មន្ត្រីជំនាញដែលធ្វើការពាក់ព័ន្ធការជួញដូរមនុស្ស បានអំពាវនាវដល់ប្រជាពលរដ្ឋចៀសវាងធ្វើចំណាកស្រុកដោយខុសច្បាប់ ឬប្រថុយប្រថាន ដែលអាចធ្លាក់ចូលក្នុងស្ថានភាពនៃការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ខណៈណែនាំពលរដ្ឋត្រូវតាមដានព័ត៌មានឱ្យបានច្បាស់លាស់មុនធ្វើការសម្រេចចំណាកស្រុកខុសច្បាប់។
លោកស្រី ឈឹម វណ្ណនី ស្នងការរងនគរបាលខេត្តកណ្តាល និងជាអនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) បានអំពាវនាវបែបនេះនៅក្នុងវេទិកាផ្សព្វផ្សាយច្បាប់ ស្តីពីការបង្ក្រាបអំពើជូញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាង ៣០០នាក់ រស់នៅឃុំប្រាសាទ ស្រុកស្អាង កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៣។
លោកស្រីបានថ្លែងថា គោលបំណង នៃការបើកវេទិកានេះឡើង គឺដើម្បីឱ្យប្រជាពលរដ្ឋបានយល់កាន់តែច្បាស់អំពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន តាមការឃោសនារបស់មេខ្យល់អូសទាញនិងដើម្បីបង្ការទប់ស្កាត់អំពើជួញដូរមនុស្សតាមគ្រប់រូបភាព។ នេះបើតាមមន្ទីរព័ត៌មានខេត្តសៀមរាប។
ក្នុងវេទិកានេះ លោកស្រីបានធ្វើការផ្សព្វផ្សាយខ្លឹមសារ និងមាត្រាសំខាន់ៗដែលពាក់ព័ន្ធទៅនឹងការប្រព្រឹត្តរបស់ជនល្មើស ទោសទណ្ឌដែលត្រូវទទួល តាមច្បាប់បានកំណត់ និងធាតុផ្សំដែលនាំឱ្យមានកើតបទល្មើស។ ជាមួយគ្នានេះលោកស្រីបានអំពាវនាវថា៖«សូមអ្នកចូលរួមទាំងអស់ ត្រូវខិតខំត្រងត្រាប់ស្តាប់ ដើម្បីផ្សព្វផ្សាយបន្តទុកជាមេរៀន បទពិសោធន៍ សម្រាប់អប់រំកូនចៅ កុំឱ្យធ្លាក់ក្នុងការលួងលោម បោកបញ្ឆោត ឬជឿតាមការសន្យារបស់ជនខិលខូចមួយចំនួន ដែលជាដើមហេតុធ្វើឱ្យងាយធ្លាក់ទៅក្នុងស្ថានភាពនៃការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម»។
លោកស្រី ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យយល់ពីផលប៉ះពាល់ ការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះមេខ្យល់តាមគ្រប់រូបភាព ត្រូវរាយការណ៍បន្ទាន់ទៅក្រុមការងារថ្នាក់ស្រុក ឃុំ ភូមិ ប៉ុស្តិ៍ ដែលនៅជិត ចំពោះករណីសង្ស័យ មានជនណាមកឃោសនា និងត្រូវចូលរួមសាមគ្គីសហការគ្នាជួយគ្នាទៅវិញទៅមកដោយមិនមានការរើសអើង។
យោងតាមរបាយការណ៍ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៣ មិនត្រឹមតែប្រជាជនកម្ពុជាទេ តែប្រជាជនដទៃទៀតក្នុងតំបន់រហូតដល់បណ្តាប្រទេសធំៗក្នុងពិភពលោក ក៏ធ្លាក់ក្នុងភាពរងគ្រោះដោយកលល្បិចឧក្រិដ្ឋជន។
ក្នុងរបាយការណ៍ដដែលបញ្ជាក់ថា បញ្ហាជួញដូរមនុស្ស បានក្លាយជាវិបត្តិសកល ដែលស្ទើរតែគ្រប់ប្រទេសក្នុងសកលលោកកំពុងប្រឈម ដោះស្រាយ និងកាន់តែស្មុគស្មាញខ្លាំងឡើង៕