​ព្រះ​វិហារៈ កសិករ​ស្រូវ​ត្រយង​មកពី​ភូមិ​ចំនួន ​៣ ក្នុង​ខេត្ដ​ព្រះ​​វិហារ រួមគ្នា​ផលិត​ជីកំប៉ុស​ធម្ម​ជាតិ​បាន​ជាង ​២១ ​តោន​ ដែលជា​លទ្ធផល​សម្រេចបាន​ក្នុង​ទ្រង់​ទ្រាយ​ធំ​ជា​លើកដំបូង​ប្រចាំឆ្នាំ ខណៈ​ជីកំប៉ុស​ដែល​ផលិត​បាន​ត្រូវបាន​ចែកជូន​ទៅដល់​កសិករ​ជា​សមាជិក​ចំនួន​ ១៧​ គ្រួសារ សម្រាប់​ប្រើប្រាស់ ដើម្បី​កាត់​បន្ថយថ្លៃ​ចំណាយ និង​ចៀស​ឱ្យ​ឆ្ងាយ​ការប្រើប្រាស់​ជីគីមី​។


​អង្គការ​សន្សំ​ម្លប់​ព្រៃ​បានប្រកាស​ពី​ភាពជោគជ័យ​នេះ បន្ទាប់ពី​អ្នកភូមិ​ទទួលបាន​ការបង្ហាត់​បង្ហាញ​ពី​បច្ចេកទេស​ក្នុងការ​ផលិត​ជីកំប៉ុស ហើយ​នេះ​ជា​ឆ្នាំ​ដំបូង​គេ​បង្អស់ ​ដែល​កសិករ​បាន​ផលិត​ជី​នេះ​ឡើង តាមរយៈ​ការ​​ផ្ដល់ជំនួយ​ដល់​អង្គការ​សន្សំ​ម្លប់​​ព្រៃ​ពី​គម្រោង CEPF សម្រាប់​កសិករ​សមាជិក​ស្រូវ​ត្រយង​ក្នុង​ខេត្ដ​ព្រះវិហារ​។

អង្គការ​សន្សំ​ម្លប់​ព្រៃបញ្ជាក់ថា​៖ «​ការ​អនុវត្ដ​គម្រោង​នេះ មាន​គោលបំណង​ចង់ឱ្យ​កសិករ​ជា​សមាជិក​ក្នុង​តំបន់​នោះ ទទួលបាន​ការបង្ហាត់​បង្ហាញ​ពី​បច្ចេកទេស​ក្នុងការ​ផលិត​ជីកំប៉ុស និង​បច្ចេកទេស​ក្នុង​ការដាំដុះ​ដំណាំ​បន្ទាប់បន្សំ​បន្ថែមទៀត ដូចជា​រមៀត​ជាដើម​ នៅ​ចន្លោះ​ដំណាំ​ស្វាយចន្ទី ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់​ដីឱ្យអស់​លទ្ធភាព និង​បង្កើន​ប្រាក់ចំណូល​»​។​


​អង្គការ​សន្សំ​ម្លប់​ព្រៃ លើកឡើងថា ១ ​វិញទៀត គម្រោង​នេះ ក៏​ចង់ឱ្យ​កសិករ​ជា​សមាជិក​មាន​ជី​ធម្ម​ជាតិ​ ប្រើប្រាស់​គ្រប់គ្រាន់ ដើម្បី​កាត់បន្ថយ​ការចំណាយ​ទៅលើ​ការទិញ​ជី និង​ជួយ​ឱ្យ​ទិន្នផល​​ស្រូវ ​មានការ​កើនឡើង​ជា​បន្ដ​បន្ទាប់ ជាពិសេស​ចៀស​ឱ្យ​ឆ្ងាយ​ពី​ការប្រើប្រាស់​ជីគីមី ដែល​ខុសពី​គោលការណ៍​នៃ​ការអភិរក្ស​។

​បើតាម​អង្គការ​សន្សំ​ម្លប់​ព្រៃ ជី​កំ​ប៉ុ​ស​ ​ដែល​ផលិត​បាន​ជាង​ ២១ តោន​នេះ ត្រូវបាន​ចែកជូន​ទៅដល់​កសិករ​ជា​សមាជិក​ចំនួន ​១៧ គ្រួសារ ដែល​មកពី​ភូមិ​ដង​ផ្លិត ភូមិ​ត្មាត​ប៉ើយ និង​ភូមិ​ព្រៃវែង ស្ថិតក្នុង​ខេត្តព្រះវិហារ សម្រាប់​ប្រើប្រាស់​ក្នុង​ដំណាំ​ស្រូវ និង​ដំណាំ​បន្ទាប់បន្សំ​ផ្សេងទៀត​របស់​ពួកគាត់​។​


​លោក​ សួស វុ​ឌ្ឍី អ្នក​សម្រប​សម្រួល​ក្សេត្រសាស្ដ្រ​ថ្នាក់ជាតិ​នៃ​អង្គការ​សន្សំ​ម្លប់​ព្រៃ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​៦ ខែកញ្ញា​បន្ថែមថា ជីកំប៉ុស​ទាំងនេះ ត្រូវបាន​បង្កើតឡើង​ដោយ​កសិករ​ ១ ​ក្រុម​តូចៗ តាម​ភូមិ​នីមួយៗ ហើយ​ក្នុង​ពេលនេះ កសិករ ក៏​កំពុង​បន្ត​ប្រមូល​គ្រឿងផ្សំ​ជុំវិញ​សហគមន៍​ពួកគាត់​ ដែលមាន​ដូចជា​លាមក​គោ និងដើមទន្រ្ទានខែត្រ ដើម្បី​ផលិត​ជីកំប៉ុស​នេះ​បន្តទៀត នៅ​ឆ្នាំ​ទី ​២​។

លោក បញ្ជាក់ថា​៖«​ការប្រើ​បច្ចេកទេស​ផលិត​ជីកំប៉ុស​នេះ​ជួយ​ឱ្យ​គុណ​ភាព​ដំណាំ​ស្រូវ​របស់​កសិករ​មាន​សុខភាព​ល្អ ទទួលបាន​សារធាតុចិញ្ចឹម​គ្រប់គ្រាន់ ដែលនាំឱ្យ​ទិន្នផល​មានការ​កើនឡើង​។ ទិន្ន​ផល​កើនឡើង​នឹង​លើកទឹកចិត្ត​កសិករ​ឱ្យ​ចូលរួម​កម្មវិធី​ស្រូវ​​ត្រយង​»​។

​ជាមួយនឹង​លទ្ធផល​សម្រេចបាន​នេះ លោក សួស វុ​ឌ្ឍី បាន​និយាយថា គម្រោង​នេះ ក៏​នឹង​បន្ត​បង្កើន​ចំនួន​អ្នក​ផលិត​ជី​កំ​ប៉ុ​ស​នៅ​ក្នុងភូមិ​ទាំងនេះ​បន្ថែមទៀត ដើម្បីឱ្យ​ប្រជាកសិករ​ប្រើ​​ប្រាស់​ជីកំប៉ុស​ អនុវត្ត​លើ​ដំណាំ​ទាំងអស់ ​ដែល​ពួកគាត់​កំពុងមាន ដូចជា ស្រូវ ស្វាយចន្ទី ដំឡូង​មី បន្លែ ឬ​ដំណាំ​ផ្សេងៗ​ទៀត​។ ដើម្បី​បង្កើន​សកម្មភាព​ទាំងនេះ លោក​សង្កត់ធ្ងន់ថា គម្រោង ក៏​នៅតែ​ផ្តល់​ការគាំទ្រ​ផ្នែក​បច្ចេក​ទេស​កាន់តែច្រើន និង​ស៊ីជម្រៅ​ដល់​ពួកគាត់​លើ​ការផលិត​ជី​កំ​ប៉ុ​ស និង​បច្ចេកទេស​ផ្សេង​ទៀត ដើម្បី​ភាព​ធន់ និង​ឆ្លើយ​តប​នឹង​ការប្រែប្រួល​អាកាស​ធាតុ​ដោយ​ផ្អែកលើ​សរីរាង្គ និង​ការអភិរក្ស​។

​លោក​ពន្យល់ថា​៖ «​កសិករ​របស់​យើង​គឺជា​កសិករ​ស្រូវ IBIS ដែលជា​កសិករ​សរីរាង្គ​។ ដូច្នេះ ពួកគាត់ ប្រើប្រាស់​លាមក​គោ​យកទៅដាក់​ក្នុង​ដំណាំ​ស្រូវ​ផ្ទាល់​តែម្តង​។ ប៉ុន្តែ​បន្ទាប់ពី​មានការ​គាំទ្រ​ពី​បុគ្គលិក​កសិកម្ម​របស់ SMP ពួកគាត់ អាច​ផលិត​ជី​កំ​ប៉ុ​ស ដែល​ពួកគាត់​មាននៅ​ជុំវិញ​ផ្ទះ និង​សហគមន៍​របស់​ពួកគាត់ ដើម្បី​ចៀសវាង​ពី​ការ​បញ្ចូល​សារធាតុ​គីមី ដែលនាំឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន សុខភាព និង​បង្កើន​ការទូទាត់​លើ​ថ្លៃដើម​ផលិតកម្ម​ជាដើម​»​។​

​គម្រោង​ស្រូវ​ត្រយង គឺជា​គម្រោង​ធំ ​១ ​ក្នុងចំណោម​គម្រោង​រេ​ដ​បូក ដែលជា​កម្មវិធី​ជាតិ ដើម្បី​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​​កញ្ចក់​ពី​ការបាត់បង់ និង​រេចរឹល​ព្រៃឈើ​ខណៈ​គម្រោង​ស្រូវ​ត្រយង គឺ​តម្រូវឱ្យ​កសិករ​ដែលជា​សមា​ជិ​កស្រូវ​ត្រយង​ទាំងអស់ អនុវត្តតាម​គោលការណ៍​សំខាន់ៗ​មួយ​​ចំនួន ដើម្បី​ផ្សារភ្ជាប់​ជាមួយនឹង​ការគោរព​លើ​បរិស្ថាន ការពារ​ធនធានធម្មជាតិ​៕