ភ្នំពេញ​ : ដើម្បី​រំឭក​ដល់​ខួប​មរណភាព​របស់​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា លោក​វេជ្ជបណ្ឌិត ប៊ីត រី​ច​នើ (Beat Richner) មជ្ឈមណ្ឌល​បុប្ផាណា នឹង​ដាក់​បញ្ចាំង​ភាពយន្ដ​ឯកសារ​ក្រោម​ចំណង​ជើង​ថា «...​ពេលវេលា​នៅតែ​បន្ដ​» ឬ (...And the Beat Goes on) នៅ​ថ្ងៃ​សៅរ៍ ទី​៩ ខែ​កញ្ញា ​ខាង​មុខ​នេះ​ នៅ​មជ្ឈមណ្ឌល​បុប្ផាណា​ វេលា​ម៉ោង ៥ ល្ងាច​។

លោក​ អាន សុភត្រា អនុប្រធានផ្នែកបណ្ណសារ នៃមជ្ឈ​មណ្ឌល​បុប្ផាណា បាន​ឱ្យ​ដឹង​ថា​៖ «​ភាពយន្ដ​ឯកសារ​នេះបាន​​រៀប​រាប់​​ពី​លោក​វេជ្ជបណ្ឌិត ប៊ីត រី​ច​នើ និង​ការងារ​ដ៏​ស្វិតស្វាញរបស់​លោក​ ដើម្បី​ជួយ​ដល់​វិស័យ​សុខា​ភិបាល ជាពិសេស ដើម្បី​ជួយ​ព្យាបាល​ជំងឺ​កុមារ​រាប់លាន​នាក់​នៅ​ប្រទេស​កម្ពុជា ដោយ​ឥត​បង់ថ្លៃ​»។

លោក​បាន​បន្ដថា ក្រោម​ទឹកចិត្ត​ដ៏​ធំធេង​នេះ លោក​​វេជ្ជបណ្ឌិត ​ រី​ច​នើ បាន​លះបង់​សេចក្ដី​សុខ​​ផ្ទាល់ខ្លួន គ្រួសារ និង​អ្វីៗ​ជាច្រើន​ទៀត រហូតដល់​លោក​ចែក​ឋាន​។


ការចាក់​បញ្ចាំង​ភាពយន្ត​ឯកសារ​នេះ គឺជា​ការ​រំឭក​ការចងចាំ​ចំពោះ​លោក​វេជ្ជបណ្ឌិត ជន​ជាតិស្វ៊ីស ដែល​បាន​ចំណាយ​ពេល​វេលា​ស្ទើរ​ពេញ​មួយជីវិត ដើម្បី​ប្រជាជន​កម្ពុជា​។

លោក​ សុភត្រា បាន​និយាយថា ​លោក​វេជ្ជបណ្ឌិត ប៊ីត រី​ច​នើ គឺជា​សប្បុរសជន​ និង​ជា​មិត្ត​ដ៏​ល្អ​របស់​ប្រជាជន​កម្ពុជា​។ ខ្សែ​ភាព​យន្ដ​ឯកសារ «...​ពេលវេលា​នៅតែ​បន្ដ​» បាន​រៀបរាប់​ពី​ជីវិត និង​ការងារ​របស់លោក​វេជ្ជ​បណ្ឌិត ​ដែល​បាន​រៀបចំ​ជួស​ជុល​​ឱ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទី​១ មានដំណើរ​ការឡើង​វិញ និង​បាន​កសាងមន្ទីរពេទ្យ​គន្ធបុប្ផា​ទី​២ ដើម្បី​ជួយ​ព្យាបាល​ជំងឺ​ដល់​កុមារ​​ដោយ​ឥត​បង់ថ្លៃ​។


លោក​បាន​លើក​ឡើង​ថា គន្ធបុប្ផា គឺជា​ឈ្មោះ​មន្ទីរពេទ្យ​ដែល​បាន​កសាងឡើង​ដោយ​ព្រះ​បរម​រតនកោដ្ឋ នរោត្តម សីហនុ នៅ​ក្នុងសម័យ​សង្គមរាស្ដ្រនិយម ដើម្បី​ឧទ្ទិស​ដល់​ព្រះរាជ​បុត្រី​របស់​ទ្រង់​ដែល​បាន​សោយ​ទីវ​ង្គ​តទៅ មាន​ព្រះនាម​ថា នរោត្តម គន្ធបុប្ផា​។

អនុ​​ប្រធា​នផ្នែក​ប​ណ្ណសា​រ​នៃម​ជ្ឈ​ម​ណ្ឌល​បុប្ផាណា​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ក្រោយមក លោក​វេជ្ជបណ្ឌិត ប៊ីត រី​ច​នើ ទទួល​បាន​ប្រាក់​ពី​សប្បុរសជន​នានា ដើម្បី​បង្កើត​មន្ទីរពេទ្យ​កុមារ​ជ័យ​វរ្ម័នទី​៧ នៅ​ខេត្តសៀមរាប (​សម្ពោធ​ឆ្នាំ​១៩៩៩) ដើម្បី​​រួម​ចំណែក​ក្នុងការ​ព្យាបាល​ជំងឺ​កុមារ​នៅក្នុង​ខេត្តសៀម​រាប និង​ខេត្ត​ជិតខាង​»។

ភាព​យន្ដ​ឯកសារ «...​ពេលវេលា​នៅតែ​បន្ត​» ត្រូវបាន​ផលិត​ឡើង​ដោយ​ផលិតករ​ជនជាតិ​បារាំង​កាត់​ស្វ៊ីស លោក Georges Gachot។

ជាអ្នក​ផលិត​ខ្សែភាព​យន្ត សម្រាប់​ការផ្សាយ​ពាណិជ្ជកម្ម និង​ជា​ជំនួយការ​បច្ចេក​ទេស​សំឡេង លោក Gachot ក៏​បាន​ផលិត​​ខ្សែភាពយន្ត​ដែល​ឈ្នះ​ពានរង្វាន់​អូ​ស្ការ "Journey of Hope" ដឹកនាំ​ដោយ Xavier Koller ក្នុង​ឆ្នាំ​១៩៩០ ផងដែរ​​។ ចន្លោះ​ឆ្នាំ​១៩៩៦ និង ២០១២ លោក Gachot ក៏បាន​ដឹកនាំ​ភាពយន្ត​ឯកសារ​ចំនួន​ ៥ ​អំពី​ប្រទេស​កម្ពុជា​​។​

លោក សុភត្រា បាន​បន្ថែម​ថា ​ខ្សែភាព​យន្ដ​ឯកសារដែលមាន​រយៈ​ពេល ៦៥ នាទី​​នេះ និយាយ​អំពី​កំណើន​កុមារ​កំពុង​ឈឺ និង​បុរស​ម្នាក់​គឺ​លោក​វេជ្ជបណ្ឌិត ប៊ីត រី​ច​នើ ដែល​ខំប្រឹង​តស៊ូ​យ៉ាង​ស្វិតស្វាញ​ទៅនឹង​ការព្យាបាល​ជំងឺ​កុមារ​រាប់លាន​នាក់​។ លោក​វេជ្ជបណ្ឌិត ​រៃអង្គាសប្រាក់​ដើម្បី​ជួយ​កសាង​មន្ទីរពេទ្យ​សម្រាប់​សង្គ្រោះ​កុមារ​កម្ពុជា​៕