ភ្នំពេញៈ ខណៈដែល​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ នឹង​ចូល​មកដល់​នៅ​ពាក់កណ្តាល​ខែតុលា​ខាងមុខនេះ ក្រសួងទេសចរណ៍ បាន​ណែនាំ​ឱ្យ​មន្ទីរ​ទេសចរណ៍​រាជធានី​ខេត្ត​ ធ្វើការ​សហការ​ជាមួយនឹង​អាជីវករ និង​ប្រតិបត្តិ​ករ​ទេសចរណ៍ ក្នុងការ​ពង្រឹងគុណភាព​ផលិតផល អនាម័យ និង​រក្សា​តម្លៃ​ផលិតផល និង​សេវា​ឱ្យបាន​សមរម្យ​ផងដែរ​។​


​ការណែនាំ​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក សុខ សូកេន តាមរយៈ​សារាចរ​ណែនាំ​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២៣​។​

​តាមរយៈ​សារាចរ​នេះ លោក សុខ សូកេន បាន​លើកឡើងថា ដើម្បី​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍ ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​១៣-១៤ និង​១៥ ខែតុលា មន្ទីរ​ទេសចរណ៍​រាជធានី​ខេត្ត​ត្រូវ​សហការ​ជាមួយ​ស្ថាប័ន និង​អ្នកពាក់ព័ន្ធ​ពិនិត្យមើល​ពី​ផលិតផល និង​សេវាកម្ម​ទេសចរណ៍​នានា​ឱ្យបាន​ត្រឹមត្រូវ​។​


​លោក​បាន​បញ្ជាក់ថា ៖ «​រាល់​ថ្លៃ​ស្នាក់នៅ ម្ហូបអាហារ និង​សេវា​ផ្សេងៗ​ត្រូវ​សរសេរ​ឱ្យបាន​ច្បាស់​ដាក់​ក្នុង​តារាង ដើម្បី​ជម្រាបជូន​ភ្ញៀវ​ឱ្យបាន​ដឹង​ជាមុន ចៀសវាង​ការកំណត់ថ្លៃ​ខ្ពស់​ហួសហេតុ​។ ករណី​មិន​អនុវត្តតាម​តារាង​ដែល​បាន​បិទ​ផ្សាយ ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន​»​។​

​លោក​ក៏បាន​ស្នើឱ្យ​គ្រប់​មន្ទីរ​ទេសចរណ៍​ទាំងអស់ ត្រូវ​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន មន្ទីរ​សុខាភិបាល និង​ផ្នែក​ពាក់ព័ន្ធ​នានា ដើម្បី​ណែនាំ ម្ចាស់​មូលដ្ឋាន​អាជីវកម្ម អ្នកលក់ដូរ​តាម​ដងផ្លូវ ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ ពី​សុវត្ថិភាព​ចំណីអាហារ និង​ការថែរក្សា​អនាម័យ​ទាំងអស់គ្នា​។


​លោក សុខ សូកេន បានលើកឡើង​តាមរយៈ​សារាចរ​នេះ​ថា ៖ «​ត្រូវធ្វើ​ការណែនាំ​ម្ចាស់​ទូកដ កាណូត​ទេសចរណ៍ និង​មធ្យោបាយ​ដឹកជញ្ជូន​ទេសចរណ៍​តាមផ្លូវ​ទឹក​នានា ដែល​ធ្វើ​អាជីវកម្ម​ដឹក​ភ្ញៀវទេសចរ​កាត់​សមុទ្រ ទន្លេ ស្ទឹង និង​បឹង មិនឱ្យ​ផ្ទុក​លើស​ចំណុះ និង​ត្រូវ​បំពាក់​នូវ​សម្ភារសង្គ្រោះ​ចាំបាច់​នានា​»​។​

​សូមបញ្ជាក់​ផងដែរ​ថា រៀងរាល់ឆ្នាំ​ក្នុងឱកាស​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ ក្រសួងទេសចរណ៍​តែងតែ​ចេញ​សារាចរ​ណែនាំ​ពី​ការរៀបចំ​គ្រប់គ្រង​ចរន្ត​ភ្ញៀវទេសចរ និង​ការពង្រឹង​គុណភាព​ផលិតផល​ទេសចរណ៍ ដោយ​តម្រូវឱ្យ​រក្សា​តម្លៃ​ផលិតផល​និង​សេវាកម្ម​បាន​សមរម្យ​។

​ទាក់ទង​នឹង​​សារាចរ​នេះដែរ គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ ក៏​ធ្លាប់​បានចេញ​សេចក្តីណែនាំ​ឱ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ត្រូវ​ណែនាំ និង​អប់រំ​យុវជន យុវ​ជ​នារី កុមារា កុមារី ព្រមទាំង​សមាសភាព​ផ្សេងៗ​ទៀត យល់​ពី​ខ្លឹមសារ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​នេះ​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ បាន​បញ្ជាក់ថា ៖ «​ប្រជាពលរដ្ឋ ត្រូវធ្វើ​ខ្លួន​ឱ្យ​ស័ក្តិ​សមជា​ពុទ្ធសាសនិកជន​ដ៏​ល្អ​ពិតប្រាកដ ដោយ​មិន​បង្ក​សកម្មភាព​នាំឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ព្រះពុទ្ធសាសនា ដូចជា ការ​គប់​ស្បោង​ទឹក ជះ​ទឹក គប់​អំពៅ គប់​ផ្លែឈើ និង​គប់​វត្ថុ​រឹង​ផ្សេងៗ​ធ្វើឱ្យ​ខូច​របៀបរៀបរយ បាត់​សណ្តាប់ធ្នាប់​សង្គម និង​អាច​បណ្តាលឱ្យ​កើតមាន​គ្រោះថ្នាក់​ជាយថាហេតុ​ផងដែរ​»៕