ភ្នំពេញៈក្នុងដំណើរចុះសួរសុខទុក្ខប្រជាសហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោមនៅថ្ងៃទី៣ ខែកញ្ញា រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក អ៊ាង សុផល្លែត បានស្នើឱ្យប្រជាពលរដ្ឋចូលរួមដាំដើមឈើ ដាំស្តារព្រៃ និងចូលរួមការពារអភិរក្សព្រៃឈើដើម្បីបង្កើនគម្របព្រៃនិងអាចលក់កាបូនបង្កើនប្រាក់ចំណូលក្នុងសហគមន៍របស់ខ្លួន។
យោងតាមហ្វេសប៊ុករបស់ក្រសួងបរិស្ថានលោក អ៊ាង សុផល្លែត បានលើកឡើងថា ដើម្បីធានានិរន្តរភាពបរិស្ថាននិងជីវភាពសហគមន៍ ប្រជាសហគមន៍ត្រូវនាំគ្នាដាំដើមឈើឱ្យបានច្រើនព្រោះដើមឈើគឺជាប្រភពប្រាក់ចំណូល តាមរយៈការទាញចំណូលពីការលក់កាបូន។
លោកបានបញ្ជាក់ថា៖«ចំណូលពីការលក់បូននឹងជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងធ្វើឱ្យប្រជាពលរដ្ឋមានចំណូលបន្ថែមលើសពីចំណូលតាមរយៈភ្ញៀវទេសចរនាពេលបច្ចុប្បន្ន»។
លោកទេព ម៉ាឡា ប្រធានសហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោម ក៏បានថ្លែងនាពេលនោះដែរថា បច្ចុប្បន្ននេះ សហគមន៍បានចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ ខណៈការកាប់រានព្រៃឬការដកហូតអនុផលព្រៃឈើលើសលប់ក៏មិនមានច្រើននោះដែរ។
លោកបញ្ជាក់ថា៖«តំបន់នេះកំពុងមានការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរជាតិ-អន្តរជាតិ ក្នុងការមកទស្សនាធនធានធម្មជាតិដែលរួមមាន ទឹកជ្រោះ ទេសភាពដងព្រែក ភូមិបុរាណ និងការជិះទូកលេងកម្សាន្ត ហើយប្រជាសហគមន៍កំពុងទទួលបានចំណូលតាមរយៈវិស័យទេសចរណ៍ធម្មជាតិនេះ»។
ពាក់ព័ន្ធនឹងការដាំព្រៃឈើនេះដែរ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ធ្លាប់បានអំពាវនាវដល់ជនរួមជាតិខ្មែរទាំងអស់ចូលរួមការពារព្រៃឈើ និងសត្វព្រៃគ្រប់ប្រភេទដើម្បីធានានូវធនធានព្រៃឈើសម្រាប់កូនចៅជំនាន់នេះនិងជំនាន់ក្រោយៗ ដោយព្រះអង្គមានព្រះបន្ទូលថា ព្រៃឈើជាសម្បត្តិធម្មជាតិដែលមានតម្លៃ និងជួយទប់ស្កាត់គ្រោះធម្មជាតិនានា។
ការអំពាវនាវនេះធ្វើឡើងនៅក្នុងព្រះរាជពិធី«បុណ្យរុក្ខទិវា៩ កក្កដា» ឆ្នាំ២០២៣កន្លងមកដែលរៀបចំឡើងនៅស្ថានីយដាំឈើម្សៅក្រដាសហ៊ុន សែន ក្នុងភូមិអូរក្រខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
សូមបញ្ជាក់ផងដែរថា ការជំរុញឱ្យមានការដាំដើមឈើដើម្បីឱ្យប្រជាសហគមន៍ទទួលបានប្រាក់ចំណូលពីការលក់កាបូននេះគឺជាយុទ្ធសាស្ត្ររបស់ក្រសួងបរិស្ថានដែលអនុវត្តស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងគោលដៅយុទ្ធសាស្ត្រទាំង៥ត្រង់ចំណុចទី១ដែលធានាឱ្យបានកំណើនសេដ្ឋកិច្ច ក្នុងអត្រាមធ្យមប្រចាំឆ្នាំក្នុងរង្វង់៧ភាគរយ ប្រកបដោយ ភាពធន់ និងវិបត្តិនានា។
បើតាមក្រសួងបរិស្ថានសហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោមត្រូវបានទទួលស្គាល់ជាផ្លូវការដោយក្រសួងនេះនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ និងមានសមាជិកចំនួន១៧៧គ្រួសារ រស់នៅភូមិអន្លង់វ៉ាក់ និងភូមិកោះអណ្ដែត ឃុំតាតៃក្រោម ស្រុកកោះកុង។
ប្រភពដដែលបន្តថា សហគមន៍នេះមានផ្ទៃដីសរុបចំនួន៩៧,៣ហិកតា ដែលមានសក្តានុពលធម្មជាតិ ដូចជាព្រៃឈើ ព្រៃកោងកាង ទឹកធ្លាក់ ទេសភាពតាមដងព្រែក ភូមិបុរាណ រួមនឹងការនេសាទសមុទ្រដែលកំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកទេសចរមកទស្សនាជាបន្តបន្ទាប់៕