ភ្នំពេញៈ​សមា​គម​ត្រចៀ​កកាំ​ខ្មែរបាន​ឱ្យដឹ​ងថា នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ការសា​ងសង់​ផ្ទះ​ត្រចៀក​កាំ មាន​កំណើន​គួរ​ឱ្យកត់​សម្គាល់ ប៉ុន្តែ​ដោយ​សារ​កំណើន​នៃ​តម្រូវ​ការ​សម្បុក​ត្រចៀក​កាំ ធ្វើឱ្យ​ការ​ផ្គត់​ផ្គង់​មិន​ទាន់​អាច​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​ទីផ្សារ​បាន​នៅ​ឡើយ​។​

​លោក​ស៊ុយ កុក​ធាន ប្រធាន​សមា​គម​ត្រចៀក​កាំ​ខ្មែរបាន​ឱ្យដឹង​នៅ​ថ្ងៃទី​៣០​ ខែសីហា ​ឆ្នាំ​២០២៣​ថា​ ក្នុង​រយៈ​ពេល​៣​ទៅ​៤ ​ចុង​ក្រោយ​នេះ នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ការ​សម្រុក​សាង​សង់​ផ្ទះ​ត្រចៀក​កាំ​ច្រើន បើ​ទោះបី​ជាក្នុង​ពេល​មាន​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ក៏​ការ​សាង​សង់​ផ្ទះ​ត្រចៀកកាំ​​មាន​ច្រើន​ដែរ​។​


​លោក​បាន​បញ្ជាក់​ថា​៖«​បើទោះជា​​មាន​កំណើន​នៃ​ការចិ​ញ្ចឹម និង​សាង​សង់ផ្ទះ​ត្រចៀក​កាំ​ច្រើន​បែប​នេះ​ក៏ដោយ តែ​យើង​នៅតែ​មិន​ទាន់​អាច​បំពេញ​តម្រូវការ​ទីផ្សារ​បាន​នៅឡើ​យ​ទេ​។ បរិមាណ​នៃ​តម្រូវការ​សម្បុក​ត្រចៀកកាំ​​មាន​ការ​កើន​ឡើង​គួរ​ឱ្យកត់ស​ម្គាល់ ​ជាពិសេស​នៅ​ទីផ្សារ​ក្រៅ​ប្រទេស ដូចជា ក្រុង​ហុង​កុង ក៏ដូចជា​ប្រទេស​ចិន​»​។​

​លោក​ ស៊ុយ កុក​ធាន បាន​បន្ត​ថា តម្រូវការ​សម្បុក​ត្រចៀក​កាំ​ពី​ប្រទេស​កម្ពុជា​ច្រើន​នេះ ដោយ​សារតែ​កម្ពុជា មាន​លក្ខ​ខណ្ឌ​អាកាស​ធាតុ​ល្អ ​ដោយ​សត្វ​ត្រចៀក​កាំ​នេះ វា​រស់នៅ​ក្នុង​សីតុណ្ហភា​ព​មួយ​ជាក់​លាក់​ គឺ​៣១​អង្សារ និង​មាន​ទន្លេ​បឹង​បួ​ច្រើន រួមទាំង​ព្រៃឈើ​​ដែល​សម្បូរ​ដោយ​ចំណី​របស់​ត្រចៀក​កាំ ធ្វើឱ្យ​ផលិត​ផល​សម្បុក​ត្រចៀក​មាន​គុណ​ភាព​ល្អ​ជា​ង​ប្រទេស​មួយ​ក្នុង​តំបន់​។​


«​ប្រទេស​កម្ពុជា​យើង​មិន​ទាន់​មាន​ការ​បំពុល​ប​រិ​យាកាស​ខ្លាំង ដូច​ស្រុក​គេ​នៅ​ឡើយ​ទេ​។ ដូច្នេះ​ប្រភព​នៃ​ចំណី​របស់​ត្រចៀក​កាំ នៅ​មាន​ច្រើន ដែលជា​ហេតុ​ធ្វើ​ឱ្យ​ការ​សាង​សង់​ផ្ទះ​ត្រចៀក​កាំ​នៅ​ខេត្ត​ណា​ក៏​ទទួល​បាន​ជោគ​ជ័យ​ដែរ ​ប្រសិន​បើអ្នក​ចិញ្ចឹម គាត់​រៀបចំ​បច្ចេក​ទេស​បាន​ត្រឹម​ត្រូវ​»​។ នេះ​បើតាម​លោក​ប្រធាន​សមាគ​ម​ត្រចៀក​កាំ​ខ្មែរ បាន​បញ្ជាក់​បន្ថែម​។​

​ជា​មួយ​គ្នានេះដែ​រ ​លោក ​ទ្រី និមល អ្នក​ឯកទេស​ផ្ទះ​ត្រចៀកកាំ​​មកពី​ប្រទេស​ម៉ាឡេ​ស៊ី និង​ជា​ស្ថាបនិ​ក​ក្រុម​ហ៊ុន Swiftlet Cultivation .,Co Ltd បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី​៣០ ​ខែសីហា ​ដែរ​ថា តម្រូវការ​សម្បុក​ត្រចៀក​កាំ​នៅ​តែមាន​ជា​ធម្មតា ទាំង​ក្នុង​និង​ក្រៅ​ស្រុក គ្រាន់​តែ​ថា​តម្លៃ​មាន​ការ​ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុន​បន្តិច​។​

​ដោយ​ឡែក​ការសា​ងស​ង់​ផ្ទះ​ត្រចៀកកាំ​​វិញ លោក​បាន​ឱ្យដឹង​ថា នៅ​ឆ្នាំនេះ ​ការសាង​សង់មានការកើនឡើ​ង​២​ទៅ​៣​ដង បើ​ធៀប​នឹង​ឆ្នាំមុ​ន ​ដោយសា​រ​ពលរដ្ឋ​យល់ឃើ​ញថា ​របរ​ចិញ្ចឹម​ត្រចៀក​កាំ​នេះ ​មាន​ទីផ្សារ​ខ្ពស់ មិន​សូវ​មាន​ភាព​ប្រកួត​ប្រជែង​ខ្លាំង ​មាន​ន័យ​ថា ទីផ្សារ​ទូលាយ​។​

​លោក​បាន​បញ្ជាក់​ថា​៖«​ឆ្នាំនេះ មា​នការ​សា​ងសង់​ផ្ទះ​ត្រចៀកកាំ​​ច្រើន ​ដោយ​អតិថិ​ជន ដែល​ក្រុម​ហ៊ុន​បាន​រៀប​ចំផ្ទះ​ត្រចៀក​កាំ​ឱ្យ មាននៅ​​ស្ទើរ​គ្រប់​ខេត្ត​។ ដោយ​សារ​កម្ពុជា​យើង​មាន​អំណោយ​ផល​អាកាស​ធាតុ​ល្អ ​ដូច​នេះ​ការ​សាង​សង់​ផ្ទះ​ត្រចៀក​កាំ មាន​ស្ទើរ​ទូទាំង​ប្រទេស​ គ្រាន់តែ​ថា​យើង​មិន​សាង​សង់​នៅ​តំបន់​ក្បែរ​រោង​ចក្រ​សហ​គ្រាស ឬក៏​តំបន់​ដែល​មាន​ការ​បំពុល​ដោយ​ផ្សែង​ច្រើន​នោះ​ទេ​»​។​

​លោក​ ទ្រី និមល បាន​ឱ្យដឹង​ទៀត​ថា ផលិត​ផល​សម្បុក​ត្រចៀក​កាំ​ពី​ខាង​ក្រុមហ៊ុ​ន​លោក ​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​មួយ​ចំនួន​ដូច​ជា ទីផ្សារ​ចិន ​តាម​រយៈ​ឈ្មួញ​ម៉ាឡេ​ស៊ី​និង​ប្រទេស​វៀត​ណាម ជាដើម​។

​លោក​បាន​បញ្ជាក់​ដែរ​ថា ការនាំ​ចេញ​ត្រង់​ទៅ​កាន់​ទីផ្សារ​ចិន ​មិនទាន់​បាន​ប្រព្រឹត្ត​ទៅ​នៅ​ឡើយ​ទេ ម្យ៉ាង​វិញ​ការ​បំ​ពេញ​​បែប​នាំចេញ​ត្រង់​ទៅ​ចិន​មាន​ភាព​ស្មុ​គស្មាញ​ច្រើន ​និង​ត្រូវ​ចំណាយ​ពេល​យូរ​។​ទោះជា​បែប​នេះ​ក្តី លោក ទ្រី និមល បាន​បង្ហាញ​ការ​យល់​ឃើញ​ថា ការនាំ​ចេញ​ទៅ​ចិន​ដោយ​ត្រង់ ​ទទួល​បាន​ផល​ចំណេញ​ច្រើនជា​ង​មាន​ឈ្មួញ​កណ្តាល​ ដោយ​លោក​បាន​បញ្ជាក់​បែបនេះ​៖«​មិនយូរ​មិន​ឆាប់​ទេ យើង​នឹង​ទទួលបាន​ឱកាស​ក្នុង​ការនាំ​ចេញ​ទៅ​ចិន​ដោយផ្ទា​ល់ ព្រោះ​​ចំនួន​ផ្ទះ​ត្រចៀក​កាំ​របស់​យើង​កាន់តែ​មាន​ការ​កើនឡើ​ង​ពី១​ឆ្នាំ​ទៅ​១ឆ្នាំ ខណៈ​ដែល​សម្បុក​ត្រចៀក​កាំ​ដែល​អ្នក​ចិញ្ចឹម​ប្រមូល​បាន​ក៏មាន​កំណើន​ច្រើន​ដែរ​»​។​

​បើតា​ម​ប្រធាន​សមា​គម​ត្រចៀកកាំ​ខ្មែរ​ បច្ចុប្ប​ន្ននេះ ​ការនាំ​ចេញ​​សម្បុក​ត្រចៀក​កាំ​ទៅ​ក្រៅប្រទេ​ស ធ្វើឡើ​ង​ក្រៅ​ផ្លូ​វការ ដោយ​បាន​នាំ​ចេញ​ទៅកា​ន់​ប្រទេស​មួយ​ចំនួន​ដូច​ជា ​វៀតណាម ​ថៃ ចិន​ ជាដើម​។ ទោះជា​យ៉ាង​ណា សមា​គម​បាន​និងកំ​ពុង​ធ្វើកា​រយ៉ា​ង​ជិត​ស្និទ្ធ​​ជាមួយ​ភាគី​ពាក់​ព័ន្ធ ជា​ពិសេស​ក្រសួង​កសិកម្ម និង​ក្រសួងពា​ណិជ្ជក​ម្ម ដើម្បី​ជំរុ​ញឱ្យមាន​កា​ររៀ​បចំ​គោល​នយោបា​យ​ជាតិ​សម្បុក​ត្រចៀកកាំ​ ដើម្បី​ធ្វើឱ្យ​ផលិត​ផល​នេះ ​ក្លាយ​ជា​ផលិត​ផល​សក្តានុ​ពល​ធំ​មួយ​សម្រាប់​ការ​នាំចេញ​នា​ពេ​លខា​ងមុខ​៕