​ភ្នំពេញៈ​​ លោក ឌិ​ត ទីណា រដ្ឋ​មន្ត្រី​ក្រសួង​កសិក​ម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ណែ​នាំ​ឱ្យ​ពិនិត្យ​លទ្ធ​ភាព លើ​កិច្ច​សហកា​រគ្នា​រវាង​ក្រសួង​កសិកម្ម​ និង​វិទ្យា​ស្ថាន​បណ្តុះ​បណ្តាល​ និង​ស្រាវ​ជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​ (CDRI)​ ក្នុងការ​សិក្សា​ពី​ស្ថាន​ភាព​របស់​កសិករ​ទូ​ទាំង​ប្រទេស​ ដោយ​មាន​ការវិ​ភាគ​សេដ្ឋកិ​ច្ចនៃ​ផលិ​តភាព​កសិកម្ម​ធៀប​នឹង​ផ្ទៃដី​និង​ខ្សែ​ចង្វាក់​ផលិត​កម្ម​គ្រប់​ដំណាំ​ទាំងអ​ស់​។​

​លោក​រដ្ឋមន្ត្រី​លើក​ឡើង​បែប​នេះ នៅ​អំឡុង​ពេល​ចូលរួម​កិច្ច​ប្រជុំ​ពិភាក្សា​ការងារ​ជា​មួយ​ក្រុម​ការងា​រ​រប​ស់​ CDRI កាល​ពី​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២៣​ នៅ​ទីស្តី​ការ​ក្រសួង​កសិកម្ម រុក្ខាប្រ​មាញ់ និង​នេសាទ​។​


​ជាមួ​យគ្នា​នោះដែរ​ លោ​ក​រដ្ឋមន្ត្រី​ក៏បាន​លើកឡើ​ង​ពី​ការងារ​ទាក់ទ​ង​នឹង​កម្មវិធី​គំរូ​នវា​នុវត្តន៍​ក្នុង​វិស័យ​កសិកម្ម​ផងដែរ​ ដោយ​លោក​បាន​ណែនាំ​ឱ្យ​ខាង​វិទ្យា​ស្ថាន​ CDRI សហ​ការ​ជាមួយ​សាក​លវិទ្យា​ល័យ​កសិកម្ម​ក្នុង​ប្រទេស​ ដើម្បីឱ្យ​សិស្ស​និស្សិត​ទទួល​បាន​គំនិត​ថ្មីៗ​បន្ថែម​ក្នុង​ការ​ច្នៃ​ប្រឌិត​នេះ​។​

​យោង​តាម​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួង​កសិកម្ម​ លោក ឌិ​ត ទីណា បាន​ថ្លែងថា​៖«​ក្រសួង​នឹង​ជួយ​គាំទ្រ​បច្ចេក​ទេស និង​ជំរុ​ញឱ្យ​មាន​សហគ​មន៍​កសិកម្ម​​គំរូ​ថ្មី ដែល​អាច​មាន​លទ្ធ​ភាព​ពង្រឹង​ខ្សែ​ចង្វាក់​តម្លៃ ​មាន​ភាព​ម្ចាស់​ការ​ពិត​ប្រាកដ​ និង​មាន​ទុន​គ្រ​ប់គ្រាន់ ​ដើម្បី​បង្កើន​ផលិតភា​ព គុណ​ភាព សុវត្ថិ​ភាព កាត់​បន្ថយ​ថ្លៃ​ដើម ​មាន​ប្រសិទ្ធ​ភាព និង​និរន្តរ​ភាព​សេដ្ឋកិ​ច្ច ដើម្បី​សម្រេច​នូវ​គោល​នយោ​បាយ និង​ចក្ខុ​វិស័យ​រួម ក្នុង​ការ​ចូល​រួម​ជំរុញ​សេដ្ឋ​កិច្ច​ប្រទេស​កម្ពុជា​ឱ្យ​ក្លាយ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០»​។​


​នាយក​វិទ្យា​ស្ថាន​បណ្ដុះ​បណ្ដា​ល និង​ស្រាវ​ជ្រាវ​ដើម្បី​អភិវឌ្ឍន៍​​កម្ពុជា ​(CDRI) លោក​ស្រី អេង នេត្រា បាន​ឱ្យដឹង​នៅ​ថ្ងៃទី​៣០ ខែ​សីហា​ថា ​វិទ្យា​ស្ថាន​លោក​ស្រី ​កំពុង​តែ​រៀបចំ​ក្រុម​ការងារ​ជំនាញ ​និង​ឯកសារ​ពាក់​ព័ន្ធ​នានា ​ដើម្បី​សិក្សា​លម្អិត មុ​ននឹង​ចាប់​ផ្តើម​អនុវត្ត​ការ​ងារ​នា​ពេល​ខាង​មុខ​។​

​លោក​ស្រី​បាន​បន្ថែម​ថា កិច្ច​សហ​ការ​រវាង​វិទ្យា​ស្ថាន​ជាមួយ​នឹង​ក្រសួង​កសិកម្ម​ មាន​យូរ​មក​ហើយ​ តែ​នេះ​ដោយសា​រតែ​ជា​អាណត្តិ​នៃ​ថ្នាក់​ដឹក​នាំ​ថ្មី​ ទើប​វិទ្យា​ស្ថាន​ត្រូវ​ចាប់​ផ្តើម​កិច្ច​ពិភាក្សា​ថ្មី ​ដើម្បី​ជំរុញ​ការងា​រ​អភិ​វឌ្ឍ​ន៍វិស័យ​កសិ​កម្ម​។​

​លោក​ស្រី​ អេង នេត្រា ​បាន​បញ្ជាក់​ថា​៖«​ក្រុម​ការងារ​យើង​កំពុង​ពិភាក្សា​គ្នា ​ដើម្បី​រៀបចំ​ឯកសារ​ ការងារ​អាទិភាព ​និង​យុទ្ធ​សាស្ត្រ​ថ្មីៗ ​មុន​នឹង​ដល់​ការ​ចុះ​អនុវត្ត​ស្រាវ​ជ្រាវ​ផ្ទាល់​នៅ​ទូទាំង​ប្រទេស​ ដែល​អាច​នឹង​ជំរុញ​ឱ្យ​ការ​អនុវត្ត​គម្រោង​នេះ​ទទួល​បាន​ជោគ​ជ័យ​នា​ពេល​ខាង​មុខ​»​។​

​សូម​ជម្រាប​ថា ​វិទ្យា​ស្ថាន CDRI មាន​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​គោល​នយោ​បាយ​ក្នុង​វិស័យ​កសិ​កម្ម​និង​អភិវឌ្ឍន៍​ជនបទ (CPARD) ដែល​មាន​អ្នក​ស្រាវ​ជ្រាវ​មាន​បទពិ​សោធន៍​ មាន​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​ កសិក​ម្ម និង​ការ​អភិវឌ្ឍ​សេដ្ឋកិ​ច្ច អភិវឌ្ឍ​ និង​ប្រើ​ប្រាស់​ឧបករ​ណ៍​បរិមាណ​និង​គុណ​ភាព​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត ​ដើម្បី​សិក្សា​ពី​បញ្ហា​សំខាន់ៗ​ជាច្រើន​ក្នុង​វិស័យ​កសិកម្ម ​រួម​ទាំង​អាហារូ​បត្ថម្ភ​និង​សុវត្ថិ​ភាព​ចំណីអា​ហារ ​ខ្សែច​ង្វាក់​តម្លៃ​កសិកម្ម ​និរន្តរភាព​កសិក​ម្ម កា​រអភិវឌ្ឍ​​កសិក​ម្ម​និង​ការ​លើក​កម្ពស់​ជីវភាព​រស់នៅ​​ជន​បទ​៕