​ភ្នំពេញៈ លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ​៣០ ខែសីហា បាន​ដឹកនាំ​កិច្ចប្រជុំ​រួមជាមួយ​អ្នកជំនាញ​អាជ្ញាធរ​ខណ្ឌ​ទាំង ​១៤ និង​មន្ទីរ​ពាក់ព័ន្ធ ដើម្បី​ធ្វើការ​សិក្សា និង​ព​ន្លឿ​ន​ផែនការ​ដោះ​​ស្រាយ​ការលិចលង់​ដោយសារ​ជំនន់​ទឹកភ្លៀង​។​


​លោក ឃួ​ង ស្រេង បានឱ្យដឹងថា កិច្ច​ប្រជុំ​នេះ ធ្វើឡើង​ក្នុង​បំណង​សិក្សា​អំពី​ប្រព័ន្ធ​រំដោះ​ទឹក​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ទប់ទល់​នឹង​បម្រែបម្រួល​អាកាស​​ធាតុ​សកល និង​ការរៀបចំ​ផែនការ​បន្ត​លើ​ការដោះស្រាយ​ការលិចលង់ ដោយ​ជំនន់​ទឹកភ្លៀង​ឱ្យបាន​យូរអង្វែង​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​ដើម្បី​រក​មធ្យោបាយ​ដោះស្រាយ​ឱ្យ​បានល្អ​ចៀសវាង​ឱ្យបាន​ពី​ការ​លិច​ដោយ​ជំនន់​ទឹកភ្លៀង ព្រោះថា បើ​លិច​រោងចក្រ សហគ្រាស​នោះ វា​នឹង​ខាតបង់​ធ្ងន់ធ្ងរ​ណាស់ នេះ​ជា​បញ្ហា​ដែល​ទាមទារ​ឱ្យ​យើង​ត្រូវ​រួមគ្នា​ដោះស្រាយ​ឱ្យបាន​ល្អ​»​។


​លោក​ក៏បាន​ជំ​រុញឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង ​១៤ និង​មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់ ធ្វើ​កិច្ចការងារ​នេះ​ជា​កញ្ចប់​តែ​ ១ ដែល​វា​នឹង​អាច​ដោះស្រាយ​ការលិចលង់​នេះ​បាន​ពី ​១៥ ​ទៅ​ ២០ ​ឆ្នាំ ហើយ​ពាក់ព័ន្ធ​នឹង​ការងារ​នេះ រាជរដ្ឋាភិបាល​ក៏​នឹង​ពិនិត្យ​បញ្ហា​លិចលង់ នៅ​សណ្ដ​ស្ទឹង​​ព្រែក​ត្នោត​ផងដែរ​។ ក្រោយ​កិច្ចប្រជុំ​រក​ធាតុ​ចូល​បាន​គ្រប់​ជ្រុងជ្រោយ​ហើយ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​អាច​រៀបចំ​ជា​គម្រោង​ធំ​ ១ ផ្ញើ​ទៅ​រាជរដ្ឋាភិបាល​។

​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញថ្លែងថា សម្រាប់​រាជធានី​ភ្នំពេញ គឺ​បានធ្វើ​ការងារ​ច្រើនណាស់ ដើម្បី​ដោះស្រាយ​បញ្ហា​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង ដោយ​គិត​មកដល់ពេលនេះ បាន​ស្ថាប​​នា​ប្រព័ន្ធ​លូ​បាន​ជាង​ ៩២៤​គីឡូម៉ែត្រ ហើយនឹង​បន្ត​ស្ថាបនា​ជា​បន្តបន្ទាប់​ទៀត​ដែរ​។


​លោកថ្លែងថា​៖ «​នៅក្នុង​រាជធានី​​ភ្នំពេញ យើង​បាន​ដោះស្រាយ​បញ្ហា​លិចលង់​នេះ​បាន ៣២​ កន្លែង រួចហើយ ហើយ​នៅពេល​ថ្មី​នេះ​ទៀត​យើង​ដោះ​​ស្រាយ​បាន ៧ ​កន្លែង​ថ្មី​ទៀតផង​»​។​

​លោក ធី រតនៈ ជា​ពលរដ្ឋ​រស់នៅក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ​៣១ ខែសីហា ឆ្នាំ​ ២០២៣ បាន​លើកឡើងថា ជា​រៀងរាល់ឆ្នាំ ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង កំណាត់​ផ្លូវ​តូចធំ​ជាច្រើន​ក្នុង​​រាជធានី​ភ្នំពេញ តែងតែ​លិចលង់​ដោយ​​សារ​ជំនន់​ទឹកភ្លៀង​។ ជាមួយគ្នានេះ​លោក​សុំឱ្យ​អាជ្ញាធរ​មូលដ្ឋាន ពិសេស​ស្ថាប័ន​ពាក់ព័ន្ធ គួរតែ​ចាត់វិធានការ​​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ជាង​នេះ ហើយ​ក៏បាន​សុំឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ពី​សុវត្ថិភាព​ក្រុមគ្រួសារ​នៅពេល​មាន ទឹក​លិច​ផងដែរ​៕