​ភ្នំពេញៈ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង​បានប្រកាសថា ការប្រគល់​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​មក​កម្ពុជា​វិញ​ពី​សំណាក់​រដ្ឋាភិបាល​បារាំង​ជាការ​ឆ្លុះបញ្ចាំង​ពី​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​ ២​ ខណៈ​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​លើកឡើងថា ជាស​មានចិត្ត​ដ៏​មានគុណ​ធម៌​។​


​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង​នៅ​ថ្ងៃទី​ ៥ ខែកញ្ញា បានឱ្យដឹងថា ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង​លោក​កេ​ត សោ​ផាន់ បានទទួល​ចម្លាក់​លិ​ប​ ១​ ផ្ទាំង​ដែល​ត្រូវបាន​ភ្នាក់ងារ​គយ​បារាំង​រឹបអូស​បាន ដែល​ពិធី​ប្រគល់​នេះ​ធ្វើឡើង​នៅ​នាយកដ្ឋាន​គយ​អន្តរ​តំបន់ និង​សិទ្ធិ​ប្រយោល​នៃ​ទីក្រុង​លី​យ៉ុង​។​

​តាងនាម​ឱ្យ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា លោក កេ​ត សោ​ផាន់ បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​បារាំង​ពាក់ព័ន្ធ​ទាំង​អស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​បំពេញការងារ​បាន​យ៉ាង​ល្អ​។​ឯកអគ្គរាជទូត​កម្ពុ​ជា​បាន​លើកឡើងថា ការប្រគល់​ចម្លាក់​នេះ​ជា​តំណាងឱ្យ​ផ្នែក​មួយ​នៃ​ប្រវត្តិសាស្ត្រ និង​ជា​បំណែក​នៃ​ដួងព្រលឹង​អាណាចក្រ​ខ្មែរ ហើយក៏​នឹង​អនុញ្ញាត​ឱ្យមាន​ការរួម​ផ្គុំ​ឡើងវិញ​នៃ​ដួងព្រលឹង​ជាតិ និង​អត្តសញ្ញាណ​ខ្មែរ​ផងដែរ​។​


​លោក​កេ​ត សោ​ផាន់ បាន​បញ្ជាក់ថា​៖«​ការប្រគល់​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​នេះ​ឆ្លុះបញ្ចាំង​ពី​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អប្រសើរ​រវាង​កម្ពុជា និង​បារាំង​»​។​

​សូមបញ្ជាក់ថា ចម្លាក់​លិ​ប​នេះ​ធ្វើ​ពី​ថ្មភក់​មាន​ ៥ ​បំណែក កសាងឡើង​នៅ​សតវត្សរ៍​ទី​ ១២ ​ឬ​ទី​ ១៣ មាន​ទម្ងន់​ប្រហែល​ ៣០០​ គីឡូក្រាម​ដែល​អាចមាន​ប្រភព​មកពី​ប្រាសាទ​ព្រះ​ខ័ន​កំពង់ស្វាយ ឬ​ពី​ប្រាសាទ​​បន្ទាយឆ្មារ​។​


​ចម្លាក់​នេះ​ត្រូវបាន​គេ​លួច​កាលពីដើម​ទសវត្សរ៍​ឆ្នាំ​ ១៩៩០ និង​ត្រូវបាន​រឹបអូស​នៅក្នុង​ក្រប​ខ័​ណ្ឌ​នៃប្រតិបត្តិ​ការចុះ​ត្រួត​​ពិនិត្យ​ទីតាំង​របស់​ក្រុមហ៊ុន​លក់​ដេញថ្លៃ​វត្ថុ​បុរាណ ១​ កន្លែង នៅ​ទីក្រុង​លី​យ៉ុង កាលពី​ខែកុម្ភៈ ឆ្នាំ​ ២០២០​។​

លោក​ សាយ សំអាល់ និង​មន្ត្រី​ពាក់ព័ន្ធ​នៅ​ស្រុក​សង្គមថ្មី​ពី​ថ្ងៃ​ទី​ ៥ មករា​។ ​រូប ក្រសួង​បរិស្ថាន

​ជុំវិញ​ការប្រគល់​វត្ថុ​បុរាណ​នេះ លោក​សំបូរ មា​ណ្ណា​រ៉ា សាស្ដ្រាចារ្យ​ប្រវត្តិសាស្ដ្រ​បាន​ថ្លែងថា ការប្រគល់​នេះ គឺជា​សមានចិត្ត​ដ៏​មាន​គុណធម៌​ប្រកបដោយ​កិត្តិយស​ណាស់​ដែល​បារាំង​បាន​យល់​ពី​តម្លៃ​សម្បត្តិ​វប្បធម៌​មនុស្សជាតិ​។

​លោក​បាន​បញ្ជាក់ថា​៖ «​នេះ​គឺជា​ផ្នែក​មួយ​នៃ​ប្រទេស​បារាំង​ដែល​បានធ្វើ​មកដល់​ប្រទេស​​កម្ពុជា​យើង​ក្នុង​កិច្ចការ​អភិរក្ស​វប្បធម៌​តាមរយៈ​ការស្រាវជ្រាវ បង្ការ ការតម្កល់​ទុក ហើយ​ថ្ងៃ​​នេះ​បារាំង​បានផ្តល់​ឱ្យ​វិញ​នូវ​វត្ថុ​បុរាណ​ដែលមាន​សម័យកាល​ក្នុង​ទសវត្សរ៍ ​១២ និង ​១៣ នៃ​សម័យអង្គរ​»​។

​លោក​បាន​បញ្ជាក់ទៀតថា​៖«​ចំណុច​ទាំងអស់​នេះហើយ​ដែល​យើង​គិតថា ពិភពលោក​ទាំងមូល​ក៏មាន​សមានចិត្ត​ដូចគ្នា ដូចដែល​យើង​បានដឹង​ហើយ​កន្លងមក​ក៏មាន​សហរដ្ឋអាមេរិក អង់គ្លេស និង​ប្រទេស​ដទៃទៀត​បានប្រគល់​វត្ថុ​បុរាណ​មកឱ្យ​ប្រទេស​កម្ពុជា​»​។

​អ្នកស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ដដែល​នេះ ក៏បាន​លើកឡើង​ដែរ​ថា កម្ពុ​ជាមាន​សុខសន្តិភាព ស្ថិរភាព​រស់នៅ​មានកា​រ​ចុះ​សម្រុង​គ្នា​ក្នុងសង្គម ទើប​គេ​ផ្តល់ឱ្យ​ត្រឡប់មកវិញ​នូវ​វត្ថុ​បុរាណ​ទាំងអស់នោះ ដែល​នេះ​ជាការ​​ដង្ហោយហៅ​របស់​ដូនតា​ខ្មែរ​ក្នុងការ​ផ្សំផ្គុំ​នូវ​ធាតុពិត​នៃ​គ្រឹះ​របស់​ជាតិ​ដែល​កូនចៅ​ជំនាន់​ក្រោយ​ត្រូវ​រៀនសូត្រ​៕