ភ្នំពេញៈ​ លោក ​ឌិត ទីណា រដ្ឋ​មន្ដ្រី​ក្រសួង​កសិកម្ម ​រុក្ខា​ប្រមាញ់​ និង​នេសាទ​បាន​អះអាង​ថា ក្រសួង​នឹង​ប្រើប្រា​ស់​ឧបក​រណ៍​ដ្រូ​ន​ ដែល​ហោះ​បាន​ឆ្ងាយៗ ​សម្រាប់​ឈ្លប​យក​ការ​ណ៍​ដើម្បី​បង្ក្រាប​បទ​ល្មើសនេសាទ ​និង​បទ​ល្មើស​ព្រៃ​ឈើ ​ព្រម​ទាំង​ការ​ងារ​អភិ​រក្ស​សត្វ​ផ្សោត​នៅ​ខេត្ត​ក្រចេះ ​និង​ស្ទឹង​ត្រែង​។​


​លោក ​ឌិ​ត ទីណា ​បាន​លើក​ឡើង​បែប​នេះ ក្នុ​ងពេល​ជួប​ពិភាក្សា​អំពី​ការផ្លា​ស់ប្តូ​រ​ឌីជីថល ​(Digital Transformation) ជាមួយ​អគ្គ​នាយក​ក្រុម​ហ៊ុន​មិត្ត​ហ្វូ​ន នៅ​ព្រឹក​ថ្ងៃទី​៣១ ​ខែសីហា ​ឆ្នាំ​២០២៣​ នៅ​ទីស្តី​ការ​ក្រសួងក​សិកម្ម​។

​ក្នុង​ជំនួប​នោះ​ លោក​រដ្ឋមន្ដ្រី​បាន​បញ្ជាក់​ប្រាប់​ទៅ​អគ្គនាយ​ក​ក្រុមហ៊ុន​មិ​ត្ដ​ហ្វូ​ន​ថា ក្នុង​ការ​ដឹក​នាំ​រប​ស់រាជ​រដ្ឋាភិ​បាល​អាណត្តិ​ទី​៧ ​នេះ​ ក្រសួង​កសិកម្ម ​នឹង​ផ្តោត​ការ​យកចិ​ត្តទុកដាក់​ជាពិ​សេស​លើ​ជំនាញ​កសិកម្ម​ សំដៅ​ជួយ​ដល់​កសិករ​នៅ​តាម​បណ្តា​មូល​ដ្ឋាន​ទូទាំង​ប្រទេស ​ព្រោះ​នេះ​ជា​គោល​ដៅ​អាទិ​ភាព​១ ​ក្នុង​ចំណោម​គោ​លដៅ​សំខាន់ៗ​ជាច្រើន​ទៀត​របស់​រាជ​រដ្ឋាភិ​បាល​។


​លោ​ក​បាន​បញ្ជាក់​ថា​ ក្រសួង​កសិក​ម្ម​កំពុង​បន្តធ្វើ​ទំនើប​កម្ម​បែប​ឌីជី​ថល​ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ រហ័ស ​ម្ចាស់​ការ​ និង​ប្រសិទ្ធ​ភាព ក្នុង​ការ​ផ្ដល់សេ​វា​ដល់​ប្រជា​កសិករ​។ ការងារ​នេះ​ក្រសួង​មាន​ការ​ចាំបា​ច់​ត្រូវការ​ការ​សហ​ការ​ចូល​រួម​ពី​វិស័យ​ឯកជន​ ដែល​មាន​២​ផ្នែក​សំខាន់ៗ​ ទី​១​គឺ ​ផ្នែក​រឹង និង​ទី២ គឺ​ផ្នែក​ទន់​។​

​លោក​បាន​បញ្ជាក់​ថា​៖«​សម្រាប់​ផ្នែក​រឹង (Hardware) គឺ​ក្រសួង​ត្រូវការ​ប្រភេទ​ដ្រូ​ន (Drone) សម្រាប់​ឈ្លប​យក​ការណ៍ ​ដោយ​មាន​សមត្ថ​ភាព​ហោះ​បាន​ឆ្ងាយ ​ដើម្បី​បម្រើ​ក្នុងការ​បង្ក្រាប​បទ​ល្មើស​នេសាទ ​និង​បទ​ល្មើស​ព្រៃឈើ ​ព្រម​ទាំង​ការងារ​អភិរក្ស​សត្វ​ផ្សោត​នៅ​ខេត្ត​ក្រចេះ ​និង​ស្ទឹង​ត្រែង​»​។


​ចំណែក​ផ្នែក​ទន់​វិញ ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ ត្រូ​វការ​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ដែល​ក្នុងនោះ​​រួម​មាន​ជំនាញ​កសិក​ម្ម បច្ចេក​វិទ្យា​ថ្មីៗ ព្រម​ទាំង​ភាសា​អង់​គ្លេស​ដើម្បី​ពង្រឹង​គុណភា​ពនិង​បង្កើន​ប្រសិទ្ធ​ភាព​ការងារ​ផងដែរ​។នេះ​បើតាម​ការប​ញ្ជាក់​​បន្ថែម​របស់​លោក ​ឌិ​ត ទីណា។

​ពាក់​ព័ន្ធ​នឹង​ការប​ណ្តុះប​ណ្តាល​​ធនធា​ន​មនុស្ស​នេះដែរ ​លោក​រដ្ឋមន្ត្រី​កសិកម្ម​ បានស​ម្ដែងការ​​អរគុ​ណដល់​​ក្រុមហ៊ុន​មិ​ត្ដហ្វូ​ន​ដែល​កន្លងម​ក​បាន​ជួយ​ដល់​សា​លា​កសិកម្ម​ក្នុងការ​អភិ​វ​ឌ្ឍ​ធន​ធាន​មនុស្ស​៕