​មណ្ឌលគិរីៈ ក្រុម​អ្នកស្រាវជ្រាវ​សត្វព្រៃ​នៃ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ WCS Cambodia ប្រចាំខេត្ត​មណ្ឌលគិរី បាន​រកឃើញ​សម្បុក​សត្វ​ក្រៀល​ ១ ​ថ្មី​ទៀត​កាលពី​ចុងខែ​សីហា ឆ្នាំនេះ​ដែលមាន​កូន ​២ ​ក្បាល​ញាស់​ចេញ​ដោយ​សុវត្ថិភាព​។


​អង្គការ WCS Cambodia បានឱ្យដឹង​នៅ​ថ្ងៃទី ​៤ ខែកញ្ញា​ថា នេះ​ជាការ​រកឃើញ​លើក​ទី ​២ បន្ទាប់ពី​បាន​រកឃើញ​លើក​ដំបូង​នៅ​ឆ្នាំ​ ២០២០ ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា ជាប់​ព្រំប្រទល់​ខេត្តមណ្ឌលគិរី និង​ខេត្តក្រចេះ​។ អង្គការ​នេះ​បញ្ជាក់ថា​៖«​តាមរយៈ​ការពិនិត្យ​សម្បុក និង​សម្បក​ស៊ុត​ដែល​បាន​ញាស់​បានបង្ហាញ​ឱ្យឃើញថា កូន​សត្វ​ក្រៀល​ចំនួន​ ២ ​ក្បាល បាន​ញាស់​ចេញពី​សម្បុក​ដោយ​សុវត្ថិភាព​»​។​

​អង្គការ​នេះ​បានឱ្យដឹងថា សត្វ​ក្រៀល​ជា​ប្រភេទ​សត្វ​កម្រ និង​កំពុង​រង​ហានិភ័យ​ខ្ពស់​ពី​មនុស្ស​មួយចំនួន​ដូចជា ការបំពុល ការរាន​ព្រៃ​ធ្វើ​កសិកម្ម​នៅ​តំបន់​សត្វ​ក្រៀល​រស់នៅ​ធ្វើឱ្យ​បាត់បង់​ជម្រក និង​ចំណី​ព្រមទាំង​ការបន្ត​ពូជ​។ អង្គការ IUCN ដាក់​សត្វ​ក្រៀល​បញ្ចូល​ក្នុង​បញ្ជី​ក្រហម ជា​សត្វ​ងាយ​រងគ្រោះ​បំផុត​។


​អង្គការ​នេះ​បញ្ជាក់ថា​៖ «​សត្វ​ក្រៀល​ គឺជា​ប្រភេទ​សត្វ​ស្លាប​ដែលមាន​កម្ពស់​ខ្ពស់​ជាងគេ​ដោយមាន​កម្ពស់​ប្រហែល ​១,៧០​ ម៉ែត្រ​មាន​ទម្ងន់​ប្រមាណ​៥-១២ ​គីឡូ​ក្រាម​សម្រាប់​សត្វ​ក្រៀល​ពេញ​វ័យ​។ សត្វ​ក្រៀល​ចាប់ផ្តើម​បង្ក​កំណើត​នៅ​ដើមរដូវ​វស្សា ពី​ខែឧសភា ដល់​ខែតុលា និង​ធ្វើ​សម្បុក​ពង​កូន​នៅតាម​វាលស្មៅ​ធំៗ​ដែលជា​តំបន់ដីសើម​ក្នុង​ដែន​ជម្រក​សត្វព្រៃ​កម្ពុជា​»៕