ភ្នំពេញៈ ​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានសម្រេច​ទទួលយក​ការស្នើសុំ​របស់លោក សាយ បូរី អតីត​ឧ​ត្ត​ម​ប្រឹក្សា​ព្រះ​បរម​រតន​កោដ្ឋ និង​ជា​អតីត​មេធាវី​ការពារ​ក្តី​ឱ្យ​លោក ខៀវ សំផន ឱ្យចូល​រួម​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​ ដែល​កំពុង​កាន់អំណាច ក្រោយពី​លោក​បាន​លាលែង​ចេញពី​គណបក្ស​ សឺ​ន សាន តាំងពី​ឆ្នាំ​១៩៩៥​។​


​លោក ហ៊ុន សែន បានបង្ហាញ​សារ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម ​របស់លោក​កាលពី​ថ្ងៃទី ​៥ ខែកញ្ញា​ថា​៖ «​ជាថ្មី​ម្តងទៀត​ក្នុងនាម​គណបក្ស​ប្រជាជន​កម្ពុជា ខ្ញុំ​សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ឯកឧត្តម​ សាយ បូរី ដែល​បាន​សម្រេចចិត្ត​មក​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ តាមរយៈ​នៃ​ការចូលរួម​របស់​ឯក​ឧ​ត្ត​ម ​សាយ បូរី​ គណបក្ស​ប្រជាជន​កម្ពុជា​ នឹង​ទទួលបាន​បញ្ញា​វន្ត​ ដែល​ជាទីគោរព​និង​ធនធានមនុស្ស​ដ៏​កម្រ​បន្ថែមទៀត​»​។​

​លោក សាយ បូរី នៅ​ថ្ងៃទី ​៥ ខែកញ្ញា នេះដែរ​ក៏បាន​បង្ហាញ​សា​រលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក​ដោយបាន​បញ្ជាក់​ថា លោក​លាលែង​ចេញពី​គណបក្ស​លោកតា ​សឺ​ន សាន តាំងពី​ឆ្នាំ​ ១៩៩៥ មុននឹង​មក​បង្កើត​គណ​:​មេធាវី ហើយក៏​នៅ​បន្ត​ឯករាជ្យ​រហូត ដើម្បី​បម្រើ​ជាតិខ្មែរ​។


​លោក​បានឱ្យដឹងថា​៖ «​ខ្ញុំ​យល់ច្បាស់​អំពី​មនោគមន៍វិជ្ជា​ដឹកនាំ​ប្រទេស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ក្នុង​ខ្លឹមសារ​ស៊ីជម្រៅ​ត្រូវ​នឹង​ឧ​ត្ត​ម​គតិ​របស់ខ្ញុំ​ទាំងស្រុង​។ នៅ​ព្រឹក ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០២៣​នេះ ខ្ញុំ​បាន​ផ្ញើ​សារ​គោរព​ស្នើសុំ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បង្ហាញ​ទឹកចិត្ត​របស់ខ្ញុំ​ ចង់​សុំចូល​ជា​សមាជិក​នៃ​គណបក្ស​ប្រជាជន​កម្ពុជា រួមគ្នា​បន្តដំណើ​រកសា​ង​ប្រទេសជាតិ ពីក្រោយ​អ្នក​បន្តវេន​ទៅមុខ ឆ្ពោះទៅរក​ការរីកចម្រើន​របស់​ស​ង្គ​ម​ឱ្យ​កាន់តែ​បាន​ឆាប់រហ័ស​»​។​

​អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក យង់ ពៅ បាន​ថ្លែងថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រមូលផ្តុំ​នូវ​បញ្ញជន​មកពី​គ្រប់​និន្នាការ​ទាំងអស់​ដែលមាន​បំណង​ចូលរួម​អភិវឌ្ឍ​ប្រទេស​ដែលមាន​សុ​ច្ឆន្ទៈ ពិតប្រាកដ ក្នុងសង្គម​មក​ចូលរួម​ការងារ​នយោបាយ​ដឹកនាំ​ស្រុកទេស​ជាមួយគ្នានេះ​។​


​លោក​បាន​ប្រាប់ថា​៖ «​នេះ គឺជា​អ្វីដែល​គណបក្ស​ប្រជាជន​កម្ពុជា តែងតែ​ធ្វើ (​ហើយ​) ​មួយវិញទៀត គណបក្ស​ប្រជាជន​កម្ពុជា មិន​រើសអើង​នយោបាយ ចំពោះ​គ្រប់​ធនធានមនុស្ស​ទាំង​អស់ បើទោះបី​ធ្លាប់ធ្វើ​ការងារ​នៅ​ខាង​ណាក៏ដោយ ឱ្យតែ​បំណង ឬ​សុ​ច្ឆន្ទៈ​ជួយ​ចូលរួម​បម្រើ​ជាតិ គឺ​គណបក្ស​ប្រជាជន​ស្វាគមន៍ ហើយ​ការប្រមូលផ្តុំ​បញ្ញជន​ជាទូទៅ​ក្នុង​យុគសម័យ​ប្រកួតប្រជែង​នេះ គឺជា​រឿង​ត្រឹមត្រូវ​»៕