រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​លោក ឈាង រ៉ា ស្នើ​និងជំរុញ​ថ្នាក់​ដឹកនាំ ​មន្រ្តី ​និងបុគ្គលិក​ទាំងអស់ បង្កើន​ប្រសិទ្ធភាព​ការងារ​តទៅ​មុខទៀត ដើម្បី​ពង្រឹង និងពង្រីក​ការផ្តល់​សេវា​សុខាភិបាល​សាធារណៈ​ជូន​ប្រជាពលរដ្ឋ សំដៅ​ធានា​ឱ្យបាន​នូវ​គុណភាព និងសុវត្ថិភាព។


ការស្នើ​នេះ ធ្វើឡើង​ក្នុងអំឡុង​ពេល​អញ្ជើញ​ចុះសួរ​សុខទុក្ខ និងសំណេះសំណាល​ ជាមួយ​ថ្នាក់​ដឹកនាំ​និងមន្រ្តី​រាជការ បុគ្គលិក​ទាំងអស់ ​នៅទីស្តី​ការក្រសួង​សុខាភិបាល កាលពី​ថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៣។

នាឱកាស​នោះលោក ឈាង រ៉ា បានថ្លែង​អំណរគុណ​ដល់​ថ្នាក់​ដឹកនាំ និងមន្រ្តី​រាជការ បុគ្គលិក​ទាំងអស់ តាម​អគ្គ​នាយកដ្ឋាន នាយកដ្ឋាន ការិយាល័យ​នានា នៅទីស្តីការ​ក្រសួង​សុខាភិបាល ដែលបាន​ខិតខំ​បំពេញ​កាតព្វកិច្ច​ការងារ​បម្រើ​ជូន​ជាតិ និងប្រជាពលរដ្ឋ តាមរយៈ​ស្ថាប័ន​ខ្លួន ដោយ​យក​ចិត្តទុក​ដាក់​ខ្ពស់ និងបន្ត​ខិតខំ​ដោយឥត​សំចៃ​ក្នុងការអនុវត្ត​ការងារ​ក្នុងវិស័យ​សុខាភិបាល តាមជំនាញ​របស់​ខ្លួន ឱ្យកាន់តែ​រីក​ចម្រើន និងកាន់តែ​ប្រសើរ​ឡើង។


បន្ថែមពីនេះ​លោកស្នើ​ថា៖«សូម​ថ្នាក់​ដឹកនាំ និងមន្រ្តី បុគ្គលិក​ទាំងអស់ បន្ត​និរន្តរភាព និងបង្កើន​ប្រសិទ្ធភាព​ការងារ​តទៅ​មុខទៀត ដើម្បី​ពង្រឹង និងពង្រីក​ការផ្តល់​សេវា​សុខាភិបាល​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ធានា​ឱ្យបាន​នូវ គុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌»។

លោក​រដ្ឋមន្រ្តី ក៏បាន​ស្នើ​ឱ្យ​ថ្នាក់​ដឹកនាំ មន្រ្តី​រាជការ និងបុគ្គលិក​ទាំងអស់ ត្រូវ​បន្ត​បំពេញ​ភារកិច្ច​រៀងៗខ្លួន​ដោយស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ ត្រូវចេះ​ស្រឡាញ់​រាប់អានគ្នា ពង្រឹង​សាមគ្គី ឯកភាព​ផ្ទៃ​ក្នុង ដើម្បី​ចូលរួម​គាំទ្រ និង​សម្រេច​ឱ្យ​បាននូវ​បេសកកម្ម​ដ៏ឧត្តុង្គឧត្តម​របស់​រាជរដ្ឋាភិបាល​អាណត្តិទី៧ ក្រោម​ការដឹកនាំ​របស់​លោកនាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។


គួរជម្រាបជូន​ថា លោក ឈាង រ៉ា រដ្ឋមន្រ្តី​សុខាភិបាល​ដែលទើប​ចូលកាន់​តំណែង​ថ្មី កាលពី​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣​នេះ បានចុះ​ពិនិត្យ​ស្ថានភាព​មូលដ្ឋាន​សុខាភិបាល នៅខេត្ត​កំពង់ឆ្នាំង និងនៅ​តាមបណ្ដា​ខេត្ដ​នៅជុំវិញ​បឹងទន្លេសាប ដើម្បី​ពិនិត្យ​លទ្ធភាព ជំរុញ​សេវា​ថែទាំ​សុខភាព​ឱ្យកាន់តែ​ខិតជិត​ប្រជាពលរដ្ឋ ប្រកបដោយ​គុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌។

ក្នុងដំណើរ​បេសកកម្ម​របស់​លោក បានពិនិត្យ​មើលការ​រីកចម្រើន និងវឌ្ឍនភាព​ផ្សេងទៀត រួមទាំង​បញ្ហា​ប្រឈម​នានា ដែលមាន​នៅក្នុងខេត្ដ​កំពង់ឆ្នាំង ដើម្បី​ពិនិត្យ​លទ្ធភាព​ក្នុងការជំរុញ​សេវាថែទាំ​សុខភាព​នៅក្នុង​ខេត្ដ​នេះ កាន់តែ​ធានា​បាននូវ​គុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព​ខ្ពស់ ប្រកបដោយ​សមធម៌។ ជាពិសេស​ការបង្ខិត​សេវាថែទាំ​សុខភាព ឱ្យបាន​កាន់តែ​កៀក​ប្រជាពលរដ្ឋ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទទួលបាន​ភាពងាយស្រួល​ក្នុងទទួល​សេវាថែ​ទាំសុខភាព កាន់តែ​ល្អប្រសើរ។

លោកបានបញ្ជាក់​ថា៖«កិច្ចសហការ​របស់​អាជ្ញាធរ ជាមួយ​វិស័យ​សុខាភិបាល ពិតជា​មានសារៈ​សំខាន់​ណាស់ ដើម្បី​ធានាបាន​ក្នុងការផ្ដល់​សេវាសុខាភិបាល​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌ ជូន​ប្រជាពលរដ្ឋ»៕