ភ្នំពេញៈ ក្នុងឱកាសអបអរទិវាសត្វត្មាត ២០២៣ អង្គការ WWF អំពាវនាវដល់ពលរដ្ឋទូទាំងពិភពលោកក៏ដូចជាពលរដ្ឋកម្ពុជា ឱ្យចូលរួមការពារសត្វស្លាបដ៏មានសារៈសំខាន់ ១ នេះ ដោយកុំបំពុល ឬរំខានដល់ទីតាំងសម្បុក ដែលពួកវារស់នៅ ដើម្បីការពារ និងជួយសង្គ្រោះសត្វត្មាតដែលនៅសេសសល់។
ទិវាការយល់ដឹងអំពីសត្វត្មាតអន្តរជាតិគឺត្រូវបានកម្ពុជាចូលរួមប្រារព្ធជារៀងរាល់ឆ្នាំនៅក្នុងអំឡុងខែកញ្ញា ដែលទិវានេះគឺជាឱកាសសម្រាប់ស្ថាប័នពាក់ព័ន្ធក្នុងការចែករំលែកព័ត៌មាន បទពិសោធន៍ ដើម្បីបង្កើនការលើកទឹកចិត្តដល់ប្រជាពលរដ្ឋទូទាំងពិភពលោក ចូលរួមការពារសត្វស្លាបដ៏មានសារៈសំខាន់នេះ។ នេះបើតាមអង្គការ WWF។
អង្គការបានអះអាងថា៖ «សត្វត្មាតចំនួន ៣ ប្រភេទរស់ជាអចិន្រៃ្ដយ៍នៅប្រទេសកម្ពុជាហើយសត្វដ៏កម្រនេះបាននិងកំពុងរងការគំរាមកំហែងធ្ងន់ធ្ងរឈានដល់ការជិតផុតពូជ។ ចំណីរបស់សត្វត្មាតកាលពីដើមមានដូចជាសាកសពសត្វព្រៃប្រភេទធំៗ ដូចជាសត្វក្របីព្រៃ និងសត្វក្តាន់ដែលនៅសេសសល់ពីការប្រមាញ់ដោយប្រភេទសត្វមំសាសី ដូចជាសត្វខ្លាធំ ខ្លារខិន និងឆ្កែព្រៃជាដើម»។
យ៉ាងណាក្ដី អង្គការនេះ បានអះអាងថាមួយរយៈពេលចុងក្រោយនេះ សត្វគោក្របីដែលរស់នៅដោយសេរីក្នុងព្រៃ គឺជាប្រភពចំណីអាហារដ៏សំខាន់សម្រាប់សត្វត្មាត ហើយសត្វត្មាតកំពុងប្រឈមជាមួយនឹងបញ្ហានានា ដូចជា ការបំពុល ការរំខានទីតាំងសម្បុក ដែលទាមទារឱ្យមានការចាត់វិធានការការពារ និងជួយសង្គ្រោះចំនួនសត្វត្មាតដែលនៅសល់ជាបន្ទាន់។
តាមការសិក្សាចាប់តាំងពីឆ្នាំ ២០១០ មក ចំនួនសត្វត្មាតនៅកម្ពុជាដែលមានកត់ត្រានៅតាមអាហារដ្ឋានត្មាតបានចាប់ផ្តើមថយចុះ ប៉ុន្តែដោយសារការអភិរក្សយ៉ាងយកចិត្តទុកដាក់ធ្វើឱ្យចំនួនសត្វត្មាតហាក់មានស្ថិរភាពក្នុងពេល ៥ ឆ្នាំចុងក្រោយ។ លោកប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា បានឱ្យដឹងថា នៅកម្ពុជា កំពុងមានសត្វត្មាត ៣ ប្រភេទរស់នៅមានដូចជា ត្មាតផេះ ត្មាតត្នោត និងត្មាតភ្លើង ដោយត្រូវបានគេរកឃើញក្នុងខេត្តចំនួន ៥ គឺ ខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី និងរតនគិរី។
លោកបានឱ្យដឹងថា៖ «តំបន់ដែលគេកត់ត្រាឃើញមានវត្តមានសត្វត្មាតច្រើនជាងគេគឺស្ថិតនៅក្នុងស្រុកសៀមប៉ាងភាគខាងជើងជិតព្រំដែនប្រទេសកម្ពុជា-ឡាវ»។
លោក ប៊ូ វរសក្ស បានបន្ដថា ការអភិរក្សសត្វត្មាតនៅកម្ពុជារបស់ក្រុមការងារអភិរក្សត្រូវធ្វើឡើងរយៈពេល ១០ ឆ្នាំចាប់ពីឆ្នាំ ២០១៥ រហូតដល់ឆ្នាំ ២០២៥ ខាងមុខ។យោងតាមរយៈជំរឿនចុងក្រោយរបស់ក្រុមការងារអភិរក្ស បានបង្ហាញថា ចំនួនសត្វត្មាតត្រូវបានរកឃើញមានចំនួន ១៣៤ ក្បាលក្នុងឆ្នាំ ២០២២ ក្នុងនោះមានត្មាតភ្លើង ១៩ ក្បាល ត្មាតត្នោត ៤២ ក្បាល និងត្មាតផេះ ៧៣ ក្បាល។
រីឯឆ្នាំនេះ ក្រុមការងារអភិរក្សមិនទាន់បានបូកសរុបនៅឡើយទេ ដោយរង់ចាំដល់ចុងឆ្នាំ ទើបអាចបូកសរុបចំនួនសត្វទាំងនេះបាន។ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ ២០២២ ចំនួនសត្វត្មាតទាំង ៣ ប្រភេទដែលមាន ១៣៤ ក្បាលនេះគឺកើនឡើង ១០,៧ ភាគរយ បើប្រៀបនឹងឆ្នាំ ២០២១ និងជាលទ្ធផលជំរឿនខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០១៦ មក។ នេះបើតាមរយៈជំរឿនចុងក្រោយរបស់ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជាក្នុងឆ្នាំ ២០២២៕