ព្រះវិហារៈរដ្ឋបាលខេត្តព្រះវិហារបានដាក់ចេញយន្តការតាមប្រព័ន្ធទំនាក់ទំនងសង្គមមួយចំនួនដើម្បីទទួលពាក្យបណ្ដឹងនិងសំណូមពររបស់ប្រជាពលរដ្ឋសំដៅធានាបាននូវការឆ្លើយតបឱ្យទាន់ពេលវេលាជូនប្រជាពលរដ្ឋ និងមានប្រសិទ្ធភាព។
លោក ណុប វុទ្ធី អភិបាលរងខេត្តព្រះវិហារ បានឱ្យដឹងនៅថ្ងៃទី៣១ ខែសីហាថា រដ្ឋបាលខេត្ត បានរៀបចំ និងកំពុងផ្សព្វផ្សាយប្រព័ន្ធទំនាក់ទំនងមួយចំនួនដែលជាយន្តការទទួលពាក្យបណ្តឹង និងសំណូមពរពីប្រជាពលរដ្ឋនិងសាធារណជនដើម្បីធានាបាននូវការឆ្លើយតបឱ្យទាន់ពេលវេលាជូនប្រជាពលរដ្ឋ។
លោកបន្តថា តាមរយៈយន្តការមួយចំនួននេះរដ្ឋបាលខេត្តបានដាក់ចេញនូវប្រព័ន្ធទំនាក់ទំនងមានដូចជា លេខទូរស័ព្ទទាន់ហេតុការណ៍«៤៣៣៣»ដែលដំណើរការរៀងរាល់ម៉ោងធ្វើការ ផេចហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្ត «រដ្ឋបាលខេត្តព្រះវិហារ» តេឡេក្រាមតាមរយៈលេខទូរស័ព្ទ ០១៧ ៤៣៣ ៤៣៣ និងការិយាល័យប្រជាពលរដ្ឋដែលមានទីតាំងស្ថិតនៅក្នុងបរិវេណសាលាខេត្តផងដែរ។
លោកបានឱ្យដឹងថា មូលហេតុដែលអាជ្ញាធរជ្រើសរើសប្រព័ន្ធទំនាក់ទំនងទាំងនោះប្រើប្រាស់ជាយន្តការក្នុងការទទួលពាក្យបណ្ដឹង និងសំណូមពររបស់ប្រជាពលរដ្ឋ គឺដោយសារវាមានភាពងាយស្រួលសម្រាប់ទំនាក់ទំនង ប្រមូលព័ត៌មាន ហើយវាអាចរក្សាការសម្ងាត់ និងការពារសុវត្ថិភាពបានខ្ពស់ផងដែរ។ ក្រៅពីនេះ ការជ្រើសរើសប្រព័ន្ធទំនាក់ទំនងទាំងនេះ វាក៏ផ្ដល់ភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋអាចផ្ញើវីដេអូ ផ្ញើរូបភាព សំឡេង និងអាចផ្ញើឯកសារធំៗបាន ហើយជាពិសេសវាអាចឆ្លើយតបបានទាន់ពេលវេលាជូនប្រជាពលរដ្ឋ។
លោក ណុប វុទ្ធី បានបញ្ជាក់ថា៖ «អ៊ីចឹងការដាក់ចេញយន្តការនេះ គឺបានផ្ដល់ប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋ គាត់ងាយស្រួលក្នុងការបញ្ជូនឯកសារកាត់បន្ថយពេលវេលា និងថវិកា ក្នុងការមកដាក់ពាក្យបណ្តឹងផ្សេងៗដល់ទីកន្លែង ហើយនិងអាចឱ្យប្រជាពលរដ្ឋរាយការណ៍ពីបញ្ហាផ្សេងៗដែលកើតមាននៅមូលដ្ឋានរបស់ពួកគាត់បានគ្រប់ពេលវេលា ២៤ ម៉ោង លើ ២៤ ម៉ោងជាដើម»។
លោកបន្ថែមថា ហេតុនេះយន្តការដែលដាក់ចេញទាំងនេះនឹងជំរុញដល់ការងារប្រមូលព័ត៌មាន ទទួលពាក្យបណ្ដឹង និងសំណូមពរពីប្រជាពលរដ្ឋ នៅពេលប្រជាពលរដ្ឋត្រូវការជំនួយ ដែលវានឹងបម្រើ និងឆ្លើយតបទាន់ពេលវេលាជូនពួកគាត់។
ទាក់ទងនឹងការបង្កើតយន្ដការនេះលោក ឡោ ចាន់ មន្ត្រីសម្របសម្រួលគម្រោងសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តព្រះវិហារ បានថ្លែងថា ការដាក់ចេញយន្តការរបស់រដ្ឋបាលខេត្តនេះគឺលោកមើលឃើញថាជាការល្អដោយលោករំពឹងថានឹងរួមចំណែកជួយប្រជាពលរដ្ឋនៅពេលមានបញ្ហាអ្វីមួយឬសេចក្ដីត្រូវការអ្វីមួយពីសំណាក់អាជ្ញាធរ។លោកបន្តថា ដូច្នេះពួកគាត់មានជម្រើសច្រើនក្នុងការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងនៃយន្តការនេះដើម្បីទាក់ទងជាមួយអាជ្ញាធរក្នុងការស្វែងរកអន្តរាគមន៍និងដំណោះស្រាយលើបញ្ហាផ្សេង។
លោក ឡោ ចាន់ បានបញ្ជាក់ថា៖«ខ្ញុំគិតថា យន្តការដែលដាក់ចេញហ្នឹង វាផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ហើយក៏ងាយស្រួលសម្រាប់អាជ្ញាធរក្នុងការទទួលព័ត៌មានលឿនពីប្រជាពលរដ្ឋជាពិសេសវាក៏មានលក្ខណៈជាតម្លាភាពដែរ ពីព្រោះកុំឱ្យមានអ្នកទទួលយកទៅ គាត់យកទៅទុកចោល ឬមួយដាក់ចូលរដ្ឋបាលខេត្តហើយ ប៉ុន្តែបែរជាទុកចោលអត់ព្រមដោះស្រាយ»៕