ភ្នំពេញៈ ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៤៣ នៅ​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ី​នា​ថ្ងៃទី​ ៤ ខែកញ្ញា ឆ្នាំ ​២០២៣ ដែល​នេះ​ជា​ប្រទេស​ដំបូង​គេ ដែល​លោក​ចេញទៅ​ចូលរួម​ប្រជុំ ចាប់តាំងពី​លោក ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ក្នុង​អាណត្តិ​ទី​៧ ​នេះ​។​


​ក្រសួងការបរទេស​ក​ម្ពុ​ជា​បានចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី ​២ ខែកញ្ញាថា លោក​ ហ៊ុន ម៉ា​ណែ​ត និង​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា រួមជាមួយ​ថ្នាក់​ដឹ​នាំ​ផ្នែក​ឯកជន​សំខាន់ៗ​របស់​កម្ពុជា​នឹង​ទៅ​ចូល​រួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៣ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​រដ្ឋធានី​ហ្សា​ការ​តា ចាប់ពី​ថ្ងៃទី​ ៤ ដល់​ថ្ងៃទី ៧ ខែកញ្ញា តាម​ការអញ្ជើញ​របស់​លោក ​ចូ​កូ វី​ដូ​ដូ ប្រធានាធិបតី​ឥណ្ឌូនេស៊ី និង​ជា​ប្រធាន​ប្តូរ​​វេន​អាស៊ាន​ ២០២៣ នេះ​។

ប្រភព​ដដែល​បន្តថា ឥណ្ឌូនេស៊ី​ដែលជា​ប្រធាន​អាស៊ាន បានកំណត់​យក​មូលបទ​ «​សារៈសំខាន់​អាស៊ាន​៖ ស្នូល​នៃ​កំណើន​»​ដែល​នឹង​ផ្តោតលើ​ការជំរុញ​ចក្ខុវិស័យ​ស​ហគ​មន៍​អាស៊ាន​ឆ្នាំ​ ២០២៥ ដែល​ក្នុង​កិច្ចប្រជុំ​នោះ​ក៏​នឹងមាន​ការពិភាក្សា​លើ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥ ​ចំណុច​ស្តីពី​មី​យ៉ាន់​ម៉ា និងសេចក្តីសម្រេច​ផ្សេងៗ​ពី​ថ្នាក់ដឹកនាំ​អាស៊ាន និង​កិច្ចការ​សន្តិសុខ​តំបន់ និង​អន្តរ​ជាតិ​ផងដែរ​។​


​ការ​ចេញទៅ​ចូលរួម​កិច្ចប្រជុំ​នៅក្រៅ​ប្រទេស​ជា​លើកដំបូង​របស់លោក​ហ៊ុន ម៉ា​ណែ​ត​នេះ ត្រូវបាន​អ្នកវិភាគ​យល់ថា រដ្ឋា​ភិ​បាល​កម្ពុ​ជាថ្មី អាច​ប្រើប្រាស់​វេទិកា​តំបន់​ធំ​នេះ ក្នុងការ​បន្ត​រក​ច្រកចេញ​លើ​វិបត្តិ​មី​យ៉ាន់​ម៉ា ដោយ​កម្ពុជា​នៅតែ​ដើរតួនាទី​សំខាន់​ព្រោះ​បាន​ត្រួសត្រាយ​ផ្លូវ​ជាច្រើន កាលពី​ធ្វើជា​ប្រធាន​អាស៊ាន​ឆ្នាំ ​២០២២​។​

​លោក​ ពុ​យ គា ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា និង​ជា​អ្នកតាមដាន​បញ្ហា​តំបន់ ១ ​រូប​បាន​ថ្លែង​ប្រាប់ថា កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​នេះ ជា​វេទិកា​តំបន់​ដ៏​ធំ​ដំបូង​របស់​លោកនាយក​រដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា ដែល​ទើប​ឡើងកាន់​តំ​ណែ​ង​។ លោក​បន្តថា លោក ហ៊ុន ម៉ា​ណែ​ត ត្រូវ​ជួប​តំណាង​ប្រទេស ទាំង​សមាជិក​អាស៊ាន និង​ដៃគូ ខណៈ​លោក​ជា​មេដឹកនាំ​ក្មេង​ជាងគេ​ក្នុង​វ័យ ៤៥​ ឆ្នាំ ប៉ុន្តែ​ជា​ឱកាស​បង្ហាញមុខ​ដែល​អាចធ្វើ​ឱ្យមាន​ការចាប់​អារម្មណ៍​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ថ្នាក់ដឹកនាំ​នានា​។


សម្រាប់​លោក​ ពុ​យ គា យល់ថា លោក​ ហ៊ុន​ ម៉ា​ណែ​ត អាច​ប្រើប្រាស់​មរតក​នយោបាយ​ពី​ជំនាន់​លោក​ ហ៊ុន​ សែន សម្រាប់​បន្ត​ដោះស្រាយ​វិបត្តិ​មី​យ៉ាន់​ម៉ា​បាន​ក្នុង​វេទិកា​អាស៊ាន ក្នុង​កម្រិត​ផ្តល់​អនុសាសន៍ និង​បង្ហាញផ្លូវ​ដល់​ឥណ្ឌូនេស៊ី ជា​ពិសេស​ប្រទេស​ឡាវ​ដែល​នឹង​ធ្វើជា​ប្រធាន​អាស៊ាននៅ​ឆ្នាំ​ ២០២៤ ខាងមុខ ព្រោះ​កម្ពុជា​មានបទពិសោធន៍ និង​ទំនាក់ទំនង​ពិសេស​ជាមួយ​ក្រុម​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា​។​

​លោក​សង្កត់ធ្ងន់ថា​៖ «​ក្នុង​វិបត្តិ​មី​យ៉ាន់​ម៉ា កម្ពុជា​នៅតែ​ដើរតួនាទី​សំខាន់ ដោយសារ​កម្ពុជា​បានធ្វើការ​ច្រើន ត្រួសត្រាយ​ផ្លូវ​ច្រើន ព្រមទាំង​ទំនាក់ទំនង​ពិសេស​ដែល​ធ្លាប់មាន​»​។

​លោក​ថា បញ្ហា​មី​យ៉ាន់​ម៉ា​នឹងត្រូវ​ធ្លាក់​ក្នុង​ដៃ​ប្រធាន​អាស៊ាន​បន្ត​ពី​ឥណ្ឌូនេស៊ី គឺ​ឡាវ នៅ​ឆ្នាំក្រោយ ព្រោះ​ស្ថានភាព​បាន​ខិត​ដល់​ចុង​អាណត្តិ​របស់​ឥណ្ឌូ​នេ​ស៊ី​ទៅហើយ ដែល​អន្តរជាតិ​ព្យាករ​ថា ឡាវ​នឹងមិន​អាចធ្វើ​អ្វី​បាន​ច្រើន​ឡើយ​ក្នុង​វិបត្តិ​នេះ ដែល​កម្ពុជា​អាច​បង្ហាញផ្លូវ​បាន​។​

​ស្រដៀង​គ្នា​នេះ លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរ​ជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ក៏បាន​ថ្លែង​ដែរ​ថា វត្តមាន​លោក​ ហ៊ុន ម៉ា​ណែ​ត​ នៅក្នុង​វេទិកា​អា​ស៊ាន​ដំបូង​នេះ ពិតជា​មាន​សារៈ​សំខាន់​ដើម្បី​បង្ហាញខ្លួន​ជា​លើក​ទី​១ ជាមួយ​មេដឹកនាំ​អាស៊ាន និង​ដៃគូ​សន្ទនា និង​ដើម្បី​ជា​និមិត្តរូប​នយោបាយ ឬ​ហៅថា ធម្មានុរូប​ភាព​ដែលជា​ការទទួល​ស្គាល់​របប​ដឹកនាំ​របស់លោក​ហ៊ុន ម៉ា​ណែ​ត​។

​នៅក្នុង​វិបត្តិ​មី​យ៉ាន់​ម៉ា លោក គិ​ន ភា យល់ថា កម្ពុជា​តាមរយៈ​រដ្ឋាភិបាល​ថ្មី គួរប្រើ​ប្រាស់​វេទិកា​អាស៊ាន​ ដើម្បី​បន្ត​ជំរុញ​ដល់​ភាគី​ពាក់ព័ន្ធ​ក្នុង​ជម្លោះ ធ្វើ​យ៉ាង​ណា​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ឬ​កុងសង់ស៊ីស ៥​ ចំណុច ដែល​អា​ស៊ាន​ដាក់ចេញ​កន្លងមក និង​ជំរុញ​ឱ្យ​គ្រប់ភាគី​ជម្លោះ​បាន​ចូល​តុ​ចរចា​ដោយ​មិនត្រូវ​ផាត់​ចោល​ផ្នែក​ណាមួយ​ឡើយ​។​

​លោក​បាន​ថ្លែងថា៖ «​ចំណុច​ស្លា​ប់រស់ ធ្វើយ៉ាងណា​រក​ច្រក​ទ្វារ​ការទូត​ក្រៅផ្លូវការ​បែបណា ដើម្បី​បញ្ចុះបញ្ចូល​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា លោក​មីន អ៊ុង​ឡាំង ឱ្យ​ព្រម​ទទួលយក​លក្ខខណ្ឌ​ដែល​បានកំណត់​ក្នុង​កុងសង់ស៊ីស ៥​ ចំណុច ដែល​ភាគី​យោធា​ជា​ផ្នែក​សំខាន់​»​។​

​លោក​បាន​បន្ថែមថា រដ្ឋាភិបាល​កម្ពុ​ជាថ្មី ត្រូវ​បន្ត​ជំរុញ​យន្ត​ការដែល​រដ្ឋា​ភិ​បាល​អាណត្តិ​មុន​បាន​ខិតខំ​ត្រួស​ត្រាយផ្លូវ ជាពិសេស​ការចែករំលែក​នយោបាយ​ឈ្នះ​-​ឈ្នះ​របស់​កម្ពុជា​នៅក្នុង​វេទិកា​អាស៊ាន​។ រដ្ឋាភិបាល​កម្ពុជា គួរ​ធ្វើការ​ជាមួយ​ក្រុម​ប្រទេស​ដែលមាន​ឥទ្ធិពល​ខ្លាំង ទៅលើ​របប​សឹក​យោធា​មី​យ៉ាន់​ម៉ា រួមមាន ចិន រុស្ស៊ី ឥណ្ឌា​ជាដើម ព្រោះ​របប​សឹក​បាន​យក​ប្រទេស​មហាអំណាច​ទាំងនេះ​ជា​ខ្នងបង្អែក មិន​ព្រម​ចូល​តុ​ចរចា ឬ​និយាយ​ដោយ​សាមញ្ញ ប្រទេស​ទាំងនេះ ជា​អ្នក​បន្ត​គាំទ្រ​របប​ក្រុង​ណៃ​ពិដោ​ឱ្យនៅ​បន្តរ​ស់បាន​។ នេះ​បើតាម​ការបន្ថែម​ពី​លោក គិ​ន ភា​។​

​សូម​រំឭក​ផងដែរ​ថា វិបត្តិ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​ បានអូសបន្លាយ​អស់​រយៈពេល​ជាង ៣​ ឆ្នាំ​មកហើយ ពោលគឺ​ចាប់តាំងពី​របប​យោធា​បានធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល របស់លោក​ស្រី ​អ៊ុង​សាន ស៊ូ​ជី កាលពី​ខែកុម្ភៈ ឆ្នាំ​ ២០២១៕