ភ្នំពេញៈ ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្តេជ្ញា​ជាថ្មី​នៅ​ចំពោះមុខ​ថ្នាក់​ដឹក​នាំ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុ​ម្មុយ​នី​ស្ត​ចិន ពី​ការបន្ត​ពង្រឹង​កិច្ចសហការ​កសាង​សហគមន៍​ជោគវាសនា​រួម​កម្ពុជា​-​ចិន ព្រមទាំង​លើកកម្ពស់​ក្របខ័ណ្ឌ​កិច្ច​​សហប្រតិបត្តិការ​ត្បូង​ពេជ្រ ដើម្បី​ផល​ប្រយោជន៍​ទៅវិញទៅមក​សម្រាប់​គណ​បក្ស ប្រទេស និង​ប្រជាជន​ទាំង​ ២​។​


​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័​ត៌​មាន​គណបក្ស​ប្រជាជន​កម្ពុជា នា​ថ្ងៃទី​ ៤ ខែកញ្ញា ឆ្នាំ​ ២០២៣ ​ស្តីពី​មេដឹកនាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​កុម្មុយនីស្ត​ចិន ប្តេជ្ញា​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឆ្ពោះទៅរក​ការកសាង​សហគមន៍​ជោគវាសនា​រួម​កម្ពុជា​-​ចិន ក្នុង​យុគសម័យ​ថ្មី​។ ជំនួប​នេះ​ធ្វើឡើង​រវាង​លោក ​ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ជាមួយនឹង​លោក លីវ ជាន​ឆាវ រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​អន្តរជាតិ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន ដែល​លោក​បាន​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សន​​កិច្ច​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​ ៣ ដល់​ថ្ងៃទី​ ៤ ខែកញ្ញា ឆ្នាំ​ ២០២៣​។​

​ក្នុងឱកាស​ទស្សនកិច្ច​នេះ​លោក​ លីវ ជាន​ឆាវ​ បាន​ជួប​ជាមួយនឹង​មន្ត្រីជាន់ខ្ពស់​កម្ពុជា​ជាច្រើនរូប ដោយបាន​ធ្វើការ​ពិភាក្សា​លើ​ប្រធានបទ​ទ្វេភាគី​ជាច្រើន ដែល​ផ្តល់​ប្រយោជន៍​ទៅវិញទៅមក​រវាង​កម្ពុ​ជា និង​ចិន ដែល​ក្នុងនោះ​រួមមាន សភាពការណ៍​ក្រោយ​ការបោះឆ្នោត​នៅ​កម្ពុជា​,​ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី ​៦៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត និង​ឆ្នាំ​មិត្តភាព​កម្ពុជា​-​ចិន និង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​គ​ណ​បក្ស​កាន់អំណាច​ទាំង ​២​ ជាដើម​។


សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​គណបក្ស​ប្រជាជន​កម្ពុជា បានបញ្ជាក់​សាជាថ្មី​ពី​ការប្តេជ្ញាចិត្ត​យ៉ាង​មោះមុត​ក្នុង​ការបន្ត​ពង្រឹង និង​ពង្រីក កិច្ចសហការ​កសាង​សហគមន៍​ជោគវាសនា​រួម​កម្ពុជា​-​ចិន​ប្រកបដោយ​គុណ​ភាព​ខ្ពស់ កម្រិត​ខ្ពស់ និង​ស្តង់ដា​ខ្ពស់ ព្រមទាំង​លើកកម្ពស់​ក្របខ័ណ្ឌ​កិច្ច​​សហប្រតិបត្តិការ​ត្បូង​ពេជ្រ ដើម្បី​ជា​ផល​ប្រយោជន៍​ទៅវិញទៅមក​សម្រាប់​គណ​បក្ស ប្រទេស និង​ប្រជាជន​ទាំង​ ២​។​

​ក្នុងជំនួប​នោះដែរ លោក លីវ ជាន​ឆាវ តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ក៏បាន​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​ឥត​ងាករេ​របស់​ប្រទេស​ចិន ក្នុង​ការគោរព​អធិបតេយ្យ​របស់​កម្ពុជា និង​បាន​នាំមក​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​របស់​អគ្គលេខា​ធិ​ការ​​បក្ស លោក​ស៊ី ជិន​ភីង ចំពោះ​រាជ​រដ្ឋា​​ភិ​បាល ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុងការ​ជ្រើសរើស​មាគ៌ា​អភិវឌ្ឍន៍​ស្របតាម​លក្ខខណ្ឌ​ជាតិ​របស់​កម្ពុជា​។


លទ្ធផល​នៃ​ជំនួប​រវាង​ប្រមុខ​​ដឹកនាំ​នេះដែរ គណបក្ស​ទាំង ​២ ​បាន​សម្តែង​ការពេញចិត្ត​ចំពោះ​សម្ទុះ​ដ៏​រឹងមាំ និង​ប្រកបដោយ​ថាមវន្ត​នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង​ ២ ដើម្បី​វិបុលភាព សន្តិភាព និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​។​

​សេចក្តីប្រកាស​បញ្ជាក់ថា ៖ «​គណ​បក្ស​ទាំង​ ២ បាន​វាយតម្លៃ​ខ្ពស់ អំពី​ការ​​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​អនុស្សរណៈ​យោគយល់​ស្ដីពី​កិច្ចសហប្រតិបត្តិការ និង​ការផ្លាស់ប្តូរ​រវាង​គណ​បក្ស​ទាំង​ ២ ដែល​ត្រូវបាន​ចុះហត្ថលេខា​ក្រោម​អធិប​តី​ភាព​របស់​សម្តេច​តេ​ជោ ប្រធាន​គណបក្ស ហើយ​គណបក្ស​ទាំង​ ២​ នឹង​ប្តេជ្ញា​បន្ត​ការប្រាស្រ័យ​ទាក់ទង​គ្នា ការផ្លាស់ប្តូរ ទស្សនកិច្ច និង​ការគាំទ្រ​គ្នា​ទៅវិញ​ទៅ​មក ក្នុង​វេទិកា​តំបន់ និង​អន្តរជាតិ​»​។​

​ជាមួយគ្នា​នោះ គណបក្ស​ទាំង ​២ ប្តេជ្ញា​បង្កើន​ទំនាក់ទំនង​គ្រប់​ថ្នាក់ គ្រប់ផ្នែក ជាពិសេស​អង្គការ​មហាជន និង​យុវជន ព្រមទាំង​រួមគ្នា​ដើម្បី​ធ្វើឱ្យ​គម្រោង «​ផ្ទះ​យុវជន​សម្រាប់​មិត្តភាព​កម្ពុជា​-​ចិន​» ដំណើរការបាន​ល្អប្រសើ​រ​។​

​លោក ថុង ម៉េង​ដា​វិត អ្នកស្រាវជ្រាវ​ប្រចាំ​មជ្ឈមណ្ឌល​មេគង្គ​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI)​ បាន​ថ្លែងថា មិត្តភាព និង​ទំនាក់ទំនង​ចិន និង​កម្ពុជា​គឺ​រឹងមាំ​គ្រប់​ជ្រុងជ្រោយ និង​ពហុ​សណ្ឋាន​ចាប់​តាំង​ពី​ប្រមុខរដ្ឋ​ដល់​កម្រិត​ប្រជាជន​។

​លោក​បាន​បន្តថា ចិន​គឺជា​ដៃគូ​អភិ​​វឌ្ឍន៍ និង​វិនិយោគ​ធំជាងគេ​របស់​កម្ពុជា​ក្នុង​រយៈពេល​ ១​ ទសវត្សរ៍​ចុងក្រោយ​នេះ ហើយ​ការកសាង​សង្គម​សេដ្ឋកិច្ចកម្ពុជា​មាន​ភាព​រីកចម្រើន​ខ្លាំង ដែល​ទាំងអស់នេះ​គឺ​បានមកពី​មិត្តភាព​ត្បូង​ពេជ្រ​របស់​កម្ពុជា និង​ចិន​។ លោក​ថ្លែងថា​៖ «​ការ​បេ្ត​ជ្ញា​ចិត្ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​កុម្មុយនីស្ត​ចិន​គឺ​កើតចេញពី​ការផ្តល់​ប្រយោជន៍​ជាតិ សន្តិសុខ និង​ស្ថិរភាព​កិច្ចសហប្រតិបត្តិការ​ឈ្នះ ឈ្នះ និង​សុខុមាលភាព​ប្រជាជន​ជា​ស្នូល​»​។

​ចំណែក​លោក គិ​ន ភា ប្រធាន​វិទ្យា​ស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា ក៏​ថ្លែង​ដែរ​ថា នៅ​រាល់​ជំនួប​នៃ​ថ្នាក់ដឹកនាំ​កំពូល នៃ​ប្រទេស​ទាំង​ ២ តែងតែ​បង្ហាញ​នូវ​ការប្តេជ្ញាចិត្ត​ក្នុងការ​កសាង និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង​ ២ នេះ​ការប្តេជ្ញាចិត្ត​បន្ថែម​លើ​ការប្តេជ្ញាចិត្ត​ដែលមាន​កន្លងមក រវាង​កម្ពុជា​-​ចិន​។

លោក​ថ្លែងថា​៖ «​ការរំពឹងទុក​របស់​ខ្ញុំ គឺអាច​និយាយបានថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ​នេះ​កាន់តែ​រឹងមាំ​ឈរលើ​មូលដ្ឋាន​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់​របស់​ប្រទេស​ទាំង​ ២ ​ដែល​មកដល់ពេលនេះ ទំនាក់ទំនង​របស់​ប្រទេស​ទាំង​ ២ ​មកដល់​កម្រិត​កំពូល​បំផុត​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​»៕