជាង​។​


​ចំណែក​លោក​គ្រូ ​អេ ភូ​ថង បាន​ព្យា​ករ​បែប​នេះ​ថា​៖ «​ឃីម ​បូរ៉ា លើស​តែ​បន្តិច​ទេ អាច​ឈ្នះ​ដោយ​វ៉ៃ​បែក​ តែបើ​និយាយ​ពី​ភាព​ស៊ូ អត់​ធ្មត់ គឺពេជ្រ ​សម្បត្តិ ហើយ​បើ​ចូល​វាយ​ពីមុខ​ងាប់​របស់សម្បត្តិ ហើយ ​ប៉ុន្តែ​ក្បាច់​របស់ ឃីម​ បូរ៉ា ​ដឹង​តែ​វាយ​ឆាក​ចេញ​ឆ្វេង​-​ស្តាំ​ហើយ ​អ៊ីចឹង​គូ​នេះ​ឈ្នះ​ចាញ់​គ្នា​តែ​បន្តិច​ទេ គឺ​ខ្ញុំ​ឱ្យ​៦០-៥០ ​ដោយ​ខ្ញុំ​ឱ្យ ឃីម បូរ៉ា​លើស​១០​ភាគ​រយ​ចុះ​ព្រោះ​គេ​ជា​រៀម​ច្បង​»​។​

​ដោយ​ឡែក​លោក ​ពេជ្រ សុផាន់ គ្រូ​បង្វឹក​របស់ ពេជ្រ សម្បត្តិ បាន​មើល​ឃើញថា​ ឱកាស​ឈ្នះ​របស់សម្បត្តិ ​និង ឃីម​ បូរ៉ា គឺ​មាន​៥០-​៥០ ដូចគ្នា ដោយ​លោក​បង្ហើប​ថា ការ​ប្រកួត​៣​ទឹក​ដំបូង បូរ៉ា​ អាច​ល្អ​ជាង​ តែបើ​ចូល​ទឹក​ទី​៤និង​ទឹក​ទី​៥ សម្បត្តិ ​អាច​មាន​ឱកាស​ច្រើន​ជាង​វិញ​។ ទោះ​បីជា​យ៉ាង​ណា លោ​ក សុ​ផាន់ ចង់​ឃើញ​គូ​ដណ្តើម​ខ្សែ​ក្រវាត់​នេះបញ្ចប់​ដោយ​មាន​អ្នក​សន្លប់ ​ហើយ​នេះ​ជា​អ្វីដែល​លោក​ផ្តោត​ខ្លាំង​ទៅ​លើ​ការ​ពង្រឹង​អាវុធ ​ពេជ្រ សម្បត្តិ ​ឱ្យ​បាន​ធ្ងន់​។​


គ្រូ​បង្វឹក​រូ​បនេះបា​ន​ថ្លែងថា​៖«​គូ​នេះ ​បើ​ចិត្តជា​កូនប្រុស​ដូចគ្នានឹង​អាច​មាន​ម្នាក់​សន្លប់ ​ហើយ​នៅ​ពេល​កីឡា​ករ​ដ៏​ល្អ​ប៉ះ​គ្នាដែល​មាន​អ្នក​ទស្សនា​នៅ​ទូទាំង​ប្រទេស​កំពុង​ទន្ទឹង​រង់ចាំ​មើល​បែប​នេះគឺ​ក្នុងនាម​ខ្ញុំ​ជា​គ្រូប​ង្វឹកខ្ញុំ​នឹង​មិន​ធ្វើឱ្យ​ពួក​គាត់​ខក​ចិត្ត​នោះ​ទេ​តែ​ខ្ញុំ​ចង់ឱ្យ​គូ​នេះ​អត់​ចប់​ទឹក​វិញដើម្បី​មាន​ភាព​ងាយ​ស្រួល​ក្នុងការ​កាត់​សេច​ក្តីព្រោះ​បើ​កាត់​សេចក្តី​ពេល​ប្រកួត​ចប់​៥​ទឹ​ក គឺ​ឱ្យ​ខាង​ណា​ឈ្នះ ក៏​នៅតែ​មាន​ការ​អន់​ចិត្ត​ពី​អ្នក​គាំទ្រ​ដែរ​»​។​

​ដោយ​ឡែកងាក​មក​ចាប់​អារម្ម​ណ៍​បេក្ខ​ភាព ពេជ្រ ​សម្បត្តិ ​និង ឃីម បូរ៉ា ផ្ទាល់​វិញ គឺ​អ្នក​ទាំង​២​នេះសុទ្ធ​តែ​បានប​ង្ហាញ​ឆន្ទៈ​ខ្ពស់ក្នុង​ការ​ស្វែង​រក​ជ័យ​ជម្នះដើម្បី​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​២​ខ្សែ​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូ​ក្រាម​ជា​ពិសេស ​ពេជ្រ ​សម្បត្តិ ដែល​បាន​បង្ហាញ​មហិច្ឆ​តា​ខ្ពស់ក្នុ​ងការ​យ​កឈ្នះ បូរ៉ា ទោះបី​ជា​ដឹង​ថារៀម​ច្បង​ម្នាក់​នេះមាន​បច្ចេក​ទេស​វាយ​ចេញ ដោយ​ប្រើ​ក្បាច់​បាន​ល្អ​ក៏​ដោយ​។​

​ពេជ្រ ​សម្បត្តិ​ បាន​និយាយ​ថា​៖«​ខ្ញុំ​សប្បាយ​ចិត្តដែល​បាន​ជួប​រៀម​ច្បង ឃីម បូ​រ៉ា ដើម្បី​បាន​ដក​ស្រង់​បច្ចេក​ទេស និង​បទ​ពិសោ​ធន៍​ថ្មីៗ​បន្ថែម ​ព្រោះ​គាត់​ជា​កីឡា​ករ​វ៉ៃ​ក្បាច់ ហើ​យ​លឿន ជា​ពិសេស​អាវុធ​របស់​គាត់​ធ្ងន់ ​ហេតុ​នេះ​ខ្ញុំ​បាន​បុក​ហាត់​ខ្លាំង​ត្រៀម​ការ​ប្រកួត​មួយ​នេះ​។ខ្ញុំ​ប្តេជ្ញា​ចិត្ត​ថានឹង​យក​ឈ្នះ ឃី​ម បូរ៉ា ឱ្យបា​នដើម្បី​ស្ពា​យ​ខ្សែ​ក្រវាត់​២​ខ្សែ ពី ​Krud Kun Khmer»​។​

​ចំណែក​ ឃីម ​បូរ៉ា បាន​និយាយ​ថា​៖ «​ពេជ្រ ស​ម្បត្តិ ជា​កីឡា​ករ​ល្អ​ស៊ុ​ហ្វ អ៊ីចឹង​អ្វី​ដែល​សំខាន់ ​ខ្ញុំ​ត្រូវ​ពង្រឹង​គុណ​ភាព​កម្លាំង​ខ្លួន​ឯង​ឱ្យ​បាន​ល្អ ​ព្រោះ​ជា​ធម្មតា ​មិនមែន​តែ​ខ្ញុំ​ទេ គឺ​កីឡាករ​គ្រ​ប់រូប​ បើ​អស់​កម្លាំង​ហើយ ​ទោះ​ក្បាច់​ល្អ​ប៉ុនណា ក៏​​មិន​អាច​វាយ​ចេញ​រួច​ដែរ ​ហេតុ​នេះ​បើ​ស៊ុហ្វ​របស់​ខ្ញុំ​មិន​អស់​ទេ ខ្ញុំ​គិតថា​ ការ​ប្រកួត​នេះវា​មិន​មែន​ជា​បញ្ហា​អ្វី​ឡើយ​ចំពោះ​ខ្ញុំ​»​។

​យ៉ា​ងណា​មិញ ចំពោះ​ការ​ប្រកាស​​ក្តែ​ងៗ​របស់​ពេជ្រ សម្បត្តិ ដែល​មាន​រំពឹង​ខ្ពស់​ថា នឹង​ទទួល​បាន​ជ័យ​ជម្នះដើម្បី​បាន​ខ្សែ​ក្រវាត់​ទាំង​២​ខ្សែក្នុង​ការ​ប្រកួត​ដណ្តើម​ខ្សែក្រ​វាត់​នេះ​គឺឃីម ​បូរ៉ា បាន​ឆ្លើយ​តប​ទៅ​វិញក្នុង​នាម​ជា​រៀម​ច្បង​ថា​៖ «​ពេជ្រ​សម្បត្តិ​បើ​ចង់​បាន​ខ្សែ​ក្រវាត់ ​ត្រូវ​ឆ្លង​កាត់ ឃីម ​បូរ៉ា ​ឱ្យ​បាន​សិន​»៕