ភ្នំពេញៈ​យុទ្ធ​នាការ​សៀវ​ភៅ​អាន​ ១ ម៉ឺន​ ក្បាល​ ដើម្បី​កុមារ​កម្ពុជា ទទួល​បាន​សៀវភៅ​ពី​សា​ធារណ​ជន​ចំនួន​ ១ ​ម៉ឺន​ ៦០ ក្បាល ​ក្នុង​រយៈ​ពេល ​៥ ខែនិង​បាន​ប្រគល់​សៀវភៅ​ទាំង​នោះ​ទៅ​ដល់​ជំរំ​អំ​ណាន​សម្រាប់​កុមារ​នៅតាម​ជនបទដាច់​ស្រយាល ​ដែល​ជួប​ប្រទះ​ការ​ខ្វះ​សៀវភៅ​អាន​នៅ​ក្នុង​តំបន់​ចំនួន ​៩ ​ក្នុង​ខេត្ត​ចំនួន​២​។​


​កាល​ពី​ថ្ងៃទី​២៦​ខែមីនា ឆ្នាំ​២០២៣ អង្គការ​ទស្សនៈ​ពិភព​លោក​ បានប្រកាស​អនុវត្ត​យុទ្ធ​នាការ​សៀវ​ភៅអាន​ ១ ម៉ឺន ​ក្បាល​ ដើម្បី​កុមារ​កម្ពុជា​ ដោយ​ភ្ជាប់​ជា​មួយ​កម្មវិធី ​«​អំ​ណាន​ឮៗ​» ដើម្បី​ផ្សព្វ​ផ្សាយ​ និង​ប្រមូល​ការ​ចូល​រួម​ពី​សា​ធារណ​ជន បន្ទាប់​ពី​យុទ្ធ​នាការ​នេះត្រូវ​បាន​បង្កើត​ឡើង​ជា​លើក​ដំបូង​កាលពី​ឆ្នាំ​២០២២​។​

​លោក ជា សុភាព ប្រធាន​ជាន់​ខ្ពស់​ផ្នែក​កៀរ​គរ​ធន​ធាន​ក្នុង​ស្រុក ​និង​ភាព​ជា​ដៃគូ​នៃ​អង្គការ​ទស្សនៈ​ពិភព​លោក បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​៣១ សីហា​ថា គិត​មក​ទល់​ពេល​នេះ​ ក្រុម​ការងារ​ ទទួល​បាន​សៀវភៅ​អាន​ចំនួន ១​០ ០៦០ ក្បាលពី​សប្បុ​រស​ជន​គ្រប់​ទិសទី​។


លោក​បាន​ឱ្យ​ដឹង​ទៀត​ថា ​សៀវភៅ​អា​ន​ទាំងនោះ​​ ១ ​ចំនួនធំ គឺ​បាន​ប្រគល់​ជូន​ជំរំ​អំ​ណាន ដែល​មាន​នៅក្នុង​តំបន់​គោល​ដៅ​ចំនួន​ ៩​ កន្លែង ស្ថិត​ក្នុង​ខេត្ត​ក្រចេះ និង​ព្រះវិហារ​ ដើម្បី​ផ្តល់​ជូន​ដល់​កុមារ​នៅ​ក្នុង​តំបន់ទាំង​នោះ ​ឱ្យ​ទទួល​បាន​សៀវ​ភៅ​អាន​ដោយ​សម្បូរ​​បែប​។​

​លោក​បាន​បញ្ជាក់​ថា​៖«​យើង​ប្រមូល​បាន​គ្រប់​តាម​ផែន​ការ​ដោយ​ទទួល​បាន​ចំនួន ​១​០ ០៦០​ ក្បាល ហើយ​នៅ​ក្នុង​ចំណោម​នោះ យើង​បាន​ប្រគល់​ជូន​ទៅ​កាន់​ខេត្ត​គោល​ដៅ​យើង​ចំនួន​២ គឺ​ខេត្ត​ក្រចេះ ​និង​ខេត្ត​ព្រះវិហារ​។ សៀវភៅ​ភាគ​ច្រើន​ដែល​យើង​ទទួល​បាន​ពី​សប្បុរស​ជន​នោះ គឺ​យើង​បាន​ដាក់​នៅក្នុង​ជំរំ​អំ​ណាន ​ដែល​មាន​នៅ​ក្នុង​តំបន់​ចំនួន ​៩ របស់​កម្ម​វិធី​​អង្គ​ការ​ទស្សនៈ​ពិភព​លោក​»​។​


​ក្រៅពី​ប្រគល់​ជូន​ទៅ​ដល់​ជំរំ​អំ​ណាន ​លោក​ ជា សុភាព​ បាន​អះអាង​ថា សៀវ​ភៅអាន​មួយ​ចំនួន ​ក៏​នឹងត្រូវ​ផ្តល់​ជូន​ទៅដល់​បណ្តា​ល័យ​នៅ​តាម​សា​លារៀ​ន​មួយចំនួន​ផង​ដែរ ​ដើម្បី​បន្ត​ចែក​រំលែក​ទៅដល់​សិស្សានុ​សិស្ស​ឱ្យ​ទទួល​បាន​សៀវ​ភៅ ​សម្រាប់​សិក្សា​ក្នុង​ទិស​ដៅ​ជួយ​ពង្រឹង​សមត្ថ​ភាព​កុមារ​ និង​បណ្តុះ​ធន​ធាន​មនុស្ស​។​

​ការ​អប់​រំគឺជា​វិស័យ​១​ដែល​រង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ ពី​ការបិទ​ខ្ទប់​រយៈពេល​យូរ​បណ្ដាលម​កពី​ការ​រាត​ត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ ​ហើយ​ផល​ប៉ះពា​ល់​នៃ​ការបិទ​សា​លារៀន​រយៈ​ពេល​១៨ខែ​បាន​ធ្វើឱ្យ​ការ​អប់រំ​របស់​កុមារ​រាប់​លាន​នាក់​ត្រូវ​ប្រឈម​នឹង​ហានិ​ភ័យ​កាន់​តែ​ខ្ពស់​។ នេះ​បើតាម​ការ​អះអាង​របស់​លោក​ វ៉ា សុរិន្ទ ប្រធាន​កម្មវិធី​អប់រំ​នៃ​អង្គ​ការ​ទស្សនៈ​ពិភព​លោក​។​

​តាម​ការ​សិក្សា​របស់​ក្រសួង​អប់រំ​កាល​ពី​ចុងឆ្នាំ​២០២១ បាន​រក​ឃើញថា​ កុមារ​សិក្សា​ថ្នាក់​ទី​៦ ដែល​អាច​អាន​បាន​មាន​ត្រឹម ​៤៥​ ភាគរ​យ​ចំណែក ​៥៥​ ភាគ​រយ​ទៀត ​មិន​មាន​សម​ត្ថភាព​អាន​ ដោយ​សារ​កត្ដា​ជីវភា​ព​និង​ភូមិ​សាស្ដ្រ​។​

​លោក វ៉ា សុរិន្ទ បាន​បញ្ជាក់​ថា​៖«​ការវិ​និយោគ​លើ​ការ​អាន​ជាពិសេស ​​សម្រាប់​កុមារ​ពិតជា​មាន​សារៈ​សំខាន់​ណាស់​សៀវភៅ​ជាឃ្លាំង​ផ្ទេរ​ចំណេះ​ដ៏​សំខាន់​បំផុត​១ ​សម្រាប់​សិស្សានុសិ​ស្ស​សិក្សា​ស្រាវ​ជ្រាវ និង​ស្វែងយ​ល់​អំពី​មុខវិជ្ជា​ផ្សេងៗ ​តាំងពី​វប្បធម៌ និង​មុខ​វិជ្ជា​វិទ្យាសា​ស្ត្រ​ផ្សេង​ទៀត​»​។​

​ក្នុង​យុទ្ធ​នាកា​រ​សៀវភៅ ​១ ​ម៉ឺន​ក្បាល ​កាលពី​ឆ្នាំ​២០២២​ កន្លង​ទៅ ​អង្គការ​ទស្សនៈ​ពិភព​លោក ​បាន​ទទួល​បាន​ថវិកា​ចំនួន​ជាង​២ ៤០០​ដុល្លារ និង​សៀវ​ភៅអា​ន​ចំនួន​ជាង៥០០ក្បាល ​ហើយក៏​បាន​ប្រគល់​ជូន​ជំរំ​អំ​ណាន និង​សាលា​រៀន​គោល​ដៅ ដែល​ស្ថិត​នៅ​ស្រុក​សំបូរ ​ខេត្ត​ក្រចេះ និង​ស្រុក​ជាំ​ក្សាន្ត ​ខេត្ត​ព្រះវិហារ​។​

​លោក​ស្រី មាស សិរី អ្នក​សម្រប​សម្រួល​ស្ម័គ្រ​ចិត្ត​នៅ​ជំរំ​អំ​ណានស្ថិត​នៅ​ឃុំ​កន្ទួត ​ខេត្ត​ព្រះវិហារ ដែល​ទទួល​បាន​ការ​បរិច្ចាគ​ពី​កម្មវិធី​«​អំ​ណាន​ឮៗ​» បាន​ថ្លែង​ថា ជំរំ​អំ​ណាន​នៅទីនេះ ​មាន​កុមារ​ចន្លោះ​ពី​៣០ ទៅ​៤០នាក់​ មក​អាន​សៀវភៅ​ជុំគ្នា ​បន្ទា​ប់ពី​ទំនេរ​ពី​ការ​សិក្សា នៅ​ថ្ងៃ​ចុង​សប្តាហ៍​។

​លោកស្រី​ បាន​ចា​ត់ទុកថា​៖«​ជំរំ​អំ​ណាន មិន​ត្រឹម​តែ​ជួយ​អភិវឌ្ឍ​បំ​ណិ​ន​អំ​ណាន​របស់​កុមារ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ធ្វើឱ្យ​ពួកគេ​បង្កើន​មិត្តភា​ព និង​សាមគ្គី​ភាព​ផង​ដែរ​។ ការ​បរិច្ចាគ​ថវិកា ឬ​សៀវ​ភៅ មក​អាន​ជំ​រំ​អំ​ណាន គឺជា​ផ្នែក​១​ជួយ​ដល់​កុមារ​ដែល​កំពុង​ជួប​ភាព​ខ្វះខាត​»៕