ភ្នំពេញៈ លោក​ឧបនាយក​រដ្ឋ​​មន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួង​​មហាផ្ទៃ​ថ្លែងថា ចំពោះ​អ្នក​ដែលមាន​តួនាទី​ភារកិច្ច​ជា​កងកម្លាំង​​ប្រដាប់អាវុធ បើសិន​មានការ​​ស្រាវជ្រាវ​ឃើញថា មានការ​ពាក់​​ព័ន្ធ​ជាមួយ​ការប្រើប្រាស់ និង​ជួញ​​ដូរ​គ្រឿងញៀន​មិនគួរ​រក្សាទុក​នៅ​ជា​កងកម្លាំង​បំពេញ​តួនាទី​ភារកិច្ច​ទៀត​ទេ​។


​ការ​ថ្លែង​របស់លោក ស សុខា បែបនេះ​ធ្វើឡើង​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​របស់​អគ្គ​​លេខាធិការ អគ្គនាយក និង​​ប្រធាន​បណ្ឌិត្យសភា​នគ​របាល​​កម្ពុជា នៃ​ក្រសួងមហាផ្ទៃ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី ​៣០ ខែសីហា​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ទុក​ក៏​មិនដឹង​ចំណេញ​អី សំណួរ​នៅ​កន្លែង​ហ្នឹង គាត់​ម្នាក់ មិនដឹងថា គាត់​បានធ្វើ​ប៉ុន្មាន​ឆ្នាំ​ហើយ ហើយ​រាប់ពាន់​រាប់សែន​នាក់ ដែល​ត្រូវ​កើតទុក្ខ​ដោយសារ​គាត់​។ អ៊ីចឹង​ហើយ​ខ្ញុំ​គិតថា ការងារ​នេះ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នឹង​ជជែក​បន្ថែម​ជា​​មួយ​ឯកឧត្តម​ ព្រំ សុខា ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿង​​ញៀន ដើម្បី​ពិនិត្យ​ទៅលើ​ផែន​ការរួម​ធ្វើ​ម៉េច​រឹតបន្តឹង​ក្នុងការ​​គ្រប់គ្រង​គ្រឿងញៀន​»​។


​ជាមួយគ្នា​នោះ​លោក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានលើកឡើង​ពី​ការលុបបំបាត់​ឱ្យបាន​នូវ​វប្បធម៌​អន្តរាគមន៍​គ្រប់​ប្រភេទ ដែល​ចំណុច​នេះ​លោក​បាន​សង្កត់ធ្ងន់​ទៅលើ​ការអន្តរាគមន៍​ចំពោះ​ការ​ជួញដូរ​គ្រឿងញៀន ព្រោះ​កន្លងមក​ធ្លាប់​កើតមាន​។ លោក​ថា នៅ​អាណត្តិ​មុន​មាន​ស្នងការរង​ម្នាក់ បាន​បន្លំ​ឯកសារ និង​មានការ​អន្តរាគមន៍រ​ហូត​ទៅដល់​រដ្ឋ​​មន្ត្រី​ក្រសួងមហាផ្ទៃ លោក ​ស ខេង ទៀតផង​។

​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន​នេះដែរ លោក មាស វិ​រិ​ទ្ធ អគ្គ​​លេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀនបានឱ្យដឹងថា ក្រោយ​បញ្ចប់​បេសកកម្ម​ដ៏​មមាញឹក​ក្នុងការ​បោះឆ្នោត​តាម​បណ្តា​ខេត្ត អាជ្ញាធរ ទើបបាន​​បំពេញបន្ថែម​នូវ​ការរៀបចំ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿង​​ញៀន​ក្នុងនោះ​ខេត្ត​ចំនួន ​៤ រួម​​មាន​ខេត្ត​ព្រះសីហនុ បាត់ដំបង សៀមរាប និង​កំពង់ឆ្នាំង បានធ្វើ​​ការដុត​បំផ្លាញចោល​គ្រឿងញៀន​ប្រមាណ​ជាង ៦​ តោន​។


​លោក មាស វិ​រិ​ទ្ធ ​បាន​ថ្លែងប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​៣១ ​សីហា​ថា នៅ​រាជធានី​ភ្នំពេញ បានធ្វើ​​ការដុត​បំផ្លាញចោល​រួចហើយ នូវ​សារធាតុ​ញៀន និង​សារធាតុ​​គីមី​ផ្សំ ដែល​សមត្ថកិច្ច​ចាប់បាន និង​មាន​ដីកា​សម្រេច​ពី​តុលាការ​។ ការដុត​បំផ្លាញ​នោះ​ធ្វើឡើង​ក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ កាលពី​ថ្ងៃទី​ ២៨ ខែមិថុនា ឆ្នាំ ​២០២៣ ដែលមាន​គ្រឿងញៀន​រហូតដល់​ប្រមាណ​ជាង​ ៥​ តោន​។

លោក​បញ្ជាក់ថា ក្រៅពី​ខេត្ត​ទាំង ​៤ ​ខាងលើ និង​រាជធានី​ភ្នំពេញ នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​មួយចំនួនទៀត​ក៏មាន​ការដុត​បំផ្លាញ​គ្រឿងញៀន​ចោល​ផងដែរ ប៉ុន្តែ​នៅ​មិនទាន់​មានការ​​បូកសរុប​ពី​ចំនួន​គ្រឿងញៀន​នៅ​ទូទាំងប្រទេស ដែល​ត្រូវ​ដុតបំផ្លាញ​ចោល​ទេ​។

​លោក​ថ្លែងថា​៖ «​គេ​អត់​ទាន់​បាន​បូកសរុប​មកឱ្យ​ខ្ញុំ​ផង ប៉ុន្តែ​មានការ​ដុត​ច្រើន​ខេត្ត​។ ខ្ញុំ​ខ្លួនឯងក៏​អត់​បាន​បូកសរុប ព្រោះ​ខ្ញុំ​ខ្លួន​ឯង​ចូលក្នុង​ពិធី​ខ្លះ អគ្គលេខា​ធិ​ការរង​មួយចំនួន​ចូលក្នុង​ពិធី​ខ្លះទៀត មាន​ច្រើន​រាជធានី ខេត្ត​គោលដៅ​»​។

​លោក​បន្តថា ការដុត​បំផ្លាញចោល​គ្រឿងញៀននៅ​ទី​សា​ធា​​រណៈ គឺជា​ការបង្ហាញ​ប្រាប់​ដល់​សាធារណជន​ឱ្យបាន​ជ្រាបថា គ្រឿងញៀន​ដែល​ចាប់បាន​ដោយ​សមត្ថកិច្ច ត្រូវ​យកទៅ​​បំផ្លាញចោល គឺជា​សារ​ដាស់​​តឿន​ស្មារតី​ដល់​យុវជន ឬ​អា​ណា​ព្យាបាល ឬ​អ្នក​ដែលមាន​​បងប្អូន​សាច់ញាតិ​រងគ្រោះ​ដោយ​​សារ​បញ្ហា​គ្រឿងញៀន​ឱ្យបាន​យល់​ជ្រួតជ្រាប​។ ការដុត​បំផ្លាញ​គ្រឿងញៀន​ជា​សាធារណៈ​នេះ​ក៏​បង្ហាញ​ផងដែរ​ថា គ្រឿងញៀន​គ្មាន​ប្រយោជន៍​អ្វី​ទាំងអស់ ហេតុនេះ​ត្រូវតែ​បោះបង់ និង​កុំ​មានការ​ពាក់ព័ន្ធ​។

​លោក​ មាស វិ​រិ​ទ្ធ លើកឡើង​ទៀតថា ក្នុង​បេសកកម្ម​ថ្មី​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ ​នៃ​រដ្ឋ​សភា លោក​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ទាំងអស់​ចូលរួម​ប្រយុទ្ធ​​ប្រឆាំង​គ្រឿងញៀន ដើម្បី​បង្កើត​បង្កើន​សមិទ្ធផល​ថ្មី ជាពិសេស​លុបបំបាត់​ប​ញ្ហា​គ្រឿងញៀន​ឱ្យចេញ​ជា​លទ្ធផល​ផ្លែផ្កា​កុំឱ្យ​​ចំនួន​អ្នកប្រើប្រាស់​កើន​ឡើងជា​បន្តទៀត​។

​លោក​ថ្លែងថា​៖ «​ដើម្បី​កុំឱ្យ​ចំនួន​អ្នកប្រើប្រាស់​គ្រឿងញៀន​កើន​​ឡើង​ គឺ​ទាំងអស់គ្នា​ត្រូវបដិសេធ​ការប្រើប្រាស់​គ្រឿងញៀន នេះ​ជា​កិច្ចការងារ​ ១ ​ល្អ ធ្វើឱ្យ​ភូមិ ឃុំ កាន់​តែមាន​សុវត្ថិភាព ព្រោះ​​បញ្ហា​គ្រឿងញៀន នាំមក​នូវ​​បញ្ហា​ស្មុគស្មាញ ចាក់​ស្រែះ​នៅក្នុង​មូលដ្ឋាន​»៕