ភ្នំពេញ : កាយវិការ​លើក​ដៃ​ឡើង​រាំ​ ង​រំពេន​ចេញ​ជា​ក្បាច់​ដែល​ផ្ដើម​ពី​ការ​ដាំដុះ​គ្រាប់​ពូជ​រហូត​ដល់​ផ្លែ​ទុំ​ជ្រុះ បាន​បង្ហាញ​ពី​ភាព​ទន់​ភ្លន់​ និង​បង្កប់​នូវអត្ថ​ន័យ​នៃសេចក្ដី​មង្គល​ប្រកប​ដោយ​សន្ដិភាព​។

ជំនួស​ដោយ​ផ្ទៃ​ក្រោយ​ជា​ប្រាង្គ​ប្រាសាទ កម្រាល​ព្រឹល​ពណ៌​ស​ក្បុស​នៅលើ​កំពូល​ភ្នំ Aoraki Mount Cook ប្រទេស​នូវែល​សេឡង់​ អ្នក​របាំ​អប្សរា​ម្នាក់​កំពុង​តែ​បញ្ចេញ​ក្បាច់​រាំ​នៅ​ទីឋាន​​​ ដែល​ហាក់​ដូចជា​ឋាន​សួគ៌​។

​ជាមួយនឹង​ការលើក​តម្កើង​វប្បធម៌​ជាតិ​ និង​ចំណង់​ចំណូលចិត្ត​យ៉ាង​ជ្រាលជ្រៅ​ក្នុងការ​ថែរក្សា​ប្រពៃណីជាតិ​របស់​ពួកគេក្រុម​ការងារ​ដ៏​មាន​ទេពកោសល្យ​នេះ​បានចាប់ផ្តើម​ដំណើរ​ឆ្លងកាត់​ព្រំដែននិង​នាំយក​របាំ​អប្សរា​ដ៏​ទាក់ទាញ​ទៅកាន់​ពិភព​លោក​។​


​ការប្តេជ្ញា​ចិត្ត​របស់​ពួកគេ​ ក៏បាន​ទាក់ទាញ​ការកោតសរសើរ​ពី​លោកនាយក​រដ្ឋមន្ត្រីហ៊ុនម៉ាណែត ដែល​បាន​ចែក​រំលែក​របាំ​អប្សរា​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់លោក​ផងដែរ​។លោក​បាន​សាទរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគេដោយ​បង្ហាញ​ពី​ការដឹងគុណ​ចំពោះ​ការលះបង់​របស់​ពួកគេ​ក្នុងការ​ផ្សព្វផ្សាយ​បេតិកភណ្ឌ​វប្បធម៌​ដ៏​សម្បូរ​បែប​របស់​កម្ពុជា​ទៅកាន់​ទស្សនិក​ជន​ទូទាំង​ពិភព​លោក​។​

លោក​បាន​សរសេរ​ថា​៖ «​សូម​អរ​គុ​ណ​និង​កោ​ត​ស​រសើ​រដល់​ប្អូន​ៗ​ដែល​បាននាំ​យក​ព្រ​​លឹង​សិ​ល្បៈដូ​ន​តា​ខ្មែរក្នុ​ង​ឈុត​អប្សរាមក​រាំ​​បង្ហាញ​​ផ្សព្វ​ផ្សាយ​ពី​អរិយ​ធម៌​ដ៏​ស្រស់​ត្រកាលនិង​រុង​រឿង​របស់​ខ្មែរដល់​សាធារណជន​​នៅ​​ទូទាំង​​ពិភព​លោក​បាន​ទស្សនានៅ​ភ្នំ​ទឹកកក​នៅប្រទេស New Zealand»។ 


​​ការនាំយក​សិល្បៈ​​បុរាណ​ខ្មែរ​ទៅកាន់​កំពូលភ្នំ​ខ្ពស់បំផុត​ក្នុងប្រទេស​នូ​វែ​ល​សេ​ឡង់ ​ជា​ភ្នំ Aoraki Mount Cook កម្ពស់៣៧២៤​ម៉ែត្រ​នៅលើ​កោះ​ខាងត្បូងក្រុម​យុវជន​ដែលមាន​ចំណង់​ចំណូលចិត្ត​ទាំងនេះ​បាន​ប្រឈមអាកាស​ធាតុ​ផង​​ និង​ឧបសគ្គ​នៃ​ពេលវេលា​ដើម្បី​បង្កើត​ទស្សនីយ​ភាព​ដ៏​គួរឱ្យ​ចាប់​អារម្មណ៍ផង​​។​

​ការ​ធ្វើ​ដំណើរ​ពី​សណ្ឋាគារ​ស្នាក់​នៅ​ទៅ​កាន់​កន្លែង​ថត​នៅលើ​ភ្នំ​ទឹក​ព្រឹល​នោះ​ចំណាយ​ពេល៣ម៉ោង​ដោយ​ធ្វើ​ដំណើរ​តាម​ឧទ្ធម្ភាគ​ចក្រ។ពេល​ដល់​គោល​ដៅ​ភ្លាម​ ក្រុមការងារ​មាន​ពេលវេលា​តែ១៥នាទី​ប៉ុណ្ណោះក្នុង​ការ​ថត​។ 

កញ្ញា​សុគា​ គីមលាង​ហៅ​កូន​ស្រមោចជា​នាដកាម្នាក់​ ដែលបាន​សម្ដែង​របាំ​អប្សរា​នៅលើ​ភ្នំ Aoraki Mount Cook បាន​និយាយថា​៖ «ពេល​ចុះ​ពីលើ​ឧទ្ធម្ភាគចក្រភ្លាម​ ខ្ញុំ​ចាប់​ផ្ដើម​ពាក់​មកុដ​ និង​រាំ​តែម្ដង​។ខ្ញុំ​សូម​អរគុណ​ដល់​អ្នក​បើក​ឧទ្ធម្ភាគចក្រដែល​គាត់​ទុក​ពេល​ឱ្យ​យើង​ប្រហែល​ ៥នាទី​ ដោយ​គាត់​បង្ហាញ​ភាព​ស្ញប់ស្ញែង​ចំពោះ​ទឹកចិត្ដ​យើង​ក្នុង​ការ​នាំយក​របាំ​តំណាង​ជាតិ​ទៅ​រាំ​ក្នុង​សីតុណ្ហភាព​ដ៏​ត្រជាក់​»។ 

ការ​ជ្រើសរើស​របាំ​អប្សរា​មក​រាំ​នៅលើ​ព្រឹល​នេះទាក់ទង​អត្ថន័យ​រឿង​ព្រេង​កថា​កូរ​សមុទ្រ​ទឹក​ដោះ​។ព្រឹល​តំណាង​ឱ្យ​ពពក​ ហើយ​ជួរ​ភ្នំ​ស្ថិត​នៅ​ក្រោយ​ព្រឹល​នោះគឺជាឋាន​កិលេសមួយ​ដែល​ផុស​ចេញ​នាង​ទេព​អប្សរពីការ​កូរ​សមុទ្រ​ទឹកដោះ​ រវាង​ទេវ​និង​អសុរា​។ 

កញ្ញាកូន​ស្រមោច ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «ខ្ញុំ​សូម​បញ្ជូនសារ​នេះទៅដល់​ប្រជាជន​ខ្មែរ​យើង​ទាំង​អស់​នៅ​ទូទាំង​ពិភព​លោក​​ចូលរួម​ថែទាំ​ និង​គាំទ្រ​សិល្បៈ​របាំ​បុរាណនិង​វប្បធម៌​ផ្សេងៗ​ដែល​ខ្មែរ​យើង​មាន​ និង​បន្សល់​ទុក​តាំង​ពី​ដូន​តា​យើង​»។

​កញ្ញា​បាន​និយាយថា គោលបំណង​នៃការ​សម្ដែង​របាំ​អប្សរា​នេះគឺ​ចង់​បង្ហាញ​ពីទិដ្ឋភាព​ថ្មីមួយ​និងចង់​ផ្សព្វផ្សាយពី​បេតិក​ភណ្ឌ​ជាតិ​ដែល​​ខ្មែរ​​មាន​របាំ​អប្សរា​។ ​

កូន​ស្រមោចបន្ដថាបទពិសោធន៍​នេះ​ពោរពេញ​ទៅដោយ​ភាព​រីករាយនិង​មោទនភាព​យ៉ាង​ក្រៃលែង​។ ការ​រាំ​នេះចាប់​ផ្ដើម​​ដោយ​គ្មាន​ការ​ហាត់​សម​ ហើយ​ការ​ថត​ក៏​ថត​យក​តែម្ដង​ផង​ដែរដោយសារ​រយៈ​ពេល​ខ្លី​។ បូក​រួម​កម្លាំង​ចិត្ដ​ ក៏ដូចជា​​ក្រុម​ការងារ​​ធ្វើ​ការ​បេះដូង​រួម​គ្នាទើប​ធ្វើ​ឱ្យ​កិច្ចការ​នេះ​សម្រេច​បាន។

​យ៉ាងណាមិញកូន​ស្រមោច ​តែម្នាក់ឯង​មិនអាច​នាំ​របាំ​ដ៏​អស្ចារ្យ​នេះ​ទៅកាន់​​កំពូល​ភ្នំ​ទឹកព្រឹល​បានទេ​។ ក្នុងចំណោម​យុវជន​កម្ពុជា​ដែលមាន​ទេពកោសល្យ​ចូលរួមលោកលីតារា​ពន្លឺ ឬ តារា ​លីដែល​​រស់នៅក្នុង​ប្រទេស​នូ​វែ​ល​សេ​ឡង់ បាន​រចនា​​សម្លៀក​បំពាក់​អប្សរានិង​មកុដ​ដោយ​ប្រើ​សម្ភារ​ដែលមាន​ក្នុងប្រទេស​​។​

​លោកតារា​ លី​ បាន​​​ច្នៃបង្កើត​ឈុត​ប្រពៃណីកិន្នរផលិត​ពី​ផលិតផល​ផ្ទះបាយដែល​ជាប់​ក្នុង​ប្រភេទ​​​ជម្រើស​របស់​ប្រជាជន​ក្នុង​កម្មវិធី Best Edible Fashions Contest នៅ​ប្រទេសនូវែលសេឡង់​ក្នុង​ឆ្នាំ២០១៨​ បានបង្ហាញ​ពី​បំណង​​ក្នុង​ការច្នៃ​​ឈុត​​​អប្សរា​ដោយ​ប្រើ​សម្ភារ​ពិត​ប្រាកដ​។​

​លោក​​បាន​រៀបរាប់ថាការលើកទឹកចិត្ត​កើត​មាន​​កាន់តែខ្លាំង​ឡើង នៅពេលដែល​​​បានដឹង​ពី​ដំណើរ​​មក​កាន់​ប្រទេស​នូវែល​សេឡង់​របស់​កូន​ស្រមោច​ រយៈ​ពេល​ ២-៣​ខែ​មុន​។​

លោក​បាន​និយាយ​ថា​៖​ «ចាប់តាំងពី​ពួកយើង​បានរាប់អាន​​គ្នា​ទៅវិញទៅមក​នៅលើ​បណ្តាញ​សង្គម​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ ខ្ញុំ​គិតថា​ នេះ​ជា​​ពេល​វេលា​ដ៏​ល្អឥត​ខ្ចោះ​ដើម្បី​សហការ​ជាមួយ​គ្នា​»។​

​លោកតារា​ លីបាន​ពន្យល់ថាលោក​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាពដើម្បី​រក្សា​រចនាប័ទ្ម​ដើម​​នៃ​ចម្លាក់​នៅ​ប្រាសាទ​អង្គរ​វត្ត​ទាក់​ទង​នឹង​រូប​ភាព​និង​សមា​មាត្រ​។ ​​

លោកតារា​ លីបាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ថា​៖ «និយាយ​តាម​បទពិសោធន៍ និង​ទស្សនៈ​ផ្ទាល់ខ្លួន​របស់ខ្ញុំខ្ញុំ​គិតថា ​មកុដ​អប្សរាគឺ​ជា​​និមិត្តរូប​​ដ៏​សំខាន់បំផុត​មួយ​សម្រាប់​កម្ពុជា​។ វា​មកពី​អាណាចក្រ​ខ្មែរ​ដ៏​អស្ចារ្យ ហើយ​វា​តំណាងឱ្យ​អ្នករាំ​របាំ​​​នៅ​កម្ពុជា​នា​ពេល​​បច្ចុប្បន្ន​នេះ​»​​។​

​ការសម្តែង​ដ៏​អស្ចារ្យ​នេះ​បាន​ទាក់ទាញ​ការ​បំផុសគំនិត​ពី​កេរដំណែល​ដែលមាន​តាំងពី​ទសវត្សរ៍​ឆ្នាំ១៩៤០ នៅពេល​​ព្រះមហា​ក្សត្រិយានី​ស៊ីសុវត្ថិកុសុមៈនារីរត្នសិរី​វ​ឌ្ឍ​នាបាន​យាង​មក​ទស្សនា​នៅ​សាលាបឋមសិក្សា​សុធារស​នាយិកា​ដែល​បានរៀបចំ​ពិធី​សិល្បៈ​កុមារបាន​កាត់​ក្រដាស​ធ្វើជា​មកុដ​ពាក់​ដូចគ្នា​នឹង​មកុដ​អប្សរា​ឆ្លាក់​ជាប់​នឹង​ជ​ញ្ជាំងប្រាសាទ​អង្គរវត្ត​បេះ​បិទ​។

ឃើញបែបនេះ​ញ៉ាំ​ងឱ្យ​​ព្រះមហាក្សត្រី​យា​នី នឹក​ផ្ដូ​ច​ផ្ដើមគំនិត​បង្កើត​របាំ​នេះ​ឡើង​ហើយ​បាន​ប្រសិទ្ធ​នាម​ថា «​របាំ​អប្សរា​» មាន​ន័យ​ថារបាំ​ទេវៈរបាំ​ទេព​អប្សរ​ឬក៏​របាំ​ទេវតា​តាម​ពាក្យ​ផ្សំ​ពី​បាលី​សំស្ក្រឹត​។​

​ដំណើរ​ទស្សនកិច្ច​នេះ​នៅ​ទីបំផុត​បាន​ជំរុញ​ទឹកចិត្ត​ព្រះអង្គម្ចាស់​រាជបុត្រីនរោត្តមបុប្ផា​ទេវី ​ឱ្យ​​ក្លាយជា​អ្នករបាំ​អប្សរា​អាជីព​ដំបូង​​គេ​ក្នុង​សម័យ​ទំនើប​។​

កូន​ស្រមោច​ ដែល​ទទួលបាន​ភាពល្បីល្បាញ​ដោយសារ​ការសម្តែង​ជា​តួ​អង្គ​ទេវតា​​ក្នុងឱកាស​ចូលឆ្នាំ​ខ្មែរ​ស្វាគមន៍​ និង​តួ​អង្គ​ព្រះ​ថោង​ក្នុង​​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ បាន​និយាយថា ​កញ្ញា​​ជា​ផ្នែក​តូច​មួយ​នៃ​អ្នក​អភិរក្ស​សិល្បៈ​ប្រពៃណី​ខ្មែរ​។​

​កញ្ញា​​បាន​និយាយថាកញ្ញា​​មិន​គួរ​ឱ្យ​ជឿ​ខ្លួន​ឯង​ ដែល​បាន​គ្រង​ឈុត​អប្សរា​រាំ​លើ​កំពូល​ភ្នំព្រឹល​ ជាពិសេស​ប្រជាជន​កម្ពុជា​បាន​បង្ហោះនិង​ចែករំលែក​តាម​បណ្តាញ​សង្គម​ ទោះ​កញ្ញា​​មិនមាន​ពេលវេលា​​ពិនិត្យមើល​ការ​តុបតែង​ខ្លួន ឬ​សាកល្បង​ឈុត​អប្សរា​​​នោះក៏ដោយ​។​

​លោកតារាលីបាន​ពន្យល់ថា ​ការ​​សម្តែង​របាំ​អប្សរា​នៅលើ​ភ្នំ​ព្រឹល កើតចេញពី​គំនិត​សាមញ្ញ​។ នៅពេលដែល​យុវជន​មកពី​ប្រទេស​កម្ពុជា​ទៅលេង​មិត្ត​ភក្តិ​របស់​ពួកគេ​នៅ​​​នូ​វែ​លសេ​ឡង់ ពួកគេ​បាន​ប្រមូល​ផ្តុំគ្នា​បង្កើត​នូវ​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍ និង​មាន​អត្ថន័យ​ជាមួយគ្នា​។​

​លោកបាន​បញ្ជាក់ថាក្នុង​តំបន់​របស់លោកសហគមន៍​កម្ពុ​ជាមាន​ចំនួន​តិចតួចហើយ​គ្រួសារ​នៅ​នូ​វែ​ល​សេឡង់ ជាទូទៅ​មាន​ការ​រវល់​នឹង​ជីវិត​រៀងខ្លួន​។ លោក​បានកត់សម្គាល់​ពី​ភាពខ្វះខាត​នៃ​ព្រឹត្តិការណ៍​កម្ពុជា​ក្នុង​តំបន់ ដែល​នឹង​ផ្តល់​ជា​វេទិកា​មួយ​ដើម្បី​បង្ហាញ​ពី​បេតិកភណ្ឌ​ប្រពៃណីនិង​វប្បធម៌​របស់​ពួកគេ​។ លោកតារា​ លីបានបង្ហាញ​ក្តីសង្ឃឹម​ថា លោក​អាច​ចូលរួម​ក្នុង​ការ​ផ្លាស់ប្តូរ​ស្ថាន​ការណ៍​នេះ​ទៅ​ថ្ងៃ​អនាគត​។​

លោក​និយាយថា​៖ «​គោលបំណង​ចម្បង​​ គឺ​ដើម្បី​​បំផុស​ចលនា​​​ដ៏​រស់​រវើក​នៃ​វប្បធម៌​ខ្មែរនិង​សិល្បៈ​ដ៏​គួរឱ្យ​ទាក់ទាញ​នៃ​របាំ​បុរាណ​​ខ្មែរ»។​

កូន​ស្រមោច​ ក៏បាន​និយាយ​ផងដែរ​ថា៖​ «​​ខ្ញុំ​ពិតជា​រំភើប​ណាស់​ដែល​បាន​ចែករំលែក​អនុស្សាវរីយ៍​ដ៏​អស្ចារ្យ​ទាំងនេះ​ក្នុងការ​បង្កើត​ព្រឹត្តិការណ៍​ដ៏​ពេញនិយម​មួយ​នៅលើ​បណ្តាញ​សង្គម អរគុណ​ចំពោះ​ការគាំទ្រ​ដ៏​ខ្លាំងក្លា​របស់​ប្រជាជន​កម្ពុជា​។ ខ្ញុំ​ពិតជា​រីករាយ​ជាមួយនឹង​លទ្ធផល​ដែល​យើង​សម្រេច​បាន»​។​

​នៅពេល​​​យុវជន​​ដែលមាន​ចំណង់​ចំណូលចិត្ត​ទាំងនេះ​បន្ត​ផ្សព្វផ្សាយ​ភាពស្រស់ស្អាត និង​សិរី​រុងរឿង​នៃ​បេតិកភណ្ឌ​វប្បធម៌​របស់​កម្ពុជា​ទៅកាន់​ពិភពលោក ​លទ្ធផល​​របស់​ពួកគេ​​ក្លាយ​ជា​សក្ខីភាព​នៃ​កេរដំណែល​យូរអង្វែង​នៃ​របាំ​អប្សរា និង​អរិយធម៌​ខ្មែរ​៕