ភ្នំពេញៈ ការប្រកួតដណ្តើមខ្សែក្រវាត់ ៦ ខ្សែ ក្នុងពេលតែមួយនៃព្រឹត្តិការណ៍ Krud Kun Khmer របស់សង្វៀនប្រដាល់ទទក បានបំបែកកំណត់ត្រា ដោយមានអ្នកតាមដានការប្រកួតសរុបចូល ៦ លាននាក់ ខណៈការប្រកួតប្រជែងពិតជាមានភាពទាក់ទាញ និងជក់ចិត្តខ្លាំងដោយក្នុងនោះជើងខ្លាំង ព្រំ សំណាង និង ឡុង បេនលឿន សុទ្ធតែការពារខ្សែក្រវាត់បានសម្រេច ចំណែក ធន់ រិទ្ធី និង លន បញ្ញា បានបង្កើតឱ្យមានការភ្ញាក់ផ្អើលខ្លាំង ដោយបានផ្តួលកីឡាករបរទេសឱ្យសន្លប់ដូចគ្នា ប៉ុន្តែ ឃីម បូរ៉ា បានចាញ់ ពេជ្រ សម្បត្តិ ក្នុងការប្រកួតដាក់ខ្សែក្រវាត់។
ប្រធានផ្គូផ្គងរបស់សង្វៀនប្រដាល់ទទក លោក ម៉ុល នី បានទទួលស្គាល់ថា ការផ្សាយផ្ទាល់ សម្រាប់ការប្រកួតដ៏ធំមិនធ្លាប់មានកាលពីយប់ថ្ងៃទី៣ ខែកញ្ញា កន្លងមកនេះ ពិតជាមានភាពរអាក់រអួលផ្នែកបច្ចេកទេសបន្តិចបន្តួចដែលធ្វើឱ្យចំនួនអ្នកមើលពេលផ្សាយផ្ទាល់បានកើនឡើងត្រឹមជិត៣០ម៉ឺននាក់ (ជិត300K) ប៉ុន្តែសម្រាប់ចំនួនអ្នកចូលមើលសរុប ក្រោយការប្រកួតបានបញ្ចប់ គឺមានរហូតដល់៦លាននាក់។
លោក ម៉ុល នី បានប្រាប់កាលពីព្រឹកថ្ងៃទី៤ ខែកញ្ញាថា៖ «បន្ថែមទៅលើការបំបែកកំណត់ត្រាពិភពលោក សម្រាប់ការរៀបចំឱ្យមានការប្រកួតដណ្តើមខ្សែក្រវាត់ចំនួន៦ខ្សែក្នុងពេលតែ១នេះគឺព្រឹត្តិការណ៍ Krud Kun Khmer របស់យើងបានបំបែកកំណត់ត្រាថ្មីមួយទៀតដោយមានអ្នកចូលមើលសរុបក្រោយការប្រកួតចូល៦លាននាក់ (6M) ហើយនេះជាចំនួនដ៏ច្រើន ដែលសង្វៀននៅស្រុកខ្មែរយើងមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តប្រដាល់»។
តាមរយៈការប្រកួតការពារខ្សែក្រវាត់ និងដណ្តើមខ្សែក្រវាត់ ចំនួន៦ខ្សែ ក្នុងព្រឹត្តិការណ៍ Krud Kun Khmer កាលពីយប់ថ្ងៃទី៣ ខែកញ្ញា កន្លងមកនេះ ម្ចាស់មេដាយមាសស៊ីហ្គេម ឃីម បូរ៉ា បានសារភាពថា រូបគេពិតជាចាញ់ក្របីព្រៃ ពេជ្រ សម្បត្តិ សម្រាប់ការប្រកួតដាក់ខ្សែក្រវាត់។
ឃីម បូរ៉ា បាននិយាយតាមរយៈវីដេអូខ្លីរបស់ខ្លួន កាលពីព្រឹកថ្ងៃទី៤ ខែកញ្ញាថា៖ «ការប្រកួតកាលពីយប់មិញ ខ្ញុំធ្វើអត់បានល្អទេ ដោយបានចាញ់កីឡាករ ពេជ្រ សម្បត្តិ គឺចាញ់ដោយអស់ចិត្ត ហើយខ្ញុំមិនមានការតូចចិត្តអ្វីឡើយ ព្រោះកីឡាតែងមានឈ្នះ មានចាញ់បែបនេះ។ ខ្ញុំនឹងខិតខំពង្រឹងសមត្ថភាពឱ្យបានល្អជាងនេះ ហើយបើសិនមានឱកាស ខ្ញុំចង់ប្រកួតជាមួយគាត់ម្តងទៀត»។
យ៉ាងណាក៏ដោយ តាមរយៈការប្រកួត៥ទឹកពេញនោះ ពេជ្រ សម្បត្តិ ក៏បានទទួលស្គាល់ដែរថា ឃីម បូរ៉ា ពិតជាមានសមត្ថភាពខ្លាំង ហើយការឈ្នះបានខ្សែក្រវាត់២ខ្សែរបស់គេ គឺដោយសារតែ បូរ៉ា ភ្លាត់ស្នៀតចូលកណ្តាប់ដៃស្តាំរបស់ខ្លួន នាំឱ្យអាជ្ញាកណ្តាលរាប់នៅក្នុងទឹកទី២តែប៉ុណ្ណោះ។ សម្បត្តិ បាននិយាយថា៖ «ប្រកួតជាមួយគាត់ពិតជាមានភាពតានតឹងខ្លាំង ហើយបើសិនជាគាត់មិនភ្លាត់ស្នៀត ខ្ញុំអាចនឹងចាញ់គាត់»។
យ៉ាងណាមិញ សម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់ទម្ងន់៧១គីឡូក្រាមរវាង ធន់ រិទ្ធី និងជើងខ្លាំងថៃ Sammy Bengchamek ពិតជាទទួលបានការគាំទ្រខ្លាំងបំផុត។ បើទោះបីជា Sammy ធ្លាប់ទាត់ រិទ្ធី ឱ្យសន្លប់ត្រឹមទឹកទី១ ប៉ុន្តែចំពោះការវ៉ៃបែបរុំអំបោះឆៅលើកនេះ ធន់ រិទ្ធី បានប្រើកណ្តាប់ដៃវាយឱ្យ Sammy សន្លប់ធំ នៅក្នុងទឹកទី២ បន្ទាប់ពីលោកអាជ្ញាកណ្តាលរាប់ចំនួន២លើក ហើយទម្ងន់ដៃរបស់ រិទ្ធី បានធ្វើឱ្យ Sammy មានស្នាមពកស្ទើរពេញផ្ទៃមុខ តែ រិទ្ធី ក៏មានស្នាមរបួសនៅលើផ្ទៃមុខដូចគ្នា។
ចំពោះការវ៉ៃ Sammy ឱ្យសន្លប់ ដើម្បីឈ្នះបានខ្សែក្រវាត់នេះ ធន់ រិទ្ធី បាននិយាយថា៖ «នេះជាជ័យជម្នះដ៏មានន័យក្នុងឆាកជីវិតដែលខ្ញុំដណ្តើមបានខ្សែក្រវាត់គុនខ្មែរជាលើកដំបូងតាមរយៈការប្រកួតអំបោះឆៅ ហើយនៅពេលលោកគ្រូបានមកឱប និងលើកខ្ញុំឡើងគឺព្រលឹងរបស់ខ្ញុំបានហោះអណ្តែតអស់ហើយដែលអារម្មណ៍រំភើបបែបនេះខ្ញុំខានបានជួបចូល១០ឆ្នាំមកហើយ»។
កូនសិស្សរបស់លោក ធន់ សុភា រូបនេះ ក៏បានតាំងចិត្តពង្រឹងសមត្ថភាពឱ្យបានខ្លាំងថែមទៀត ដើម្បីត្រៀមប្រកួតការពារខ្សែក្រវាត់គ្រុឌគុនខ្មែរនេះ បើសិនជាមានអ្នកចង់ឡើងដណ្តើម។ រិទ្ធី បញ្ជាក់ថា៖ «ចំពោះអ្នកចង់ឡើងដណ្តើមយកខ្សែក្រវាត់នេះ ខ្ញុំស្វាគមន៍ជានិច្ច តែសុំជាការប្រកួតអំបោះឆៅព្រោះខ្សែក្រវាត់នេះ ខ្ញុំដណ្តើមបានដោយវ៉ៃអំបោះឆៅយ៉ាងវេទនាគឺមើលតែមុខខ្ញុំទៅមានស្នាមបែក និងពកពេញអស់ហើយ អ៊ីចឹងអ្នកដែលចង់ដណ្តើមខ្សែក្រវាត់នេះត្រូវតែឆ្លងកាត់ឧបសគ្គ និងការលំបាកដូចគ្នា»។
ស្រដៀងគ្នានេះ កីឡាករ លន បញ្ញា ដែលអ្នកគាំទ្របានផ្តល់ឈ្មោះថ្មីថា គ្រូម៉ៅចាប់ខ្មោច បានបង្កើតរឿងដែលគ្រប់គ្នាស្ទើរតែមិនចង់ជឿ ដោយរូបគេបានប្រើបច្ចេកទេសវាយយ៉ាងល្អបំផុត ក្នុងការប្រកួតជាមួយម្ចាស់ខ្សែក្រវាត់១២ស្ថាប័នមកពីអាហ្វ្រិកខាងត្បូង Ncedo Gomba។ ការប្រកួតនេះ Gomba បានព្យាយាមវាយសម្រុក ក្នុងបំណងផ្តួល លន បញ្ញា ឱ្យសន្លប់ត្រឹមទឹកទី១ ឬទឹកទី២ ប៉ុន្តែ បញ្ញា បានវាយបកសង និងរំដោះខ្លួនយ៉ាងល្អ ហើយនៅទឹកទី៣ បញ្ញា បានទាត់ស្តាំចូលឆ្អឹងជំនីរ បណ្តាលឱ្យ Gomba ដួលចុករមួល មិនអាចបន្តការប្រកួតទៀតបាន។
ចំណែក ព្រំ សំណាង ដែលប្រកួតការពារខ្សែក្រវាត់គ្រុឌទម្ងន់៧៥គីឡូក្រាមនោះ បានយកឈ្នះកីឡាករថៃ Dabmorn Phumpanmoung ដោយពិន្ទុ។ រីឯ ឡុង បេនលឿន ក៏ការពារខ្សែក្រវាត់ ទម្ងន់៦៣,៥គីឡូក្រាមរបស់ខ្លួនពីការឡើងដណ្តើមរបស់ ម៉ឺន មេឃា បានសម្រេច ដោយ បេនលឿន បានឈ្នះដោយពិន្ទុ ហើយការវាយកែងរបស់គេ ក៏ធ្វើឱ្យ មេឃា ស្រុតក្តោងច្រមុះផងដែរ។
ដោយឡែក សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិចំនួន៤គូទៀតកាលពីយប់ថ្ងៃទី៣ ខែកញ្ញា នោះដែរ ម្ចាស់មេដាយមាស ឃីម ឌីម៉ា បានវាយកែងបណ្តាលឱ្យកីឡាករឡាវ ភេត ចំប៉ា បែកយ៉ាងធំ និងត្រូវបានគ្រូពេទ្យបញ្ឈប់ត្រឹមទឹកទី២ រីឯ មឿន សុខហ៊ុច បានវាយកែងផ្តួលថៃ Rodpuang ឱ្យសន្លប់ក្នុងទឹកទី៣ ហើយ អេអាំរីន ភូថង បានវាយកែង និងបុកជង្គង់ឱ្យកីឡាករជប៉ុន Motoki សន្លប់ធំត្រឹមទឹកទី១ ប៉ុន្តែ អ៊ុង វីរៈ បានចាញ់កីឡាករអុីរ៉ង់ Arvin Mehboudi ដោយពិន្ទុ។
និយាយផ្តោតទៅលើការប្រកួតទាំង៩គូនេះ លោក ម៉ុល នី បានបញ្ជាក់ថា៖ «ការប្រកួតនេះ ពិតជាមានភាពស្វិតស្វាញខ្លាំងដោយសារកីឡាករម្នាក់ៗបានប្រឹងប្រែងអស់ពីលទ្ធភាពក្នុងការស្វែងរកជ័យជម្នះ ហើយតាមរយៈភាពជោគជ័យទាំងអស់នេះបានធ្វើឱ្យម្ចាស់ឧបត្ថម្ភរបស់យើងសប្បាយចិត្ត អ៊ីចឹងពិតណាស់ខាងគ្រុឌ និងទូរទស្សន៍ជាតិទទក នឹងរៀបចំឱ្យមានព្រឹត្តិការណ៍ធំបែបនេះ ជាបន្តទៀត»៕