​ភ្នំពេញៈ​​ក្រសួង​កសិក​ម្ម រុក្ខាប្រមាញ់ និង​នេសាទ ​កំពុង​ដាក់​ពង្រាយ​និស្សិត​ស្ម័គ្រចិត្ត​​នៅ​តាម​បណ្តាល​ខេត្ត ដើម្បី​បន្សុ​ទ្ធពូជ​ស្រូវ​ជាមួយ​កសិក​រ នៅតា​ម​សហ​គមន៍​មូល​ដ្ឋាន​ ដើម្បី​លើក​ស្ទួយ​សមត្ថ​ភាព​ប្រកួត​ប្រជែង​ក្នុង​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​។​នេះ​បើ​តាម​លោក ​យ៉ង សាំង​កុមារ រដ្ឋ​លេខា​ធិការ​ក្រសួង​កសិកម្ម​។


​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​៧ ខែកញ្ញា ​ឆ្នាំ​២០២៣​​ រដ្ឋ​លេខាធិការ​ក្រសួងកសិ​កម្ម រុ​ក្ខាប្រមាញ់ និង​នេសាទ​ លោក យ៉ង សាំង​កុមារ​ បាន​ឱ្យ​ដឹង​ថា ក្រសួង​កសិកម្ម​ រុក្ខាប្រ​មាញ់ ​និង​នេសាទ​កំពុង​ដាក់ព​ង្រាយ​និស្សិត​ស្ម័គ្រចិត្ត​នៅតា​ម​បណ្តា​ខេត្ត​មួយ​ចំនួន ដែល​តាម​ផែន​ការ​នឹងដាក់​ចំនួន​ ២០០ ​នាក់ ​ប៉ុន្តែ​បច្ចុប្បន្ន​ ដាក់​បាន​ចំនួន ​១៨០ ​នាក់ និង​កំពុង​បន្ត​ជ្រើស​រើស​បន្ថែមទៀ​ត ​រហូត​គ្រប់​ចំនួន ​ដែល​គ្រោងទុ​ក​នោះ​។ និស្សិត​ទាំង​នោះ​​នឹង​ចុះ​ធ្វើ​ការ​ងារជាមួយ​ប្រជាក​សិករ​នៅ​សហគ​មន៍​មូល​ដ្ឋាន ​ក្នុង​ការ​កសាង​ប្រព័ន្ធ​ពូជ​ស្រូវ​ ធ្វើ​យ៉ាងណា​ឱ្យ​កសិករ​ដាំ​ស្រូវ​ពូជ​សុទ្ធ​ល្អ ​ដើម្បី​លើក​ស្ទួយ​សមត្ថភាព​ការប្រកួត​ប្រជែង​នៃ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​។


​លោក​​ថ្លែ​ង​ថា​៖«​ពួកគាត់​ហ្នឹង​គឺ​ចូលរួម​ក្នុង​ការ​កសាង​ប្រព័ន្ធ​ពូជ​មេ​ ​ព្រោះថា​ ប្រព័ន្ធ​ពូជ​មាន​ផ្នែក​វា​មាន​ធាតុ​សំខាន់ៗ​ទី​១​គឺ​អ្នក​ផលិត​ពូជ​សុទ្ធ​ អ៊ីចឹង​​គាត់​ធ្វើការ​ជាមួយ​សហគ​មន៍​ ដើម្បី​គាំទ្រ​ឱ្យ​គាត់​ផលិត​ពូជ​សុទ្ធ ​ដែល​គេ​ហៅថា​ពូជ​វិញ្ញា​បនបត្រ​»​។

លោក ​យ៉ង សាំង​កុមារ​ បន្ថែ​មថា មួយ​វិ​ញទៀត ​និស្សិត​ស្ម័គ្រចិ​ត្ត​មាន​ភារកិច្ច​គាំទ្រ​ដល់​កសិករ​នៅ​សហ​គ​មន៍ ដែល​ប្រើប្រាស់​ពូជ​សុទ្ធ​ហ្នឹង​ ដើម្បី​ផលិត​ស្រូវគេ​ហៅថា​ស្រូវ​ចំណី​ហ្នឹង​ដើម្បី​លក់​ឱ្យ​រោង​ម៉ាស៊ីន​ ព្រោះ​រោង​ម៉ាស៊ីន​​គេ​ត្រូវការ​ស្រូវ​ដែល​ប្រើប្រា​ស់​ពូជ​សុទ្ធ​ដើម្បី​កិន​ទៅ​បា​នជា​អង្ករ​ល្អ​សម្រាប់​ការ​នាំចេ​ញ​»​។


​បន្ថែម​ពីលើ​នេះ ​លោក​​រដ្ឋលេខាធិ​ការ​​នៃ​ក្រសួង​កសិក​ម្ម ប្រាប់​ថា និស្សិត​ស្ម័គ្រចិត្ត​ក៏មាន​ភារកិច្ច​ផ្សា​រ​ភ្ជាប់​អ្នក​ផលិត​ស្រូវ​ដែល​ប្រើប្រា​ស់​ពូជ​សុទ្ធ ​ជា​មួយនឹង​រោង​ម៉ាស៊ីន​កិ​នស្រូវ​ ដើម្បី​រៀបចំ​ឱ្យមាន​កិច្ចស​ន្យា​កសិកម្ម រ​វាង​រោង​ម៉ាស៊ីន​និង​អ្នក​ដែល​ផលិត​ពូជ​សុទ្ធ​។​ លោ​ក​ថ្លែងថា​៖«​អ៊ីចឹង​ប្រព័ន្ធ​ហ្នឹង​វា​ចង​ជាប់​គ្នា អ្ន​កប្រើ​ប្រាស់​ពូជ​សុទ្ធ​ដើម្បី​ផលិត​ស្រូវ​ចំណី​ និង​អ្នក​ដែល​ទិញស្រូ​វ​ដែល​ផលិត​ដោយ​ប្រើប្រា​ស់​ពូ​ជ​សុទ្ធ​ហ្នឹង យក​មក​កែច្នៃ​ជា​អង្ករ​សម្រាប់​នាំចេញ​»​។

​បើ​តាម​​លោក យ៉ង សាំង​កុមារ ចំ​ពោះ​ពូជស្រូ​វ​ ដែល​ត្រូវ​ផលិត​ជា​អង្ករ​ល្អ​សម្រាប់​នាំចេញ​គឺផ្តោតទៅ​លើ​​ពូជ​អង្ករ​ក្រអូប​បាយ​ទន់ ពោលគឺ​​ពូជស្រូ​វ​ផ្ការំដួ​ល និង​ពូជ​ស្រូវ​សែន​ក្រអូប​សូន្យ​១ ដែល​ហៅថា S​K០១​។​ លោក​ថា សមត្ថភា​ព​ប្រកួត​ប្រជែង​របស់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ​ពិសេស​បំផុត​គឺ​មាន​ឧត្តម​ភាព​លើ​អង្ករ​ដែល​មាន​គុណ​ភាព​ខ្ពស់​ទាំង​២​ ប្រភេទ​នេះ​។

​លោក​ថ្លែងថា​​៖«​ដើម្បីឱ្យ​ឧត្តម​ភាព​នេះ​ស្ថិត​ស្ថេរ​បាន​យូរ​អង្វែង​ល្អយើង​ត្រូវ​ពង្រឹង​នូវ​គុណ​ភាព​ពូជ​ហ្នឹង​ដើម្បី​ធ្វើ​ម៉េច​ឱ្យ​មាន​ពូជ​សុទ្ធល្អ​ បាន​ច្រើន​គ្រប់គ្រា​ន់​យក​មក​ប្រើ​ប្រាស់​ក្នុង​ការផ​លិត​ស្រូវពូ​ជ​ដើម្បី​កែច្នៃ​នាំចេញ​»​។

​លោក​បន្ថែមថា​ ជា​មួយគ្នា​នេះ​រោង​ម៉ាស៊ីន​កិន​ស្រុ​វ​ក៏ត្រូវ​មាន​ទុន​គ្រប់គ្រា​ន់​ដើម្បី​ប្រមូល​ទិញ​ស្រូវ​ដែល​ប្រើប្រាស់​ពូជ​សុទ្ធ​ឱ្យបាន​ទាន់​ពេល​វេលា ​ផងដែរ ​ដើម្បី​យក​មក​ស្តុក​ទុក កែ​ច្នៃ ​ជាពិសេស​គឺ​ពូជ​ផ្ការំដួល​ដែល​កសិករ​ត្រូវ​ច្រូត​ក្នុង​រយៈ​ពេល​ខ្លី​ តែម្តង​ក្នុង​១​ឆ្នាំ គឺ​ក្នុង​អំឡុង​​ខែវិ​ច្ឆិកា​។

​ក្នុង​ពិធី​សំណេះសំ​ណាល​​និស្សិត​នៅ​សាក​លវិ​ទ្យាល័យ​​ភូ​មិន្ទ​ក​សិកម្ម​ កាល​ពី​ថ្ងៃទី​១៧ ​ខែកុម្ភៈ​ ឆ្នាំ​២០២៣ ​ រដ្ឋមន្ត្រី​ក្រសួងក​សិ​កម្ម រុ​ក្ខាប្រ​មាញ់ និង​នេសាទ ​លោក ឌិ​ត ទីណា បានណែ​នាំឱ្យ​ក្រុម​និស្សិត​ជំនាញ​កសិកម្ម​ យ​កចិត្ត​ទុក​ដាក់​ស្វែង​យល់​ឱ្យ​បាន​ច្បាស់លា​ស់​ពី​ការងារ​ផលិត​ពូជស្រូ​វ​។ ជា​មួយ​គ្នា​នោះដែរ ​និស្សិត​ហាត់​ការ​ត្រូវមាន​ភាព​ក្លាហាន​ ភាព​វៃឆ្លាត និង​ចេះ​រៀន​រស់​ជា​មួយ​នឹង​បរិបទ​ខាង​ក្រៅ​។

​លោក​រដ្ឋមន្ដ្រី​ក្រសួងក​សិកម្ម​បញ្ជាក់ថា​ ភា​ព​វៃឆ្លាត​នេះនឹង​ក្លាយ​ជា​ទុន​សម្រាប់​និស្សិត​ក្នុងកា​រ​អភិ​វឌ្ឍ​ខ្លួន ​ដើម្បី​អាច​ក្លាយ​ជា​មន្ត្រីរា​ជ​ការ​ បុគ្គ​លិក​ក្រុមហ៊ុ​ន និង​អ្នក​ជំនួញ​នាពេល​អនាគ​ត​។​លោក​រដ្ឋមន្ត្រី​កសិកម្ម​លើកឡើ​ង​ថា វត្តមា​ន​របស់​និស្សិត​ស្ម័គ្រចិ​ត្ត​កសិក​ម្ម​នៅតាម​សហ​គមន៍ និង​នៅ​តាម​ឃុំ​នីមួយៗ នឹង​រួមចំ​ណែក​ជួយ​ប្រជា​ពលរដ្ឋ​នៅតា​ម​មូល​ដ្ឋាន​ឱ្យ​ប្រកប​របរ​កសិកម្ម​ប្រកប​ដោយ​ប្រសិទ្ធ​ភាព ​និង​ប្រសិទ្ធ​ផល​ខ្ពស់​៕