កោះកុងៈ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងអាជ្ញាធរមីនកម្ពុជា កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៣ បានចុះអនុស្សរណៈនៃការយោគយល់គ្នាដោយបានចុះហត្ថលេខាអនុម័តផ្ដល់ថវិកាលើគម្រោងបោសសម្អាតមីនក្នុងស្រុកចំនួន ៤ នៅខេត្តកោះកុងដែលនឹងត្រូវប្រើថវិកា ៤២៦ ៧០៩ ដុល្លារអាមេរិក។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាពី «គម្រោងភូមិអស់មីននៅខេត្តកោះកុង» បានធ្វើឡើងនៅខេត្តកោះកុង ដោយមានការចូលរួមពីលោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន, លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជានិងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង រួមនឹងមន្ត្រីជាច្រើនរូបទៀត។
យោងតាមការប្រកាសរបស់អាជ្ញាធរមីនបានបញ្ជាក់ថា «គម្រោងភូមិអស់មីននៅខេត្តកោះកុង» នេះ ទទួលការឧបត្ថម្ភគាំទ្រថវិកាពីរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា ក្រោមក្របខ័ណ្ឌគម្រោងផ្តល់ផលរហ័ស និងសហការជាមួយអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន)។
នៅឯពិធីចុះហត្ថលេខានោះ លោកទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងថា៖ «តាមរយៈការគាំទ្រពីរាជរដ្ឋាភិបាលឥណ្ឌា អាជ្ញាធរមីនបានរៀបចំផែនការបោសសម្អាតមីនក្នុងស្រុកបទុមសាគរ ស្រុកស្រែអំបិល ស្រុកថ្មបាំង និងស្រុកកោះកុង លើទំហំផ្ទៃដី ១ ៩៧២ ០៩១ ម៉ែត្រការ៉េ ស្មើនឹង ៣៣ ចម្ការមីន ដោយត្រូវប្រើប្រាស់ថវិកាសរុប ៤២៦ ៧០៩ ដុល្លារអាមេរិក»។
លោកបានបន្តថា គម្រោងនេះនឹងប្រែក្លាយស្រុកទាំង ៤ ខាងលើជាស្រុកអស់មីន ព្រមទាំងមានប្រជាពលរដ្ឋទទួលផលសរុបចំនួន ២០ ៣១៩ គ្រួសារ ស្មើនឹង ៨៦ ៣៦៧ នាក់។
ខេត្តកោះកុង តាមរយៈការងារបោសសម្អាតមីននេះ នឹងជំរុញឱ្យមានការវិនិយោគកាន់តែច្រើនបន្ថែមទៀតតាមរយៈការទទួលបាន និងការប្រើប្រាស់ដីប្រកបដោយសុវត្ថិភាព ក៏ដូចជាផ្តល់សុវត្ថិភាពដល់ភ្ញៀវទេសចរដែលមកកម្សាន្តក្នុងតំបន់ធម្មជាតិខេត្តកោះកុង ហើយប្រជាពលរដ្ឋនឹងទទួលបានជីវភាពរស់នៅកាន់តែប្រសើរផងដែរ។
លោក លី ធុជ បានបញ្ជាក់ថា៖ «ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម គឺជាកិច្ចការអាទិភាពមួយ និងទទួលបានការគាំទ្រ និងយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក្នុងការចូលរួមលើកកម្ពស់ជីវភាពរស់នៅ និងផ្តល់ស្នាមញញឹមជូនដល់ប្រជាពលរដ្ឋ ដែលកិច្ចការនេះលោកបាននិងកំពុងបន្តមរតក និងទទួលបេសកកម្មដ៏ធំធេងពីសម្តេច ហ៊ុន សែន»។
សូមបញ្ជាក់ដែរថា ប្រទេសឥណ្ឌា ធ្លាប់បានផ្តល់ថវិកាជួយបោសសម្អាតមីននៅស្រុកបទុមសាគរ ខេត្តកោះកុង និងផ្តល់អវយវៈដល់ជនមានពិការភាពដោយសារមីន និងគ្រាប់នៅខេត្តបន្ទាយមានជ័យចំនួន ៥៥០ នាក់ផងដែរ។
យោងតាមរបាយការណ៍អាជ្ញាធរមីនក្នុងឆមាសទី១ ឆ្នាំនេះផ្ទៃដីបោសសម្អាតរួចសរុបចំនួន ២១៥ គីឡូម៉ែត្រការ៉េ ក្នុងនោះផ្ទៃដីមានមីនបោសសម្អាតរួចមាន ១១៣ គីឡូម៉ែត្រការ៉េ ដោយរកឃើញមីនប្រឆាំងមនុស្ស ១២ ២៩៦ គ្រាប់, មីនប្រឆាំងរថក្រោះ ៨៧គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ៣១ ៣០៧ គ្រាប់។
ជាមួយគ្នានេះអាជ្ញាធរមីន គ្រោងប្រកាសខេត្ត ៦ ជាខេត្តអស់មីននៅឆ្នាំនេះ រួមមានខេត្តកំពង់ស្ពឺ ក្រចេះ កំពង់ធំ សៀមរាប មណ្ឌលគិរី និងខេត្តរតនគិរី៕