​ភ្នំពេញៈ លោក ហង់​ជួន​ ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចាត់ទុកថា ការ​អភិវឌ្ឍ​ធនធានមនុស្ស​កម្ពុជា គឺជា​រឿង​សំខាន់ ដែល​ត្រូវ​បន្ត​លើកកម្ពស់​កិច្ចសហការ​ជា​មួយ​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​ធ្វើកំណែទម្រង់​វិស័យ​អប់រំ​កម្ពុជា​ឱ្យចំ​ទិសដៅ​ផងដែរ​។​


​ការលើកឡើង​នេះ ត្រូវបាន​បង្ហាញឡើង​នៅក្នុង​ពិធី​សំណេះ​សំ​ណា​ល និង​បំពាក់​គ្រឿងឥស្សរិយយស​ការងារ ជូន​មន្ត្រី​រាជការ នៃ​មន្ទីរអប់រំ យុវន និង​កីឡា​ខេត្តពោធិ៍សាត់​ព្រម​ទាំង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​គរុ​សិស្ស​ ១២+៤ ជំនា​ន់ទី​១ ​នៃ​វិទ្យាស្ថាន​គរុកោសល្យ​បាត់ដំបង​កាល​ថ្ងៃទី​ ២៩ ខែ​សីហា ឆ្នាំ ២០២៣​។​

​យោងតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​អប់រំ លោក ហង់​ជួន ណា​រ៉ុ​ន បាន​អះអាងថា ក្រសួង​ក៏​នឹង​បន្តធ្វើ​កំណែទម្រង់​ចំ​ទិសដៅ តាមរយៈ​ការ​លើកកម្ពស់​កិច្ចសហការ​ជា​មួយ​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​រៀបចំ និង​អនុវត្ត​ផែនការ​យុទ្ធ​សាស្ត្រ​វិស័យ​អប់រំ សំដៅ​កសាង​ប្រព័ន្ធ និង​អភិវឌ្ឍ​ធនធានមនុស្ស​កម្ពុជា​ឱ្យ​កាន់​តែមាន​គុណភាព​ថែមទៀត​។


​លោក ហង់​ជួន ណា​រ៉ុ​ន បាន​ថ្លែងថា​៖ «​កន្លងមក និង​ពេល​​បច្ចុប្បន្ននេះ ក្រសួង​បាននិងកំពុង​ធ្វើកំណែទម្រង់​គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូបង្រៀន​គ្រប់​កម្រិត​ទាំងអស់​នៅ​ទូទាំងប្រទេស​...​ប្រកបដោយ​គុណ​ភាព និង​ប្រសិទ្ធភាព​»​។​

​លោក គង់ សំនៀង ប្រធាន​សហព័ន្ធ​សេវា​អប់រំ​កម្ពុជា នៅ​ថ្ងៃទី​ ៣០ ខែសីហា បាន​ថ្លែងថា ការធ្វើកំណែទម្រង់​វិស័យ​អប់រំ​របស់​ក្រសួង តាមរយៈ​ការ​ពង្រឹង​វិជ្ជាជីវៈ​គ្រូបង្រៀន និង​ការលើកកម្ពស់​កិច្ចសហការ​ជា​​មួយ​គ្រប់ភាគី ទាំង​វិស័យ​សារ​ធារ​ណៈ និង​វិស័យ​ឯកជន ដើម្បី​ពង្រឹងគុណភាព​អប់រំ​កម្ពុជា​ឱ្យ​រីកចម្រើន​ទៅមុខ​។​


​លោក​បាន​ថ្លែងថា​៖ «​ដោយ​មើលឃើញថា អត្រា​បោះបង់​ការសិក្សា​របស់​សិ​ស្ស​នៅ​តំបន់​ដាច់ស្រយាល​នៅតែមាន ហេតុនេះ​ខ្ញុំ​សូម​ជំរុញ​ឱ្យ​ក្រសួង​បន្ត​លើកទឹកចិត្ត​ដល់​គ្រូបង្រៀន​តាមរយៈ​ការដំឡើងប្រាក់បៀវត្សរ៍ និង​ផ្តល់​អត្ថប្រយោជន៍​បន្ថែម​ទៀត ដើម្បី​ជំរុញ​ឱ្យ​គ្រូ អាច​ទៅ​បង្រៀន​នៅតាម​សាលារៀន​នៅ​តំបន់​ដាច់ស្រយាល​សំដៅ​ទទួល​បាន​គុណភាព​អប់រំ​ស្មើគ្នា​»​។

លោក​ ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​ធ្លាប់​ថ្លែងថា ដើម្បី​លើក​កម្ពស់​គុណភាព​អប់រំ រាជ​រដ្ឋា​ភិ​បាល​នឹង​ផ្តោតលើ​ការពង្រឹង​គុណភាព​គ្រឹះស្ថានសិក្សា​រដ្ឋ ចាប់ពី​ថ្នាក់​ម​ត្តេ​យ្យ​ឡើង​៕