ភ្នំពេញៈ លោក គីម ជីន ព្យូ ប្រធានរដ្ឋសភាកូរ៉េ បានសម្តែងការអបអរសាទរ ចំពោះការបង្កើតនូវរាជរដ្ឋាភិបាលនិងរដ្ឋសភាអាណត្តិថ្មីរបស់កម្ពុជា ដែលលោកថា «ជាអ្នកបន្តវេនពោរពេញដោយថាមពល នៅក្នុងការកសាង អភិវឌ្ឍន៍ប្រទេសកម្ពុជា»។
ជាមួយគ្នានេះ លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានស្នើលោក គីម ជីន ព្យូ (Kim JinPyo) ជួយជំរុញលើកកម្ពស់ទំនាក់ទំនងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ពោលធ្វើយ៉ាងណាឱ្យទំនាក់ទំនងនៃប្រទេសទាំង ២ បានឈានដល់ «ដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» រួមទាំងវិនិយោគ និងពាណិជ្ជកម្ម។
សំណើនេះត្រូវបានលើកឡើងនៅក្នុងជំនួបទ្វេភាគី នៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៣ នៅវិមានរដ្ឋសភា ក្នុងអំឡុងពេលដែលប្រធានរដ្ឋសភាកូរ៉េខាងត្បូង បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា រយៈពេល ៤ ថ្ងៃ គឺចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៣ ដើម្បីពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ ក៏ដូចជាស្ថាប័ននីតិប្រតិបត្តិ នៃប្រទេសទាំង ២។ នេះបើតាមសេចក្តីជូនដំណឹង របស់រដ្ឋសភាដែលបានផ្សព្វផ្សាយនៅតាមបណ្តាញតេឡេក្រាម។
ប្រភពដដែលបន្តថា៖ «សម្តេចរដ្ឋសភាធិបតីក៏បានស្នើដល់ភាគីរដ្ឋសភាកូរ៉េ បន្តគាំទ្រកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់នានាដែលរដ្ឋាភិបាលប្រទេសទាំង ២ (កម្ពុជា-កូរ៉េ) បានធ្វើកន្លងមកដូចជាការនាំចូលផលិតផលពីកម្ពុជា អភិវឌ្ឍន៍វិស័យកសិ-ឧស្សាហកម្មកែច្នៃ និងបន្តជួយជំរុញនិងគាំទ្ររដ្ឋាភិបាលកូរ៉េ បន្តការគាំទ្រដល់ពលករ និងពលរដ្ឋកម្ពុជាដែលកំពុងបម្រើការនិងស្នាក់នៅក្នុងប្រទេសកូរ៉េ»។
លើសពីនេះ កម្ពុជាក៏បានលើកជាសំណើដល់ប្រធានរដ្ឋសភាកូរ៉េ បង្កើនកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាកម្ពុជា ឱ្យកាន់តែស៊ីជម្រៅ និងជិតស្និទ្ធថែមទៀតនៅគ្រប់កម្រិត តាំងពីកម្រិតថ្នាក់ដឹកនាំ គណៈកម្មការជំនាញក្រុមមិត្តភាពសភា រហូតដល់កម្រិតមន្ត្រីជំនាញ រួមទាំងការបណ្តុះបណ្តាលធនធានមនុស្ស ដល់មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្នែកព័ត៌មានវិទ្យា និងការស្រាវជ្រាវ ជាដើម។
បើយោងតាមរដ្ឋសភាកម្ពុជា ក្នុងជំនួបទ្វេភាគីនេះលោក គីម ជីន ព្យូ បានសម្តែងការអបអរសាទរ ចំពោះការបង្កើតរាជរដ្ឋាភិបាលនិងរដ្ឋសភាអាណត្តិថ្មី ដែលជា«អ្នកបន្តវេនពោរពេញដោយថាមពល នៅក្នុងការកសាង អភិវឌ្ឍន៍ប្រទេសជាតិ»និងបានអបអរសាទរចំពោះ«សម្តេចរដ្ឋសភាធិបតី» ដែលជាស្ត្រីដំបូងនៅកម្ពុជា បានក្លាយជាប្រធានរដ្ឋសភា។
តាមរយៈរដ្ឋសភាកម្ពុជាបានអះអាងថា៖ «ឯកឧត្តម គីម ជីន ព្យូ បានគូសបញ្ជាក់ថា រដ្ឋសភាសាធារណរដ្ឋកូរ៉េ ត្រៀមខ្លួនជានិច្ច នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព រវាងរដ្ឋសភានិងរដ្ឋាភិបាល ប្រទេសទាំង ២ ឱ្យកាន់តែរឹងមាំឡើង»។
លោកបានលើកឡើងថា ទំនាក់ទំនងប្រទេសកម្ពុជានិងកូរ៉េ មានការរីកចម្រើនជាលំដាប់ ទាំងវិស័យការទូតនិងពាណិជ្ជកម្ម ខណៈការវិនិយោគនៅកម្ពុជារបស់កូរ៉េ បានកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងវិស័យកសិកម្ម និងឧស្សាហកម្មរថយន្ត។
ប្រធានរដ្ឋសភាកូរ៉េ បានសន្យាថា នឹងខិតខំជំរុញការផ្តល់ជំនួយនានា ដល់កម្ពុជា នៅក្នុងនោះ មានការបង្កើនកូតាពលករ បច្ចេកទេសកសិកម្ម និងការបណ្តុះបណ្តាលសមត្ថភាពមន្ត្រី អគ្គលេខាធិការដ្ឋាន រដ្ឋសភាជាដើម។ ជាការឆ្លើយតបលោកស្រី ឃួន សុដារី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ ដែលជានិច្ចកាលតែងតែជួយឧបត្ថម្ភ គាំទ្រការអភិវឌ្ឍនៅកម្ពុជាលើគ្រប់វិស័យ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋសភាពនៃសាធារណរដ្ឋកូរ៉េបានបង្ហាញពីទំនាក់ទំនងរវាងប្រទេសទាំង ២ មិនថា ក្នុងក្របខ័ណ្ឌរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលនោះទេ តែក៏បានបង្ហាញពីកិច្ចសហការរវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំង ២ ផងដែរ។
លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា និងកូរ៉េ មានទំនាក់ទំនងជាមួយគ្នាល្អនិងស៊ីជម្រៅ តាំងពីអតីតកាលមក ជាពិសេសក្រោមការដឹកនាំរបស់ អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន។ លោកបានថា៖ «រដ្ឋាភិបាលអាណត្តិថ្មី ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត ក៏នឹងបន្តទំនាក់ទំនងនេះឱ្យកាន់ល្អផងដែរ។ ទំនាក់ទំនងការទូតរាជរដ្ឋាភិបាលកម្ពុជា បានបើកចំហនិងស្វាគមន៍គ្រប់បណ្តាប្រទេសទាំងអស់ រដ្ឋាភិបាលកម្ពុជាមិនប្រកាន់ពីរបបនយោបាយកុម្មុយនីស្តឬសេរីនោះទេ»៕