ភ្នំពេញៈ ​ប្រធាន​កម្មវិធី​អង្គការ ហេ​ទ្បែ​ន ខេ​ល​ល័​រ ប្រចាំ​កម្ពុជា លោក ជុំ សែន​វាសនា បានឱ្យដឹងថា ការបង្កើត​ទារកដ្ឋាន​នៅតាម​តំបន់​រោងចក្រ ជាការ​ល្អ​ដែល​នឹង​ជួយ​ដល់​ស្ដ្រី​ជា​កម្ម​ការិ​នី​រោងចក្រ ដោយ​ពួកគាត់​អាច​ផ្ដល់​ការ​បំបៅកូនៗ​ដោយ​ទឹកដោះ​បាន​គ្រប់គ្រាន់​។​


​លោក​បាន​បន្តថា នៅពេល​ទារក និង​កុមារ​ទាំងអស់នោះ​ទទួលបាន​ទឹកដោះ​ពី​ម្ដាយ​បាន​គ្រប់គ្រាន់ នោះ​នឹង​ធ្វើឱ្យ​សុខភាព​របស់​ទារក​មាន​ភាពរឹងមាំ និង​មិន​ងាយ​ប្រឈម​នឹង​ជំងឺ​ឡើយ​។​

​លោក ជុំ សែន​វាសនា បានលើកឡើង​ដូចនេះ បន្ទាប់ពីលោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ស្នើ​ដល់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ​ក្រសួង​កិច្ចការនារី​, ក្រសួង​អប់រំ តំណាង​និយោជក និង​ភាគី​កម្មករនិយោជិត សិក្សា​ពី​លទ្ធភាព​បង្កើត​ទារកដ្ឋាន និង​ម​ត្តេ​យ្យ​សហគមន៍​តាម​តំបន់​ដែលមាន​រោងចក្រ សហគ្រាស​។​


​លោក ហ៊ុន ម៉ា​ណែ​ត លើកឡើង​ដូចនេះ នាឱកាស​លោក​បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយនឹង​កម្មករ កម្មការិនី ប្រមាណ​ជិត​២​ម៉ឺន​នាក់ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២៣​។​

​លោក​ថ្លែងថា​៖ «​រាជរដ្ឋាភិបាល​បានគិត​គូរ​ជា​ជំហានៗ ដើម្បី​ជួយ​សម្រួល​ដល់ក​ម្មករ​កម្មការិនី​ដែល​មក​ធ្វើ​ការជួប​ការលំបាក​មិនមាន​អ្នក​ថែទាំ​កូន ដោយ​ខ្លះ​អាចយ​កកូន​ទៅ​ផ្ញើ​អ្នកជិតខាង ឬ​ជួល​អ្នក​ថែទាំ​។ ដូចនេះ សុំឱ្យ​បង្កើត​ទារកដ្ឋាន ឬ​ម​ត្តេ​យ្យ​សហគមន៍ នៅក្នុង​បរិវេណ​រោងចក្រ​នោះ ប៉ុន្តែ​កុំ​យក​ទារកដ្ឋាន​ទៅ​ដាក់​ជាប់​រោងចក្រ ដែល​អាច​ប៉ះពាល់​សុខភាព​ដល់​ទារក ឬ​កុមារ​ដូចជា​ផ្សែង​ចេញពី​រោងចក្រ​ជាដើម​»​។​


​ជាមួយគ្នានេះ លោក ជុំ សែន​វាសនា ក៏បាន​ប្រាប់ឱ្យដឹង​ដែរ​ថា​៖ «​បើកាលណា​មាន​កន្លែង​បំបៅ​ដោះ​កូន​ហ្នឹង ខ្ញុំ​គិតថា គឺ​វា​ល្អ ពីព្រោះ​វា​ធ្វើឱ្យ​ស្ដ្រី​គាត់​អាចយ​កកូន​មក​កន្លែងធ្វើការ ទោះបី​គាត់​កំពុង​បំពេញការងារ​ក៏ដោយ​។ អ៊ីចឹង​វា​ធ្វើឱ្យ​សុខភាព​កូន​ល្អ បើ​ស្ដ្រី​គាត់​បាន​បំបៅ​ដោះ​កូន។ នេះ​យោងតាម​អនុសាសន៍​ពី​អ្នកជំនាញ​ជាតិ និង​អង្គការ​សុខភាព​ពិភពលោក​ផងដែរ​»​។​

​លោក​បន្តថា អនុសាសន៍​ទាំងនោះ គឺ​តម្រូវឱ្យ​ទារក​ដែល​ទើបនឹង​កើត រហូត​ទៅដល់ ៦​ខែ គឺ​ពួកគាត់​ត្រូវតែ​បំបៅ​ទឹកដោះ​កូន ខណៈដែល​ច្បាប់​ការងារ​របស់​កម្ពុជា កំណត់​បានតែ​រយៈពេល ៣​ខែ​នោះទេ​សម្រាប់​ឈប់សម្រាក​សម្រាលកូន ស្របពេល​បច្ចុប្បន្ននេះ រោងចក្រ និង​សហគ្រាស​ជាច្រើន មិនទាន់មាន​កន្លែង​សម្រាប់​ស្ដ្រី​ក្នុងការ​បំបៅ​ទឹកដោះ​កូន​។

​លោក​បន្ថែមថា ៖ «​ដូច្នេះ​ក្នុងករណី​ដែលមាន​ទារកដ្ឋាន​បំបៅ​ដោះ​កូន គឺ​ពួកគាត់​អាចយ​កកូន​មក​កន្លែងធ្វើការ​បាន ដើម្បី​បំបៅ​ទឹកដោះ​កូន និង​ជួយ​ឱ្យ​កូន​របស់​ពួកគាត់​មាន​សុខភាព​ល្អ​»​។​

​ចំណែក លោកស្រី ទូច សើ ប្រធាន​សហព័ន្ធ​សហជីព​សេរី​កម្មករ បានឱ្យដឹង​ដែរ​ថា អ្វីដែល​រាជរដ្ឋាភិបាល​បានគិត​គូរ​នេះ គឺជា​រឿង​ល្អមែនទែន ប៉ុន្តែ​ការរៀបចំ​បង្កើត​កន្លែង​ទាំងនេះ រដ្ឋាភិបាល​ក៏ត្រូវ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ដែរ​។​

​លោកស្រី​ថា ពីព្រោះ​ការយក​ទារក ឬ​កុមារ​មក​កន្លែង​ទារកដ្ឋាន​នៅ​តំបន់​រោងចក្រ វា​អាចមាន​ផលប៉ះពាល់​ទៅដល់​សុខភាព​របស់​ក្មេងៗ​ទាំងនោះ ដោយ​ការធ្វើដំណើរ​ទៅមក​ប៉ះ​នឹង​ខ្យល់ ឬ​ប៉ះ​នឹង​ក​ម្កៅ​ថ្ងៃ​ជាដើម​។​

​លោកស្រី ទូច សើ បន្តថា​៖ «​ការបង្កើត​ទារកដ្ឋាន ដើម្បីឱ្យ​មាតា​ផ្ដល់​ការ​បំបៅ​ដោះ​កូន​នៅក្នុង​រោងចក្រ គឺ​វា​ជា​រឿង​មួយ​ល្អប្រសើរ តែ​យើង​បារម្ភ​ចំពោះ​បញ្ហា​ដឹក​ទៅ​ដឹក​មក ពីព្រោះ​កម្មករ​មិន​មែនមាន​លំនៅឋាន​នៅ​ជិត​រោងចក្រ​នោះទេ អ៊ីចឹង​បើ​គ្មាន​ការរៀបចំ​ការធ្វើដំណើរ​របស់​កម្មករ​ឱ្យ​ល្អ​ទេ កូនៗ​គាត់​ដែល​យកមក​តាម អាច​ប៉ះពាល់​សុខភាព​»​។​

​ទោះបីជា​យ៉ាងណា ការ​មាន​ទារកដ្ឋាន​នៅតាម​តំបន់​រោងចក្រ វា​បានផ្ដល់​អត្ថប្រយោជន៍​ទៅដល់​កម្ម​ការិនី​ផងដែរ ដោយ​ពួកគាត់​អាចមាន​ពេលវេលា​បំបៅ​ដោះ​កូន​គ្រប់គ្រាន់ កាត់បន្ថយ​ការចំណាយ​លើ​ការទិញ​ទឹកដោះគោ និង​កាត់បន្ថយ​ការចេញ​មុន​ម៉ោង​ធ្វើការ​របស់​កម្មករ​ផងដែរ​។ លោកស្រី ទូច សើ បន្ថែម​។​

​លោកស្រី​ថា​៖ «​ហេតុនេះ រាជរដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ ត្រូវតែ​សិក្សា​លម្អិត​ពី​ការបង្កើត​ទារកដ្ឋាន​នៅតាម​តំបន់​រោងចក្រ ជាពិសេស​គឺ​ស្វែងយល់​ពី​បញ្ហា​ប្រឈម​របស់​កម្មករ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់ និង​ហានិភ័យ​មកលើ​កូនៗ​របស់​កម្មករ​»​។​

​យោងតាម​ការអង្កេត​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា (CDHS) បានឱ្យដឹងថា អត្រា​នៃ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​តែ ១ មុខ​គត់​សម្រាប់​កុមារ​អាយុ​ពី ០ ដល់ ៥​ខែ បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ពី​អត្រា ៧៤% ក្នុង​ឆ្នាំ​២០១០ ដល់ ៦៥% ក្នុង​ឆ្នាំ​២០១៤ និង​មក ៥១% ក្នុង​ឆ្នាំ​២០២១-២០២២៕