​ភ្នំពេញៈ ​នៅក្នុង​ខែសីហា ឆ្នាំ​ ២០២៣ មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ពិនិត្យ​ព្យាបាល​កុមារ​ឈឺ​ចំនួន ៨៥ ៨០៦​ នាក់ ដែល​ចំនួន​នេះ​មានការ​ថយចុះ ​៥៧៣ ​នាក់ បើ​ធៀប​នឹង​ខែកក្កដា​ដែលមាន​ចំនួន ៨៦ ៣៧៩ ​នាក់​។ នេះ​បើតាម​​របាយការណ៍​។​


​តាម​របាយការណ៍​រប​ស់ម​ន្ទីរ​ពេទ្យ​គន្ធបុប្ផា ចេញ​ថ្ងៃទី ​៥​ កញ្ញា​បានឱ្យដឹងថា ក្នុង​ខែសីហា ឆ្នាំ​ ២០២៣ ​នេះ​មាន​កុមារ​ឈឺ​ចំនួន ៨៥ ៨០៦​ នាក់ ត្រូវបាន​ពិនិត្យ​ព្យាបាល នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ ដែលមាន​ការថយចុះ​ចំនួន​ ៥៧៣​ នាក់​ធៀប​នឹង​ខែ​មុន ដែលមាន​ចំនួន ​៨៦ ៣៧៩ ​នាក់​។ កុមារ​មាន​ជំងឺ ១៧ ៦៦៥ ​នាក់ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ មានការ​កើន​​ឡើង​ ៨៧៦ ​នាក់ បើ​ធៀប​នឹង​ខែ​មុន​ដែលមាន​ ១៦ ៧៨៩ នាក់​។

​កុមារ​មាន​ជំងឺគ្រុនឈាម​ចំនួន ​២ ៩១២ ​នាក់ បាន​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ មានការ​កើនឡើង ​៥៦២​ នាក់ បើ​ធៀប​នឹង​ខែ​មុន​ដែលមាន​ចំនួន ​២ ៣៥០ ​នាក់​។ ចំណែក​កុមារ​ ២ ២៩៥​ នាក់​ត្រូវ​បានទទួល​ការវះកាត់​បើ​ធៀប​នឹង​ខែ​មុន​មាន ​២ ៣៨៦​ នាក់ គឺ​ថយ​ចុះ ៩១​ នាក់​។ កុមារ​វះកាត់​បេះ​ដូង និង​ភ្ជិត​ប្រហោង​បេះដូង​តាម​សរសៃឈាម​នៅ​គន្ធបុប្ផា​ភ្នំពេញ និង​សៀមរាប​មាន ចំនួន​ ៧៦ ​នាក់ កើនឡើង ​៧​ នាក់ បើ​ធៀប​នឹង​ខែ​មុន​ដែលមាន​ចំនួន​ ៦៩ ​នាក់​។


​របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា នៅ​ផ្នែក​សម្ភព​មន្ទីរពេទ្យ​ជ័យ​​វរ្ម័នទី​៧ (​គន្ធបុប្ផា​ទី​៣) មាន​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន ​៩ ៨៤៦​ នាក់ បានមក​ពិនិត្យ​តាមដាន​ផ្ទៃពោះ និង​ព្យាបាល​នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​នៃ​មន្ទីរសម្ភព​។ ចំនួន​នេះ​កើនឡើង​ ១៥៩​ នាក់​បើ​ធៀប​នឹង​ខែ​មុន​ដែលមាន ​៩ ៦៨៧​ នាក់​។ ចំណែក​ការ​សម្រាលកូន​បាន​ចំនួន ​១ ៨៦៥ ​នាក់ កើនឡើង​ ១០០​ នាក់ បើ​ធៀប​ខែ​មុន​ដែលមាន​ចំនួន​ ១ ៧៦៥​ នាក់​។

​មន្ទីរពេទ្យ​គន្ធបុប្ផា​បញ្ជាក់ថា​៖ «​រាល់​ការព្យាបាល​ទាំងអស់ គឺ​ឥតគិតថ្លៃ សម្រាប់​គ្រប់ៗ​គ្នា ដោយ​គ្មាន​ការរើសអើង​»​។


​តាម​របាយការណ៍​សង្ខេប​សកម្មភាព​ការងារ​របស់​មន្ទីរពេទ្យ​​គន្ធបុប្ផា ឱ្យដឹងថា ក្នុង​រយៈពេល ៦ ​ខែ ឆ្នាំ​ ២០២៣ នេះ មន្ទីរពេទ្យ​​គន្ធបុប្ផា​បាន​ពិនិត្យ និង​ព្យាបាល​កុមារ​សរុប​ប្រមាណ​ ៥០​ ម៉ឺន​នាក់ ដែល​ក្នុងនោះ​កុមារ​ឈឺ​ធ្ងន់ៗ​ប្រមាណ ៩ ​ម៉ឺន​នាក់​ត្រូវបាន​ទទួល​ឱ្យ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរ​ពេទ្យ ដែល​ចំនួន​នៃ​ការ​សម្រាក​ព្យាបាល​នេះ​មានការ​កើនឡើង​ជាង ១០០​ ភាគរយ​បើ​ប្រៀប​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ពី​ឆ្នាំមុន​។

ជាមួយគ្នានេះ​ មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ថ្លែងអំណរគុណ ដល់​សប្បុរសជន​ទាំងអស់​ដែល​បាន​បរិច្ចាគ​ថវិកា​ជា​បន្តបន្ទាប់​ទាំង​ប្រចាំខែ និង​ប្រចាំឆ្នាំ ជូន​ដល់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា សម្រាប់​ដំណើរការ​ពិនិត្យ​ព្យ​បាល​ជំងឺ​ដោយ​ឥតគិតថ្លៃ សំដៅ​ជួយ​សម្រាល​ទុក្ខលំបាក​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​។

​លោក ឃាន តួ​ក ប្រធាន​ផ្នែក​ទំនាក់ទំនង​សាធារណ​: នៃ​មូល​និ​ធិ​គន្ធបុប្ផា​កម្ពុជា​បានឱ្យដឹងថា គិត​មកដល់ពេលនេះ​មន្ទីរពេទ្យ​គន្ធបុប្ផា​មាន​មូលនិធិ​ចំនួន ​២​ សំខាន់ៗ សម្រាប់​ប្រមូល​ថវិកា​ទ្រទ្រង់​ដំណើរការ​របស់​មន្ទីរ​ពេទ្យ ទី​១ គឺ​មូលនិធិ​គន្ធបុប្ផា​ស្វ៊ី​ស និង ​១​ ទៀត គឺ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​។

​លោក​ថា មូលនិធិ​គន្ធបុប្ផា​ស្វ៊ី​ស​នៅតែ​បន្ត​ការបរិច្ចាគ ខណៈ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​កំពុងតែ​ទទួលបាន​ការបរិច្ចាគ​ថវិកា​កាន់​តែ​ច្រើនឡើងៗ ធ្វើឱ្យ​មន្ទីរពេទ្យ​​គន្ធបុប្ផា​នៅតែ​ដំណើរការបាន​រលូន ប៉ុន្តែ​មន្ទីរពេទ្យ​នៅតែ​ត្រូវ​ការ​ការជួយ​បរិច្ចាគ​ពី​សប្បុរស​​ជន​ពី​គ្រប់ទិសទី​ដើម្បី​ធានា​និរន្ត​ភាព​នៃ​ដំណើរការ​មន្ទីរពេទ្យ​៕