ភ្នំពេញៈ សមាជិក​រដ្ឋសភា​នីតិកាល​ទី​៧ បាន​បើក​កិច្ចប្រជុំ នៅ​ថ្ងៃទី​ ៥ ខែកញ្ញា ឆ្នាំ​ ២០២៣ បាន​បោះឆ្នោត​ជ្រើសតាំង​សមាជិក​គណៈកម្មការ​និង​លេខាធិការ​គណៈកម្មការ​នា​នា​នៃ​រដ្ឋសភា ដោយមាន​សំឡេង​យល់ព្រម​ភាគច្រើន​លើសលប់​ដែលមាន​វត្ត​មាននៅ​ក្នុង​អង្គប្រជុំ​។​


​សមាជិក​រដ្ឋសភា​ចំនួន​ ១១០ ​រូប​នៃ​សមាជិក​សរុប​ ១២៥ ​រូប មាន​វត្តមាន​នៅក្នុង​អង្គប្រជុំ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​គណៈកម្មការ​ទាំ​ង​ ១០​ នៃ​រដ្ឋ​សភា​ចំនួន ​៧០ ​រូប និង​លេខាធិការ​ចំនួន ​៧ ​រូប​។ យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​ការ​បន្ត​សម័យប្រជុំ​រដ្ឋសភា លើក​ទី​ ១ នីតិកាល​ទី​ ៧ កាលពី​ថ្ងៃទី​ ៥ ខែកញ្ញា ឆ្នាំ​ ២០២៣​។​

​សេចក្តីប្រកាស​បានឱ្យដឹង​បន្តថា គណៈកម្មការ​ជំនាញ​ទាំង​ ១០ មាន គណៈកម្មការ​ទី​១ គឺ​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធ​សភា​។ គណៈកម្មការ​ទី​២ គឺ​គណៈ​កម្ម​ការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​។


​គណៈកម្មការ​ទី៣ គឺ​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម​អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក​។ គណៈកម្មការ​ទី៤ គឺ​គណៈ​កម្ម​ការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី​។ គណៈកម្មការ​ទី​៥ គឺ​គណៈកម្មការ​មហាផ្ទៃ ការពារជាតិ និង​មុខងារសាធារណៈ​។​គណៈកម្មការ​ទី​ ៦ គឺ​គណៈ​កម្ម​ការ​កិច្ចការបរទេស សហ​ប្រតិ​ប​ត្តិ​ការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​។

គណៈកម្មការ​ទី​៧ គឺ​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​។ គណៈកម្មការ​ទី​៨ គឺ​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​។ គណៈកម្មការ​ទី៩ គឺ​គណៈ​កម្ម​ការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគ​រូប​​នីយកម្ម និង​សំណង់​។ គណៈ​កម្ម​ការ​ទី​១០ គឺ​គណៈកម្មការ​អង្កេត បោសសម្អាត និង​ប្រឆាំង​អំពើពុករលួយ​។​


​ក្រោយពី​ទទួលបាន​លទ្ធ​ផល​នៃ​ការបោះឆ្នោត​រួចមក លោកស្រី ឃួន សុ​ដា​រី បានប្រកាសថា សមាជិក​គណៈ​កម្ម​ការ​នានា​នៃ​រដ្ឋសភា នីតិកាល​ទី​៧ ត្រូវ​អង្គ​រដ្ឋសភា​បោះឆ្នោត​ជ្រើសតាំង​ជាប់​ជា​ស្ថាពរ​។ លោកស្រីបាន​អះអាងថា ដោយ​សារ​តែ​សម័យប្រជុំ​បាន​ដំណើរ​​ការប្រជុំ​តាមរបៀប​វារៈ​ចប់​សព្វ​​គ្រប់ ហើយ​រដ្ឋសភា មិនទាន់មាន​របៀបវារៈ​ថ្មី​ក្នុងការ​ពិភាក្សា នោះ​អង្គ​រដ្ឋសភា បាន​លើក​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១ នីតិកាល​ទី​៧ ១ ​រយៈ​សិន​។​

​លោកស្រី ឃួន សុ​ដា​រី បាន​បញ្ជាក់ថា​៖«​ចំពោះ​ព័ត៌មាន​ទាក់ទង​នឹង​ការបន្ត​សម័យប្រជុំ​រដ្ឋ​សភា​លើក​ទី​១ នីតិ​កាល​ទី​៧ នឹង​ជូនដំណឹង​នៅពេល​ក្រោយ​»​។​

​លោក ប៉ាន សូរ​ស័ក្តិ ដែល​ទើប​ជាប់ឆ្នោត​ជា​លេខាធិការ​គណៈកម្មការ​ទី​៩ នៃ​រដ្ឋសភា បានបង្ហាញ​ការតាំង​ចិត្ត​ថា លោក នឹង​ខិតខំ​ប្រឹងប្រែង​សម្របសម្រួល​ដោយ​ធ្វើ​យ៉ាង​​ណា​ឱ្យ​វិស័យ​ដែល​ស្ថិតក្រោម​សមត្ថកិច្ច​របស់​គណៈកម្មកា​រ​ទី​៩ ទទួលបាន​ជោគជ័យ​ស្របតាម​គោលនយោបាយ​បញ្ច​កោណ​ដែល​រដ្ឋាភិបាល​បានដាក់​ចេញ​។​

​ជាមួយនឹង​ការតាំង​ចិត្ត​នេះ លោក ក៏បាន​អះអាងថា ក្នុងនាម​តំណាងរាស្ត្រ តំណាង​អង្គនីតិប្បញ្ញត្តិ នឹង​បន្ត​តាមដាន សម្របសម្រួល ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​កម្ពុជា អាច​សម្រេចបាន​ក្នុងទិសដៅ​ដែល​ក្លាយជា​ប្រទេស​ពឹងផ្អែក​ខ្លួន និង​ឈានទៅរក​ប្រទេស​ដែលមាន​ការ​អភិវឌ្ឍ​ក្នុង​ឆ្នាំ ២០៥០​។​

​លោកបាន​បញ្ជាក់ថា​៖​ «​ខ្ញុំ​នឹង​ខំ​ពង្រឹង​រចនាសម្ព័ន្ធ​បន្ថែមទៀត​ទាំង​រឹង ទាំង​ទន់​។ ខ្ញុំ​នឹង​តាមដាន​ការអនុវត្ត​របស់​មន្ត្រី​រដ្ឋាភិបាល ដើម្បីឱ្យ​ដើរ​តាម​គោល​​នយោបាយ​បញ្ច​កោណ​ដែល​រដ្ឋាភិបាល​នីតិកាល​ទី​៧ បាន​ដាក់ចេញ​ក្នុងពេល​ថ្មីៗ​នេះ ដែលមាន​គោលដៅ​ក្លាយជា​ប្រទេស​មានការ​អភិវឌ្ឍ និង​មាន​ចំណូល​កម្រិត​មធ្យម​ត្រឹម ​២០៣០ និង​កម្រិត​ខ្ពស់​ត្រឹម ​២០៥០»​។

​ក្នុងនាម​ជា​លេខាធិការ ដែល​ធ្លាប់មាន​បទពិសោធន៍​ជា​រដ្ឋ​មន្ត្រី​ក្រសួងពាណិជ្ជកម្ម​ជាង​ ៧ ឆ្នាំ លោក ប៉ាន សូរ​ស័ក្តិ ក៏បាន​អះអាង​ដែរ​ថា លោក ខិតខំ​ជំរុញ​កំណើនសេដ្ឋកិច្ច និងការសម្របសម្រួល​ផ្នែក​ទីផ្សារ ក៏ដូចជា​ជំរុញ​ផ្នែក​សេដ្ឋកិច្ច​ឌីជីថល ឱ្យស្រប​តាម​គោល​ការ​ណ៍​របស់​គណៈកម្មការ​ទី​៩៕