ភ្នំពេញៈព្រឹត្តិ​ការណ៍​ប្រកួត​អ្នកលេ​ង​គុន «Neak Leng Kun» ត្រូ​វបាន​រៀបចំ​ឱ្យមាន​ជា​លើក​ដំបូ​ងនៅ​កម្ពុជា នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ​ចុង​សប្តាហ៍​នេះ ​ដើម្បី​រួម​ចំណែក​លើក​កម្ពស់​ដល់​កីឡា​គុន​ល្បុក្ក​តោ​កម្ពុជា ​ហើយ​ការ​ប្រកួត​ដែល​មាន​ ៤​ ប្រទេស​ ចូល​រួម​នេះ វា​ក៏បាន​ផ្តល់​ឱកាស​ឱ្យ​កីឡា​ករ​គុន​ល្បុក្កតោបាន​ដក​ស្រង់​បច្ចេក​ទេស​ជា​មួយ​កីឡា​ករ​អន្តរ​ជាតិដើម្បី​ពង្រឹង​សមត្ថ​ភាព​ផង​ដែរ​។​

​ក្រោម​ការ​សហកា​រ​ជាមួយ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជានិង​ដោយ​មាន​ក្រុមហ៊ុន​សម្រស់​ធម្មជាតិ​ជា​អ្នក​ឧបត្ថម្ភ​គឺ​ក្រុមអ្ន​កលេ​ង​គុន​នៅ​កម្ពុជាបាន​នាំគ្នា​ផ្តួចផ្តើ​ម​បង្កើតឱ្យមា​ន​ព្រឹត្តិកា​រណ៍ «​អ្នក​លេង​គុន​» នេះ​ឡើង ដើម្បី​រំឭក និង​បង្ហាញ​ពី​ទម្លាប់​របស់​អ្នក​ហាត់​គុន​ជំនាន់​ដើមដែ​ល​តែង​ណាត់​គ្នា​សាក​ល្បង​វិជ្ជា​គុននៅ​តាម​តំបន់ ដែល​មាន​សា​លា​គុនឬ​អ្នក​ហាត់​គុន​ច្រើន ​ហើយ​សកម្ម​ភាព​នោះ​បាន​ក្លាយជា​​ទម្លាប់​ដ៏​ល្អ​មួយក្នុង​ការ​ជំរុញ​ឱ្យមា​ន​សកម្ម​ភាព​អ្នក​ហាត់គុ​ន​កាន់​តែច្រើ​ន​នៅតា​ម​ភូមិ ឃុំ ហេតុនេះហើយទើ​ប​កាលពី​សម័យ​ដើម ខ្មែ​រ​យើង​សម្បូរ​អ្នក​ចេះ​ក្បាច់​គុន​ និង​គ្រូ​គុន​។​

​​បន្ថែម​ទៅលើ​ការ​រំឭក​ពី​ទម្លាប់​អ្នក​ហាត់​គុន​ជំនាន់​មុន ដល់​អ្នកជំ​នា​ន់ក្រោយ​នេះ គឺ​ព្រឹត្តិកា​រណ៍​អ្នក​លេង​គុន​ នេះ បាន​ក្លាយ​​ជាកា​រ​ប្រកួត​មិត្ត​ភាព​អន្តរ​ជាតិ​បែប​គុន​ល្បុក្កតោ​ដំបូង​គេដែល​ត្រូវបាន​រៀបចំឡើ​ងដោយ​មាន​ការ​ចូលរួម​ពី​កីឡាករ​បរទេស​មកពី​ប្រទេស​វៀត​ណាម​ អេ​ស្ប៉ា​ញ និង​អ៊ូ​ស​បេ​គី​ស្ថាន​ ដើម្បី​រួមគ្នា​ផ្សព្វ​ផ្សាយ​ និង​លើក​កម្ពស់ «​គុន​ល្បុក្ក​តោ​» ឱ្យ​កាន់​តែមាន​ភាព​ល្បីល្បា​ញ នៅលើ​ឆាក​អន្តរជាតិ​។​


​លោក ​ស​យ ផាន់​និ​ច អ្នក​គ្រប់​គ្រង​កម្មវិធី​អ្នកលេង​គុន ​បាន​ប្រាប់​កាលពី​​ថ្ងៃទី​៣០ ​ខែសីហា ​ថា​៖ «​ការប្រ​កួត​នេះ វា​ជាការ​ចាប់​ផ្តើម​របស់​យើង​ដើម្បី​រំឭកនិង​បង្ហាញ​ពី​ទម្លាប់​របស់​អ្នក​ហាត់​គុន​ខ្មែរ​យើងកាលពី​ជំនាន់​ដើម ចំណែក​គោលបំ​ណង​ធំ​នៃ​ការរៀបចំ​របស់​យើងគឺ​ដើម្បី​ផ្សព្វផ្សា​យ​ក្បាច់​គុន​ដូនតា​របស់​យើង​ទៅ​មជ្ឈដ្ឋា​ន​ជុំវិញ​ទាំង​ក្នុ​ងប្រ​ទេស និង​ក្រៅប្រទេ​ស ហើ​យ​មួយទៀ​ត​យើង​ចង់​ពង្រឹង​គុណភាព​ និង​បទ​ពិសោធន៍​កីឡា​ករ​យើង​ឱ្យ​កាន់​តែមា​ន​កម្រិត​ខ្ពស់​»​។​

​លោក សយ ផាន់​និ​ច បាន​ឱ្យដឹ​ង​ទៀត​ថា ការ​ប្រកួត​អ្នក​លេង​គុន​នេះ នឹ​ងត្រូវ​រៀបចំ​នៅ​ទីតាំង​ដីឡូត៍កំបូល​ជាប់​វត្ត​ស្ងួន​ពេជ្រ​ ដោយ​មាន​រយៈ​ពេល​២​ថ្ងៃ ​គឺ​ថ្ងៃទី​២ និង​ទី​៣ ​ខែកញ្ញា និ​ង​មាន​ការ​ប្រកួត​សរុប​ចំនួន​១២​គូ ​ស្មើនឹង​​២៤​នាក់ ​ក្នុង​នោះ​មាន​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ចំនួន​៣​គូ​ផងដែ​រ រវាង​កីឡាករ​កម្ពុជា​ជាមួយ​កីឡាករ​របស់​អ៊ូ​ស​បេ​គី​ស្ថាន​ អេ​ស្ប៉ា​ញ និង​វៀត​ណាម ​ហើយ​គ្រប់​គូ​ទាំង​អស់​ សុទ្ធតែជា​​ការប្រកួត​ដណ្តើម​យក​ពាន​។​


​ជាមួ​យ​គ្នានេះ​ លោ​ក អ៊ួ តារា អ​គ្គលេខា​ធិកា​ររង​សហ​ព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា ​បាន​ប្រាប់​ថា​៖ «​កម្មវិធី​អ្នក​លេង​គុន នឹង​អាច​ផ្តល់​អត្ថប្រ​យោជន៍​ច្រើន​ដល់​កីឡាករ ​កីឡាកា​រិនី​របស់​យើង ​ក្នុងការ​បន្ថែម​នូវ​បទពិ​សោធ​ន៍​ប្រកួត​ ព្រោះ​កន្លងម​ក យើង​មានតែ​​ការប្រ​កួត​ជើង​ឯក​ថ្នាក់ជា​តិ​ទេ ដែល​មិនអា​ច​បំពេញ​គ្រប់​តម្រូវ​ក្នុង​ការ​បន្ថែម​នូវ​កម្រិត​បច្ចេកទេ​ស និង​បទពិ​សោធន៍​របស់​អត្ត​ព​លិ​ក​យើង​ឡើយ​ អ៊ីចឹង​អ្នក​លេង​គុន​ អាចជា​ស្ពាន​មួយ​ផ្តល់​ឱ្យ​អត្ត​ព​​លិ​ក​យើ​ង ទាំង​នៅ​ភ្នំពេញ និង​រាជធានី​ខេត្ត​ទាំងអស់​​ចូលរួម​ ដើម្បី​បន្ត​ជា​អាជីព​ក្នុង​ការ​លេង​កីឡា​គុន​ល្បុ​ក្កតោ​»​។​

​តាម​កម្មវិធី​ប្រកួត​អ្នក​លេង​គុនដែល​ផ្តល់​ដោយ​លោក​ ​សយ ផាន់​និ​ច គឺ​ការប្រ​កួត​នៅ​ថ្ងៃទី​២ដែល​ចាប់​ផ្តើម​ពី​រសៀល​ម៉ោង​៤ដល់​ល្ងាច​ម៉ោង​៦:៣០​យប់នោះ គឺ​ម្ចាស់​មេដាយ​មាស​ស៊ី​ហ្គេម ឌិ​ប ង៉ែត​ ត្រូវ​ប្រកួត​ដណ្តើមពា​ន​ជាមួយ​​កីឡា​ករ​អ៊ូ​ស​បេ​គី​ស្ថាន A​kodbir Eshplilatov ក្នុង​ទម្ងន់​៥៨​គីឡូ​ក្រាម ​រីឯ​ការ​ប្រកួត​ចំនួន​៥​គូ​ទៀត ជា​ជំនួប​រវាង​កីឡា​ករ និង​កីឡា​ការិនី​គុន​ល្បុក្ក​តោ​ក្នុង​ស្រុក​។​

​ចំណែក​ការប្រ​កួត​ថ្ងៃទី​២ នា​ថ្ងៃទី​៣ ​ខែកញ្ញា​ មាន​៦​គូ​ដូចគ្នា ​ហើយ​ជំនួប​ដ៏​ធំនិង​គួរឱ្យ​ចាប់​អារម្មណ៍​ជាងគេ​ គឺ​ការប្រ​កួ​ត​ដណ្តើម​ពាន​រវាង​ម្ចាស់​មេដាយ​មាស​ស៊ី​ហ្គេមឆ្នាំ​២០២៣ ចុ​ន ចិត្ត​ ជាមួយ​អ្នក​ប្រដាល់​មកពី​ប្រទេស​អេ​ស្ប៉ា​ញ F​rancisc​o Jose Vinlielas Borras ក្នុង​ទម្ងន់​៦៥​គីឡូ​ក្រាម រីឯ​កីឡាករ​គុន​ល្បុក្កតោ​​កម្ពុជា ​ពេជ្រ ​ខាំ​តែ ត្រូ​វ​ប្រកួ​ត​ជាមួយ​វៀត​ណាម ​Nguyen Quang Luan ក្នុង​ទម្ងន់​៥២​គីឡូ​ក្រាម ​ហើយ​៤​គូ​ទៀត ជា​ការ​ប្រកួត​រវាង​កីឡាក​រ​ក្នុង​ស្រុក​៕