ភ្នំពេញៈ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានដាក់​ចេញ ផែនការ​រំដោះ​ជំនន់​ទឹកភ្លៀង​ឱ្យបាន​លឿន​បំផុត ចេញពី​ភូមិ​សា​ស្ត្រ​រាជធានី​ភ្នំពេញ ឱ្យ​ទៅតាម​គ្រប់​ប្រឡាយ ព្រែក អូរ ស្ទឹង ទន្លេ និង​តាម​គ្រប់​ច្រក​ចេញពី​រាជធានី​ភ្នំពេញ​ដែល​ធានា​យ៉ាងណា​កុំឱ្យ​មានការ​ជន់​លិច​នៅពេល​មាន​ភ្លៀង​នា​រដូវវស្សា​។​


​បើតាម​ការចេញផ្សាយរ​បស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី ​៦ ខែកញ្ញា លោក ចាន់ ស៊ី​ណាត រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់ ពី​ការងារ​រំដោះ​ទឹកជំនន់​នេះ ដោយបាន​ចាត់វិធានការ​អនុវត្ត​ភ្លាមៗ រួម​ទាំង​មាន​កិច្ចសហការ​ជាមួយនឹង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​បណ្តា​ដៃគូ​អភិវឌ្ឍន៍​ជាច្រើន​ទៀត ក្នុងការ​ដោះស្រាយ​មិនឱ្យ​រាជធានី​ភ្នំពេញ​ទទួលរង​គ្រោះ​ហានិភ័យ ដោយសារ​ទឹកជំនន់​ក្នុង​គ្រប់​រដូវវស្សា នៅក្នុង​អាណត្តិ​ទី​៧ នៃ​រាជរដ្ឋាភិបាល​នេះ​ទេ​។​

​តាម​ប្រភព​ដដែល​ការដាក់​ចេញ​ផែនការ​នេះ ក្នុង​គោល​ដៅ​ដើម្បី​ឈានទៅ​អនុវត្ត​ផែនការ ការងារ​រយៈពេល​មធ្យ​ម​ដោយ​ធ្វើ​ទំនើបកម្ម​វិស្វកម្ម​លើ​ប្រព័ន្ធ​ដោះ​​ទឹក​ទាំងឡាយ​ដើម្បី​បញ្ចប់​ជំនន់​គ្រប់​ប្រភេទ​ក្នុង​ទីក្រុង​ភ្នំពេញ និង​ទីក្រុង​រណប​។​


​លោក ចាន់ ស៊ី​ណាត ក៏បាន​ចាត់​ឱ្យ​មន្ត្រី​ជំនាញ​របស់​ក្រសួង និង​មន្ទីរ​ធនធានទឹក​ខេត្តកំពង់ស្ពឺ និង​ខេត្តកណ្តាល​ សហការគ្នា​ធ្វើ​ការបើក​មុខទឹក​ទាំង​អស់ ចាប់ពី​តំបន់​ផ្នែក​ខាងលើ កំពង់ទួល​ទឹកថ្លា ទៅ​ទល់នឹង​តំបន់​រលាំង​​ជ្រៃ​ទាំងសងខាង​ដោយ​កាត់បន្ថយ​បរិមាណ​ទឹក​ក្នុង​ចំនួន​ ១ ៣០០ ​ម៉ែត្រគុប ​ក្នុង​ ១ ​វិនាទី កុំ​ឱ្យមក​កៀក​នឹង​រាជធានី​ភ្នំពេញ ចូលដល់​តំបន់ X1 ជន់​លិច​តំបន់​ព្រលានយន្តហោះ​ថ្មី និង​ជន់​លិច​ផ្លូវ​ក្រវាត់ក្រុង​ទី៣​។

លោក​ថា​៖ «​ចំពោះមុខ​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម នឹងត្រូវ​ចាត់​ឱ្យ​ដំណើរការ​ឡើងវិញ​លើ​ប្រព័ន្ធ​ប្រឡាយ​ ៩២ ប្រព័ន្ធ​ប្រឡាយ​ ៩៤ ប្រព័ន្ធ​ប្រឡាយ​ ៩៦ ​ប្រព័ន្ធ​ប្រឡាយ​ខ្សាច់ ដែល​ត្រូវ​ជួយ​រំដោះ​ទឹក​ឱ្យបាន​លឿន​បំផុត ចេញពី​បណ្តា​តំបន់​ទាំងអស់​ដែល​នៅ​កៀក​នឹង​រាជធានី​ភ្នំពេញ​»​។​


​សូម​រំឭកថា កាលពី​ចុងខែ​សីហា ឆ្នាំ ​២០២៣ ​អភិបាល​រាជ​ធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​កោះហៅ​មន្ត្រី​ជំនាញ អាជ្ញា​ធរ​ខណ្ឌ​ទាំង​ ១៤​ និង​មន្ទីរ​ពាក់​ព័ន្ធ​មក​ប្រជុំពិភាក្សា​ដើម្បី​រៀបចំ​ផែនការ​បន្ត​ដោះស្រាយ​ប្រព័ន្ធ​ដោះ​ទឹក​ដោយ​បង្កើតជា​គម្រោង​ធំ​មួយ​ស្នើ​ទៅ​រាជរដ្ឋាភិបាល​ដើម្បី​សម្រេច​ដាក់ចេញ​អនុវត្ត​ដោះ​ស្រាយ​ឱ្យបាន​យូរអង្វែង​ចន្លោះ​ពី​ ១៥ ​ទៅ​ ២០​ ឆ្នាំ​។

លោក​ថា​៖ «​ពាក់ព័ន្ធ​នឹង​ការងារ​នេះ​រាជ​រដ្ឋា​ភិ​បាល ក៏​នឹង​ពិនិត្យ​បញ្ហា​លិច​លង់ នៅ​តំបន់​សណ្ត​ស្ទឹង​ព្រែក​​ត្នោត​ផងដែរ ដើម្បី​រកម​ធ្យោ​បាយ​ដោះស្រាយ​ឱ្យបាន​ល្អ​ចៀស​វាង​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​»​។

​យោងតាម​របាយការណ៍​របស់​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ ការដោះស្រាយ​បញ្ហា​លិចលង់​ដោយ​ជំនន់​ទឹក​ភ្លៀង គិត​មកដល់ ពេលនេះ​គឺ​បាន​ស្ថាបនា​ប្រព័ន្ធ​លូ​បាន​ជាង​ ៩២៤​ គីឡូម៉ែត្រ ហើយនឹង​គ្រោង​បន្ត​ស្ថាបនា​ជា​បន្តបន្ទាប់​ទៀត​។ ជាមួយគ្នានេះ អាជ្ញាធរ​ពាក់ព័ន្ធ បាន​ដោះស្រាយ​បញ្ហា​លិចលង់បាន​ ៣៩​ កន្លែង​។ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ មកដល់​ឆ្នាំ​ ២០២៣ ​នេះ មាន​ស្ថានីយ​បូមទឹក​ជាង ​១០​ កន្លែង ត្រូវបាន​ដំឡើង និង​បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​បូម​រំដោះ​ទឹក​ដើម្បី​ដោះស្រាយ​បញ្ហា​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​៕