​អនុរដ្ឋលេខាធិការ​នៃ​ក្រសួងបរិស្ថាន លោក ភាវ សុ​វុទ្ធី បាន​លើកឡើងថា បញ្ហា​ប្លា​ស្ទិ​ក និង​សំរាម គឺជា​បញ្ហា​រួម​របស់​មនុស្សលោក ដែល​ទាមទារ​ឱ្យ​រួមគ្នា​ដោះស្រាយ​ទាំង​នៅ​ថ្នាក់ជាតិ តំបន់ និង​ពិភពលោក តាមរយៈ​ការបញ្ជ្រាប​ចំណេះដឹង​ពី​ផលប៉ះពាល់ និង​ការ​ទុកដាក់​សំរាម ដើម្បី​សុខុមាលភាព​សាធារណៈ​។


​លោក ភាវ សុ​វុ​ទ្ឋី បាន​ថ្លែង​បែបនេះ នៅក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើក​ទី​៤ ស្តីពី​ការរៀបចំ​ផែនការ​សកម្មភាព​ជាតិ​សម្រាប់​កាត់បន្ថយ​សំរាម​សមុទ្រ​នៅ​កម្ពុជា កាល​ថ្ងៃទី​៣១ ខែសីហា ដោយមាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​។

​លោក​បានឱ្យដឹងថា​៖ «​ជា​ការងារ​អាទិភាព​យើង​ត្រូវ​គិតគូរ គឺ​ការទទួលខុសត្រូវ​រប​ស់​អ្នក​ផលិត ការបង្កើន​សមត្ថភាព និង​ការផ្លាស់​បូរ​ឥរិយាបថ​របស់​អ្នក​ផលិត​សំរាម ការបែងចែក​សំរាម​ដោយ​គិត​ចាប់ពី​កុមារ​តូច ដោយ​ការបញ្ជ្រាប​ចំណេះដឹង តាមរយៈ​ការអប់រំ​នៅតាម​សាលារៀន ការរៀបចំ​សាលា​មេត្រី​បរិស្ថាន អារាម​មេត្រីភាព មណ្ឌល​សុខភាព សកម្មភាព​មេត្រី​បរិស្ថាន និង​ពង្រឹង​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​ផងដែរ​»​។


​លោក​បាន​បន្ថែមថា ទន្ទឹមនឹង​ការធ្វើ​ទំនើបកម្ម​ការគ្រប់គ្រង​សំណ​ស់ សំរាម ដោយ​ប្រើប្រាស់​ប្រព័ន្ធ​កុំព្យូទ័រ​តាមដាន​ហើយ​នោះ ការបែងចែក ការកែច្នៃ​សំរាម ទាំង​ប្លា​ស្ទិ​ក ក៏​យើង​អាច​យកទៅលក់ ទៅធ្វើជា​វត្ថុធាតុដើម​សម្រាប់​ការកែច្នៃ ឬ​ធ្វើជា​ប្រេងឥន្ធនៈ និង​សំរាម​សរីរាង្គ ដែល​អាច​ធ្វើជា​ជី​កំ​ប៉ុស្តិ៍ និង​ការប្រើប្រាស់​ឡើងវិញ​ថែមទៀត​ផង​។

​ដើម្បីឱ្យ​សកម្មភាព​ខាងលើ​បាន​ជោគជ័យ មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន បាន​អះអាងថា​៖«​ការបញ្ជ្រាប​ទស្សនទាន​ភាពជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល​និង​ផ្នែក​ឯកជន ទៅក្នុង​ខ្សែ​ច្រ​វ៉ា​ក់​នៃ​ការគ្រប់គ្រង សំណល់​រឹង និង​រាវ ក៏ត្រូវ​បានគិត​គូរ​ផងដែរ​»​។ លើសពីនេះ លោក​ថា ក្រសួង​ក៏បាន​ផ្តោតលើ​ការបញ្ជ្រាប​ផែនការ​សកម្មភាព​នានា​ឱ្យទៅ​ក្នុង​ផែនការ​អភិវឌ្ឍ​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ស្របទៅតាម​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​ថែមទៀត​។


​ពាក់ព័ន្ធ​បញ្ហា​សំរាម​នេះ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​លោក ហុង វណ្ណៈ បាន​ថ្លែង​គាំទ្រ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួង​ពាក់ព័ន្ធ ខណៈ​លោក​ក៏​ជំ​រុញឱ្យ​អន្តរក្រសួង​សហការគ្នា​រៀបចំ និង​គ្រប់គ្រង​រាល់​បញ្ហា​ប្លា​ស្ទិ​ក និង​សំរាម​ដែល​បង្ក​គ្រោះថ្នាក់ នៅតាម​ភព​ទឹក​នានា ដើម្បី​បញ្ចៀស​ផលប៉ះពាល់​។

លោក​បាន​លើកឡើងថា​៖ «​នេះ​គឺ​កិច្ចការ​សំខាន់​ណាស់ ព្រោះ​កិច្ចការ​ទាំងនេះ គឺជា​កិច្ច​ការរសើប​ដែល​ទាមទារ​ឱ្យមាន​កិច្ច​អន្តរាគមន៍​រួមគ្នា ទាំង​កម្ពុជា និង​សហគមន៍​អន្តរជាតិ​មួយ​បន្ទាន់ ព្រោះថា​បើសិនជា​សំណល់​ប្លា​ស្ទិ​ក និង​សំរាម​ដែល​បង្ក​គ្រោះថ្នាក់​ទាំងនោះ ទុកដាក់​មិនបាន​ត្រឹមត្រូវ អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ប្រជាពលរដ្ឋ បរិស្ថាន ជីវៈចម្រុះ​នៅក្នុង​ទឹក សេដ្ឋកិច្ច​គ្រួសារ និង​ជាតិ​ថែមទៀត​»​។​

​ក្រសួងបរិស្ថាន ធ្លាប់បាន​បង្ហាញថា បច្ចុប្បន្ននេះ សំរាម​ភាគច្រើន​នៅក្នុង​សមុទ្រ​របស់​យើង គឺ​សំរាម​ប្លា​ស្ទិ​ក​។ ជា​រៀងរាល់ឆ្នាំ​ប្លា​ស្ទិ​ក​ប្រមាណ ៨ លាន​តោន ហូរ​ចូលទៅក្នុង​សមុទ្រ ស្មើនឹង​ឡាន​ដឹក​សំរាម​ធំ​មួយ​ពេញ រៀងរាល់​មួយ​នាទី​ម្ដង​។ ជាងនេះទៀត​សំណល់​ប្លា​ស្ទិ​ក​ក្នុង​ពិភព​ល​លោក​ប្រមាណ ៩០% ត្រូវ​ហូរ​ចូលទៅក្នុង​សមុទ្រ​តាមរយៈ​ទន្លេធំៗ​ចំនួន ១០​។ ទន្លេ​ចំនួន ៨ ក្នុងចំណោម​ទន្លេ​ទាំង ១០ នេះ គឺ​ឋិត​នៅ​អាស៊ី ដែល​ក្នុងនោះ ទន្លេ​មួយ គឺ​ទន្លេមេគង្គ​។​

​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រាជរដ្ឋាភិបាល ដែលមាន​ក្រសួងបរិស្ថាន​ជា​សេនាធិការ បានចាប់ផ្ដើម​សាងសង់​ទីលាន​ទុកដាក់​សំរាម សំណល់​រឹង​ខ្នាត​តំបន់​មួយ​ដែលមាន​បទដ្ឋាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ នៅតាម​បណ្តា​ខេត្ត​ស្ទើរ​ទូទាំងប្រទេស រួមមាន ខេត្តកណ្តាល កំពង់ស្ពឺ ព្រះសីហនុ កំពត កែប កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង កំពង់ធំ និង​ខេត្តស្វាយរៀង​ជាដើម​៕​