ភ្នំពេញៈ លោក ​ហ៊ុន សែន ប្រធាន​ក្រុម​ឧត្ដមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​បានប្រកាស​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក ​(Facebook)​ ឡើងវិញ ក្រោយពី​លោក​បានប្រកាស​ឈប់​ប្រើ​បណ្តាញ​សង្គម​មួយ​នេះ​អស់​ពេល​ប្រមាណ ​២ ​ខែ ដោយសារ​មានការ​ស្នើ​ពី​មនុស្ស​ក្នុង​ក្រុមហ៊ុន​ឱ្យ​ផ្អាក​ហ្វេ​ស​ប៊ុ​ក​របស់លោក តែ​ទីបំផុត​ត្រូវបាន​ទាត់ចោល​។​


​លោក​ ហ៊ុន សែន អតីត​នាយក​រដ្ឋ​មន្ត្រី បានបញ្ជាក់​នៅលើ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​ ៣ ខែកញ្ញា​ថា​៖ «​ខ្ញុំ​សម្រេច​មកប្រើប្រាស់​ Facebook វិញ​គួបផ្សំ​ជា​​មួយ ​Twitter, YouTube, TikTok, Telegram, Instagram បន្ទាប់ពី​ក្រុមហ៊ុន​ Facebook ទាត់ចោល​អនុ​​សាសន៍​របស់​ក្រុមមនុស្ស​ខូច​និង​ផ្តល់​យុត្តិធម៌​សម្រាប់​រូបខ្ញុំ​»​។​

​លោក​បញ្ជាក់​បន្ថែមថា​៖ «​ខ្ញុំ​សង្ឃឹមថា ក្រុមហ៊ុន ​Facebook នឹង​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​មិន​ងងឹត​ងងុល​ដូច​ក្រុមមនុស្ស​ខូច​ដែលជា​មនុស្ស​មិនត្រូវ​បាន​ស្វាគមន៍​នៅ​កម្ពុជា​នោះឡើយ​»​។​


​ជាមួយនេះ លោក ហ៊ុន សែន បានបង្ហាញ​ក្ដីសង្ឃឹម​ដែរ​ថា ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​នឹង​ទទួលបាន​ប្រាក់ចំណេញ​លើស​ ២០០​ លាន​ដុល្លារ ​ក្នុង​ ១ ​ឆ្នាំ​នៅ​កម្ពុជា ឯ​រាជរដ្ឋាភិបាល​ទទួលបាន​ ១០ ​ភាគរយ​ដែលមាន​ទឹកប្រាក់​លើស​ ២០​ លាន​ដុល្លារ​ក្នុង ​១ ​ឆ្នាំ ដោយយោង​ទៅលើ​តួលេខ​ផ្នែក​ពន្ធដារ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បានចេញ​សេចក្តីប្រកាស​ទទួលយក​តំណាង​ក្រុម​ហ៊ុន​ Facebook ឱ្យ​ចូលមក​ធ្វើការ​នៅ​កម្ពុជា​វិញ តែ​មិន​ស្វាគមន៍​ក្រុមមនុស្ស​ខូច​ដែល​ផ្តល់​អនុសាសន៍​មិន​ត្រឹមត្រូវ​នោះឡើយ​»​។​


​លោក​ប្រធាន​ក្រុម​ឧត្ដមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​បានបញ្ជាក់​បន្ថែមថា​៖ «​ការសម្រេច​ប្រើ​ឬ​មិន​ប្រើ ​Facebook គឺជា​សិទ្ធិផ្តាច់មុខ​របស់ខ្ ញុំ​(only one Hun Sen)​។ ចាប់ពីពេលនេះ​ទៅ​បង​ប្អូន​អាច​រក​ខ្ញុំ​ឃើញ​នៅ​គ្រប់​បណ្តាញ​សង្គម តែ​ភាគច្រើន​ខ្ញុំ​នៅ​ជាមួយ TikTok និង​Telegram»​។​

​ជាថ្មី​ម្តងទៀត លោក​ ហ៊ុន សែន បាន​អំពាវនាវ​ចំពោះ​អ្នក​ដែល​ប្រើ​ឈ្មោះ​លោក​បង្កើត ​Facebook និង​TikTok​ក្ លែងក្លាយ​ឱ្យ​លុបចោល​ជាបន្ទាន់​ដើម្បី​ចៀសវាង​ការភាន់ច្រឡំ​។​កាលពី​យប់​ថ្ងៃទី​ ២៩ ខែមិថុនា ឆ្នាំនេះ លោក​ហ៊ុន សែន ធ្លាប់បាន​ប្រកាស​ឈប់​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក និង​ស្នើការ​យោគយល់​ពី​អ្នក​រាប់អាន​លោក​តាម​ហ្វេ​ស​ប៊ុ​ក​ភ្ជាប់​ទៅ​បណ្តាញ​តេ​ឡេ​ក្រាម ​(Telegram)​ និង​តិកតុក ​(TikTok)​ ជំនួស​វិញ​ដើម្បី​ទទួលបាន​ព័ត៌មាន និង​យោបល់​ផ្សេងៗ​។​

​លោក​ ហ៊ុន សែន បានបញ្ជាក់​តាមរយៈ​តេ​ឡេ​ក្រាម ​(Telegram) ​របស់លោក​នាពេលនោះ​ថា​៖ «​បងប្អូន​ជនរួមជាតិ​ជាទី​ស្រឡាញ់​! ដោយសារ​រយៈពេល​កន្លងមក​មានការ​ក្លែងបន្លំ​គណនី​ហ្វេ​ស​ប៊ុ​ក (Facebook)​ ខ្ញុំ​ជាច្រើន​ដែលមាន​រហូត​ជាង ​២០ ដែល​ធ្វើឱ្យមាន​ការភាន់ច្រឡំ​ពី​អ្នកប្រើប្រាស់ Facebook ដូចគ្នា​។​ ម្យ៉ាងទៀត​មួយរយៈ​ពេល​ចុងក្រោយ​នេះ​ខ្ញុំ​បាន​រកឃើញ​បណ្តាញ​ទំនាក់ទំនង​ដែលមាន​ប្រសិទ្ធភាព​ជាង​គឺ​បណ្តាញ​តេ​ឡេ​ក្រាម​ (Telegram)​ ដែល​មិន​បារម្ភ​ពី​ការចូល​លួច​ដូច Facebook​។​អាស្រ័យហេតុនេះ​ខ្ញុំ​សម្រេច​បញ្ឈប់​ជា​​ស្ថាពរ​ពី​ការប្រើប្រាស់ Facebook ដែលមាន​អ្នកចូលរួម​ជាង​ ១៤ ​លាន​នាក់​»​។​

​លោក​ ថុង ម៉េង​ដា​វិត អ្នកសិក្សា​ស្រាវ​ជ្រាវ​នៅ​មជ្ឈមណ្ឌល​មេគង្គ​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី ​(AVI)​ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ នៅ​ថ្ងៃទី ​៣ ខែកញ្ញា​ថា ការប្រើប្រាស់​ហ្វេ​ស​​ប៊ុ​ក​ឡើងវិញ​របស់លោក ហ៊ុន សែន គឺជា​រឿង​ល្អ និង​ជា​វិធីសាស្ត្រ​ដ៏​ល្អ​ក្នុងការ​ផ្សារភ្ជាប់​ជាមួយនឹង​ប្រជាជន និង​ដើម្បី​បន្ត​តាមដាន​សុខទុក្ខ​របស់​ប្រជា​ពលរដ្ឋ​។

​លោក​បាន​ថ្លែងថា​៖ «​បើទោះបីជា​សម្តេច ហ៊ុន សែន បានទទួល​ភារកិច្ច​ថ្មី​ក៏ដោយ ក៏​សម្តេច​នៅតែ​បន្ត​យកចិត្តទុកដាក់​លើ​សុខុមាលភាព​របស់​ប្រជាជន និង​នៅតែ​ជា​បង្អែក​ដែល​ខ្វះ​មិនបាន​របស់​ប្រទេស​ជាតិ​។ សម្តេច​នៅតែ​បន្ត​តួនាទី​ជា​ចាស់ទុំ ជាទី​ប្រឹក្សា និង​មគ្គុទ្ទេសក៍​ដ៏​ឆ្នើម​សម្រាប់​រាជរដ្ឋាភិបាល​ថ្មី​»​។​

​ចំណែក​លោក យង់ ពៅ អគ្គលេខា​ធិ​​ការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ថ្លែងប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៣ ខែកញ្ញា​ថា ​លោក​សាទរ​ចំពោះ​ការប្រកាស​ប្រើ​ហ្វេ​ស​ប៊ុ​ក​ឡើងវិញ​របស់លោក ហ៊ុន សែន​។​

​កន្លងទៅ​លោក ហ៊ុន សែន ក៏​មិនបាន​បិទ​ហ្វេ​ស​ប៊ុ​ក​នេះដែរ ដោយ​ជំនួយការ​របស់លោក​ជា​អ្នកប្រើប្រាស់​។ លោក​ថ្លែងថា​៖ «​ឥឡូវ​សម្ដេច​ប្រកាសថា សម្តេច​ប្រើ​ដោយផ្ទាល់​របស់​សម្ដេច​វិញ​។ អ៊ីចឹង ខ្ញុំ​អបអរសាទរ​ពីព្រោះ​មហាជន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល​រួមទាំង​អន្តរជាតិ​ផងដែរ គឺ​តាមដាន​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​បើទោះជា​សម្ដេច​ចូលនិវត្តន៍​ពី​នាយករដ្ឋមន្ត្រី ក៏ប៉ុន្តែ​នៅតែមាន​ទស្សនៈ​គំនិតល្អៗ​នៅក្នុង​ទស្សនៈ​ដឹកនាំ​នៅក្នុង​ទស្សនៈ​ផ្សេងៗ​ទៀត​ចំពោះ​សង្គមជាតិ​ក៏ដូចជា​ប្រជា​ពលរដ្ឋ​ដែរ​ក៏ដូចជា​នៅមាន​ការអន្តរាគមន៍​ខ្លះ​ដែល​ត្រូវការ​បញ្ចេញ​សារ​នយោបាយ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​ផ្ទាល់​ដែរ​»​។​

​លោក ​យង់ ពៅ បាន​បន្ថែមថា ការប្រើ​ហ្វេ​ស​ប៊ុ​ក​ឡើងវិញ​នេះ គឺជា​យន្តការ​មួយ​បន្ថែមទៀត​ដ្បិតតែ​ឥឡូវ កម្ពុ​ជាមាន​នាយករដ្ឋមន្ត្រី​ថ្មី ក៏ប៉ុន្តែ​ប្រជាជន​នៅតែ​តាមដាន​ហ្វេ​ស​ប៊ុ​ក​របស់លោក ហ៊ុន សែន ច្រើន និង​ក៏​ជាការ​ល្អ​ផងដែរ​ដើម្បី​ប្រជាពលរដ្ឋ​អាច​នៅតាម​ដាន​បាន​និង​បញ្ចេញ​ប្រតិកម្ម​ទស្សនៈ និង​សំណូមពរ​បាន​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​នេះ​៕