​ភ្នំពេញៈ ព្រះមហាក្សត្រ បានចេញ​ព្រះរាជក្រឹត្យ​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ដោយ​គណបក្សនយោបាយ​ដែល​គ្មាន​អាសនៈ​ក្នុង​រដ្ឋសភា​អាច​ចូលរួម​ដោយ​ឈរលើ​គោល​ការ​ណ៍​ស្ម័គ្រចិត្ត និង​ដោយ​អនុលោម​តាម​លក្ខខណ្ឌ​ទាំងឡាយ​ដែលមាន​ចែង​ក្នុង​ព្រះរាជក្រឹត្យ​នេះ​។​


​ព្រះរាជក្រឹត្យ​ស្តី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​​ពិគ្រោះ និង​ផ្តល់យោបល់​នេះ​មាន ​៧ ​ជំពូក និង ​២១ មាត្រា ដោយបាន​ឡាយព្រះហស្ថលេខា​ដោយ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ចុះ​​ថ្ងៃទី​ ២៦ ខែសីហា និង​ទើប​ចេញផ្សាយ​នាពី​ថ្ងៃទី​ ៣០ ខែសីហា ឆ្នាំ​ ២០២៣​។

​ព្រះរាជក្រឹត្យ​លើក​ឡើង​ថា គណបក្សនយោបាយ​ដែល​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី ​៧ នៃ​រដ្ឋសភា ទទួលបាន​បុព្វសិទ្ធិ​ជា​គណបក្ស​ស្ថាបនិក​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ សម្រាប់​នីតិកាល​ទី​ ៧ នៃ​រដ្ឋសភា ក្នុង​លក្ខខណ្ឌ​ដែល​គណបក្ស​ន​យោ​បាយ​នោះបាន​ដាក់ពាក្យ​ស្នើសុំ​ជា​ផ្លូវការ​ក្នុង​រយៈពេល​ ២​ សប្តាហ៍ បន្ទាប់ពី​ការចូល​ជាធរ​មាននៃ​ព្រះរាជក្រឹត្យ​នេះ និង​ទទួលបាន​ការសម្រេច​យល់ព្រម​ពី​នាយក​រដ្ឋមន្ត្រី សម្រាប់​ការតែងតាំង​ជា​សមាសភាព​ដំបូង នៃ​ឧ​ត្ត​ម​ក្រុម​​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ ដោយ​អនុលោម​តាម​ព្រះរាជ​ក្រឹត្យ​នេះ​។


​ព្រះរាជក្រឹត្យ​ដដែល​បន្តថា ក្រៅពី​គណបក្ស​ស្ថាបនិក គណបក្សនយោបាយ​ផ្សេងទៀត ទាំង​គណបក្សនយោបាយ​ដែល​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី៧ នៃ​រដ្ឋសភា ទាំង​គណបក្សនយោបាយ​ដែល​មិនបាន​ចូល​រួម​ក្នុងការ​បោះឆ្នោត​នេះ ប៉ុន្តែ បាន​ចុះបញ្ជី​ត្រឹមត្រូវ​ស្របតាម​ច្បាប់​ស្តីពី​គណបក្សនយោបាយ អាច​ស្នើសុំ​ចូលរួម​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​បាន ដោយ​ត្រូវដាក់​ពាក្យស្នើសុំ​ជា​ផ្លូវការ និង​ត្រូវមាន​ការសម្រេច​យល់ព្រម​ពី​នាយករដ្ឋមន្ត្រី​។

​ប្រភព​ដដែល​បញ្ជាក់ថា ៖ «​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​បំពេញភារកិច្ច​របស់ខ្លួន​ក្រៅ​ក្របខ័ណ្ឌ​សភា ក្នុងការ​ផ្តល់​ធាតុ​ចូល​ដោយផ្ទាល់​ជូន​រាជរដ្ឋាភិបាល ក្នុងន័យ​ស្ថាបនា សំដៅ​លើកស្ទួយ​ប្រសិទ្ធភាព​ការ​ងារ​របស់​ស្ថាប័នរដ្ឋ និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ក្នុងការ​បម្រើប្រជាជន និង​សង្គមជាតិ​»​។​


​មួយវិញទៀត​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​មាន​សិទ្ធិ​ផ្តួច​ផ្តើមគំនិត​តាក់តែង​រៀបចំ​ធ្វើ​សេចក្តីព្រាងច្បាប់​និង​សេចក្តីព្រាង​លិខិតបទដ្ឋាន​គតិយុត្ត​ផ្សេងទៀត​ស្នើ​ជូន​នាយករដ្ឋមន្ត្រី ដើម្បី​ពិនិត្យ និង​ចាត់ចែង​ប្រគល់ជូន រដ្ឋមន្ត្រីក្រសួង ឬ​លេខាធិការដ្ឋាន ដែលមាន​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ដើ​ម្បី​ពិនិត្យ​សិក្សា​និង​ផ្តល់យោបល់​ជូន​នាយករដ្ឋមន្ត្រី​សម្រេច​។

​ប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​ត្រូវ​ជ្រើស​ចេញពី​ប្រធាន​ប្រតិភូ​គណបក្ស​ដោយ​ត្រូវ​អនុវត្តតាម​គោលការណ៍​ប្ដូរ​វេន​រៀងរាល់​ ១​ ខែម្តង​ដោយ​យកតាម លំដាប់​លេខ​រៀង​គណបក្ស​នៅក្នុង​សន្លឹកឆ្នោត​ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​សម្រាប់​គណបក្ស​ស្ថាបនិក និង​លំដាប់​លេខ​រៀង​ជា​បន្តបន្ទាប់​តាម​កាលបរិច្ឆេទ​នៃ​ការសម្រេច​យល់ព្រម​របស់​នាយករ​ដ្ឋ​មន្ត្រី ចំពោះ​គណបក្សនយោបាយ​ផ្សេងទៀត​ដែល​មិនមែនជា​គណបក្ស​ស្ថាបនិក​។​

​លោក ​គឹម​សួរ ភី​រិ​ទ្ធ អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន​ថ្លែងថា ជារួម​ការបង្កើត​គណ​បក្ស គឺ​ក្នុង​គោលបំណង​ដើម្បី​ចូលរួម​ការបោះឆ្នោត និង​ចង់​ធ្វើជា​អ្នកប្រកួតប្រជែង មិនមែន​ធ្វើជា​គូសត្រូវ​នោះទេ​។ លោក​បាន​ពន្យល់ថា ក្នុងន័យនេះ បើ​ចូលរួម​ការប្រកួតប្រជែង ទទួលបាន​សំឡេងគាំទ្រ​ពី​ប្រជា​ពលរដ្ឋ​កម្រិតណា នោះ​គណបក្ស​នឹងចូលរួម​កសាង​ប្រជា​ធិ​ប​តេ​យ្យ​ក្នុងការ​អភិវឌ្ឍ​ប្រទេស​ទៅតាម​កម្រិត​នោះ​។ ប៉ុន្តែ​គណ​បក្ស​លោក​មិនបាន​ចូលរួម​ប្រកួតប្រជែង ហើយ​បើ​ឱ្យ​គណបក្ស​ចូលរួម​ក្នុង​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិ​គ្រោះ​និង​ផ្តល់យោបល់​ទៀត​មិន​សម​នោះទេ​។

​លោក​ថ្លែងថា​៖ «​គេ​ថា យើង​មិន​ស្របច្បាប់​ប៉ុន្តែ​នៅពេលដែល​យើង​ចូល​ទៀត​រឹតតែ​មិន​ស្របច្បាប់​ទៀត​តែ​វា​ជា​សិទ្ធិ​របស់​រាជរដ្ឋាភិបាល​ទេ​ក្នុង​ការបង្កើត​នេះ​ដើម្បី​ទទួលយក​យោបល់​ព្រោះ​ជួនកាល​ទីប្រឹក្សា​រាប់ពាន់​វា​មិន​គ្រប់ ហើយ​បង្កើត​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​នេះ​ក្នុងការ​ផ្តល់យោបល់​ផ្សេងៗ វា​ជា​សិទ្ធិ​របស់​រាជរដ្ឋាភិបាល​»​។

​ចំណែក​លោក ​យង់ ពៅ អគ្គ​លេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ថ្លែងថា ការបង្កើតឱ្យមាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​ក្នុង​អាណត្តិ​ទី​៧ នេះ មិន​ខុសពី​អាណត្តិ​ទី​៦ ​នោះទេ​។​

​លោក​ថ្លែងថា​៖«​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​នេះ គ្រាន់តែ​ជា​ជំនួយស្មារតី​ត្រួតពិនិត្យ​ផ្តល់យោបល់ និង​ពិគ្រោះ​យោ​ប​ល់​ប៉ុណ្ណោះ មិនមាន​ឥទ្ធិពល​ខ្លាំង​លើ​រដ្ឋាភិបាល​នោះទេ​។ រីឯ​ការដេញដោល​ផ្សេងៗ គឺជា​អំណាចសភា រីឯ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​នេះ​មិនមាន​អំណាច​ដូច​សភា​ឡើយ​»៕