​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​សហការ​ជាមួយ​វិទ្យាស្ថាន​អភិ​វ​ឌ្ឈ​ន៍​បៃតង​សកល (GGGI) ចុះ​សិក្សា​ពី​លទ្ធភាព​ក្នុងការ​អភិវឌ្ឍ​វិស័យ​គ្រប់គ្រង​ទឹក​កខ្វក់ និង​ប្រព័ន្ធ​សំណល់​រឹង ដោយបាន​កំណត់​ក្រុង​បាត់ដំបង និង​ទីប្រជុំ​ស្រុក​មោងឫស្សី ជា​ក្រុង និង​ស្រុក​គោលដៅ សម្រាប់​ការសិក្សា​ប្រមូល​ធាតុ​ចូល​ក្រោម​ជំនួយឥតសំណង​របស់​សាធារណរដ្ឋ​កូរ៉េ​។​


​ដើម្បីឱ្យ​គម្រោង​ទទួលបាន​ជោគជ័យ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានរៀបចំ​កិច្ចប្រជុំ​ពិភាក្សា​លើ​លទ្ធផល​ការសិក្សា​សមិទ្ធិ​លទ្ធភាព​ដំបូង​នៃ​គម្រោង​ការអភិវឌ្ឍ​ទីក្រុង​កាបូន​ទាប ការលើកកម្ពស់​ការទទួល​បាន​សេវា​ប្រកបដោយ​ចីរភាព​នៅក្នុង​ក្រុង​បាត់ដំបង កាលពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២៣​។

​កិច្ចប្រជុំ​នេះ ក៏មាន​ការចូលរួម​ពី​អភិបាលរងក្រុង​បាត់ដំបង​លោក នូ ចំរើន ធ្វើជា​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំ និង​មានការ​ចូលរួម​ពី​តំណាង​អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ រដ្ឋបាល​ក្រុង​បាត់ដំបង មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តបាត់ដំបង ទីប្រឹក្សា​គម្រោង​វិទ្យាស្ថាន​អភិ​វ​ឌ្ឈ​ន៍​បៃតង​សកល (GGGI) និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ផងដែរ​។


​លោក ចៅ សុភ​:​ភិ​បាល អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា គម្រោង​នេះ​រៀបចំឡើង​ក្នុង​គោលបំណង ៤​សំខាន់ៗ ក្នុងនោះ​ទី​១ ណែនាំ​គោល​គំនិត​សេដ្ឋកិច្ច​ច​ក្រា លើ​ការគ្រប់គ្រង​ប្រព័ន្ធ​សំណល់​រឹង​ក្នុង​ក្រុង ទី​២ កំណត់​គម្លាត​ក្នុងការ​អនុវត្ត​ការគ្រប់គ្រង​ទឹក​កខ្វក់ និង​ប្រព័ន្ធ​សំណល់​រឹង ទី​៣ អភិវឌ្ឍន៍​គម្រោង​ឆ្លើយតប​នឹង​តម្រូវ​ជាក់ស្តែង​ថ្នាក់ក្រុង ស្រុក និង​ទី​៤ ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំង​វិស័យ​សាធារណ​: និង​ឯកជន ប្រតិបត្តិ​ករ​។

​ជា​លទ្ធផល អង្គ​ប្រជុំបាន​គាំទ្រ​លើ​លទ្ធផល​នៃ​ការសិក្សា​បឋម និង​បាន​ស្នើឱ្យ​បន្ត​ជំហាន​សិក្សា​បន្តបន្ទាប់​លម្អិត​មុន​ស្នើសុំ​យោបល់​ថ្នាក់ដឹកនាំ​ស្ថាប័ន សំដៅ​ឈានដល់​ការអនុវត្ត​គម្រោង​ឆ្នាំ​២០២៥ និង​ស្នើឱ្យ​ទីប្រឹក្សា GGGI សិក្សា​បន្ថែម​បង្កើត​យន្តការ និង​/​ឬ នីតិវិធី​លើ​ការធ្វើ​ប្រតិបត្តិការ និង​ថែទាំ​សម្រាប់​គម្រោង​ឱ្យមាន​ប្រសិទ្ធភាព ប្រសិទ្ធ​ផល និង​ចីរភាព​។


​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់ថា ទន្ទឹមនឹង​ការអភិវឌ្ឍ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​-​ស្ពាន ក្រសួង​កំពុង​ខិតខំ​ប្រឹងប្រែង​ពង្រីក​ការអភិវឌ្ឍ​លើ​ការគ្រប់គ្រង​នៃ​វិស័យ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​នៅតាម​បណ្តា រាជធានី ខេត្ត ដើម្បីឱ្យ​សមស្រប​ដំណាក់កាល​ប្រទេសជាតិ​ដែល​កំពុង​រីកចម្រើន​៕​